អគារសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ(បុរីអូរស្វាយ-សែនជ័យ) សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះសិស្សឈ្មោះ មុយ ឡា, ស៊ីម មករា, ផន ចរណៃ, ម៉ាន ណយ, ភូន ផូភៃហ្វង ចន្ទី និងសែន មិនី សិក្សានៅវិទ្យាល័យបុរីអូរស្វាយ សែនជ័យ និងរស់នៅភូមិកោះឈើទាលតូច និងភូមិកោះព្នៅ ចំពោះការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ ខែសីហា ឆ្នាំ២០២៦។
ភាពជោគជ័យរបស់សិស្សានុសិស្សានុសិស្សដែលមានលំនៅឋានតាមបណ្ដាកោះនៅថ្ងៃនេះ មិនមែនកើតឡើងដោយងាយស្រួលនោះទេ។ សម្រាប់សិស្សានុសិស្សដែលរស់នៅតាមបណ្ដាកោះដាច់ស្រយាលក្នុងស្រុកបុរីអូរស្វាយសែនជ័យ ការទៅសាលារៀនជារៀងរាល់ថ្ងៃមានន័យថា ត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ ដើម្បីទៅរៀននៅត្រើយម្ខាងទៀត។
រាល់ព្រឹក មុននឹងទៅរៀន សិស្សានុសិស្សរស់នៅតាមបណ្ដាកោះ ត្រូវរៀបចំសម្ភារសិក្សា ហើយធ្វើដំណើរតាមទូកចម្លងសហគមន៍របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ។ សម្រាប់អ្នកខ្លះ ការធ្វើដំណើរទៅសាលាអាចជារឿងធម្មតា ប៉ុន្តែសម្រាប់សិស្សានុសិស្សរស់នៅតាមបណ្ដាកោះ ការទៅរៀនត្រូវចាប់ផ្តើមពីការឆ្លងទន្លេមេគង្គដ៏ធំល្វឹងល្វើយ។
ការធ្វើដំណើរនេះ បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់សិស្សានុសិស្សរស់នៅតាមកោះទាំងនោះ។ សិស្សានុសិស្សបានធ្វើដំណើរឆ្លងទន្លេជារៀងរាល់ថ្ងៃសិក្សា តាមរយៈទូកចម្លងសហគមន៍របស់ព្រះរាជ បណ្ណាល័យហ្លួងម៉ែ អស់រយៈពេលមួយឆ្នាំ ដោយមានសៀវភៅ និងសម្ភារសិក្សានៅក្នុងដៃ និងមានក្តីសង្ឃឹមចំពោះអនាគតនៅក្នុងជីវិត។ នៅពេលខ្លះ ការធ្វើដំណើរមិនមែនជារឿងងាយស្រួលឡើយ។ អាកាសធាតុអាចមិនអំណោយផល ខ្យល់បក់បោកខ្លាំង ឬស្ថានភាពទឹកទន្លេអាចប្រែប្រួល។ ប៉ុន្តែទោះបីជួបការលំបាកយ៉ាងណា សិស្សានុសិស្សរស់នៅតាមបណ្ដាកោះនៅតែបន្តដំណើរទៅសាលារៀន និងមិនបោះបង់ចោលការសិក្សារបស់ខ្លួនឡើយ។
សម្រាប់សិស្សានុសិស្សរស់នៅតាមបណ្ដាកោះ ទូកចម្លងសហគមន៍នៃព្រះរាជបណ្ដាល័យហ្លួងម៉ែមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរឆ្លងទន្លេមេគង្គនោះទេ ប៉ុន្តែជាស្ពានតភ្ជាប់ពីសហគមន៍កោះទៅកាន់សាលារៀន ចំណេះដឹង និងក្តីសុបិនរបស់ខ្លួន។ រាល់ការធ្វើដំណើរឆ្លងទន្លេ គឺជាជំហានមួយឆ្ពោះទៅរកអនាគត។ រាល់ថ្ងៃដែលបានទៅដល់សាលា គឺជាឱកាសមួយបន្ថែមទៀតសម្រាប់ការរៀនសូត្រ ហើយរាល់ការខិតខំប្រឹងប្រែងរៀនសូត្រនៅក្នុងថ្នាក់រៀន បានប្រែក្លាយជាលទ្ធផលដ៏មានន័យនៅថ្ងៃនេះ។
ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់សិស្សានុសិស្សរស់នៅតាមបណ្ដាកោះ មិនត្រឹមតែជាជោគជ័យនៃការរៀនសូត្រនៅក្នុងថ្នាក់រៀនតែប៉ុណ្ណោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូជារៀងរាល់ថ្ងៃ ការអត់ធ្មត់ ការខិតខំប្រឹងប្រែង និងការមិនបោះបង់ក្តីសុបិន។ រឿងរ៉ាវរបស់សិស្សានុសិស្សរស់នៅតាមបណ្ដាកោះទាំងនេះ គឺជារឿងរ៉ាវតូចមួយដែលបង្ហាញពីអត្ថន័យដ៏ធំធេងនៃការអប់រំ។ ចម្ងាយមិនអាចរារាំងអ្នកដែលមានក្តីស្រមៃបានឡើយ។
មុយ ឡា រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងជាសិស្ស ដែលជិះទូកចម្លងសហគមន៍នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ទៅបន្តការសិក្សានៅវិទ្យាល័យបុរីអូរស្វាយសែនជ័យ ដែលទើបតែប្រឡងជាប់ថ្នាក់ទី១២ បាននិយាយរៀបរាប់ថា ៖ ខ្ញុំមានអាយុ២១ឆ្នាំ គឺជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៥នាក់។ ខ្ញុំមានឪពុកឈ្មោះ ថាន់ មុយ និងម្ដាយឈ្មោះ សុខ ឡវ។ ទូកចម្លងសហគមន៍ បានជួយសម្រួលការធ្វើដំណើររបស់ខ្ញុំប្រកបដោយសុវត្ថិភាព ជួយកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារ និងសម្រាលកម្លាំងហត់នឿយក្នុងការបើកបរទូកដោយខ្លួនឯង។ អំឡុងពេលធ្វើដំណើរនៅលើទូក ខ្ញុំតែងតែទទួលបានអារម្មណ៍សប្បាយរីករាយ ដោយបាននិយាយលេង សួរសំណួរ និងឆ្លើយឆ្លងដោះដូរចំណេះដឹងជាមួយមិត្តភក្តិ។ ទោះបីជាការធ្វើដំណើរតាមផ្លូវទឹកក្នុងរដូវវស្សាតែងតែជួបប្រទះខ្យល់ ភ្លៀង និងរលកធំៗ ហើយជួនកាលអាចធ្វើឱ្យខូចខាតសម្ភារសិក្សាយ៉ាងណា ប៉ុន្ដែកម្លាំងចិត្តនិងក្តីស្រមៃ ធ្វើឱ្យខ្ញុំមិនរាថយឡើយ។ ខ្ញុំមានបំណងប្រាថ្នាចង់ឃើញខ្លួនឯងមានការអភិវឌ្ឍន៍ អាចជួយគ្រួសារ និងយកចំណេះដឹងមកអប់រំណែនាំអ្នកភូមិឱ្យចេះសាមគ្គីគ្នា និងឱ្យតម្លៃលើការសិក្សា។ ប្រសិនបើគ្មានទូកចម្លងសហគមន៍ព្រះរាជបណ្ដាល័យហ្លួងម៉ែ ខ្ញុំនឹងត្រូវប្រឈមមុខនឹងបញ្ហាថវិកា គ្រោះថ្នាក់លើផ្ទៃទឹក ការភ័យខ្លាចពេលឆ្លងទន្លេ និងខ្វះខាតប្រេងចាក់ទូកជាដើម។ ក្នុងឱកាសនេះ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះរាជបណ្ណាល័យហ្លួងម៉ែ អ្នកបើកបរទូកគឺលោកពូ ពេជ្រ វៃ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជួយជ្រោមជ្រែងក្នុងការដឹកជញ្ជូនខ្ញុំ និងសិស្សផ្សេងទៀត ដែលរស់នៅតាមបណ្ដាកោះកន្លងមក។ បន្ទាប់ពីបញ្ចប់ថ្នាក់ទុតិយភូមិនេះ ខ្ញុំមានក្តីស្រមៃចង់បន្តការសិក្សាថ្នាក់សាកលវិទ្យាល័យលើជំនាញមន្ត្រីនគរបាលជាតិ។
ស៊ីម មករា រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ និងជាសិស្សម្នាក់ទៀតដែលជិះទូកចម្លងសហគមន៍របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ ទៅបន្តការសិក្សានៅវិទ្យាល័យបុរីអូរស្វាយ សែនជ័យ និងទើបតែប្រឡងជាប់ថ្នាក់ទី១២ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ មករា អាយុ២០ឆ្នាំ គឺជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ស៊ីម អូន និងម្ដាយឈ្មោះ សុខ ហៃ ។ នៅពេលទទួលបានលទ្ធផលប្រឡងជោគជ័យ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ព្រោះលទ្ធផលនេះគឺជាលទ្ធនៃការខិតខំប្រឹងប្រែង និងតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដោយមនុស្សដំបូងដែលខ្ញុំនឹកឃើញគឺឪពុកម្តាយដែលតែងតែគាំទ្រ និងលើកទឹកចិត្តជានិច្ច។ សម្រាប់ខ្ញុំ ទូកចម្លងសហគមន៍របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានសារសំខាន់ណាស់ក្នុងការជួយខ្ញុំឱ្យទៅរៀនបានទៀងទាត់ មានសុវត្ថិភាព និងកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់គ្រួសារ។ លើសពីនេះ ខ្ញុំតែងតែបង្កើតអនុស្សាវរីយ៍ល្អៗនៅលើទូក ដោយការអានសៀវភៅ និងពិភាក្សាមេរៀនជាមួយមិត្តភក្តិ។ កម្លាំងចិត្តចម្បងដែលធ្វើឱ្យខ្ញុំជម្នះគ្រប់ឧបសគ្គ គឺក្តីស្រមៃចង់មានអនាគតល្អ និងការគាំទ្រពីគ្រួសារ ពីព្រោះប្រសិនបើគ្មានទូកចម្លងសហគមន៍នេះទេ ការសិក្សានឹងជួបការលំបាកខ្លាំង ដោយសារខ្វះខាតថវិកា និងចំណាយពេលច្រើន ដែលអាចឱ្យមានការបោះបង់ការសិក្សា។ ជាចុងក្រោយ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ព្រះរាជបណ្ណាល័យហ្លួងម៉ែ អ្នកបើកបរទូក និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយខ្ញុំនឹងបន្តប្តេជ្ញាចិត្តខិតខំរៀនសូត្របន្តទៀត ដើម្បីយកចំណេះដឹងមកជួយសង្គមជាតិ។ ខ្ញុំមានបំណងចង់បន្តការសិក្សាលើជំនាញរដ្ឋបាលសាធារណៈ ឬជំនាញគ្រូបង្រៀននៅថ្នាក់ឧត្តមសិក្សា។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា












