ពី «នរកនៅថៃ ទៅ ឋានសួគ៌នៅហ្វីលីពីន»

នៅក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក លោក ឆាំង យុ អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសរសេររៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួននៃជីវិតជាជនភៀសខ្លួនរបស់លោកថា «រវាងនរកនៅថៃ និងឋានសួគ៌នៅហ្វីលីពីន»។

លោក ឆាំង យុ លើកឡើងនេះ បន្ទាប់ពីសារព័ត៌មានថៃបានដកស្រង់សម្តីលោក ប្រាផាស សុនចៃឌី មេបញ្ជាការអាកាស និងជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា ដែលបានអះអាងថា ភូមិបានណងចាន់ គឺជានិមិត្តរូបនៃតួនាទីមនុស្សធម៌របស់ថៃ ក្នុងការជួយជនភៀសខ្លួនកម្ពុជាក្រោយសង្គ្រាម។ លោក ប្រាផាស សុនចៃឌី បានបញ្ជាក់ថា ថៃបានសហការជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ដើម្បីផ្តល់អាហារ សេវាសុខាភិបាល ទឹកស្អាត និងជម្រកបណ្តោះអាសន្នដល់ជនភៀសខ្លួនកម្ពុជា ព្រមទាំងទទួលបន្ទុកចំណាយ និងការទទួលខុសត្រូវផ្នែកសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ។

លោក ឆាំង យុ​ បានចោទជាសំណួរថា ហេតុអ្វីបានជាថៃលើកយកបញ្ហាភូមិជោគជ័យ ភូមិ​ព្រៃចាន់ ដែលថៃហៅ​ថា បានណងចាន់ ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើនជំនាន់បានរស់នៅទីនោះដោយសន្តិភាព និងចូលរួមអភិវឌ្ឍន៍សហគមន៍អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ? ហេតុអ្វីបានជាថៃជ្រើសរើសយកបានណងចាន់ មកធ្វើជាប្រធានបទសម្រាប់ការអះអាងទឹកដីភ្លាមៗបែបនេះ?

លោក ឆាំង យុ បានអះអាងថា ការពិភាក្សាអំពីបានណងចាន់ គួរតែត្រូវបានយល់ឃើញក្នុងបរិបទប្រវត្តិសាស្ត្រ ហើយបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ថៃចំពោះច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីទ្វេភាគីក្នុងការដោះស្រាយបញ្ហាព្រំដែន។ ប៉ុន្តែ រឿងរ៉ាវជនភៀសខ្លួន មិនអាចនិយាយត្រឹមតែតាមការនិទានរបស់រដ្ឋាភិបាលតែប៉ុណ្ណោះទេ។ ថៃមានចេតនាទាញយកផលប្រយោជន៍នយោបាយពីវេទិកាអន្តរជាតិ ក្នុងទិវាជនភៀសខ្លួនពិភពលោក។

លោក ឆាំង យុ បន្ថែមថា «ថៃមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួនទេ។ នេះជារឿងសំខាន់ណាស់ ពីព្រោះនៅក្នុងអាស៊ាន មានតែប្រទេសហ្វីលីពីនមួយតែប៉ុណ្ណោះ ដែលជាប្រទេសហត្ថលេខី»។ «ថៃចង់ទាញយកផលប្រយោជន៍នយោបាយពីអនុសញ្ញាអន្តរជាតិមួយ ដែលខ្លួនឯងមិនមែនជាប្រទេសហត្ថលេខី»។

លោក ​ឆាំង យុ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម និងក្លាយជាអ្នកស្រាវជ្រាវឈានមុខគេមួយរូប អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បាននិយាយថា បទពិសោធន៍របស់ជនភៀសខ្លួនកម្ពុជាជាច្រើននៅក្នុងប្រទេសថៃ មិនមែនពោរពេញទៅដោយការការពារនោះទេ ប៉ុន្តែជាការភ័យខ្លាច និងការរំលោភបំពាន។ «ជនភៀសខ្លួនកម្ពុជា មិនត្រូវបានការពារនោះទេ ប៉ុន្តែត្រូវបានរំលោភបំពានដោយកងទ័ពថៃ ដែលគេស្គាល់ថា ឆ.ក. (Task Force 80)»។

លោក ឆាំង យុ បានសរសេររំឭកពីជីវិតជាជនភៀសខ្លួនរបស់លោកថា «ខ្ញុំបានរស់នៅរវាង នរកនៅថៃ និងឋានសួគ៌នៅហ្វីលីពីន។ ខ្ញុំនឹងដឹងគុណដល់ហ្វីលីពីនជារៀងរហូត ហើយថ្ងៃនេះ ខ្ញុំលែងជាជនភៀសខ្លួនទៀតហើយ»។

នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោក ឆាំង យុ ធ្លាប់រស់នៅមជ្ឈមណ្ឌលជនភៀសខ្លួន ខៅអ៊ីដាង​ នៅប្រទេសថៃ មុននឹងបន្តទៅរស់នៅមជ្ឈមណ្ឌលដំណើរការជនភៀសខ្លួនហ្វីលីពីន ក្នុងទីក្រុងម៉ូរ៉ុង ខេត្តបាតាអាន។ ភាពខុសគ្នារវាងបទពិសោធន៍ទាំងពីរ បានជាប់នៅក្នុងការចងចាំរបស់លោករហូតមកដល់សព្វថ្ងៃ។

លោក ឆាំង យុ លើកឡើងថា «ប្រជាជនហ្វីលីពីនបានបើកទ្វារប្រទេសរបស់ខ្លួន ទទួលជនភៀសខ្លួនកម្ពុជាបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅទសវត្សរ៍ឆ្នាំ១៩៨០​។ រដ្ឋាភិបាល និងប្រជាជនហ្វីលីពីន បានងើបឈរឡើងជួយយើង និងទទួលយកយើង»។ លោក​សរសើរហ្វីលីពីនចំពោះទឹកចិត្តសប្បុរស នៅពេលនោះ។ ក្តីសង្ឃឹមដែលប្រទេសហ្វីលីពីន បានផ្តល់ឱ្យប្រជាជនកម្ពុជា គឺជាគំរូដ៏ភ្លឺស្វាងមួយដែលបង្រៀនយើងកុំឱ្យបោះបង់ក្តីសង្ឃឹម។ ហ្វីលីពីនបានលើកកម្ពស់នយោបាយ «បើកទ្វារចំហ» ជាយូរមកហើយ ដោយអះអាងថា ខ្លួនបានទទួលជនភៀសខ្លួនចំនួន ១០ លើក ក្នុងរយៈពេលជាងមួយសតវត្សរ៍ រួមទាំងជនជាតិយូដាដែលរត់គេចពីរបបណាស៊ី ជនជាតិរុស្ស៊ីស្បែកស ជនភៀសខ្លួនវៀតណាម និងជនភៀសខ្លួនកម្ពុជាគេចពីសង្គ្រាម។

យោងតាមយុទ្ធនាការទិវាជនភៀសខ្លួនពិភពលោករបស់រដ្ឋាភិបាលហ្វីលីពីន ប្រពៃណីទទួលជនភៀសខ្លួនរបស់ប្រទេសនេះ មានប្រវត្តិយូរជាង១០០ឆ្នាំ។

សម្រាប់លោក ឆាំង យុ​ ភាពខុសគ្នានេះ មិនមែនគ្រាន់តែជាការចងចាំទេ ប៉ុន្តែជាការប្តេជ្ញាចិត្តផ្នែកច្បាប់ផងដែរ។ ថៃមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧ ដែលជាឯកសារចម្បងអន្តរជាតិគ្រប់គ្រងការការពារជនភៀសខ្លួននោះទេ។ ផ្ទុយទៅវិញ ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចនៅអាស៊ីអាគ្នេយ៍ ដែលបានចូលជាសមាជិកនៃឯកសារទាំងពីរនេះ និងបានរក្សាកម្មវិធីទទួលជនភៀសខ្លួនជាយូរមកហើយ។

លោក ឆាំង យុ បានរំឭកឡើងវិញពីការជជែកដេញដោលជាប្រវត្តិសាស្ត្រ អំពីតួនាទីរបស់ថៃក្នុងអំឡុងពេលជម្លោះនៅកម្ពុជា។ ក្នុងចំណោមឯកសារដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានសៀវភៅមួយចេញផ្សាយនៅឆ្នាំ១៩៨៣ ក្រោមចំណងជើង «Thai Policy Vis-à-Vis Kampuchea» ដែលបោះពុម្ពផ្សាយដោយក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះ។ ឯកសារនេះបានចោទប្រកាន់អាជ្ញាធរថៃថា បានគាំទ្រក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពនៅតាមព្រំដែនក្នុងអំឡុងសង្គ្រាមត្រជាក់។ ទោះបីការចោទប្រកាន់ទាំងនោះនៅតែជាផ្នែកមួយនៃការជជែកដេញដោលផ្នែកប្រវត្តិសាស្ត្រ លោក ឆាំង យុ​ ជឿថា ប្រវត្តិសាស្ត្រជនភៀសខ្លួន គួរតែត្រូវបានវាយតម្លៃតាមបទពិសោធន៍របស់អ្នកដែលបានឆ្លងកាត់វាផ្ទាល់។ «ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ នៅក្នុងប្រទេសថៃ មិនមែនគ្រាន់តែជាជនភៀសខ្លួនទេ​ អ្នកទាំងនោះគឺជាអ្នកជំនាញ សហគ្រិន កម្មករ ពលករជំនាញ និងជាអ្នកផ្គត់ផ្គង់គ្រួសារ។ អ្នកទាំងនោះមិនខ្លាចក្នុងការប្រថុយ ហើយបានលះបង់ខ្លួនជារៀងរាល់ថ្ងៃ សម្រាប់គ្រួសារ សហគមន៍ ប្រទេសជាតិ និងមនុស្សជាតិទាំងមូល»។

រឿងរ៉ាវជនភៀសខ្លួន មិនមែននិយាយអំពីព្រំដែន ឬការនិទានផ្នែកនយោបាយនោះទេ ប៉ុន្តែ វាគឺជាការចងចាំថា តើអ្នកណាខ្លះបានបើកទ្វារទទួលពលរដ្ឋកម្ពុជា នៅពេលដែលពលរដ្ឋទាំងនេះគ្មានទីកន្លែងណាផ្សេងទៀតត្រូវទៅ និងធានាថា សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋទាំងនេះ នឹងមិនត្រូវបានគេបំភ្លេចឡើយ។

អត្ថបទ និង រូបថត ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖