ខ្ញុំឈ្មោះ ឈិត ឆេង អាយុ៦៣ឆ្នាំ កើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ខ្ញុំរស់នៅជាមួយប្អូនស្រីបង្កើតដែលប្រកបរបរធ្វើស្រែចម្ការ និងចិញ្ចឹមក្របី នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ប៉ោយ ឈិត ស្លាប់ក្នុងរបបខ្មែរក្រហម និងម្ដាយឈ្មោះ សេក ទុប ស្លាប់ក្នុងឆ្នាំ១៩៧៩ ដោយសារជំងឺ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់ ហើយខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ ប្អូនប្រុសតែម្នាក់របស់ខ្ញុំបានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារអត់អាហារ។
កាលពីនៅក្មេង ខ្ញុំមិនបានចូលរៀនទេ ព្រោះត្រូវជួយធ្វើស្រែចម្ការឪពុកម្តាយដែលមានជីវភាពខ្វះខាត។ ខ្ញុំចាំបានថា ឪពុកខ្ញុំបន្ទាប់ពីប្រមូលផលស្រូវហើយរួចរាល់ គាត់ត្រូវធ្វើដំណើរចេញពីភូមិទួលគ្រួសចូលទៅក្នុងព្រៃជ្រៅដើម្បីរកជ័រទឹក ជ័រចុង ខ្លឹមចន្ទន៍ យកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជារៀងរាល់មួយឆ្នាំម្ដង ជនជាតិដើមភាគតិចព័របានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយក្មេងៗជនជាតិដើមភាគតិចព័រទាំងអស់តែងតែនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយមានដូចជា ចោលឈូង ទាញព្រាត់ លាក់កន្សែង បោះអង្គុញ និងល្បែងប្រជាប្រិយជាច្រើនទៀតនៅក្នុងវត្ត តាមផ្ទះ ដើម្បីអបអរពិធីចូលឆ្នាំថ្មី និងមានពិធីបុណ្យប្រពៃណីជាច្រើនរួមមាន ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យកឋិនទាន និងពិធីបុណ្យពូនភ្នំស្រូវ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ ចេញពីតំណែង។ នៅអំឡុងពេលជាមួយគ្នាក្នុងភូមិទួលគ្រួសមិនមានចលាចល ឬហេតុការណ៍អ្វីកើតឡើងឡើយ គឺជនជាតិដើមភាគតិចព័រអាចប្រកបរបរធ្វើស្រែចម្ការបានធម្មតា។
នៅឆ្នាំ១៩៧៣ ខ្ញុំ បានឮសំឡេងយន្តហោះទម្លាក់គ្រាប់បែកនៅភូមិតាលោ (បច្ចុប្បន្នស្ថិតក្នុងស្រុកតាលោសែនជ័យ) ស្ថិតនៅខាងជើងភូមិទួលគ្រួស។ គ្រាប់បែកបានលាន់ឮពាសពេញភូមិ ធ្វើឱ្យប្រជាជនមានភាពភ័យខ្លាច និងបាននាំគ្នាជីកលេណដ្ឋានដើម្បីលាក់ខ្លួននៅក្បែរៗព្រៃខាងក្រោយផ្ទះ។ ក្រោយមក មានយន្តហោះរបស់ទាហានអាមេរិក បានហោះមកឆ្វេលជុំវិញភូមិទួលគ្រួសជារៀងរាល់ថ្ងៃ ជាហេតុធ្វើឱ្យជនជាតិដើមភាគតិចព័ររស់នៅក្នុងភូមិទួលគ្រួសមានការភ័យខ្លាច តក់ស្លុតខ្លាំង ហើយក្រុមគ្រួសារមួយចំនួនបាននាំកូនចៅចាកចេញពីភូមិទួលគ្រួសទៅរស់នៅក្នុងលេណដ្ឋាន និងគ្រួសារមួយចំនួនទៀតរត់ចូលទៅក្នុងព្រៃជ្រៅ ប៉ុន្តែក្នុងភូមិទួលគ្រួសមិនមានការទម្លាក់គ្រាប់បែកទេ។ ចំណែកឪពុកម្ដាយរបស់ខ្ញុំ បាននាំកូនៗទាំងអស់រត់ចេញពីផ្ទះសំដៅទៅសម្ងំពួនក្នុងព្រៃ និងបានសាងសង់ខ្ទមតូចប្រក់ពីស្លឹកសំឡាញនៅតាមមាត់អូរទុកសម្រាប់ឱ្យកូនៗស្នាក់នៅបណ្ដោះអាសន្ន។ ឪពុកម្តាយរបស់ខ្ញុំបានស្នាក់នៅក្នុងព្រៃរយៈពេលប្រហែល២សប្ដាហ៍ ទើបនាំកូនៗត្រឡប់មករស់នៅក្នុងភូមិវិញ។
នៅក្នុងឆ្នាំ១៩៧៤ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិទួលគ្រួសបានទាំងស្រុង និងចាប់ផ្ដើមបែងចែកឱ្យជនជាតិដើមភាគតិចព័រទាំងអស់ឱ្យធ្វើស្រែប្រវាស់ដៃគ្នា។ ដំបូងខ្មែរក្រហមមិនទាន់ប្រើឱ្យប្រជាជនធ្វើការងារធ្ងន់ធ្ងរនៅឡើយទេ គឺប្រជាជនអាចស្នាក់នៅ និងហូបបាយនៅតាមផ្ទះរៀងៗខ្លួនបានគ្រប់គ្រាន់។ ជនជាតិដើមភាគតិចព័រទាំងអស់ត្រូវខិតខំធ្វើស្រែ និងចែកផលស្រូវស្នើគ្នា។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយដណ្ដើមបានទីក្រុងភ្នំពេញ និងទទួលបានជ័យជម្នះទៅលើរបប លន់ នល់។ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញបានមួយរយៈ ខ្មែរក្រហមបានចាប់ផ្ដើមបង្កើតសហករណ៍ឈ្មោះ «សហករណ៍ស្រែតាំងយ៉» និងបានប្រមូល ចាន ឆ្នាំង មាស ប្រាក់ គោ ក្របី ជ្រូក មាន់ ទា និងទ្រព្យសម្បត្តិរបស់ជនជាតិដើមភាគតិចព័រដាក់ក្នុងសហករណ៍រួម និងឱ្យប្រជាជនមកហូបចុក ធ្វើការងារ និងស្នាក់នៅរួមគ្នាក្នុងសហករណ៍។ បន្តមក ខ្មែរក្រហមបានបែងចែកប្រជាជនឱ្យទៅធ្វើការងារនៅតាមទីកន្លែងផ្សេងៗពីគ្នា ដែលមានកងកុមារ កងយុវជន យុវនារី និងកងមនុស្សចាស់។ ខ្ញុំ និងប្អូនៗតូចៗត្រូវខ្មែរក្រហមជ្រើសរើសឱ្យចូលធ្វើការងារនៅក្នុងកងកុមារ ដែលគ្រប់គ្រងដោយ តាយាន ឌឿន (ជនជាតិព័រ) និងមានកុមារសរុបប្រមាណ៥០នាក់។ នៅក្នុងចំណោមកុមារទាំង៥០នាក់ តា យាន ឌឿន បានបែងចែកជាក្រុមតូចៗ គឺក្នុងមួយក្រុមមានកុមារចំនួន១៥ទៅ២០នាក់។ ដំបូង ខ្ញុំ និង ប្អូនៗ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យដើរកាត់ដើមទន្រ្ទានខែត្រ ប្រមូលលាមកសត្វ ដើម្បីលាយធ្វើជីដាក់ស្រែ។ តាយាន ឌឿន មានចិត្តល្អ និងមិនដែលធ្វើបាបកុមារទេ។ ចំណែក ឪពុកម្ដាយរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការក្នុងកងចាស់ៗ និងធ្វើស្រែនៅសហករណ៍ស្រែតាំងយ៉។ ចំណែករបបអាហារ ខ្ញុំហូបបាយលាយជាមួយសម្លបានគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវប្ដូរមកធ្វើការងារធ្ងន់ធ្ងរជាងមុន ហើយការងារដែលខ្ញុំត្រូវធ្វើជាប្រចាំថ្ងៃមានដូចជា ដកសំណាប ស្ទូងស្រូវ ដឹកជញ្ជូនកណ្ដាប់ បែនស្រូវ កាប់ដី លើកភ្លឺស្រែ ជីកប្រឡាយតាមស្រែក្នុងភូមិទួលគ្រួស និងលើកទំនប់អូរធំ (បច្ចុប្បន្នស្ថិតក្នុងភូមិទួលគ្រួស)។ ប្រធានកងបានកំណត់ក្នុងមួយក្រុមមានគ្នាប្រហែល១៥នាក់ឱ្យលើកទំនប់ក្នុងមួយព្រឹកមានប្រវែងទទឹង១ម៉ែត្រ និងបណ្ដោយមានប្រវែង១០ម៉ែត្រឱ្យហើយ។ ប្រសិនបើកុមារលើកទំនប់មិនហើយតាមការកំណត់ ត្រូវនៅលើកឱ្យបានរួចរាល់ទើបអាចឈប់សម្រាកហូបបាយ។ បន្ទាប់ពីធ្វើការងារស្រែចម្ការ និងជីកប្រឡាយ ខ្ញុំនិងក្រុមកុមារទាំងអស់ត្រូវបានខ្មែរក្រហមប្រើឱ្យទៅកាប់ដី និងលើកភ្លឺស្រែបន្ត។ ខ្ញុំធ្វើការងារមិនមានពេលវេលាសម្រាកទេ និងហត់នឿយខ្លាំងណាស់។ រីឯការហូបចុកមានការលំបាកជាងមុន ដោយខ្មែរក្រហមបានចែកបាយលាយជាមួយពោតក្រហម ដំឡូង ហូបជាមួយសម្លមិនមានជីវជាតិ។ ខ្ញុំ និងមិត្តនៅក្នុងកង ហូបមិនបានគ្រប់គ្រាន់ទេ បណ្ដាលឱ្យមានសុខភាពទន់ខ្សោយ ស្គមស្គាំង និងអស់កម្លាំង។ នៅពេលហូបបាយ ខ្ញុំត្រូវទៅហូបនៅបាយរោងរួមក្នុងការដ្ឋាន។ ខ្ញុំត្រូវអង្គុយឱ្យចំកន្លែងដែលចុងភៅកំណត់ បើអង្គុយខុសកន្លែង ចុងភៅមិនផ្តល់របបអាហារឱ្យទេ។ នៅក្នុងរោងបាយមានតុវែង ហើយកុមារត្រូវអង្គុយទល់មុខគ្នា និងមានកូនចានសម្លរួមមួយសម្រាប់កុមារបួននាក់។
នៅឆ្នាំ១៩៧៧ ខ្ញុំនិងយុវនារីជនជាតិដើមភាគតិចព័រចំនួន៥នាក់ទៀត ត្រូវអង្គការជម្លៀសចេញពីភូមិទួលគ្រួសដោយធ្វើដំណើរតាមរថយន្ត ទៅកាន់ស្រុកភ្នំក្រវាញ ដោយមិនបានប្រាប់មូលហេតុជាមុន។ នៅពេលយើងធ្វើដំណើរដល់ភូមិព្រែក (បច្ចុប្បន្នភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់) ខ្មែរក្រហមបានបញ្ជូនក្រុមខ្ញុំបន្តតាមទូកឆ្លងស្ទឹងពីភូមិព្រែក ទៅកាន់ភូមិលាច (បច្ចុប្បន្នផ្សារភ្នំក្រវាញ) ដើម្បីកាត់ដេរសម្លៀកបំពាក់។ នៅអង្គភាពកាត់ដេរមានកម្មាការិនីប្រមាណ១០០នាក់។ ការងារប្រចាំថ្ងៃរបស់ខ្ញុំគឺកាត់សម្លៀកបំពាក់ ក្រៅពីនោះត្រូវធ្វើការងារតាមការចាត់តាំងរបស់ប្រធានអង្គភាព។
ក្រោយមក ខ្មែរក្រហមបញ្ជូនជនជាតិដើមភាគតិចព័រចំនួន២នាក់មកពីភូមិទួលគ្រួស ឈ្មោះ ថៃ នេន ភេទស្រី និង ម្នាក់ទៀតដែលខ្ញុំមិនចាំឈ្មោះ ឱ្យមកកាត់ដេរជាមួយខ្ញុំ។ ខ្ញុំបានដឹងតាមរយៈ ថៃ នេន ថា ឪពុកម្ដាយ និងប្អូនខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសមកស្រុកភ្នំក្រវាញដែរ ប៉ុន្តែខ្ញុំមិនបានជួបឪពុកម្ដាយ និងប្អូនៗឡើយ។ សម្លៀកបំពាក់ដែលខ្ញុំកាត់ដេររួច ខ្មែរក្រហមបញ្ជូនទៅចែកឱ្យកម្មាភិបាលតាមភូមិ ឃុំ ស្រុក និងបញ្ជូនទៅឱ្យកងទ័ព។ ខ្ញុំធ្វើការងារគឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ទើបឈប់សម្រាក។ បន្ទាប់ពីហូបបាយពេលល្ងាចរួច ខ្ញុំត្រូវដាំ ស្ពៃ ត្រកួន ត្រសក់ ល្ពៅ ត្រឡាច និងបន្លែជាច្រើនទៀត ទុកផ្គត់ផ្គង់ក្នុងការដ្ឋាន។ ការហូបចុករបស់ខ្ញុំ និងកម្មារិនីកាត់ដេរ គឺហូបបានគ្រប់គ្រាន់ មិនមានការខ្វះខាត ទេ ព្រោះប្រធានការដ្ឋានកាត់ដេរឈ្មោះ តា ថាស មានចរិតស្លូតបូត និងចិត្តល្អ។ ក្រៅពីការងារកាត់ដេរសម្លៀកបំពាក់ ខ្មែរក្រហមបានបញ្ជូនក្រុមខ្ញុំឱ្យទៅជួយធ្វើស្រែប្រជាជននៅតាមមូលដ្ឋានចល័តក្នុងឃុំលាច។ នៅពេលថ្ងៃ ខ្ញុំធ្វើការងារដក ស្ទួង និងច្រូតកាត់ លុះដល់ពេលយប់ឡើង ខ្ញុំត្រូវចិញ្រ្ចាំជីយកទៅដាក់ក្នុងស្រែ ឬបោកកណ្ដាប់រហូតដល់ម៉ោង៩ទៅម៉ោង១០យប់ ទើបឈប់សម្រាក។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ស្រុកភ្នំក្រវាញ។ ក្នុងពេលជាមួយគ្នា ខ្ញុំ មិនបានរត់ចេញពីស្រុកភ្នំក្រវាញទេ ព្រោះខ្ញុំឈឺសន្លាក់ទើបមិនអាចធ្វើដំណើរឆ្ងាយបាន ហើយកងទ័ពវៀតណាមមិនបានធ្វើបាបខ្ញុំ និងប្រជាជនដទៃទៀត។ បន្ទាប់មក ម្ដាយរបស់ខ្ញុំបានដឹងដំណឹងថា ខ្ញុំរស់នៅស្រុកភ្នំក្រវាញ ទើបគាត់មកយកខ្ញុំទៅរស់នៅភូមិព្រែកវិញ។ នៅពេលនោះខ្ញុំទទួលដំណឹងថា ឪពុកខ្ញុំនិងប្អូនប្រុសបានស្លាប់ដោយសារអត់អាហារនៅពេលរត់ទៅលើភ្នំ។ បន្ទាប់ពីជួបជុំគ្នាជាមួយបងប្អូន និងម្ដាយ ខ្ញុំ និងក្រុមគ្រួសារវិញ យើងបាននាំគ្នាធ្វើស្រែដើម្បីចិញ្ចឹមជីវិត។
នៅឆ្នាំ២០០០ ខ្ញុំ និងគ្រួសារបានវិលត្រឡប់មកស្រុកកំណើតនៅភូមិទួលគ្រួសវិញ ហើយបានកាប់ឆ្ការព្រៃ ដើម្បីយកដីធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។ សព្វថ្ងៃ ខ្ញុំនៅនឹកឃើញរឿងរ៉ាវលំបាកវេទនាកាលពីវ័យកុមារក្នុងអំឡុងរបបខ្មែរក្រហម។
អត្ថបទ ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



