សិស្សសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ស្តាប់រឿងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អ្នកគ្រូ ចប កាប៉ិ នៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម បានដឹកនាំសិស្សចំនួន១២នាក់ មកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ក្នុងគោលបំណងស្តាប់រឿងរ៉ាវរបស់អ្នករស់រានជីវិតពីរបបខ្មែរក្រហម និងស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩​៧៥-១៩៧៩)។

ជាកិច្ចចាប់ផ្តើម បុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ឈ្មោះ ឈុំ រ៉ា បានណែនាំខ្លួន និងក្រុមការងារ។ បន្ទាប់មកលោក ឈុំ រ៉ា បានដឹកនាំសិស្សានុសិស្សឱ្យចូលទស្សនាពិព័រណ៍រូបថតទាក់ទងសង្រ្គាមអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០, ផ្ទាំងគំនូរស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ ដែលសម្តេចតេជោ ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ធ្វើដំណើរភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីស្វែងរកការជួយឧបត្ថម្ភគាំទ្រក្នុងការរំដោះជាតិ។

បន្តមកទៀត លោក ឈុំ រ៉ា បានលើកយករឿងរ៉ាវរបស់ សំ ឡុង គឺជាសាក្សីរស់ និងបានឆ្លងកាត់ របបខ្មែរក្រហមប្រាប់ដល់សិស្សដូចមានរៀបរាប់ខាងក្រោម៖

ខ្ញុំឈ្មោះ សំ ឡុង អាយុ៦៣​ឆ្នាំ ជនជាតិខ្មែរ ​ រស់នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានប្រពន្ធឈ្មោះ ខៀវ សុវណ្ណ អាយុ៦០ឆ្នាំ គឺជនជាតិដើមភាគតិចស្ទៀង។ ខ្ញុំមានកូនចំនួន៧នាក់ ក្នុងនោះស្រីម្នាក់ និងប្រុស៦នាក់។ ខ្ញុំមានមុខរបបរធ្វើស្រែចម្ការ និងលេងភ្លេងអារក្ស។ ខ្ញុំមានស្រុកកំណើតនៅភូមិបុសតាអ៊ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ សួន សំ ត្រូវខ្មែរក្រហមសម្លាប់ក្នុងឆ្នាំ១៩៧៧ និងម្តាយឈ្មោះ ច្រាញ់ ញ៉ាញ់ ស្លាប់ឆ្នាំ១៩៨៣ ដោយសារជំងឺ។ ខ្ញុំមានបងប្អូន៨នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រី៤នាក់ ហើយខ្ញុំគឺជាកូនទី៣ក្នុងគ្រួសារ។

កាលពីក្មេងខ្ញុំមិនបានរៀនសូត្រ ព្រោះប្រទេសជាតិមានសង្រ្គាម និងសាលារៀនបិទទ្វា។ ខ្ញុំបានឃើញទាហានអាមេរិកទម្លាក់គ្រាប់បែក និងបើករថក្រោះឆ្លងកាត់តាមភូមិដើម្បីសែ្វងរកកងទ័ពវៀតកុង។ ខ្ញុំបានឃើញទាហានអាមេរិកប្រយុទ្ធជាកងទ័ពវៀតកុងនៅតាមវាលស្រែនៅម្តុំស្រែតាពេជ។ ពេលនោះរថក្រោះអាមេរិកបើកលើផ្លូវលំ​ និងកាត់តាមព្រៃសំដៅមកភូមិតាម៉ៅ ភូមិទួលគ្រួស ភូមិជាំផ្តិន ភូមិទឹកពូក និងភូមិកន្ទួត ដែលជាភូមិរបស់ជនជាតិដើមភាគតិចស្ទៀង។ ទាហានអាមេរិក បានចូលមកក្នុងភូមិ និងតំបន់ព្រៃក្បែរនោះរយៈពេលជាង១ទៅ២ខែ ទើបដកទៅវិញអស់។

នៅក្នុងឆ្នាំ១៩៧២ ឬឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលមកក្នុងភូមិបុសតាអ៊ឹម និងភូមិផ្សេងទៀតក្នុងឃុំជាំតាម៉ៅ ហើយបានដើរឃោសនាឱ្យប្រជាជនចូលរួមក្នុងចលនារបស់ខ្លួន។ នៅតាមភូមិនីមួយៗ ខ្មែរក្រហមចាប់ផ្តើមឱ្យប្រជាជនបង្កើតជាក្រុមប្រវាស់ដៃ ដើម្បីជួយធ្វើការងារស្រែចម្ការគ្នាទៅវិញទៅមក និងហូបបាយនៅតាមផ្ទះរៀងៗខ្លួន។ ចំណែកខ្ញុំត្រូវឃ្វាលគោក្របីនៅតាមវាល  និងជួយធ្វើស្រែចម្ការឪពុកម្តាយ។

នៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលជ័យជម្នះទូទាំងប្រទេស និងបានរៀបចំជាសហករណ៍ ដើម្បីឱ្យប្រជាជនក្នុងភូមិធ្វើការងាររួម និងហូបចុករួមនៅក្នុងសហករណ៍។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសប្រជាជន ១៧ មេសា ប្រមាណ៥០គ្រួសារ ឱ្យមករស់នៅក្នុងភូមិបុសតាអ៊ឹម។ ដំបូង ខ្មែរក្រហមយកប្រជាជន១៧ មេសា ទៅផ្ញើនៅតាមផ្ទះអ្នកភូមិ ដោយក្នុងមួយផ្ទះឱ្យប្រជាជន១៧ មេសាមួយគ្រួសាររស់នៅ។ បន្ទាប់មក ទើបខ្មែរក្រហមឱ្យប្រជាជន១៧ មេសា កាប់កូនឈើ និរកស្លឹកមកប្រក់ធ្វើខ្ទមរស់នៅតាមជាយៗភូមិដោយខ្លួនឯង។ ប្រជាជន១៧ មេសា បានស្លាប់ច្រើន ដោយសារជំងឺគ្រុនចាញ់ អត់អាហារ ធ្វើការងារពលកម្មហួសកម្លាំង និងត្រូវខ្មែរក្រហមយកទៅសម្លាប់។ បន្ទាប់ពីខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ មានគ្រួសារប្រជាជន១៧ មេសា មិនដល់១០គ្រួសារទេ​ ដែលបានត្រឡប់ទៅភ្នំពេញវិញ។ បច្ចុប្បន្នមានកូនប្រជាជន១៧មេសា​ ចំនួន២នាក់បានបន្តរស់នៅក្នុងភូមិបុសតាអ៊ឹម ពីព្រោះឪពុក ម្តាយ បងប្អូនត្រូវបានខ្មែរក្រហមសម្លាប់។  ភូមិបុសតាអ៊ឹម មានប្រធានកងតូច ឈ្មោះតាស៊ឹង ចំណែកប្រធានសង្កាត់ ឬឃុំជាំតាម៉ៅមានឈ្មោះ តាភូមិ។

ក្រុមគ្រួសារខ្ញុំ ត្រូវបានខ្មែរក្រហមចាត់ជាគ្រួសារសក្តិភូមិ និងបំបែកឱ្យរស់នៅបែកគ្នា។ ឪពុកខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឱ្យទៅលើកទំនប់ឆ្ងាយពីភូមិ។ ម្តាយខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឱ្យបិតប្រព័ន្ធភ្លឺស្រែ ដកស្ទូង និងច្រូតកាត់។ បងៗរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការងារក្នុងកងចល័តនៅឆ្ងាយៗពីភូមិ ហើយខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឱ្យនៅឃ្វាលក្របី ចំណែកប្អូនៗត្រូវស្ថិតនៅក្នុងកងកុមារ។

ចំពោះរបបអាហារ គឺហូបបបរក្នុងមួយថ្ងៃពីរពេល​ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅដើមឆ្នាំ១៩៧៧ ឪពុកខ្ញុំ និងកងបុរសប្រហែល៣០នាក់ត្រូវបានខ្មែរក្រហមចោទថាចូលដៃចូលជើងជាមួយយួន។ ឪពុកខ្ញុំ និងអ្នកភូមិប្រហែល៣០នាក់ផ្សេងទៀតត្រូវខ្មែរក្រហមចាត់តាំងឱ្យទៅអារឈើ និងដឹកឈើនៅកំពង់សសរក្នុងស្រុកឆ្លូង។​​ ក្នុងរទេះគោនីមួយៗមានមនុស្សចាស់ម្នាក់ និងក្មេងឃ្វាលក្របីម្នាក់។ ពេលត្រឡប់មកពីអារឈើវិញ មានក្មេងឃ្វាលក្របីម្នាក់ឈ្មោះ មឿន ឈីន បានមករាយការណ៍ប្រាប់តាស៊ឹង ដែលជាប្រធានភូមិថា អ្នកទៅអារឈើទាំងអស់បានទៅមើលខ្សែភាពយន្តឯកសាររបស់វៀតណាម។ តាស៊ឹង បានទៅរាការណ៍ប្រាប់ប្រធានឃុំឈ្មោះ តាភូមិ។ បន្ទាប់មកខ្មែរក្រហមបានចោទប្រកាន់ឪពុកខ្ញុំ និងអ្នកដែលបានទៅអារឈើប្រមាណ៣០នាក់ទៀតថាក្បាលយួនខ្លួនខ្មែរ ហើយត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ដោយកុហកថាឱ្យទៅអារឈើនៅភូមិកប្បាសក្នុងឃុំមេមង់។ ចំណែកឪពុកខ្ញុំ និងពូម្នាក់ឈ្មោះ កយ ត្រូវខ្មែរក្រហមចាប់តាំងឱ្យទៅនៅភូមិថ្មទទឹង បន្ទាប់មកបានចាប់ខ្លួនច្រកចូលបាវយកទៅវាលខាងលិចភូមិ ហើយបាត់ខ្លួនរហូត។ ក្នុងចំណោមនោះ មានតែ តាថ្លៃ ម្នាក់គត់ដែលបានគេចខ្លួន គឺគាត់បានរត់គេចពីមួយកន្លែងទៅមួយកន្លែង បន្ទាប់មកគាត់រត់ចូលក្នុងព្រៃ និងភៀសខ្លួនទៅប្រទេសវៀតណាម។ បន្ទាប់ពីរំដោះឆ្នាំ១៩៧៩ តាថ្លៃ បានត្រឡប់មករស់នៅក្នុងភូមិថ្មទទឹងវិញ។ តាថ្លៃ ទើបតែស្លាប់ដោយសារចាស់ជរាប៉ុន្មានឆ្នាំមុននេះ។

នៅចុងឆ្នាំ១៩៧៧ ខ្ញុំ និង អ្នកភូមិទាំងអស់ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឱ្យទៅរស់នៅស្រុកស្នួល ខេត្តក្រចេះ។ ប្រជាជនធ្វើដំណើរ និងដេកនៅតាមព្រៃ រយៈពេលប្រហែលមួយខែ ទើបទៅដល់ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមបានរស់នៅស្រុកស្នួលបានប្រហែលមួយខែ ទើបខ្មែរក្រហមជម្លៀសបន្តឱ្យទៅរស់នៅជាមួយជនជាតិភាគតិចព្នងនៅភូមិស្រែជិះ ស្រែខ្លីច ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរយៈនៃការជម្លៀស ការរស់នៅរបស់ខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមមានភាពលំបាកខ្លាំងណាស់ ហើយអ្នកភូមិដែលមានវ័យចាស់ជរាភាគច្រើនបានស្លាប់ដោយសារអត់អាហារ និងធ្វើពលកម្មធ្ងន់ធ្ងរ។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមទាំងអស់ ត្រូវបានខ្មែរក្រហមជម្លៀសទៅនៅថ្មគ្រែ ខេត្តក្រចេះ ដើម្បីរង់ចាំជិះកាណូតបន្តទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខ្ញុំ និងអ្នកភូមិបុសតាអ៊ឹម បានស្នាក់នៅក្នុងស្រុកស្ទឹងត្រង់រយៈពេល៣យប់ ទើបខ្មែរក្រហមដឹកតាមរថយន្តទៅដាក់នៅភូមិស្វាយភ្លើង ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពេលរស់នៅក្នុងភូមិស្វាយភ្លើង ខ្ញុំ និងអ្នកភូមិបុសតាអ៊ឹម បានហូបចុកគ្រប់គ្រាន់។​ បើតាមចាំ ខ្ញុំរស់នៅភូមិស្វាយភ្លើងបានប្រហែលមួយខែ ទើបកងទ័ពវៀតណាមបានវាយរំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅពេលនោះ ខ្ញុំ និងអ្នកភូមិបានធ្វើដំណើរកាត់តាមស្រុកចំការលើ សំដៅទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំបានឆ្លងស្រឡាងមកត្រើយម្ខាងនៃទន្លេបិទ រួចបន្តដំណើរកាត់តាមស្រុកពញាក្រែក ទៅរស់នៅភូមិកំណើតនៅបុសតាអ៊ឹមវិញ។

ក្រោយពីបាត់បង់ឪពុក ខ្ញុំត្រូវជួយម្តាយធ្វើស្រែចម្ការដើម្បីចិញ្ចឹមបងប្អូន។ នៅឆ្នាំ១៩៨០ ខ្ញុំបានមករស់នៅជាមួយឪពុកមាក្នុងភូមិតាម៉ៅកើតដើម្បីធ្វើស្រែយកស្រូវទៅជួយចិញ្ចឹមម្តាយ និងបងប្អូន។ នៅឆ្នាំ១៩៨៣ ខ្ញុំបានចូលរៀនថ្នាក់អក្ខរកម្មរយៈពេល៦ខែ ទើបខ្ញុំអាចសរសេរ និងអានអក្សរបាន។ នៅឆ្នាំ១៩៨៥ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ ខៀវ សុវណ្ណ គឺជាជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិតាម៉ៅកើត។ បន្ទាប់មក ខ្ញុំបានផ្លាស់មករស់នៅជាមួយគ្រួសារខាងប្រពន្ធ និងប្រកបរបរធ្វើស្រែចម្ការ។

ជាចុងក្រោយ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចាក់បញ្ចាំងខ្សែភាពយន្តមានចំណង « សាក្សីដំបូង» ឱ្យសិស្សទស្សនា។ បន្ទាប់ពីសិស្សទស្សនាខ្សែភាពយន្តមានរយៈពេល២២នាទី និង១៣វិនាទី ចប់ សិស្សបានសួរសំណួរមួយចំនួនទៅក្រុមការងារ និងបង្ហាញពីចំណាប់ដូចខាងក្រោម៖

ជឿន ស្រីណែត៖ «ខ្ញុំមានសប្បាយរីករាយជាខ្លាំងណាស់ដែលបានមកសិក្សាអំពីប្រវត្តិសាស្រ្ត ជាពិសេសបានដឹងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមានការស្ងើចសរសើរចំពោះការតស៊ូរបស់តាយាយ ហើយអាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ»។

ហឿន វ៉ាយុ៖ ក្រោយពេលខ្ញុំបានទស្សនាវីដេអូនេះចប់ ខ្ញុំពិតជាមានអារម្មណ៍ថាអាណិតដល់អ្នកទោស ដែលត្រូវបានខ្មែរក្រហមធ្វើទារុណកម្មរហូតដល់ស្លាប់។

រិទ្ធី វាស្នា៖ ក្រោយពេលខ្ញុំបានទស្សនាកុន «សាក្សីដំបូង» រួច ខ្ញុំឃើញសភាពសពអ្នកទោសដែលត្រូវខ្មែរក្រហមធ្វើទារុណកម្មនៅមន្ទីរស-២១ ដែលជាអំពើជាសារហាវឃោរឃៅខ្លាំងណាស់»។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សម្របសម្រួលដំណើរបេសកកម្មរបស់គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងការចុះសិក្សាប្រមូលទិន្នន័យដើម្បីបង្កើតគម្រោង អភិវឌ្ឍន៍សាកល្បងនៅលើ «កោះឈើទាលធំ»