មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្តល់អាទិភាពលើវិធីសាស្ត្រអប់រំដោយចាប់ផ្តើមពីសហគមន៍ក្នុងការបង្រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម នៅតាមមជ្ឈមណ្ឌលសហគមន៍ចំនួន ១៩ របស់ខ្លួន ដោយផ្តោតលើការប្រើប្រាស់បទពិសោធជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាជាងការពឹងផ្អែកតែមួយមុខទៅលើការផ្សព្វផ្សាយអំពីសៀវភៅសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម។
វិធីសាស្ត្រនេះគឺផ្តល់អាទិភាពជាចម្បងដល់ដំណើរជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមរយៈការសង្កេតបឋមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា វិធីសាស្ត្រនេះបានបង្ហាញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយល់ថា សកម្មភាពអប់រំបែបនេះមានប្រយោជន៍យ៉ាងខ្លាំងក្នុងដំណើរការជួយព្យាបាលរបួសផ្លូវចិត្តរបស់ខ្លួន។ ចំណែកឯសាធារណជន និងសិស្សានុសិស្សដែលជាអ្នកស្ដាប់វិញគឺថា បទពិសោធជីវិតពិតទាំងនេះ គឺមិនត្រឹមតែផ្តល់ចំណេះដឹងអំពីអតីតកាលតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាប្រភពជំរុញ ការលើកទឹកចិត្ត និងការបំផុសគំនិតក្នុងការចូលរួមទប់ស្កាត់អំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅពេលអនាគតថែមទៀតផង។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



