នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សិស្សានុសិស្សថ្នាក់ទី៨ចំនួន១១នាក់ មកពីវិទ្យាល័យជាស៊ីម តាកែវ បានចូលមកទស្សនាផ្ទាំងពិព័រណ៍រូបថត ដែលដាក់តាំងបង្ហាញនៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានដាក់តាំងបង្ហាញផ្ទាំងពិព័រណ៍ចំនួន៨ផ្ទាំងនៅក្នុងបរិវេណខាងមុខទីស្នាក់ការមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ ដើម្បី បង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហមដូចជា៖ រូបថតបង្ហាញពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលសង្គ្រាមរុំារ៉ៃ នាដើមទសវត្សរ៍ឆ្នាំ១៩៧០ (រូបថតស្ពានជ្រោយចង្វារ), រូបថតមេដឹកនាំខ្មែរក្រហមដែលបានបង្កឲ្យមានការបាត់បង់ជីវិតមនុស្សរាប់លាននាក់ក្នុងអំឡុងពេលគ្រប់គ្រងរបស់ខ្លួន និងរូបថតស្តីពីដំណើរវិលត្រឡប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកកាន់ស្រុកកំណើតរបស់ខ្លួន បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅក្នុងខែមករា ឆ្នាំ១៩៧៩។
ជាដំបូង ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ បានណែនាំសិស្សានុសិស្សទាំងនោះ ឲ្យពិនិត្យមើលនិងស្វែងយល់ពីរូបថតនិងខ្លឹមសារនៃរូបថតនីមួយៗនៃផ្ទាំងពិព័រណ៍ទាំង៨ផ្ទាំង។ សិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ បានសួរសំណួរក្នុងគោលបំណងចង់ស្គាល់មុខមាត់របស់តាម៉ុក ដែលជាប្រធានភូមិភាគនិរតី។ ក្រុមការងារ បានចង្អុលបង្ហាញសិស្សម្នាក់នោះពីរូបថត តាម៉ុក អមជាមួយនឹងការពន្យល់បន្ថែមពីតួនាទី និងប្រវត្តិរបស់ តាម៉ុក។
តាម៉ុក គឺជាលេខាភូមិភាគនិរតី ឬភូមិភាគ៤០៥។ ភូមិភាគនេះ រួមមានខេត្តកំពតនិងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ (ស្រុកសំរោងទងនិងស្រុកគងពិសី) និងស្រុកប្រាំក្នុងខេត្តកណ្តាល (ស្រុកកណ្តាលស្ទឹង ស្អាង កោះធំ កៀនស្វាយ និង ស្រុកលើកដែក)។ ភូមិភាគ នេះចែកចេញជាបួនតំបន់គឺ ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និង តំបន់២៥។ យោងតាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជា ធិបតេយ្យ បោះពុម្ពឆ្នាំ២០២០ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងពីសាវតារបស់ តាម៉ុក ដោយសង្ខេបថា៖ «តាម៉ុកកើតឆ្នាំ១៩២៦ នៅខេត្តតាកែវ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំ ហើយបានរៀបការ ជាមួយប្អូនជីដូនមួយរបស់គាត់ឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។ ឆ្នាំ១៩៤៩ តាម៉ុកធ្វើជាប្រធានឥស្សរៈស្រុកក្នុងខេត្តតាកែវ។ តាម៉ុក បានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅឆ្នាំ១៩៦៣។ ពីឆ្នាំ១៩៦៨ ទៅឆ្នាំ១៩៧៨ តាម៉ុកជាលេខាភូមិភាគនិរតី។ នៅខែវិច្ឆិកាឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពី ការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមាន បំណងចុះចូលជាមួយរដ្ឋាភិបាលទេ។ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩»។
បន្ទាប់មកមុននឹងអ្នកទាំងនោះត្រូវវិលត្រឡប់ទៅកាន់ថ្នាក់រៀនរបស់ខ្លួនវិញ ក្រុមការងារយើងបានណែនាំពីទីតាំងមជ្ឈមណ្ឌលឯកសារកម្ពុជាមួយកន្លែងទៀត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តតាកែវ ព្រមទាំងបានពិពណ៌នាពីគោលបំណងនៃការបង្កើតនេះថា ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស គរុសិស្ស គ្រូបង្រៀន អ្នកស្រាវជ្រាវ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចូលប្រើប្រាស់ឯកសារ និងរៀនសូត្របន្ថែមទៀតពីប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់ការចងចាំ និងទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ជាលើកទីពីរទៀត។
អត្ថបទ និង រូបថត ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តកម្ពុជា និងជានិស្សិតអាហារូបករណ៍ផ្នែកសុខភាពសហគមន៍នៃមជ្ឈមណ្ឌលឯកសារកម្ពុជា