ឌុល ភី៖ លួចបេះផ្លែននោងមកស្ងោហូបដើម្បីរស់

ខ្ញុំឈ្មោះ ឌុល ភី ឈ្មោះហៅក្រៅ ត្រាត់ អាយុ៨១ឆ្នាំ កើតនៅ​ភូមិព្រៃមេលងខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ សព្វថ្ងៃ ខ្ញុំគឺជាដូនជី កាន់សីល១០ រស់នៅភូមិក្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ខ្ញុំមានឪពុកឈ្មោះ ឌុល​ ជិន និងម្ដាយឈ្មោះ ហ៊ុល ញ៉ាក ប៉ុន្តែគាត់ទាំងពីរនាក់បានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ ក្នុងនោះមានប្រុសម្នាក់ និងស្រីពីរនាក់។ បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំនៅរស់រានមានជីវិតតែ២នាក់តែប៉ុណ្ណោះ។ ខ្ញុំមានប្ដីឈ្មោះ រស់ ទុយ ស្លាប់យូរឆ្នាំហើយ និងមានកូនចំនួន៤នាក់ ក្នុងនោះមានកូនស្រីចំនួនបីនាក់ និងប្រុសម្នាក់។

កាលពីក្មេង ខ្ញុំបានចូលរៀនអក្ខរកម្មជាមួយគ្រូឈ្មោះ ផូ។ ខ្ញុំរៀនរហូតចេះអានអក្សរ និងសរសេរបានបន្តិចបន្តួច ទើបឈប់រៀន​។ ក្រោយ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែង នៅឆ្នាំ១៩៧០ ខ្ញុំផ្លាស់មករស់នៅភូមិក្រាំងគរ ហើយពេលនោះមានយន្តហោះមកទម្លាក់គ្រាប់បែកជាញឹកញាប់​។ ​ ខ្ញុំនិងក្រុមគ្រួសារមានការភ័យខ្លាច​យ៉ាងខ្លាំង ហើយបាននាំគ្នាជីកលេណ​ដ្ឋាន ដើម្បី​ការពារខ្លួនពីការទម្លាក់គ្រាប់បែក។  ទោះបីយ៉ាងណា យន្តហោះបានមកទម្លាក់គ្រាប់បែកនៅម្តុំព្រៃក្ដី ក្នុងភូមិក្រាំងគរ​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បន្តទៀត។ ដោយសារភ័យខ្លាចពីការទម្លាក់គ្រាប់បែក ក្រុមគ្រួសារខ្ញុំបានទៅរស់នៅក្បែរស្រះទឹកចាស់ នៅទំនប់អូររំដួល​ ស្ថិតនៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ ​ គ្រួសារខ្ញុំទៅរស់នៅទីនោះមិនបានប៉ុន្មានខែផង ខ្ញុំ​សម្រាលបានកូនស្រីច្បងម្នាក់។ ជាសំណាងល្អរបស់ខ្ញុំ ដែលមានឆ្មបបុរាណជួយសម្រាលកូនឱ្យខ្ញុំដោយសុវត្ថិភាព។ ខ្ញុំនៅចងចាំឆ្មបបុរាណនោះមានឈ្មោះ អ៊ឹម។ ​

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ពេលនោះក្រុមគ្រួសារខ្ញុំ រួមទាំងប្រជាជនដែលរស់នៅក្នុងភូមិក្រាំងគរ ត្រូវបានអង្គការជម្លៀសចេញពីភូមិ​។ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនជាច្រើនគ្រួសារបាន​ទៅរស់នៅខាងកើតវត្តក្រពុំឈូក ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។ បន្ទាប់មក អង្គការចាត់តាំងខ្ញុំឱ្យចូលធ្វើការងារក្នុងកងស្រួច។ ប្រធានកងរបស់ខ្ញុំ គឺជាបុរស មានមាឌតូច សម្បុរស្រអែម និងមានការយោគយល់ចំពោះ​ប្រជាជននៅក្រោមបង្គាប់​។ ​ក្នុងរបបខ្មែរក្រហមខ្ញុំត្រូវខិតខំធ្វើការឱ្យបានល្អ និងធ្វើឱ្យទាន់តាមការកំណត់របស់អង្គការ។ ការងារប្រចាំថ្ងៃរបស់ខ្ញុំគឺត្រូវទៅជីកប្រឡាយ និងលើកទំនប់។ ក្នុងមួយកងស្រួចមានសមាជិក១០នាក់ បូករួមទាំង​បុរស និងស្ដី្រ។ ក្រៅពីរែកដីចាក់ធ្វើទំនប់  អង្គការប្រើខ្ញុំឱ្យបំបែកគុម្ពស្រូវឱ្យដុះបានច្រើន និងដកស្មៅដែលដុះនៅក្នុងស្រែ។ អង្គការប្រើខ្ញុំដូចសត្វគោ សត្វក្របី គ្មានពេលឈប់សម្រាកឡើយ។ អង្គការបានរឹតបន្តឹង គាបសង្កត់ បំបិទសិទ្ធិសេរីភាពលើការនិយាយស្តីរបស់ខ្ញុំ រួមទាំង ប្រជាជននៅតាមកង។ អង្គការបានបង្ខំប្រជាជនឱ្យកាត់ផ្ដាច់មនោសញ្ចេតនារវាងបងប្អូន ឪពុកម្តាយ និងសាច់ញាតិ។ ​ចំណែកកងឈ្លបបានតាមដានប្រជាជនទាំងយប់ទាំងថ្ងៃ។ ប្រជាជនទាំងអស់មិនមានសិទ្ធិតវ៉ាឡើយ គឺម្នាក់ៗត្រូវខិតខំធ្វើការងារឱ្យបានល្អដើម្បីអាចរស់រានមានជីវិតបន្តទៀត។ ដោយសារការនឿយហត់ និងអស់កម្លាំងខ្លាំង ខ្ញុំតែងតែលួចបេះផ្លែននោងមក ស្ងោរក្នុងកំសៀវ ដែលមើលទៅហាក់ដូចជាខ្ញុំដាំទឹកតែផឹក។ នៅពេល ខ្ញុំហូបននោងស្ងោរ គឺខ្ញុំត្រូវលួចហូបមិនឱ្យខ្មែរក្រហមឃើញឡើយ។ របបខ្មែរក្រហម បានបង្អត់អាហារ ប្រព្រឹត្តអំពើព្រៃផ្សៃ និងកាប់សម្លាប់ប្រជាជនគ្មានមេត្តាឡើយ។ ជាក់ស្តែង ខ្ញុំបានស្គាល់មនុស្សពីរនាក់គឺ វិត និង ប៉ែត គឺជាប្រជាជនជម្លៀសដូចខ្ញុំដែរ ដែលស្លាប់ដោយសារអត់អាហារ។ ​ក្រោយរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ​ទើបខ្ញុំវិលត្រឡប់មកស្រុកកំណើត និងរស់នៅជួបជុំក្រុមគ្រួសារវិញ។

អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖