ហ៊ីម ស្នា ៖ អតីតកងទ័ពក្នុងកងពលលេខ៧១ តំបន់ថ្មដា

ខ្ញុំឈ្មោះ ហ៊ីម ស្នា អាយុ៤៨ឆ្នាំ  កើតនៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ហ៊ុម ហ៊ីម អាយុ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងម្ដាយឈ្មោះ គិន ធារី អាយុ៧៥ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតចំនួន១២នាក់ គឺប្រុស២នាក់ និងស្រី១០នាក់។ បងប្អូនស្រីរបស់ខ្ញុំបានស្លាប់ចំនួន៧នាក់ហើយ។ ខ្ញុំគឺជាកូនទី៥ នៅក្នុងគ្រួសារ។ ខ្ញុំមានប្រពន្ធឈ្មោះ ឆាង សាំង អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ខ្ញុំមានកូនចំនួន៥នាក់ គឺប្រុសម្នាក់ និងស្រី៤នាក់ ហើយសព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើចម្ការ។

កាលពីក្មេងខ្ញុំរៀនបានត្រឹមថ្នាក់ទី២ នៅសាលាបឋមសិក្សាភូមិបឹងទីង។ ក្រោយមក ខ្ញុំបានឈប់រៀនដោយសារតែឪពុកម្ដាយខ្ញុំត្រូវផ្លាស់ទៅប្រកបរបររកស៊ីរាយមង និងនេសាទនៅខេត្តកោះកុង ហើយបាននាំខ្ញុំមករស់នៅជាមួយ។ ពេលនោះ ខ្ញុំមិនបានត្រឡប់ទៅរៀនសូត្រនៅស្រុកកំណើតវិញទេ។ ខ្ញុំបាននៅជួយឪពុកម្ដាយធ្វើស្រែនិងចិញ្ចឹមបង្គា។ នៅឆ្នាំ១៩៩៦ ខ្ញុំមានអាយុ១៥ឆ្នាំ ពេលនោះខ្ញុំស្ម័គ្រចិត្តចូលបម្រើកងទ័ពពិសេសនៅក្នុងកងពលលេខ៥ មានទីតាំងនៅតំបន់ថ្មបាំង ខេត្តកោះកុង ដែលមានប្រធានកងពលឈ្មោះ គឹម សុខុន និងអនុកងពលឈ្មោះ ស្វាយ ញន។ បន្ទាប់មក កងពលលេខ៥ ត្រូវបានបំបែកជា៣វរសេនាធំ គឺមានវរសេនាធំលេខ១៥ វរសេនាធំលេខ១៦ និងវរសេនាធំលេខ១៧។ វរសេនាធំលេខ១៥ ត្រូវបាន គឹម សុខុន បំបែកឱ្យទៅឈរជើងការពារនៅជាប់ព្រំប្រទល់តាកែនកោះស្លា ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត។ ពេលនោះ ខ្ញុំស្ថិតនៅក្នុងវរសេនាធំលេខ១៦ ឈរជើងនៅស្រុកថ្មបាំង ខេត្តកោះកុង។ ចំណែកវរសេនាធំលេខ១៧ ត្រូវបាន គឹម សុខុន បំបែកឱ្យទៅឈរជើងការពារនៅឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។ ខ្ញុំបានហ្វឹកហ្វឺននៅតំបន់ថ្មបាំងបានរយៈពេល១ឆ្នាំ រួចបានលាឈប់ពីកងទ័ពវិញ ដោយសារតែឪពុកម្ដាយបានផ្លាស់ទៅរកស៊ីនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលចូលមកដល់ឃុំថ្មដាដំបូង ឪពុកម្ដាយរបស់ខ្ញុំបានទៅរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ដោយបានប្រកបមុខរបរដើររកកាប់ខ្លឹមច័ន្ទគ្រឹស្នា ដើម្បីយកទៅលក់ឱ្យប្រជាជនថៃ។ ចំណែកម្ដាយខ្ញុំនៅផ្ទះចិញ្ចឹមសត្វជ្រូក មាន់ ទា និងកាប់ឆ្កាព្រៃ ដើម្បីដាំស្រូវទុកផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។ បន្ទាប់ពីជួយការងារឪពុកម្ដាយខ្ញុំបានប្រហែល២ទៅ៣ខែ ខ្ញុំបានសម្រេចចិត្តសុំឪពុកម្ដាយចូលបម្រើកងទ័ពនៅក្នុងកងវរសេនាតូចលេខ១០៤ ចំណុះឱ្យកងពលលេខ៧១ និងមានប្រធានកងពលឈ្មោះ គឹម ពៅ (អតីតកងទ័ពខ្មែរក្រហម)។ កងវរសេនាតូចលេខ១០៤ របស់ខ្ញុំមានកម្លាំងប្រហែល១០០នាក់។ បន្ទាប់មកកងវរសេនាតូចលេខ១០៤ ត្រូវបានលោក គឹម ពៅ ផ្លាស់ឱ្យទៅឈរជើងការពារនៅទីតាំងចម្ការចេក (៣០៣) ស្ថិតនៅភាគខាងលិចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរង្វង់មូលឃុំថ្មដា និងមានព្រំប្រទល់ជាប់ជាមួយខេត្តកោះកុង និងភូមិសុផាន់ហ៊ីន ខេត្តត្រាតប្រទេសថៃ។  ខណៈពេល ខ្ញុំកំពុងដើរល្បាត ខ្ញុំបានឃើញកុងត្រូលរបស់ទាហានថៃបានបោះកុងត្រូលនៅតំបន់ថ្មដាតូច ដែលមានចម្ងាយប្រហែល៥០០ម៉ែត្រ ពីកុងត្រូលរបស់កងទ័ពកម្ពុជា។ ទាហានថៃប្រហែល៥០នាក់ (កងហា) បានឡើងមកដាក់កុងត្រូលថ្មីចូលមកក្នុងដែនដីរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមានការផ្ទុះអាវុធឡើយ។ នៅចុងឆ្នាំ១៩៩៧ ឪពុកម្ដាយខ្ញុំបានរៀបចំឱ្យខ្ញុំមានគ្រួសារ។

នៅឆ្នាំ១៩៩៨ ខណៈពេលកំពុងដើរល្បាតនៅតាមព្រំដែន ខ្ញុំបានដើរជាន់មីនដែលនៅសេសសល់ពីសង្រ្គាមរវាងកងទ័ពវៀតណាមនិងកងទ័ពខ្មែរក្រហម។ ខ្ញុំមានអារម្មណ៍តក់ស្លុតជាខ្លាំង ហើយខ្ញុំបានស្រែកប្រាប់ទៅកាន់មិត្តរួមអាវុធថា «ពួកម៉ាក់អើយ! ឯងដើរជាន់មីនហើយ ជួយយកឯងទៅមន្ទីរពេទ្យផង »។ មិត្តរួមអាវុធមិនទាន់ហ៊ានចូលមកជួយខ្ញុំភ្លាមៗនោះទេ ព្រោះខ្លាចមានមីនដែលនៅសេសសល់ផ្ទុះបន្ថែមទៀត។ បន្ទាប់ពីយកម៉ាស៊ីនមករាវមីនរួច ខ្ញុំត្រូវបានមិត្តភក្តិរួមអាវុធដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងខេត្តត្រាត ប្រទេសថៃ។ នៅក្នុងកំឡុងពេលនោះជើងខាងស្ដាំរបស់ខ្ញុំមានសភាពធ្ងន់ធ្ងរខ្លាំង ទើបពេទ្យថៃបានសម្រេចចិត្តកាត់ជើងខាងស្ដាំខ្ញុំម្ខាងចោល។ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តត្រាតបានរយៈពេល២១ថ្ងៃ ខ្ញុំបានសុំចេញពីមន្ទីរពេទ្យត្រឡប់ទៅសម្រាកព្យាបាលនៅផ្ទះរបស់ខ្ញុំ ស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ វិញ។ ក្រោយពីខ្ញុំសម្រាកព្យាបាលនៅផ្ទះអស់រយៈពេល២ទៅ៣ខែ របួសនៅជើងរបស់ខ្ញុំបានធូរស្បើយជាងមុន។ បន្ទាប់ពីឃើញខ្ញុំមិនអាចចូលបម្រើអង្គភាពវិញបាន ប្រធានកងពល គឹម ពៅ ដកខ្ញុំមកនៅអតីតយុទ្ធជន ដោយទទួលបានប្រាក់បៀវត្សជារៀងរាល់ខែ។ ខ្ញុំបានបន្តសម្រាកព្យាបាលនៅផ្ទះអស់រយៈពេល២ឆ្នាំ ទើបអាចចេញប្រកបមុខរបរធ្វើចម្ការ ដូចជា ដាំកៅស៊ូ ដាំដើមចន្ទី ដាក់ជីតាមដើមឈើ និងដើរស៊ីឈ្នួលត្រាយព្រៃ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានប្រើគ្រឿងចក្រចូលមកឈូសឆាយធ្វើផ្លូវចាប់ពីកង៥០ រហូតទៅទល់នឹងបន្ទាយអូរភ្លុកដំរី។ ខណៈពេលនោះកងកម្លាំងរបស់យោធភូមិភាគទី៥ របស់ឧត្ដមសេនីយ៍ឯក ឯក សំអូន បានបញ្ជាឱ្យកម្លាំងឈរជើងការពារយ៉ាងម៉ឺងម៉ាត់ មិនឱ្យទាហានថៃចូលមកឈូសឆាយចូលមកក្នុងទឹកដីរបស់ប្រទេសកម្ពុជាទេ។ បន្ទាប់មក នៅតាមព្រំដែនថ្មដាចាប់ផ្ដើមមានភាពតានតឹងជាមួយទាហានថៃ ដោយសារតែទាហានថៃនៅតែបន្តឈូសឆាយធ្វើផ្លូវចូលមកក្នុងភូមិសាស្រ្តអូរភ្លុកដំរី ដែលជាទឹកដីរបស់ប្រទេសកម្ពុជា។ កងទ័ពកម្ពុជាដែលឈរជើងការពារនៅព្រំដែនថ្មដា បានទំនាក់ទំនងទៅកាន់មេភូមិសង្គមថ្មីឈ្មោះ រ៉េត និងមេឃុំថ្មដាឈ្មោះ ព្រំ ង៉ុន ឱ្យជម្លៀសប្រជាជនទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ ពីព្រោះទាហានថៃអាចនឹងបើកការវាយប្រហារចូលមកឃុំថ្មដា គ្រប់ពេលវេលា។ ឪពុកម្ដាយរបស់ខ្ញុំបានជិះរថយន្តឈ្នួលភៀសខ្លួនទៅខេត្តកំពត ដើម្បីទៅស្នាក់នៅជាមួយបងប្អូនខាងឪពុកខ្ញុំបណ្ដោះអាសន្ន។ ចំណែកខ្ញុំ និងប្រពន្ធបានដឹកក្មួយដែលមានជំងឺឈាមសស៊ីឈាមក្រហម យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ នៅវេលាម៉ោង៥ និង២នាទីព្រឹក ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំទទួលបានដំណឹងថា ទាហានថៃបានបើកការវាយប្រហារដោយកាំភ្លើងធំសរុបចំនួន១៧គ្រាប់ មកលើទីតាំងភូមិសាស្រ្តអូរភ្លុកដំរី និងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបណ្ដាលឱ្យខូចខាតផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប៉ុន្តែមិនបណ្ដាលឱ្យកងទ័ពស្លាប់ឬរងរបួសឡើយ។ បន្ទាប់ពីសភាពការណ៍នៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ឡើងវិញ ក្មួយរបស់ខ្ញុំក៏បានធូរស្បើយពីជំងឺ ហើយខ្ញុំនិងប្រពន្ធបានជិះរថយន្តឈ្នួលវិលត្រឡប់មករស់នៅផ្ទះ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ វិញ។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមព្រំដែនស្ថិតនៅក្នុងឃុំថ្មដា ចាប់ផ្ដើមមានភាពតានតឹងសាឡើងវិញ។ ទាហានថៃចាប់ផ្ដើមសម្រុកជីកលេណដ្ឋាននៅតាមព្រំដែន ចល័តទាហាន និងដឹកជញ្ជូនសព្វាវុធ ធុនធ្ងន់មកទុកនៅតាមព្រំដែនសាជាថ្មីម្ដងទៀត។

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានឃើញដ្រូនថៃជាច្រើនបានហោះឆ្វែលនៅតាមបណ្ដាយព្រំដែន និងបានចូលមកឈ្លបយកការណ៍នៅក្នុងដែនដីរបស់ប្រទេសកម្ពុជា។ ដោយឃើញសភាពការណ៍នៅតាមព្រំដែនមានសភាពតានតឹង មេភូមិឈ្មោះ រ៉េត និងមេឃុំឈ្មោះ ព្រំ ង៉ុន បានប្រកាសប្រាប់ប្រជាជនឱ្យភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ ពេលនោះខ្ញុំ និងប្រពន្ធមិនទាន់ជម្លៀសចេញពីភូមិទេ ព្រោះគិតថាមិនមានការវាយប្រយុទ្ធគ្នា។

នៅវេលាម៉ោង៥ និង១៥នាទីព្រឹក ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មុននឹងទាហានថៃបើកការវាយប្រហារចូលមកក្នុងឃុំថ្មដា ខ្ញុំបានឃើញទាហានថៃបានបាញ់គ្រាប់កាំភ្លើងទៅលើមេឃជាច្រើនគ្រាប់ ដើម្បីកំណត់ទីតាំងឈរជើងរបស់វីរកងទ័ពកម្ពុជា។ បន្ទាប់ពីបាញ់គ្រាប់កាំភ្លើងបានប្រហែល២ទៅ៣នាទី ទាហានថៃបានចាប់ផ្ដើមបាញ់ផ្លោងដោយកាំភ្លើងត្បាល់ទំហំ៦០មីលីម៉ែត្រ កាំភ្លើងត្បាល់ទំហំ៨០មីលីម៉ែត្រ និងបាញ់ចេញពីនាវាចម្បាំងជាច្រើនគ្រាប់ទៀត ចូលមកក្នុងភូមិសាស្រ្តអូរភ្លុកដំរី ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីឮសំឡេងគ្រាប់ផ្លោងផ្ទុះជាបន្តបន្ទាប់ ខ្ញុំបានដាស់ប្រពន្ធឱ្យរៀបចំអីវ៉ាន់ រួចបានចុះពីលើផ្ទះទៅប្រលែងមាន់ចេញពីទ្រុង ហើយបានឡើងជិះម៉ូតូចេញពីផ្ទះ សំដៅទៅរកកន្លែងដែលមានសុវត្ថិភាព។ បន្ទាប់ពីជិះម៉ូតូចេញផុតពីភូមិសង្គមថ្មីបានបន្តិច ខ្ញុំបានឮសូរសំឡេងគ្រាប់ផ្លោងរបស់ទាហានថៃនៅតែបន្តបាញ់ផ្លោងចូលមកក្នុងភូមិសាស្រ្តអូរភ្លុកដំរី ឥតឈប់ឈរ។ ខ្ញុំជិះម៉ូតូដឹកប្រពន្ធអស់រយៈពេលប្រហែល២ម៉ោង ទើបទៅដល់វត្តគិរីបុទុម្ពរ ហៅវត្តប្រម៉ោយ ដែលមានទីតាំងស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំ និងប្រពន្ធបានស្នាក់បណ្តោះអាសន្ននៅក្នុងវត្តគិរីបុទុម្ពរ ហៅវត្តប្រម៉ោយ បានប្រហែលមួយសប្ដាហ៍។ ពេលនោះសភាពការណ៍នៅតាមព្រំដែនកាន់តែមានភាពតានតឹងខ្លាំងទៅៗ។ ខណៈពេលនោះ អភិបាលខេត្តពោធិ៍សាត់ឈ្មោះ ខូយ រីដា បានប្រកាសប្រាប់ប្រជាជនដែលកំពុងស្នាក់ក្នុងវត្តឱ្យរំសាយទៅស្នាក់នៅជាមួយបងប្អូន នៅតាមបណ្ដាខេត្តផ្សេងៗ បណ្ដោះអាសន្នសិន ពីព្រោះនៅតាមព្រំដែនកំពុងតែមានសភាពតានតឹងខ្លាំង។ បន្ទាប់ពីឮប្រសាសន៍របស់អភិបាលខេត្តពោធិ៍សាត់ ខូយ រីដា ខ្ញុំ និងប្រពន្ធបានជិះម៉ូតូចាកចេញពីវត្តគិរីបុទុម្ពរ ហៅវត្តប្រម៉ោយ សំដៅទៅស្នាក់នៅទីរួមខេត្តពោធិ៍សាត់មួយរយៈ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សភាពការណ៍នៅតាមបណ្ដោយព្រំដែនក្នុងឃុំថ្មដា មានសភាពស្ងប់ស្ងាត់ឡើងវិញ។  ខ្ញុំ និងប្រពន្ធបានជិះម៉ូតូចាកចេញពីទីរួមខេត្តពោធិ៍សាត់ ដើម្បីវិលត្រឡប់មកនៅផ្ទះ ស្ថិតនៅឃុំថ្មដាវិញ។ ប៉ុន្តែពេលខ្ញុំមកដល់ថ្មដា ខ្ញុំឃើញទាហានថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ប្រជាជនខ្មែរអស់ជាច្រើនខ្នង។ បន្ទាប់ពីឃើញបែបនេះ ខ្ញុំ និងប្រពន្ធ បានបន្តដំណើរទៅផ្ទះរបស់ខ្ញុំ។ ផ្ទះរបស់ខ្ញុំមានចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីតាំងដែលទាហានថៃដាក់ទូរកុងតឺន័រ។ ពេលខ្ញុំជិះម៉ូតូចូលទៅដល់ផ្ទះ ខ្ញុំបានបាត់បង់សម្ភារប្រើប្រាស់ដូចជា កាំបិត ចប ធុងទឹក ស៊ីទែនទឹក និងបាត់មាន់ចំនួន៩០ក្បាល។ បន្ទាប់ពីឃើញសភាពការណ៍នៅតាមព្រំដែននៅមានសភាពគួរឱ្យព្រួយបារម្ភ ព្រោះទាហានបានដាក់កាំភ្លើងតម្រង់ចូលមកក្នុងភូមិសង្គមថ្មី ឃុំថ្មដា ខ្ញុំ និងប្រពន្ធមិនទាន់ហ៊ានចូលទៅរស់នៅក្នុងផ្ទះទេ។ ខ្ញុំនិងប្រពន្ធបានសម្រេចចិត្តទៅស្នាក់នៅជំរំជនភៀសសឹកស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បណ្ដោះអាសន្នសិន។ នៅអំឡុងពេលខ្ញុំមកស្នាក់នៅជំរំភៀសសឹក ខ្ញុំទទួលបានអាហារហូបចុកគ្រប់គ្រាន់មិនមានការខ្វះខាតឡើយ និងមានទឹក មានភ្លើង មានបង្គន់អនាម័យ និងមានគ្រូពេទ្យចាំព្យាបាលជំងឺ។ ដោយឡែកផលវិបាករបស់ខ្ញុំដែលរស់នៅក្នុងតង់គឺមានសភាពក្ដៅខ្លាំង នៅរដូវប្រាំង។ ខ្ញុំនឹកផ្ទះសម្បែងខ្ញុំណាស់។ បច្ចុប្បន្ន​ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានទាហានថៃចូលមកឈ្លានពាន និងកាន់កាប់ទឹកដីចំនួន២ទីតាំងគឺ ទីតាំងអូរកងឈ្លប និងច្រកអន្តរជាតិថ្មដា។ ចំណែកភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទាហានថៃបានចូលមកឈ្លានពាននិងកាន់កាប់ទឹកដីចំនួន២ទីតាំងគឺ តំបន់អូរភ្លុកដំរី និងច្រកច១។

អត្ថបទ ៖ ចាន់ ណារិទ្ធ បុគ្គលិកផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖