សុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជាការបកស្រាយអំពីការប្តេជ្ញាចិត្ត និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឈមមុខនឹងសកម្មភាពរំលោភបំពានដោយប្រទេសថៃមកលើដែនសមុទ្ររបស់ប្រទេសកម្ពុជា។ គួរកត់សម្គាល់ថាសុន្ទរកថានេះគឺមានបំណងផ្ញើជូនទៅកាន់ប្រជាជនថៃ សហគមន៍អន្តរជាតិ រួមទាំងបងប្អូនជនរួមជាតិខ្មែរ។
ចំណុចនេះពិតជាសំខាន់ ពីព្រោះថាប្រជាជនខ្មែរគឺមិនស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយប្រជាជនថៃនោះទេ។ ជម្លោះរវាងប្រទេសថៃនិងកម្ពុជាគឺជាជម្លោះនយោបាយ ហើយប្រជាជនថៃក៏ដូចជាប្រជាជនខ្មែរ មានការប្រថុយប្រថានខ្ពស់ក្នុងការធានាថាជម្លោះទាំងនេះត្រូវបានដោះស្រាយដោយសន្តិវិធី។
សម្តេចនាយករដ្ឋមន្ត្រី បានបកស្រាយអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះនេះ ក៏ដូចជាជម្លោះដទៃទៀត រួមទាំងជម្លោះព្រំដែន ដែលកំពុងបន្តជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ទាំងនេះគឺជាការប្តេជ្ញាចិត្តដ៏ធំធេង ក្នុងស្ថានភាពដែលយោធាថៃកំពុងកាន់កាន់ដោយបើកចំហលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា រួមទាំងទីតាំងវប្បធម៌ និងសក្ការបូជារបស់កម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការសម្រេចរបស់កម្ពុជាក្នុងការប្រកាន់យកនូវយន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រជាមួយប្រទេសថៃ ហើយនេះគឺមិនមែនជាការបង្កើនភាពតានតឹងនៃជម្លោះនោះទេ ផ្ទុយទៅវិញ នេះគឺជាការបញ្ជាក់ពីការប្រកាន់យកនូវការដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា។
រដ្ឋាភិបាលថៃនាពេលបច្ចុប្បន្ន បានជ្រើសរើស និងទាញយកផលចំណេញពីបញ្ហាជម្លោះព្រំដែនជាប្រវត្តិសាស្ត្រ ក្នុងការកៀរគរសំឡេងបោះឆ្នោត និងគាំទ្ររបៀបវារៈរបស់ខ្លួនពីប្រជាជនថៃ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនយោបាយការបរទេសទាំងរំលោភបំពានមកលើកម្ពុជា និងនៅក្នុងតំបន់អាស៊ាន អាចនឹងទទួលបានជោគជ័យ ដូចការគិតទុកជាមុនរបស់ក្រុមឥស្សរជនថៃដែរឬយ៉ាងណា។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ ជីវ ឈីម/មជ្ឈមណ្ឌលឯកសារកម្ពុជា



