សុន សុខា ភេទស្រី អាយុ៦៣ឆ្នាំ កើតនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន សុខា រស់នៅក្នុងភូមិថ្នល់កែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សុខា បានចែករំលែករឿងរ៉ាវប្រវត្តិតស៊ូរបស់ខ្លួនថា៖ ខ្ញុំរស់នៅជាមួយឪពុក ចំណែកម្ដាយខ្ញុំបានស្លាប់ជាយូរមកហើយ ព្រោះតាំងពីខ្ញុំធំឡើងខ្ញុំមិនដែលបានជួបមុខម្ដាយសូម្បីតែម្ដង។ ការរស់នៅជាមួយឪពុក ដោយគ្មានម្ដាយមើលថែទាំ គឺខ្ញុំខ្វះភាពកក់ក្ដៅ។ គ្រួសារខ្ញុំមានជីវភាពក្រីក្រ ដោយសារឪពុកខ្ញុំប្រកបរបរធ្វើស្រែចិញ្ចឹមកូនៗ។ ខ្ញុំមិនបានរៀនសូត្រទេ។ មិនយូរប៉ុន្មាន ឪពុកខ្ញុំបានរៀបការប្រពន្ធម្នាក់ទៀត។ ក្រោយពីឪពុកខ្ញុំរៀបការរួច ខ្ញុំត្រូវរស់នៅជាមួយម្ដាយចុងនៅស្រុកកំណើត។
លុះដល់ឆ្នាំ១៩៧០ ខ្ញុំចងចាំថាមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ខណៈពេលនោះប្រជាជនមិនហ៊ានចេញទៅធ្វើការឆ្ងាយៗពីផ្ទះទេ។ ខ្ញុំត្រូវប្រយ័ត្នចំពោះយន្តហោះទម្លាក់គ្រាប់បែកគ្រប់ពេលវេលា។ ប្រជាជននៅក្នុងភូមិបាននាំគ្នាជីកលេណដ្ឋាននៅតាមផ្ទះរៀងៗខ្លួន ទុកសម្រាប់ការពារខ្លួនពីការទម្លាក់គ្រាប់បែក។ កាលនោះ សូម្បីតែការធ្វើស្រែមានការលំបាកខ្លាំងណាស់ដែរ។ ដល់រដូវធ្វើស្រែ ស្ទូងដក ច្រូតកាត់ម្ដងៗ ប្រជាជនមានភាពភ័យខ្លាចយ៉ាងខ្លាំងមិនហ៊ានចេញទៅវាលស្រែទេ ព្រោះពេលខ្លះប្រជាជនកំពុងតែធ្វើការ យន្តហោះ ហោះមកទម្លាក់គ្រាប់បែកជាច្រើនសន្ធឹកសន្ធាប់មកលើប្រជាជន ធ្វើឱ្យមានអ្នកខ្លះរងរបួស ហើយអ្នកខ្លះទៀតរត់ទៅលាក់ខ្លួននៅក្បែរដំបូក ឬប្រឡាយទាំងសេចក្ដីភ័យខ្លាច។ គ្រួសារខ្ញុំបន្តរស់នៅក្នុងស្រុកកំណើតរហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះ។
នៅក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច គ្រួសារខ្ញុំត្រូវបានអង្គការជម្លៀសទៅរស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាលនោះ ដោយសារតែមានបញ្ជាពីថ្នាក់លើទើបគ្រួសារខ្ញុំត្រូវចាកចេញពីភូមិកំណើតទៅរស់នៅស្រុកឆ្ងាយ។ គ្រួសារខ្ញុំមិនអាចដឹងបានទេថា អង្គការជម្លៀសទៅឱ្យរស់នៅកន្លែងថ្មីដោយសារតែហេតុផលអ្វី ព្រោះយើងគ្មានសិទ្ធិសួរនាំទេ គឺមានសិទ្ធិត្រឹមធ្វើតាមបទបញ្ជាតែប៉ុណ្ណោះ។ បន្ទាប់ពីគ្រួសារខ្ញុំធ្វើដំណើរទៅដល់កោះញែក យើងត្រូវរស់នៅជាសហករណ៍ហូបរួម ធ្វើការងាររួម និងគ្មានរបស់របរប្រើប្រាស់ឯកជនទៀតទេ។ ប៉ុន្តែចំពោះកន្លែងស្នាក់នៅ គឺយើងមានផ្ទះ និងរស់នៅតាមគ្រួសាររៀងៗខ្លួន។ ឪពុកនិងម្ដាយចុងរបស់ខ្ញុំ ត្រូវបានអង្គការបញ្ជូនទៅធ្វើការនៅក្នុងសហករណ៍។ រីឯខ្ញុំក្នុងដំណាក់កាលដំបូង ខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើជាជំនួយការចុងភៅនៅរោងបាយសហករណ៍។ ការងារដែលខ្ញុំធ្វើជាប្រចាំ គឺជួយចិតបន្លែចុងភៅ និងដាំបាយសម្រាប់ចែកឱ្យអ្នកធ្វើការនៅក្នុងសហករណ៍ទាំងអស់។ ខ្ញុំនៅធ្វើជាអ្នកចិតបន្លែបានមួយរយៈ អង្គការផ្លាស់ប្ដូរខ្ញុំឱ្យទៅខាងផ្នែកមើលថែទាំងក្មេងៗវិញ។ កុមារទាំងអស់នោះ គឺសុទ្ធតែជាកូនរបស់ប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយគ្នា ប៉ុន្តែឪពុកម្ដាយរបស់ក្មេងៗមិនអាចនៅមើលថែក្មេងទាំងអស់នេះបានដូចមុនទេ ដោយសារខ្លួនជាប់ភារកិច្ចរៀងៗខ្លួនដែលអង្គការបានផ្ដល់ឱ្យ។ ជារៀងរាល់ព្រឹក មីងៗតែងតែយកកូនតូចៗមកផ្ញើជាមួយខ្ញុំមុនពេលចេញទៅបំពេញការងារ។ ក្មេងៗទាំងនោះ ត្រូវខ្ញុំបញ្ចុកបាយទឹក និងដាក់ឱ្យដេកគ្រប់ៗគ្នា។ ខ្ញុំមើលក្មេងរហូតដល់ល្ងាចម៉ោង៥ ទើបម្ដាយក្មេងៗទាំងនោះមកយកត្រឡប់ទៅផ្ទះវិញ។ នៅក្នុងសហករណ៍ខ្ញុំ ការហូបចុកមិនសូវខ្វះខាតទេ យូរៗម្ដងប្រធានចុងភៅបានធ្វើបង្អែមឱ្យប្រជាជនហូបថែមទៀត។
នៅដើមឆ្នាំ១៩៧៦ អង្គការបានរៀបចំខ្ញុំឱ្យមានគូស្រករ។ កាលខ្ញុំរៀបការ មានគ្នាទាំងអស់ចំនួន៦គូ។ ការរៀបការរបស់ខ្ញុំមិនមានកម្មវិធីធំដុំអ្វីឡើយ ដោយអង្គការបានឱ្យកូនកម្លោះនិងកូនក្រមុំទាំងអស់ អង្គុយទល់មុខគ្នា ហើយឡើងប្ដេជ្ញាស្រឡាញ់គ្នា មើលថែគ្នា និងគោរពតាមអង្គការចាត់តាំង។ ក្រោយពីរៀបការរួច ខ្ញុំនិងប្ដីបានមករស់នៅជាមួយគ្នាក្នុងសហករណ៍ និងបន្តធ្វើការតាមតួនាទីរៀងៗខ្លួន។
រហូតដល់ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម បានចូលមកពាសពេញប្រទេសកម្ពុជា។ ការចូលមកដល់របស់កងទ័ពវៀតណាម បានធ្វើឱ្យខ្ញុំបែកចេញពីឪពុក និងម្ដាយចុងរហូតមកដល់បច្ចុប្បន្ន។ ចំណែកខ្ញុំ និងប្ដីបានរត់ភៀសខ្លួនចូលក្នុងព្រៃ ដែលអំឡុងពេលនោះខ្ញុំមានផ្ទៃពោះជិតសម្រាល។ មិនយូរប៉ុន្មាន ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ប៉ុន្តែ ជាអកុសល រយៈពេល៣ថ្ងៃក្រោយមក កូនស្រីរបស់ខ្ញុំបានស្លាប់ក្នុងព្រៃ។ បន្ទាប់ពីកូនស្លាប់ ខ្ញុំបានបន្តដំណើរទៅមុខទៀត ព្រោះខ្លាចកងទ័ពវៀតណាមតាមទាន់។ ពេលនោះ ខ្ញុំសរសៃខ្ចី ទើបធ្វើឱ្យខ្ញុំពិបាកក្នុងការធ្វើដំណើរដូចមនុស្សទូទៅ។ ក្នុងពេលធ្វើដំណើរ យើងត្រូវឆ្លងកាត់ទន្លេ ដើរកាត់ព្រៃក្រាស់ ហើយពេលខ្លះជួបកងទ័ពវៀតណាមនិងវាយប្រយុទ្ធគ្នាពេញព្រៃ។
រហូតដល់ឆ្នាំ១៩៨៦ ខ្ញុំ និងប្ដីបានទៅរស់នៅស្ទឹងចាន់។ នៅទីនោះ យើងសង់ផ្ទះតូចៗរស់នៅដោយឡែកពីគ្នា។ ខ្ញុំរស់នៅស្ទឹងចាន់បានត្រឹមរយៈពេល២ឆ្នាំ ទើបផ្លាស់ទៅរស់នៅក្នុងជំរំភូណយវិញ។ ពេលទៅរស់នៅទីនោះ ជីវភាពរបស់ខ្ញុំនិងប្រជាជនហាក់មានភាពធូរស្បើយជាងមុន។ ប្រជាជនអាចទៅរកស៊ីបោចវល្លិ៍ផ្ដៅ យកមកធ្វើជាកន្ទេល ល្អី ជាល លក់ទៅឱ្យប្រជាជនថៃ ដើម្បីរកប្រាក់ចំណូល។ ក្រៅពីនេះ តាមគ្រួសារនីមួយៗអាចដាំចេក ត្រកួន ត្រប់ ត្រសក់ សម្រាប់ហូបខ្លួនឯង។ ចំពោះរបបអាហារប្រចាំថ្ងៃយើងទទួលជំនួយពីអង្គការកាកបាទក្រហម។
មកដល់បច្ចុប្បន្ននេះ ខ្ញុំមានការភ្លេចភ្លាំងច្រើន ដោយសារខ្ញុំជួបរឿងច្រើនពេលរស់នៅក្នុងព្រៃ ដូចជាបាត់បង់កូនជាទីស្រឡាញ់។ បន្ថែមពីនេះ ខ្ញុំមានជំងឺស្ពឹកដៃស្ពឹកជើង និងជំងឺប្រចាំកាយជាច្រើនដែលបន្សល់ពីរបបខ្មែរក្រហម ព្រោះខ្ញុំបានធ្វើដំណើរដោយថ្មើរជើងរាប់ពាន់គីឡូម៉ែត្រពីតំបន់មួយទៅតំបន់មួយធ្វើឱ្យសុខភាពចុះខ្សោយរហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



