លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រំលេចសារប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅចេញពីក្រឳបេះដូង ការដឹងគុណ ឯកភាពជាតិ និងការគាំទ្រយ៉ាងមុតមាំ ដល់វីរកងទ័ព។ លិខិតទាំងនេះ តែងតែរំឭកអំពីភាពក្លាហានរបស់វីរកងទ័ពដែលកំពុងការពារអធិបតេយ្យភាពជាតិនៅតាមព្រំដែនខ្មែរ-ថៃ ដែលអនុញ្ញាតឱ្យប្រជាជនអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាព។ លិខិតទាំងអស់នេះ ថែមទាំងបានបង្ហាញនូវក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំងអស់ នឹងអាចវិលត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពនៅក្នុងពេលឆាប់ៗខាងមុខ។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងគ្រឹស្ដសករាជ២០២៦ ខ្ញុំបាទសូមគោរពដឹងគុណដ៏ស្មោះស្ម័គ្រចំពោះវីរកងទ័ពកម្ពុជាដែលបានពលី និងកំពុងបន្ដលះបង់សាច់ស្រស់ឈាមស្រស់របស់ខ្លួនស្ទើរតែក្លាយជាទន្លេទៅហើយក្នុងរយៈកាលរាប់សតវត្សរ៍កន្លងមកនេះ ដើម្បីការពារជាតិមាតុភូមិ អធិបតេយ្យភាព និងសន្ដិភាពដែលមានតម្លៃបំផុតសម្រាប់យើងគ្រប់គ្នា ថា ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជាមួយរូប មិនបានភ្លេចនូវគំរូវីរភាពដ៏អស្ចារ្យរបស់អស់លោកទេ។ យើងខ្ញុំនៅតែចងចាំជានិច្ចនៅក្នុងដួងចិត្ដ។ ក្នុងឱកាសនេះ ខ្ញុំសូមឧទ្ទិសកុសលដល់គ្រប់វិញ្ញាណក្ខ័ន្ធវីរកងទ័ព ឱ្យជួបតែភាពស្ងប់សុខ និងធ្វើដំណើរទៅកាន់សុគតិភព។ ចំណែកឯ វីរកងទ័ពដែលកំពុងបន្ដបេសកកម្មនៅលើគ្រប់សមរភូមិមុខ និងសមរភូមិក្រោយ សូមឱ្យជួបតែសំណាងល្អ និងសុខភាពល្អបរិបូរណ៍ពេញមួយជីវិត ដើម្បីបន្ដផ្ដល់ភាពកក់ក្ដៅ និងការការពារដ៏អស្ចារ្យបែបនេះរហូតទៅ។ ដោយក្ដីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ អំពីខ្ញុំបាទ! សួត វិចិត្រ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំសូមផ្ញើនូវសារជូនពរយ៉ាងស្មោះស្ម័គ្រ និងពោរពេញដោយសេចក្ដីគោរពដឹងគុណបំផុតជូនចំពោះវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីយ៉ាងសកម្មនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សូមអរគុណដល់បងៗ យុទ្ធជន យុទ្ធនារី ដែលបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងផ្ទះសម្បែង ដើម្បីឈរជើងនៅសមរភូមិមុខ ការពារបូរណភាពទឹកដី និងសេចក្ដីសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងអស់។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ស្មារតីអង់អាចក្លាហាន និងភាពស្មោះត្រង់របស់បងៗ គឺជាបង្គោលគ្រឹះដ៏រឹងមាំបំផុតសម្រាប់ជាតិមាតុភូមិរបស់យើង។ សូមឱ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាដល់កងទ័ពយើងគ្រប់ៗរូប ឱ្យមានសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា ស្មារតីវៃឆ្លាត និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ។ ដោយក្តីគោរពស្រឡាញ់ពីខ្ញុំបាទ! យ៉ាន់ នីកុលឡា

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមសមរភូមិមុខ និងក្រុមគ្រួសារទាំងអស់។ សូមជូនពរបងប្អូនវីរកងទ័ព មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ ទទួលបានជ័យជម្នះលើគ្រប់ភារកិច្ច និងសូមឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរព! កែវ សុភី

នាងខ្ញុំសូមគោរពដឹងគុណ និង អរគុណយ៉ាងក្រៃលែង ចំពោះ បងៗ ពូៗ និង អ៊ំៗ វីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងប្រជាជននៃយើង។ ដោយសារតែវត្តមាន របស់ បងៗ ពូៗ និង អ៊ំៗ វីរកងទ័ព ដែលចាំការពារនៅតាមព្រំដែន ទើបធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាបានសេចក្តីសុខសប្បាយ និងមានសុវត្ថិភាព អាចប្រកបកិច្ចការងារផ្សេងៗបាន ជាពិសេស មានឱកាសបានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ដោយសារតែប្រទេសរបស់យើង នៅតាមព្រំដែន ពុំទាន់មានស្ថានភាពល្អប្រសើរ និង កំពុងប្រឈមនឹងសត្រូវឈ្លានពានថៃ បានធ្វើឱ្យ បងៗ ពូៗ និង អ៊ំៗ វីរកងទ័ព ខកខាននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិសេសមិនអាចមកជួបជុំសាច់ញាតិ បងប្អូន និង ក្រុមគ្រួសារបាន ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺប្រជាជនខ្មែរគ្រប់វណ្ណៈទាំងអស់មានឱកាសបានជួបជុំបងប្អូន និងយកចង្ហាន់ទៅវត្តប្រគេនដល់ព្រះសង្ឃ។ ដូច្នេះនៅក្នុងឱកាសមហាសង្ក្រានឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ (គ្រិស្តសករាជ ២០២៦) ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយថែរក្សា ការពារវីរកងទ័ពទាំងអស់ ឱ្យមានសុខភាពល្អ អាយុវែង កម្លាំងរាងកាយមាំមួន សុវត្ថិភាព ឈ្នះអស់មារសត្រូវ និងទទួលបានភាពជោគជ័យគ្រប់ភារកិច្ចនៅក្នុងសមរភូមិជួរមុខ។ ដោយសេចក្តីគោរព និង ដឹងគុណយ៉ាងជ្រាលជ្រៅពីខ្ញុំ! ថុន ស្រីពេជ្រ

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកដល់នាពេលខាងមុខ នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្នុងនាមខ្ញុំជាប្រជាជនមួយរូបដែលមានសាច់ឈាមជាកូនខ្មែរ ហើយរស់នៅលើទឹកដីប្រទេសកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងសម្ដែងការគោរពសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពទាំងអស់ដែលបាននិងកំពុងបំពេញភារកិច្ចនៅតាមព្រំដែនយ៉ាងអង់អាចក្លាហាន ដើម្បីការពារឯករាជ្យភាព អធិបតេយ្យភាព បូរណ​ភាពទឹកដី សន្តិភាព និងសុវត្ថិភាព សុខសាន្តដល់ប្រជាជាតិ និងប្រជាជន។ ការលះបង់កម្លាំងកាយចិត្ត ពេលវេលា និងជីវិតផ្ទាល់ខ្លួន របស់លោកអ៊ំ លោកពូ និងបងប្អូនវីរកងទ័ព ដើម្បីឈរមុខការពារប្រទេស និងប្រជាជន គឺជាវីរភាពដ៏អស្ចារ្យបំផុត ដែលប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងពេលដែលប្រជាជនអបអរសាទរបុណ្យប្រពៃណីជាតិខ្មែរជាមួយគ្រួសារ វីរកងទ័ពជាច្រើនរូបនៅតែបន្តឈរយាម ការពារព្រំដែន និងទទួលបន្ទុកភារកិច្ចជាតិ ដោយមិនគិតពីភាពលំបាកនឿយហត់ឡើយ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់  លោកអ៊ំ លោកពូ និងបងប្អូនវីរកងទ័ពដែលបានឈរជើងនៅតាមព្រំដែនទាំងអស់ មានសុខភាពមាំមួន កម្លាំងចិត្តរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យទេវតាឆ្នាំថ្មី តាមឃុំគ្រង និងថែរក្សា ដល់លោកអ៊ំ លោកពូ និងបងប្អូន វីរកងទ័ព ព្រមទាំងក្រុមគ្រួសារជួបតែសិរីសួស្ដី និងមានសុភមង្គលក្នុងក្រុមគ្រួសារ។ មួយវិញទៀត ខ្ញុំសូមជូនពរ លោកអ៊ំ លោកពូ និងបងប្អូនវីរកងទ័ពទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្ដីគោរព និងដឹងគុណដល់វីរកងទ័ព! ជីម សុខគា

ឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាពេលវេលាជួបជុំ ដែលក្រុមគ្រួសារ សាច់ញាតិពីទីជិតឆ្ងាយបានឈប់សម្រាកពីការងារ និងធ្វើដំណើរទៅលេងស្រុកកំណើត ឬទៅជួបជុំគ្នាដើម្បីអបអរសាទរក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ប៉ុន្តែការជួបជុំ និងសម្រាកពីការងារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦នេះ ពុំដូចឆ្នាំចាស់ទេ ដោយសារប្រទេសជាតិកំពុងរងការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ ធ្វើឱ្យវីរកងទ័ព និងវីរនគបាល យើងពុំអាចត្រឡប់មកផ្ទះ និងជួបជុំសាច់ញាតិក្រុមគ្រួសារបាន ដោយត្រូវឈរជើងការពារទឹកដី និងប្រជាជនរបស់ខ្លួន។ ខ្ញុំជាកូន ជាក្មួយ ជាប្អូន ដែលនៅជួរក្រោយ សូមគោរពដឹងគុណ និងជូនពរពីចម្ងាយ ជូនចំពោះវីរកងទ័ព វីរនគបាលជាតិខ្មែរគ្រប់រូប ក្នុងឳកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ។ សូមឱ្យទេវតាឆ្នាំថ្មី ទេវតាដែលចុះមកគ្រប់គ្រងជតារាសីក្នុងឆ្នាំ២០២៦នេះ ជួយតាមថែរក្សាវីរកងទ័ព វីរនបាលជាតិខ្មែរគ្រប់រូប ព្រមទាំងបងប្អូនសាច់ញាតិរបស់វីរកងទ័ពទាំងអស់ មានតែសុខសុវត្តិភាព មានកម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ដោយក្ដីគោរពនិងដឹងគុណពីខ្ញុំ! សុង ថាណៃ

ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ឆ្នាំមមី ពុទ្ធសករាជ២៥៧០ ខ្ញុំសូមគោរពដឹងគុណដល់បងៗរីរកងទ័ពដែលបានពលី ក្នុងបុព្វហេតុការពារទឹកដី។ សូមឱ្យវីរកងទ័ពពលី បានទៅកាន់ទីស្ងប់សុខ និង សូមប្រសិទ្ធពរជ័យដល់បងៗវីរកងទ័ព ជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី ដោយភាពអង់អាចក្លាហាន ដើម្បីប្រជាជនកម្ពុជាទាំងអស់ ឱ្យមានជោគមានជ័យ សិរីសួស្តី ជ័យមង្គល ឈ្នះអស់មារសត្រូវដែលប៉ុនប៉ងលេបទឹកដី និងសូមបួងសួងឱ្យវីរកងទ័ពទាំងអស់ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ សុវត្ថិភាព និងសុខភាពល្អ។ លី សុខចំរើន

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខ្ញុំបានទៅសួរសុខទុក្ខវីរកងទ័ពរបស់យើងដែលកំពុងការពារទឹកដីនៅច្រកព្រំដែនថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីតាំងដែលទាហានថៃបានវាតទីមកលើដែនអធិប​តេយ្យកម្ពុជានិងកំពុងកាន់កាប់ដោយខុសច្បាប់ ដោយប្រើប្រាស់ទូរកុងតឺន័រជារបងខណ្ឌ ហើយពន្យារពេលក្នុងការដោះស្រាយជម្លោះព្រំដែន។ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ភ្នំនិងផ្លូវកាច់កុងរួចមក ខ្ញុំបានមកដល់ទីតាំងនៅម៉ោងប្រហែល៣រសៀល។ អាកាសធាតុខែមេសាឆ្នាំនេះ ហាក់ក្តៅខ្លាំងខុសធម្មតា បើទោះបីជានៅពេលរសៀលក៏ដោយ។ ទោះបីជាងយ៉ាងណាក៏ដោយ ខ្ញុំសង្កេតឃើញបងៗវីរកងទ័ពមានទឺកមុខញញឹមរាក់ទាក់ ប៉ុន្តែមោះមុត ហើយអាចស៊ូនឹងកម្តៅថ្ងៃដោយមិនរួញរា។ ខ្ញុំបានសួរសុខទុក្ខគាត់និងថតរូបទុកជាអនុស្សាវរីយ៍។ វីរកងទ័ពពិតជាដើរតួនាទីសំខាន់ ទាំងនៅពេលដែលប្រទេសមានអរិភាពនិងពេលមានសន្តិភាព។ វីរកងទ័ពបានលះបង់ច្រើនដើម្បីការពារជាតិមាតុភូមិកម្ពុជា។ គួររំឭកថា វីរកងទ័ពជាច្រើនរូប បានពលីនិងរងរបួសក្នុងពេលសត្រូវឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ រួមទាំងវីរកងទ័ពដែលជាស្រ្តីកំពុងមានគភ៌។ យើងនៅចងចាំនិងរំឭកអំពីវីរភាពដ៏អង់អាចនិងការលះបង់នេះជានិច្ច។ ទោះបីជាការធ្វើដំណើរលើកនេះជួបការលំបាកមែន ប៉ុន្តែដំណើរមួយនេះមានអត្ថន័យក្នុងជីវិត ធ្វើឱ្យមានការចងចាំជានិច្ច និងជួយផ្តល់ជាកម្លាំងចិត្តដល់វីរកងទ័ព។ យើងបានឆ្លងកាត់ប្រវត្តិសាស្រ្តលំបាកជាច្រើន ដែលបានជួយឱ្យយើងមានភាពរឹងមាំ រៀនសូត្រពីអតីតកាល និងអភិវឌ្ឍន៍ប្រទេស។    ខណៈពេលយើងកំពុងកសាងសន្តិភាពរយៈពេលវែង យើងក៏ព្យាយាមធ្វើយ៉ាងណាកុំឱ្យមានការឈ្លានពានពីសត្រូវទៀត។ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នឹងចូលមកដល់ដែលត្រូវនឹង គ.ស. ២០២៦ និងម៉ូហាំម៉ាត់សករាជ ១៤៤៧។ ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមជូនពរបងៗវីរកងទ័ពកម្ពុជាទាំងអស់ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ទទួលជោគជ័យគ្រប់ភារកិច្ច និងយកឈ្នះអស់មារសត្រូវ ដើម្បីការពារសន្តិសុខជាតិ ដែនអធិបតេយ្យភាពកម្ពុជាពីការឈ្លានពាន ការពារជនភៀសសឹក និងប្រជាជនកម្ពុជាទាំងអស់ឱ្យមានសុខសុវត្ថិភាព។ ខ្ញុំសង្ឃឹមថា លិខិតដ៏ខ្លីមួយនេះ អាចជួយបងៗវីរកងទ័ពកាត់បន្ថយការនឹកផ្ទះបានមួយកម្រិត។ ដោយក្តីគោរពនិងដឹងគុណ! សូ ហ្វារីណា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំបាទ សូមគោរពផ្ញើសារជូនពរដ៏ស្មោះស្ម័គ្រចំពោះវីរកងទ័ព ទាំងអស់ ដែលបានកំពុងបំពេញភារកិច្ចដ៏ខ្ពង់ខ្ពស់ និងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងសេចក្តីស្រឡាញ់ជាតិរបស់លោក ដែលបានឈរជើងយ៉ាងរឹងមាំនៅសមរភូមិជួរមុខ ដើម្បីការពារសុវត្ថិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមគោរពនិងជូនពរវីរកងទ័ពទាំងអស់ ប្រកប​ដោយសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ សូមសំបូងសង្រូងទេវតាឆ្នាំថ្មីតាមជួយថែរក្សា ប្រទានពរ សុភមង្គល និងសេចក្តីសុខចម្រើន ជានិច្ចនិរន្តរ៍។ ខ្ញុំបាទសូមជូនពរវីរកងទ័ពកម្ពុជានិងក្រុមគ្រួសារ ទទួលបាននូវសេចក្តីសុខ សុភមង្គល វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ច ជានិច្ចនិរន្តរ៍ តរៀងទៅ។ ដោយក្ដីគោរព និងស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត អំពីខ្ញុំបាទ! រស់ សំពៅ

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ខ្ញុំសូមរំឭកអរគុណដល់វីរកងកងទ័ពការពារព្រំដែនប្រទេសកម្ពុជា បានពលីជីវិតក្នុងសង្គ្រាមកម្ពុជាជាមួយប្រទេសថៃ និងឧទិ្ទសកុសលផលបុណ្យជូនវីរកងទ័ពឱ្យបានទៅដល់ឋានបរម្យសុខ។ មួយវិញទៀត ខ្ញុំសូមជូនពរដល់វីរកងទ័ពទាំងអស់ ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារប្រជាជន និងទឹកដី ឱ្យទទួលនូវជ័យជម្នះ សុខភាពល្អ កម្លាំងមាំមួន និងពុទ្ធពរទាំង ៤ប្រការ។ ដោយក្ដីគោរពពីខ្ញុំ! សាំង ចាន់ធូ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះខ្ញុំសូមជូនពរដល់វីរកងទ័ពទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងសុវត្ថិភាពគ្រប់ពេលវេលាក្នុងការការពារបូរណភាពទឹកដី។ ខ្ញុំសូមអរគុណចំពោះការលះបង់ និងការពារប្រទេសជាតិមួយនេះ ដើម្បីឱ្យប្រជាជនរស់នៅដោយសុខសន្តិភាព និងសុភមង្គល។ ដោយក្តីគោរពពីខ្ញុំ! រឹម ពេជ្រដារ៉ូ

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មហាសង្រ្កាន្ត ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ ជាថ្ងៃសេរីមង្គលជួបជុំគ្រួសារ បងប្អូនរបស់ប្រជាជនខ្មែរទូរទាំងប្រទេស ប៉ុន្តែវីរកងទ័ពយើងត្រូវបានឃ្លាតឆ្ងាយពីគ្រួសារ ដោយសារសង្រ្គាមឈ្លានពានពីភាគីថៃចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ននេះ។  វីរកងទ័ពរបស់យើងត្រូវឈរជើងនៅសមរភូមិមុខ អស់រយៈពេលជិតមួយឆ្នាំទៅហើយ ឆ្លងកាត់គ្រប់រដូវកាល មិនថារដូវប្រាំង ឬរដូវវស្សា ទោះបីជាត្រូវរងនូវបរិយាកាស អាកាសធាតុ ក្តៅត្រជាក់ ព្យុះភ្លៀងក៏វីរកងទ័ពរបស់យើងមិនវៀចវេរ និងគោរពកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំសូមជូនពរពូៗ និងបងៗវីរកងទ័ពគ្រប់រូបដែលឈរជើងនៅក្នុងសមរភូមិមុខ និងក្រុមគ្រួសារ ទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងទទួលជ័យជម្នះ គ្រប់ភារកិច្ច។ សូមចូលឆ្នាំថ្មីជួបតែរឿងល្អៗ និងចៀសផុតពីឧបទ្រពចង្រៃទាំងឡាយ។  ខ្ញុំសូមបួងសួងឱ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងវីរកងទ័ពទាំងអស់ឆាប់បានជួបជុំគ្រួសារម្តងទៀត។  ខ្ញុំសូមគោរពដឹងគុណ ទៅដល់វីរកងទ័ពទាំងអស់ដែលកំពុងឈរជើងនៅគ្រប់សរមភូមិ  ខណៈពេលអាកាសធាតុកំពុងក្តៅយ៉ាងខ្លាំង ខ្ញុំពិតជាអរគុណដោយចិត្តជ្រះថ្លា នូវឆន្ទៈ សេចក្តីតស៊ូ អត់ធ្មត់ ឆ្លងកាត់រាល់ឧបសគ្គ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ ទីន អាលីយ៉ា

តាមទំនៀមទំលាប់តាំងពីដូនតារបស់ខ្មែរយើងរៀងមក តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅក្នុងខែចេត្រ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យើង ដែលត្រូវជាឆ្នាំមមី វីរកងទ័ពយើងជាច្រើនខកខានមិនបានជួបជុំសមាជិកគ្រួសារ ដោយសារការបំពេញការងារ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរ ពីសត្រូវឈ្លានពានសៀម។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមបូងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិនៅតាមព្រំដែនខ្មែរទាំងអស់ សូមជូនពរជ័យដល់បងៗ វីរកងទ័ពកម្ពុជាទាំងអស់ ឱ្យជួបតែសេចក្តីសុខ សុខភាពល្អ កំលាំងមាំមួន និង ឈ្នះអស់មារសត្រូវ។ កាលពីខែចេត្រ ឆ្នាំ២០២១ ជំងឺកូវីត-១៩ នៅពេលនោះបានឆ្លងរីករាលដាលយ៉ាងខ្លាំង ខ្ញុំ និងប្រជាជនកម្ពុជាជាច្រើនមិនបានទៅចូលរួមបុណ្យចូលឆ្នាំនៅស្រុកកំណើតជាមួយក្រុមគ្រួសារនោះទេ។ មិនមានប្រជាជនណាម្នាក់ប្រាថ្នាចង់បានជំងឺ និង សង្គ្រាមនោះទេ ប៉ុន្តែរឿងទាំងនេះតែងតែកើតមានឡើងនៅក្នុងសង្គមជាតិឥតឈប់ឈរ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថាបងៗ នឹងអាចត្រឡប់មកជួបជុំគ្រួសារជាទីស្រឡាញ់ជាក់ជាមិនខាន។ ដោយសេចក្តីគោរពពីខ្ញុំ! យី សុឃី

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦ នេះ គឺជាពេលវេលាដ៏វិសេសវិសាលបំផុតក្នុងការផ្ញើសារសួរសុខទុក្ខ និងពាក្យជូនពរទៅកាន់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែន។ ខ្ញុំសូមផ្ញើសារជូនពរដ៏ថ្លៃថ្លាជូនចំពោះវីរកងទ័ពជួរមុខគោរពជូនចំពោះ វីរកងទ័ពជួរមុខ ជាទីគោរពស្រឡាញ់ និងជាទីមោទកភាពបំផុត! ក្នុងឱកាសសិរីសួស្តីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក្នុងនាមនាងខ្ញុំជាប្រជាជននៅជួរក្រោយ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាព ការលះបង់ និងស្មារតីស្នេហាជាតិ ដ៏ខ្ពង់ខ្ពស់របស់ពូៗ និងបងៗ ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ បូជាកម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនមាតុភូមិ។ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនដល់បងប្អូនវីរកងទ័ពទាំងអស់ឱ្យទទួលបាននូវ៖

-សុខភាពមាំមួន៖ មានកម្លាំងខ្លាំងក្លាដូចដំរីសារ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម។

-បញ្ញាឈ្លាសវៃ៖ មានស្មារតីរឹងមាំ ឈ្លាសវៃ ក្នុងការការពារបន្ទាត់ព្រំដែនឱ្យបានគង់វង្ស។

-សុវត្ថិភាពជានិច្ច៖ ចៀសផុតពីគ្រោះថ្នាក់ទាំងឡាយទាំងពួង និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ «ទោះបី បងៗ ពូៗ មិនបានមកជួបជុំក្រុមគ្រួសារក្នុងថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុន្តែទឹកចិត្ត និងភាពក្លាហានរបស់បងប្អូនស្ថិតនៅក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូបជានិច្ច»។ មេក វិន

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំបាទសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសេចក្តីជូនពរដ៏កក់ក្តៅបំផុត ជូនចំពោះវីរកងទ័ពជួរមុខដ៏ក្លាហានកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំ និងក្លាហាន ដើម្បីការពារជាតិមាតុភូមិរបស់យើងពីសត្រូវឈ្លានពាន។ ខណៈពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស ជួបជុំ និងបរិភោគអាហារជួបជុំគ្រួសារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០នេះ វីរកងទ័ពជួរមុខដ៏ក្លាហានកម្ពុជា នៅបន្តឈរជើងនៅសមរភូមិមុខ ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ក្នុងស្មារតីប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់ចំពោះកិច្ចការងារការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ពីសត្រូវឈ្លានពាន។ វីរភាពនិងការតស៊ូលះបង់របស់វីរកងទ័ពជួរមុខកម្ពុជាគឺជាគុណបំណាច់ដ៏ធំធេងដែលមិនអាចបំភ្លេចបាន ដែលអាចឱ្យរូបខ្ញុំ និងប្រជាជនកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងសុខសន្តិភាព។ ខ្ញុំបាទសូមគោរពជូនពរ ឱកាសបុណ្យចូលឆ្នាំថ្មីនេះនាំមកជូនវីរកងទ័ពជួរមុខកម្ពុជា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ស្មារតីភ្លឺស្វាង និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិមាតុភូមិ។ ស៊ាង ចិន្ដា

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខ្ញុំសូមបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដី អ្នកតាព្រៃភ្នំ និងទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សា បងៗវីរកងទ័ពកម្ពុជា ដែលមានភាពអង្គអាចក្លាហានបានឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ជាចុងក្រោយ ខ្ញុំសូមជូនពរទៅដល់បងៗវីរកងទ័ពទាំងអស់ឱ្យជួបតែសេចក្ដីសុខ ចៀសឆ្ងាយពីជំងឺទាំងពួង កម្លាំងមាំមួន និងឈ្នះអស់មាសត្រូវទាំងឡាយ។ ចាន់ ណារិទ្ធ                                          

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ  ឆ្នាំមមី ក្នុងនាមជាយុវជនខ្មែរ  ខ្ញុំបាទសូមគោរពដឹងគុណ និងជូនពរ ដល់ពូៗ បងៗ ប្អូនៗ ដែលជាវីរកងទ័ព និងវីរនគរបាលក្លាហាន នៅជួរមុខទាំងអស់ ដែលកំពុងឈរជើងយ៉ាងក្លាហាន និងរឹងមាំ ដើម្បីការពារទឹកដីពីការឈ្លានពាន និងការពារប្រជាជននៅតាមបណ្ដាយព្រំដែន កម្ពុជា-ថៃ ឱ្យមាននូវសុខភាពល្អ កម្លាំងមាំមួន ឈ្នះអស់មារសត្រូវ ហើយឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។ សូមអរគុណ និងទទួលនូវការរាប់អានពីខ្ញុំ! លី ដេវីត

នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខ្ញុំសូមជូនពរ និងបួងសួងសុំឱ្យវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិជួមុខ ជួបតែសំណាងល្អ សេចក្តីសុខសប្បាយ និងមានសុខភាពល្អប្រសើរ រូចផុតពីជំងឺនានា និងឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងសាច់ញាតិបងប្អូនជាទីស្រឡាញ់របស់ខ្លួនឆាប់ៗនេះ។ សូមអរគុណ! ឈីម ពៅ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នាងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណចំពោះអ៊ំៗ ពូៗ បងៗវីរកងទ័ព និងវីរនគរបាលកម្ពុជាដែលបាន និងកំពុងការពារបូរណភាពទឹកដីរបស់ប្រទេសកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែន។ ជាចុងក្រោយ ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្តុស័ក្តិសិទ្ធិតាមជួយថែរក្សាអ៊ំៗ ពូៗ បងៗវីរកងទ័ព និងវីរនរគបាលកម្ពុជាទាំងអស់ឱ្យជួបប្រទះតែសំណាងល្អ មានសុខសុវត្ថិភាព  មានសុខភាពល្អមាំមួន ចៀសឆ្ងាយពីជំងឺទាំងឡាយ និងឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ។ មឿន ស្រីណុច

ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំសូមសម្ដែងនូវសេចក្ដីគោរព ដឹងគុណ និងសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះពូ អ៊ំ បងវីរកងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន និង គ្រប់ទិសទីទូទាំងប្រទេស។  ទោះបីជាក្នុងឱកាសបុណ្យទាន ដែលក្រុមគ្រួសារដទៃបានជួបជុំគ្នា ប៉ុន្តែ ពូ អ៊ំ បងវីរកងទ័ព កម្ពុជាសុខចិត្តលះបង់ក្ដីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីសាច់ញាតិនិងមនុស្សជាទីស្រឡាញ់ ដើម្បីឈរ ជើងការពារសុខ សន្តិភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។ វីរភាពដ៏អង់អាចក្លាហាន និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់ពូ អ៊ំ បង ជាខឿនការពារជាតិដ៏រឹងមាំបំផុត។ ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ឆ្នាំថ្មី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនដល់ពូ អ៊ំ បងវីរកងទ័ពទាំងអស់ សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងមាំមួន និង បញ្ញាភ្លឺថ្លា។ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ។ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឱ្យការឈរជើងនៅសមរភូមិមុខប្រកបដោយសុវត្ថិភាព។ ដោយសេចក្ដីគោរព និងដឹងគុណបំផុតពីចម្ងាយ ជូន ពូ អ៊ំ បងវីរកងទ័ពកម្ពុជា! វី ស៊ីថា

គោរពជូន ពូ បង វីរកងទ័ព ដែលកំពុងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងគ្រប់ទិសទីទូទាំងប្រទេស ក្នុងឱកាសដ៏មហាស្រស់ត្រកាលនៃ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំសូមសម្តែងនៅសេចក្តីគោរព ដឹងគុណ និងសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះពូ បង វីរកងទ័ពទាំងអស់ ដែលកំពុងលះបង់កម្លាំងកាយ ចិត្ត កម្លាំងបញ្ញា និងពេលវេលាដ៏មានតម្លៃ ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ទោះបីក្នុងឱកាសបុណ្យទានដែលគ្រួសារត្រូវជួបជុំគ្នា ប៉ុន្តែ ពូ បង នៅតែមានស្មារតីរឹងមាំ ឈរជើងយ៉ាងស្វាហាប់នៅសមរភូមិ និងតាមព្រំដែន មិនថាជួបការលំបាកយ៉ាងណាក៏ដោយ។ វីរភាពនេះ គឺជាខ្នងបង្អែកដ៏រឹងមាំបំផុតសម្រាប់ជាតិមាតុភូមិ។ ក្នុងឱកាសសិរីសួស្តីនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាដល់ ពូ បង វីរកងទ័ពទាំងអស់ឱ្យទទួលបាននូវ សុខភាពល្អបរិបូរណ៍ និងកម្លាំងមាំមួន ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បញ្ញាភ្លឺថ្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងសុវត្ថិភាព ក្នុងរាល់ការបំពេញការងារ និងទទួលបាននៅសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឱ្យឆ្នាំថ្មីនេះ នាំមកនៅសិរីសួស្តី ជ័យជម្នះ និងភាពត្រជាក់ត្រជុំដល់ ពូ បង និងក្រុមគ្រួសារជាទីស្រឡាញ់គ្រប់ៗរូប។ ដោយសេចក្តីគោរព និងដឹងគុណពីចម្ងាយជូនចំពោះ ពូ បងវីរកងទ័ព! វន បុប្ផា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតមកដល់នេះ ខ្ញុំសូមផ្ញើសារសួរសុខទុក្ខ និងសេចក្តីនឹករឭកយ៉ាងខ្លាំងពីជួរក្រោយ ផ្ញើជូនបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន និងគ្រប់ច្រកល្ហកនៃមាតុភូមិយើង។ ទោះបីជាក្នុងថ្ងៃបុណ្យទាន បងប្អូនមិនបានមកជួបជុំគ្រួសារ ព្រោះតែជាប់ភារកិច្ចការពារជាតិ ប៉ុន្តែទឹកចិត្ត និងការលះបង់របស់បងប្អូន គឺជាសេចក្តីសុខរបស់យើងដែលនៅជួរក្រោយ។ ក្នុងឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាបងប្អូនវីរកងទ័ពទាំងអស់ ឱ្យមានសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា និងមានសុវត្ថិភាពក្នុងគ្រប់ជំហាន។ សូមឱ្យបងប្អូនជួបតែសំណាងល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងមានស្នាមញញឹមជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ សូមឱ្យបងប្អូន និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំទាំងអស់គ្នាដែលនៅជួរក្រោយ តែងតែនឹកដល់ និងផ្ដល់កម្លាំងចិត្តជូនបងប្អូនជានិច្ច។ ធី គឹមហុង

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ដែលកំពុងឈានចូលមកដល់ នៅពេលដែលគ្រប់ច្រកល្ហកទូទាំងមាតុភូមិកម្ពុជាចាប់ផ្តើមលាន់ឮសូររន្ថើននៃបទចម្រៀងរាំវង់ និងការត្រៀមជួបជុំគ្នាយ៉ាងកក់ក្តៅតាមគ្រួសារនីមួយៗ ខ្ញុំបាទ ស្រេង លីដា ជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង សូមគោរពផ្ញើនូវក្តីនឹករឭកយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូន វីរយុទ្ធជន យុទ្ធនារី និងវីរនគរបាលជាតិទាំងអស់ ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែន។ ទោះបីជាក្នុងពេលនេះ បងប្អូនត្រូវប្រឈមមុខនឹងអាកាសធាតុដ៏ក្តៅហួតហែងខ្លាំង ហើយត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង ឆ្ងាយពីមាតាបិតា ភរិយា និងកូនៗជាទីស្រឡាញ់ក៏ដោយ ស្មារតីស្នេហាជាតិដ៏មហិមារបស់បងប្អូន គឺជាពន្លឺដ៏រុងរឿងដែលផ្តល់សេចក្តីសុខសាន្តដល់ប្រជាជនខ្មែររាប់លាននាក់នៅជួរក្រោយ។ ទោះបីជាបងៗមិនបានមកចូលរួមពីធីបុណ្យចូលឆ្នាំក្នុងភូមិស្រុក ក៏ស្នាមញញឹមដែលបងប្អូនកំពុងរក្សានៅលើព្រំដែន គឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់ជាតិមាតុភូមិ។ រាល់ញើសដែលហូរស្រក់ក្រោមពន្លឺថ្ងៃ និងរាល់ការលះបង់ក្តីសុខផ្ទាល់ខ្លួនរបស់បងប្អូន ត្រូវបានចារឹកទុកក្នុងបេះដូងខ្មែរគ្រប់រូបដែលគ្មានអ្វីអាចកាត់ថ្លៃបាន។ ក្នុងឱកាសសិរីសួស្តីនេះ សូមទេវតាឆ្នាំថ្មី ព្រះនាង រាក្យសាទេវី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងឫទ្ធិបារមីនៃដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ព្រះអង្គ មេត្តាជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ ជ័យមង្គល វិបុលសុខ ជូនដល់វីរកងទ័ព និងវីរនគរបាលយើងទាំងអស់ សូមឱ្យមានសុខភាពមាំមួនដូចគ្រឹះសិលាអង្គវត្ត មានសតិស្មារតីវៃឆ្លាត និងមានកម្លាំងចិត្តខ្លាំងក្លាដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។ សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវជ័យជម្នះគ្រប់ភារកិច្ច និងសូមឱ្យបងប្អូនទទួលបាននូវសេចក្តីស្រឡាញ់ ការគោរព និងការដឹងគុណពីសំណាក់ប្រជាជាតិទាំងមូល ជាកម្លាំងចិត្តជួយបងប្អូនឱ្យមានភាពកក់ក្តៅជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ កិត្តិយសរបស់បងប្អូន គឺជាសេចក្តីសុខរបស់ជាតិ។ សូមសប្បាយរីករាយ និងទទួលបានជោគជ័យក្នុងឆ្នាំថ្មី ព.ស. ២៥៧០ នេះតរៀងទៅ។

ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង, ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដោយក្ដីគោរព និងដឹងគុណពីខ្ញុំ! ស្រេង លីដា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ខ្ញុំបាទសូមសំបូងសម្រូងបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងព្រំដែនសីមាស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា មេត្តាតាមជួយថែរក្សាបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ជាពិសេស វីរកងទ័ពកម្ពុជា ដែលបាននិងកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ នៅតាមបណ្តោយព្រំដែនសីមាកម្ពុជា។ សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរនិងវិរកងទ័ពគ្រប់រូប ឱ្យជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងឈ្នះអស់ខ្មាំងសត្រូវទាំងឡាយណា ដែលតែងតែតាមយារយីដល់សុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយសេចក្តីគោរពបំផុតពីខ្ញុំ! លី សុខឃាង

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក គ.ស.២០២៦ ពលរដ្ឋខ្មែរគ្រប់រូបតែងតែចងចាំ និងដឹងគុណចំពោះការលះបង់របស់វីរកងទ័ព។ ខ្ញុំសូមជូនពរដល់វីរកងទ័ពនៅជួរមុខ ដែលកំពុងឈរជើង ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសុខភាពមាំមួន សេចក្តីសុខ សំណាងល្អ និងទទួលបានពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឡុង អូន

ក្នុងទិវាដ៏មហានក្ខត្តឫក្សសិរីសួស្តី នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី នេះខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីលះបង់ខ្ពស់ និងវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ពកម្ពុជាដែលបាននិងកំពុងឈរជើងការពារទឹកដី សន្តិសុខ និងសុខសន្តិភាព ជូនមាតុភូមិ និងប្រជាជនដោយមិនខ្លាចនឿយហត់។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខជូនដល់វីរកងទ័ពកម្ពុជាសូមបានសមប្រកបមាន សុខភាពល្អមាំមួន ស្មារតីវៃឆ្លាត សុភមង្គលក្នុងគ្រួសារ និងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សន្តិភាពរបស់មាតុភូមិប្រជាជន ដែលមាននៅថ្ងៃនេះ គឺកើតចេញពីការលះបង់ និងសាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពកម្ពុជា។ សូមឱ្យឆ្នាំមមី ២០២៦ នេះ នាំមកនូវជ័យជម្នះគ្រប់ភារកិច្ច និងភាពត្រជាក់ត្រជុំដល់វីរកងទ័ពកម្ពុជាគ្រប់ទិសទី។ សួស្តីឆ្នាំថ្មី ឆ្នាំមមី ២០២៦! គោរពជូន ពីខ្ញុំបាទ អេង សុខម៉េង

សេចក្តីសុខរបស់ប្រជាជនខ្មែរ គឺបានមកពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួនរបស់វីរកងទ័ពនៅជួរមុខដែលនៅឆ្ងាយផ្ទះ ដៃកាន់អាវុធឈរជើងការពារព្រៃភ្នំ និងទឹកដី នៅក្រោមពន្លឺថ្ងៃក្តៅ និងយប់ងងឹតដ៏ត្រជាក់។ រាល់ពេលដែលយើងគ្រប់គ្នាជួបជុំគ្រួសារ លេងល្បែងកម្សាន្តសប្បាយអឺងកងក្នុងពិធីបុណ្យចូលឆ្នាំ យើងតែងនឹកឃើញដល់ភាពស្ងប់ស្ងាត់ និងការប្រុងប្រយ័ត្នរបស់វីរកងទ័ពនៅជួរមុខជានិច្ច។ សូមខ្យល់ជំនោរឆ្នាំថ្មី នាំយកនូវក្តីនឹករឭក និងពរជ័យពីផ្ទះទៅដល់វីរកងទ័ពគ្រប់រូបកុំបីឃ្លៀងឃ្លាតឡើយ។ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់វីរកងទ័ពគ្រប់រូបឱ្យមានកម្លាំងខ្លាំងក្លាដូចដែកថែប មានបញ្ញាភ្លឺស្វាង មានសុខភាពល្អបរិបូរណ៍ និងមានសុវត្ថិភាពជានិច្ច ដើម្បីត្រឡប់មកជួបជុំអ្នកផ្ទះវិញដោយស្នាមញញឹម។ បេះដូងរបស់ប្រជាជនខ្មែរស្ថិតនៅជាមួយវីរកងទ័ពជានិច្ច។ ដោយក្តីគោរពពីខ្ញុំបាទ! គឹម សុវណ្ណដានី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សូមជូនពរដល់វីរកងទ័ពកម្ពុជាទាំងអស់ ដែលកំពុងឈរជើងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ សូមទទួលបានជោគជ័យ ឈ្នះអស់មារសត្រូវ និងជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ (ការរស់នៅមានអាយុយឺនយូរ និងមានសុវត្ថិភាព) វណ្ណៈ (ការមានរូបឆោមស្រស់បំព្រង ស្បែកល្អ) សុខៈ (ការមានសេចក្តីសុខកាយសប្បាយចិត្ត) និងពលៈ (ការមានកម្លាំងកាយកម្លាំងចិត្តមាំមួន) កុំបីឃ្លៀងឃ្លាតឡើយ។ ប្រជាជនកម្ពុជាត្រូវការសន្តិភាព! ដោយក្តីគោរព! ពីខ្ញុំបាទ ឆេង វ៉េង

ក្នុងបរិយាកាសដែលប្រជាជនកម្ពុជាគ្រប់វ័យនៅទូទាំងប្រទេស កំពុងត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសិរីសួស្ដី និងក្ដីសង្ឃឹម ពូ បង ប្អូន និងក្មួយៗដែលជាវីរកងទ័ពដ៏ក្លាហានមោះមុត ក៏កំពុងត្រៀមខ្លួនជានិច្ចក្នុងភារកិច្ចដ៏ថ្លៃថ្លាបំផុត ដើម្បីការពារប្រទេសជាតិពីការឈ្លានពានទឹកដីរបស់សត្រូវ ការពារប្រជាជន និងការពាររាល់ហេដ្ឋារចនាសម្ព័ន្ធជាតិ ឱ្យមានស្ថេរភាពជានិរន្តរ៍។ ទោះបីជាពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងផង កំពុងប្រឈមមុខនឹងវិបត្តិសកលដ៏ស្មុគស្មាញ ហើយទោះបីជា ពូ បង ប្អូន និងក្មួយៗ កំពុងស្ថិតក្នុងបេសកកម្មការពារទឹកដី ប្រឈមមុខនឹងសត្រូវឈ្លានពាន ដែលមិនអាចឱ្យបងប្អូនត្រឡប់មកជួបជុំអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានដូចសព្វដងក្ដី ក៏បេះដូងរបស់ប្រជាជននៅសមរភូមិក្រោយ តែងតែស្ថិតនៅជាមួយ ពូ បង ប្អូន និងក្មួយៗ ជានិច្ច។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា និងជាបុគ្គលិកបម្រើការងារសង្គមនៃមជ្ឈមណ្ឌលឯកសារកម្ពុជាម្នាក់ ដែលទទួលបាននូវសុខសន្តិភាពពីការលះបង់របស់ ពូ បង ប្អូន និងក្មួយៗ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់ ពូ បង ប្អូន និងក្មួយៗ។ ខ្ញុំយល់ច្បាស់ណាស់ថា ក្នុងខណៈពេលដែលគ្រួសារកម្ពុជាជាច្រើនកំពុងមានឱកាសជួបជុំគ្នា ពូ បង ប្អូន និងក្មួយៗ បែរជាត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង ឆ្ងាយពីឪពុកម្តាយ ភរិយា បងប្អូន និងកូនៗ ដើម្បីយកទ្រូងធ្វើជារនាំងការពារសត្រូវឈ្លានពាន និងយកស្មារតីស្នេហាជាតិធ្វើជាមូលដ្ឋានដ៏រឹងមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ។ ការលះបង់សេចក្ដីសុខផ្ទាល់ខ្លួននេះ គឺជាគុណូបការៈដ៏ធំធេងដែលប្រវត្តិសាស្ត្រ និងប្រជាជនខ្មែរមិនអាចបំភ្លេចបានឡើយ។ ទោះបីជាសត្រូវឈ្លានពានកំពុងយាយី និងវិបត្តិសកលបង្កឱ្យមានភាពតានតឹងយ៉ាងណាក្ដី ក៏ ពូ បង ប្អូន និងក្មួយៗ នៅតែបង្ហាញឱ្យឃើញពីភាពរឹងមាំទាំងកម្លាំងកាយចិត្ត ឈរលើស្មារតីរួបរួម សាមគ្គីភាព និងឯកភាពផ្ទៃក្នុងយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលជានិច្ច។ ខ្ញុំសូមឱ្យ ពូ បង ប្អូន និងក្មួយៗ ជឿជាក់ថា សកម្មភាពដ៏កក់ក្ដៅ និងភាពអង់អាចក្លាហានរបស់ ពូ បង ប្អូន និងក្មួយៗ គឺជាខឿនការពារជាតិដ៏រឹងមាំ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបនៅសមរភូមិក្រោយ មានទំនុកចិត្ត និងក្ដីសង្ឃឹមជានិរន្តរ៍។ ក្នុងឱកាសមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ឈានចូលឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ (គ្រិស្តសករាជ ២០២៦) នេះ ខ្ញុំសូមលើកហត្ថប្រណម្យបន់ស្រន់ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី និងបារមីថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងអភិបាលគ្រងរក្សា ពូ បង ប្អូន និងក្មួយៗវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ស្មារតីភ្លឺស្វាង និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ។ សូមឱ្យទេវតាប្រោះព្រំសេចក្ដីសុខដល់គ្រួសាររបស់ ពូ បង ប្អូន និងក្មួយៗនៅឯផ្ទះ ឱ្យជួបតែសិរីសួស្ដី និងភ័ព្វសំណាងល្អក្នុងជីវិត។ ជាទីបញ្ចប់ ខ្ញុំសូមសន្យាថា ខ្ញុំនឹងបន្តគាំទ្រ និងរួមចំណែកគ្រប់រូបភាពជាមួយរាជរដ្ឋាភិបាល និងកងទ័ព ដើម្បីថែរក្សាសន្តិភាពដែល ពូ បង ប្អូន និងក្មួយៗសម្រេចបានមកដោយលំបាកនេះ ឱ្យស្ថិតស្ថេរចីរកាល។ ខ្ញុំសូមជូនពរ ពូ បង ប្អូន និងក្មួយៗវីរកងទ័ពជួរមុខឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្ដីគោរព និងដឹងគុណបំផុតពីសមរភូមិក្រោយ! ផេង ពង្សរ៉ាស៊ី

ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមានតាំងពីយូរយារណាស់មកហើយ ក៏ជាពេលវេលាមួយសម្រាប់ជួបជុំក្រុមគ្រួសារ ដោយអ្នកខ្លះធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំគ្នា។ សម្រាប់កងទ័ពដែលប្រចាំការនៅជួរមុខតាមបណ្តោយខ្សែព្រំដែន ច្បាស់ជាមិនបានត្រឡប់មកជួបជុំក្រុមគ្រួសារទេ។ ក្នុងឱកាសនេះ ក្នុងនាមខ្ញុំជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាមួយរូប នាងខ្ញុំសូមជូនពរដល់វីរកងទ័ពជួរមុខដែលមានភារកិច្ចការពារតាមខ្សែបន្ទាត់ព្រំដែន ជួបតែពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង និងសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវដែលមានបំណងឈ្លានពានមកលើទឹកដីកម្ពុជា ។ រី លក្ខិណា

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ពុទ្ធសករាជ២៥៧០ នាងខ្ញុំ សូមគោរពជូនពរចំពោះវីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ដែលកំពុងឈរជើងការពារព្រំដែននៃប្រទេសកម្ពុជា ស្របនឹងអាកាសធាតុក្ដៅ នាខែចេត្រ សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ចៀសផុតពីមហន្តរាយនិងសត្រូវទាំងឡាយណា ដែលគិតឈ្លានពានលើទឹកដីកម្ពុជា និងសូមឱ្យវីរកងទ័ពទាំងអស់សម្រេចបានជោគជ័យគ្រប់ភារកិច្ច។ សូមឱ្យឆ្នាំថ្មី នាំមកនូវសំណាងល្អ ក្តីសង្ឃឹមថ្មី ចៀសផុតពីសង្រ្គាម និងទទួលបានភាពរីករាយពេញមួយឆ្នាំ។  ជាចុងក្រោយ នាងខ្ញុំសូមបួងសួងវេទតាឆ្នាំថ្មី សូមឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ដើម្បីវីរកងទ័ពកម្ពុជាឆាប់វិលត្រឡប់មកជួបជុំក្រុមគ្រួសារ។ ដោយក្ដីគោរព! មីន សាណាស់

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦! ខ្ញុំពិតជាមានកិត្តិយសណាស់ អាចមានឱកាសសរសេរសំបុត្រនេះទៅកាន់បងវីរកងទ័ពជួរមុខ ឬនៅទល់មុខនឹងសត្រូវឈ្លានពាន។ ខ្ញុំមិនអាចសរសេររៀបរាប់អស់អំពីទំហំទឹកចិត្តដឹងគុណចំពោះបង វីរកងទ័ពនៅជួរមុខឡើយ។ ខ្ញុំសូមចែករំលែកនូវសេចក្ដីសុខ និង ភាពរីករាយរបស់ខ្ញុំដែលកំពុងពរពោះកូនទី២ទៅកាន់បងវីរកងទ័ព។ ខ្ញុំសង្ឃឹមថាក្នុងចំណោមកូនៗរបស់ខ្ញុំមានម្នាក់អាចកាន់កាំភ្លើងអង់អាចក្លាហាន ការពារជាតិ ទឹកដី សាសនា ដូចបងវីរកងទ័ពជួរមុខ។ ជាចុងក្រោយ សូមទេវតាឆ្នាំថ្មី តាមជួយថែរក្សា បងវីរកងទ័ព មានសុខសុវត្ថិភាព សុខភាពមាំមួន និងក្រុមគ្រួសាររបស់បងវីរកងទ័ពជួបតែសេចក្ដីសុខ។ ដោយសេចក្ដីគោរពបំផុត! ដារ៉ារដ្ឋ មេត្តា

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ខ្ញុំសូមផ្ញើនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះវីរកងទ័ពទាំងអស់។ ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងរៀបចំខ្លួនជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ វីរកងទ័ពទាំងអស់បែរជាត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែង ឪពុកម្តាយ ប្រពន្ធកូន និងមនុស្សជាទីស្រឡាញ់ ដើម្បីឈរជើងបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែន និងទីតាំងឈរជើងនានា។

រាល់ការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ញើសឈាម និងភាពនឿយហត់របស់វីរកងទ័ព គឺជាស្នាមញញឹមដ៏សុខសាន្តរបស់ប្រជាជនខ្មែរ។ ទោះបីជាមិនបានជួបមុខគ្នាផ្ទាល់ក្តី តែវីរភាពអង់អាចក្លាហាន ការអត់ធ្មត់ និងស្មារតីស្នេហាជាតិរបស់កងទ័ពតែងតែស្ថិតនៅក្នុងការចងចាំ និងការដឹងគុណរបស់ប្រជាពលរដ្ឋគ្រប់ៗរូបជានិច្ច។ ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយតាមថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ ជូនដល់វីរកងទ័ពកម្ពុជាគ្រប់រូប ព្រមទាំងក្រុមគ្រួសារ សូមឱ្យទទួលបាននូវសុខភាពល្អ, កម្លាំងកាយមាំមួន, សុវត្ថិភាពគ្រប់ពេលវេលា និងជោគជ័យគ្រប់ភារកិច្ច។ ដោយសេចក្តីគោរព និងដឹងគុណពីខ្ញុំ! នេន ស្រីមុំ

សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ សូមប្រសិទ្ធពរឆ្នាំថ្មីដល់វីរកងទ័ពកម្ពុជាដ៏មោះមុតទាំងអស់និងក្រុមគ្រួសារ ។ សូមទេវតាឆ្នាំថ្មី ព្រះនាងរាក្យសាទេវី តាមបីបាច់ថែរក្សាវីរកងកម្ពុជាទាំងអស់ និងនាំមកនូវជោគជ័យ សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាព ក្នុងការបំពេញភារកិច្ចដ៏មហិមា ការពារបូរណភាពទឹកដីនៅឯជួរមុខ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការពលីដ៏អស្ចារ្យ ទាំងផ្លូវកាយនិងផ្លូវចិត្ត ដើម្បីបម្រើដល់ជាតិមាតុភូមិ និងជនរួមជាតិខ្មែរ។

គុណូបការៈ និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរកងទ័ពកម្ពុជាទាំងអស់ នឹងស្ថិតនៅដក់ជាប់នៅក្នុងចិត្តរបស់ប្រជាជនកម្ពុជាទាំងអស់ជាដរាប។ ដោយសេចក្តីគោរពដោយស្មោះស្ម័គ្រពីខ្ញុំ! សុភ័ក្ត្រ ភាណា

ខ្ញុំសូមសម្ដែងនូវអំណរអរគុណយ៉ាងក្រៃលែងបំផុត ប្រកបដោយការគោពរក៏ខ្ពង់ខ្ពស់ចំពោះ វីរកងទ័ពកម្ពុជាទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ការពារជាតិមាតុភូមិពីការឈ្លានពានរបស់ប្រទេសថៃ។  ការខិតខំប្រឹងប្រែង មិនខ្លាចភាពនឿយហត់ របស់វីរកងទ័ព ដែលឈរជើងការពារទឹកដី សន្តិភាព និងសុខសុវត្តិភាពដល់ប្រជាជនកម្ពុជា គឺស្ថិតនៅក្នុងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់យើងខ្ញុំទាំងអស់គ្នាជានិច្ចនិរន្តរ៍។ ឆ្លៀតក្នុងឱកាសព្រះរាជពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ជូនចំពោះ វីរកទ័ពទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមវីរកងទ័ពកម្ពុជាទាំងអស់ មេត្តាទទួលនូវការគោរពក៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ! ភា រស្មី

សារលិខិតជូនពរវីរកងទ័ពកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលឈានចូលមកដល់ខាងមុខនេះ ខ្ញុំសូមជូនពរ វីរកងទ័ពដែលឈរជើងនៅសមរភូមិជួរមុខ ឱ្យសុខភាពល្អ កម្លាំងមាំមួន សុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវឈ្លានពាន។ យើងខ្ញុំសូមអរគុណ និងដឹងគុណ ចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការការពារជាតិមាតុភូមិ។ សូមទេវតាឆ្នាំថ្មីតាមថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខគ្រប់រូបទទួលបានជោគជ័យគ្រប់ភារកិច្ច និងសុវត្ថិភាពជានិច្ចនិរន្តរ៍។ គាត ស្រីឡែន

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមសមរភូមិមុខ និងក្រុមគ្រួសារទាំងអស់។ សូមជូនពរបងប្អូនវីរកងទ័ព មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ ទទួលបានជ័យជម្នះលើគ្រប់ភារកិច្ច និងសូមឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរព! កែវ សុភី

ដោយក្តីនឹករឭកដល់បងៗ ពូៗ អ៊ំៗ ប្អូនៗ និងក្មួយៗ ជាវីរកងទ័ព ខ្ញុំសូមបារមីវត្ថុស័ក្តិសិទ្ធិក្នុងទឹកដីខេមរានៃយើង សូមអស់ទេវតា អ្នកតា ដែលមានឫទ្ធិតេជានុភាព មេត្តាការពារ ឃុំគ្រង បរវាសចៀសឆ្ងាយ គ្រោះកាចចង្រៃ និងសូមឱ្យបងៗ ពូៗ អ៊ំៗ ប្អូនៗ និងក្មួយៗ ជួបប្រទះតែសេចក្តីសុខ គ្រប់ប្រការ កុំបីឃ្លៀងឃ្លាត គ្រប់ពេលវេលា។ រីឯខ្ញុំនៅខាងក្រោយ នៅតែបន្តគាំទ្រនិង ចងចាំគុណបំណាច់ របស់បងៗ វីរកងទ័ពជានិច្ច ហើយដោយមិនរាថយ បន្តពហិកាទំនិញពីប្រទេសជាបច្ចាមិត្ត និងប្តេជ្ញា បន្ថែមដូចមានអត្ថន័យខាងក្រោម៖ I. ត្រឹមពហិកាមិនទាន់គ្រប់គ្រាន់ ខ្មែរត្រូវរួសរាន់បង្កើនផលិត រៀនបង្កើតថ្មីលកលៃគំនិត ឱ្យបានល្អន់ល្អិតច្នៃគិតឱ្យល្អ។ II.ខំរៀនខំរស់សាងឈ្មោះឱ្យថ្កើង នាំគ្នាភ្ញាក់ឡើងសាមគ្គីស្មោះស ឈប់ឈ្លោះជាតិឯងឈប់សម្ញែងក្រ នាំគ្នាសាទរអ្នកកសាងជាតិ។ III.កសាងពីតូចឈប់ខូចពីក្មេង ឈប់គិតដើរលេងរៀនសូត្រមិនឆ្លៀត ឈប់ខ្ជិលរកស៊ីខំហើយខំទៀត ឈប់បង់មាយាទនឹងអបាយមុខ។ ពីខ្ញុំបាទ មាស ប៊ុនថាន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុងខិតជិតមកដល់នេះ ខ្ញុំសូមផ្ញើក្តីនឹករឭក និងការគោរពយ៉ាងជ្រាលជ្រៅទៅកាន់បងប្អូនវីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្តាព្រំដែន។ ខ្ញុំសូមអធិដ្ឋានបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយអភិបាលថែរក្សាបងប្អូនទាំងអស់ ឱ្យមានសុខភាពរឹងមាំ កម្លាំងកាយចិត្តមាំមួន និងសុវត្ថិភាពគ្រប់ពេលវេលា។ សូមឱ្យបងប្អូនទាំងអស់ ទទួលបានតែសំណាងល្អ ជោគជ័យក្នុងការបំពេញភារកិច្ច និងមានភាពរីករាយជានិច្ច ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ សូមឱ្យបងប្អូន និងក្រុមគ្រួសារ រស់នៅក្នុងសេចក្តីសុខសាន្ត សុភមង្គល និងការរីកចម្រើន ព្រមទាំងទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំដែលស្ថិតនៅខាងក្រោយតែងតែគាំទ្រ នឹកគិត និងផ្ញើកម្លាំងចិត្តជូនបងប្អូនជានិច្ច។ លាង ចន្ធី

សារលិខិតជូនពរវីរកងទ័ពជូរមុខ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ខ្ញុំបាទសូមផ្ញើនូវក្តីនឹករឭក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនវីរកងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។ ទោះបីជាក្នុងទិវាដ៏សប្បាយរីករាយនេះ បងប្អូនត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងផ្ទះសម្បែង ដើម្បីបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ក៏ទឹកចិត្តលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូន តែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូបជានិច្ច។ ជាចុងក្រោយសូមបងប្អូនវីរកងទ័ព និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្ដីគោរព ពីខ្ញុំបាទ! ទិត្យ សត្យាវង្ស

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមជូនពរវីរកងទ័ពជូរមុនឱ្យមានសុខភាពល្អ កម្លាំងមាំមួន សុខសប្បាយផ្លូវកាយ ផ្លូវចិត្ត មានទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា និងឆាប់បានត្រឡប់មកផ្ទះជួបជុំគ្រួសារប្រពន្ធកូន។ ម្យ៉ាងទៀតសូមរំឭកនឹកគុណដល់វីរកងទ័ពដែលពលីនៅសមរភូមិមុខ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធវីរកងទ័ពពលី បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ទាវ សម្ភស្ស

ក្នុងបរិយាកាសដែលប្រជាជនកម្ពុជាគ្រប់វ័យនៅទូទាំងប្រទេស កំពុងត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី(ឆ្នាំមមី)ប្រពៃណីជាតិខ្មែរ ប្រកបដោយសិរីសួស្ដី ដែលជាវីរកងទ័ពដ៏ក្លាហានមោះមុត ក៏កំពុងត្រៀមខ្លួនជានិច្ចក្នុងភារកិច្ចដ៏ថ្លៃថ្លាបំផុត ដើម្បីការពារប្រទេសជាតិពីការឈ្លានពានទឹកដីរបស់សត្រូវ ការពារប្រជាជន និងការពាររាល់ហេដ្ឋារចនាសម្ព័ន្ធជាតិឱ្យមានស្ថេរភាពជានិរន្តរ៍។ ទោះបីជាពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងផង កំពុងប្រឈមមុខនឹងវិបត្តិសកលដ៏ស្មុគស្មាញ ហើយទោះបីជា វីរកងទ័ពកម្ពុជា កំពុងស្ថិតក្នុងបេសកកម្មការពារទឹកដី ប្រឈមមុខនឹងសត្រូវឈ្លានពាន ដែលមិនអាចឱ្យបងប្អូនត្រឡប់មកជួបជុំអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានដូចសព្វដងក្ដី ក៏បេះដូងរបស់ប្រជាជននៅសមរភូមិក្រោយ តែងតែស្ថិតនៅជាមួយវីរកងទ័ពជានិច្ច។ ទោះបីជាសត្រូវឈ្លានពានកំពុងយាយី និងវិបត្តិសកលលោកបង្កឱ្យមានភាពតានតឹងយ៉ាងណាក្ដី វីរកងទ័ពកម្ពុជានៅតែបង្ហាញឱ្យឃើញពីភាពរឹងមាំទាំងកម្លាំងកាយចិត្ត ឈរលើស្មារតីរួបរួម សាមគ្គីភាព និងឯកភាពផ្ទៃក្នុងយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលជានិច្ច។ ខ្ញុំសូមឱ្យវីរកងទ័ពកម្ពុជា ជឿជាក់ថា សកម្មភាពដ៏កក់ក្ដៅ និងភាពអង់អាចក្លាហាន គឺជាខឿនការពារជាតិដ៏រឹងមាំ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបនៅសមរភូមិក្រោយ មានទំនុកចិត្ត និងក្ដីសង្ឃឹមជានិរន្តរ៍។ ក្នុងឱកាសមហាសង្ក្រាន្តឆ្នាំថ្មី (ឆ្នាំមមី) អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងគ្រិស្តសករាជ ឆ្នាំ២០២៦នេះ ខ្ញុំសូមលើកដៃបួងសួង វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី និងបារមីថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងគ្រប់គ្រង វីរកងទ័ពកម្ពុជាទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ស្មារតីភ្លឺស្វាង និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ។ សូមឱ្យទេវតាប្រោះព្រំសេចក្ដីសុខដល់គ្រួសារនៅឯផ្ទះ ឱ្យជួបតែសិរីសួស្ដី និងភ័ព្វសំណាងល្អក្នុងជីវិត។ ខ្ញុំសូមជូនពរ ដល់ វីរកងទ័ពជួរមុខឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទូច វណ្ណេត

ខ្ញុំបាទសូមគោរពដឹងគុណ អរគុណដ៏ជ្រាលជ្រៅបំផុត និងក្តីស្រឡាញ់អស់ពីបេះដូង ចំពោះ អ៊ំ ពូ បង និងប្អូនៗ នូវវីរភាពអង់អាចក្លានហាន ការពារដែនអធិបតេយ្យភាពកម្ពុជា! នេះគឺជាសារជូនពរ និងលើកទឹកចិត្តយ៉ាងស្មោះស្ម័គ្រពីបេះដូងខ្ញុំ ផ្ញើជូនដល់វីរកងទ័ព វីរនគរបាលកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន៖ ១.ជូននពរជ័យជម្នះ និងសុវត្ថិភាព ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្តបុព្វបុរសខ្មែរគ្រប់ជំនាន់ ជួយថែរក្សាការពារ អ៊ំ ពូ បង និងប្អូន ជាវីរកងទ័ពជួរមុខឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជ័យជម្នះលើមារសត្រូវឈ្លានពានគ្រប់ទិសទី។ សូមឱ្យរាល់បេសកកម្មការពារមាតុភូមិទទួលបានជោគជ័យ សុវត្ថិភាព និងសូមឱ្យសត្រូវដែលប៉ងឈ្លានពានត្រូវវិនាសខ្ចាត់ខ្ចាយ មិនអាចមកបំពានទឹកដីខ្មែរបានទៀតឡើយ។ ២.បង្ហាញការដឹងគុណ និងក្តីនឹករឭក ខ្ញុំជាប្រជាជននៅជួរក្រោយ សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេង និងការតស៊ូដាច់ខាតរបស់ អ៊ំ ពូ បង ដើម្បីសេចក្តីសុខរបស់ជាតិ និងប្រជាជន។ បេះដូងកូនខ្មែរ១៧លាននាក់ រួមទាំងខ្ញុំគឺនៅជាមួយអ៊ំ ពូ បង ជានិច្ច ទោះបីត្រូវឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីបំពេញភារកិច្ចការពារនគរក៏ដោយ។ ៣. លើកទឹកចិត្ត និងសាមគ្គីភាព វីរកងទ័ព វីរនគរបាលកម្ពុជា គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត។ សូមអ៊ំ ពូ បងៗបន្តស្មារតីមោះមុត ស្វាហាប់ និងឈរជើងឱ្យបានរឹងមាំ ដើម្បីការពារអធិបតេយ្យភាពកម្ពុជាឱ្យបានគង់វង្សជានិរន្តរ៍។ សូមជូនពរឱ្យអ៊ំ ពូ បងៗ ទទួលបានជោគជ័យ និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ ប្រកបដោយស្នាមញញឹម និងមោទនភាពជាតិ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះសូមទទួលបាននូវ ជយតុ ជយមង្គលំ (សូមឱ្យមានជ័យជម្នះ និងមង្គលដ៏ឧត្តម) សព្វេ រក្ខន្តុ សព្វទា (សូមទេវតាទាំងពួង ជួយថែរក្សារាល់កាលវេលា) សុខី ទីឃាយុកោ ភវ (សូមឱ្យមានសេចក្តីសុខ និងមានអាយុយឺនយូរ)។ ជាចុងក្រោយសូមឱ្យ អ៊ំ ពូ បង ជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីជាបង្អែកដ៏រឹងមាំ និងជាជញ្ជាំងដែកថែបការពារមាតុភូមិអង្គរដ៏បវរនៃយើង។ គោរពជូនពរ វីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ! ឈុំ រ៉ា

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ នេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីលះបង់ខ្ពស់ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពទាំងអស់ ដែលបានឈរជើងការពារទឹកដី ការពារសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី តាមថែរក្សាវីរកងទ័ព និងសូមជូនពរវីរកងទ័ពទាំងអស់មានសុខភាពល្អ ទទួលជោគជ័យ និងប្រកបដោយសេចក្ដីសុខជានិច្ចនិរន្តរ៍។ ពីខ្ញុំបាទ សោម ប៊ុនថន

បន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ១៩៩៨ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ គឹជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរលើកដំបូងមួយ ដែលវីរកងទ័ពកម្ពុជាភាគច្រើនលើសលប់មិនបានមកចូលរួមជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ និងញាតិមិត្ត ដោយសារមានករណីយកិច្ចប្រចាំការពារព្រំដែននៅចំពោះមុខសត្រូវឈ្លានពានទឹកដី។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំបាទសូមសម្តែងនូវការកោតសរសើរ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះវីរកងទ័ពកម្ពុជាគ្រប់រូបដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិមាតុភូមិ។ ជាចុងក្រោយ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិ និងទេវតាឆ្នាំថ្មី ឱ្យជួយតាមថែរក្សា និងប្រោសព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនដល់វីរកងទ័ពកម្ពុជាយើងគ្រប់ៗរូប។ ឡុង ដានី

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦ ខ្ញុំសូមជូនពរដល់វីរកងទ័ពជួរមុខដែលកំពុងមានភារកិច្ចការពារជាតិមាតុភូមិតាមបណ្តោយព្រំដែន សូមជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង និងមានសុខសុវត្ថិភាព ឈ្នះគ្រប់មារសត្រូវដែលមានបំណងឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សូមទេវតាឆ្នាំថ្មី ជួយតាមថែរក្សា ដល់វីរកងទ័ព និងក្រុមគ្រួសារជួបតែសេចក្ដីសុខ។ យិន នាន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ខ្ញុំសូមផ្ញើនូវក្តីនឹករឭក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីសុខសាន្តរបស់ប្រជាជនខ្មែរ។ ក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយបីបាច់ថែរក្សា វីរកងទ័ពខ្មែរ ឱ្យមានសុខភាពល្អបរិបូណ៌ និងអាយុយឺនយូរ។ សូមឱ្យ វីរកងទ័ពជួបនូវតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរព! ស្រ៊ាង លីហួរ

សារលិខិតផ្ញើរជូនពរ វីរកងទ័ព និងវីរនគរបាល ស្នេហាជាតិកំពុងឈរជើងការពារព្រំដែនភាគខាងលិចប្រទេសកម្ពុជា ខ្ញុំបាទ សូមគោរពដឹងគុណ អរគុណយ៉ាងជ្រាលជ្រៅបំផុត និងក្តីស្រឡាញ់អស់ពីដួង ចិត្ត ចំពោះវីរកងទ័ព វីរនគរបាលជាតិ នូវវីរភាពអង់អាចក្លាហាន ការពារដែនអធិបតេយ្យ ភាពប្រទេសកម្ពុជា ដោយបានលះបង់អាយុជីវិត សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមានតុភូមិ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ នេះ យើងខ្ញុំ ជាប្រជាជនខ្មែរមួយរូប សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតី លះបង់ខ្ពស់ របស់វីរកងទ័ព វីរនគរបាល ដែលបានឈរជើងការពារទឹកដី ការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនទូទាំងប្រទេស។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាងរាក្យសាទេវី តាមជួយថែរក្សាវីរកងទ័ពទាំងអស់ និងសូម ជូនពរឱ្យមានសុខភាពល្អ ទទួលបានជោគជ័យ និងប្រកបដោយសេចក្តីសុខជានិរន្តរ៍។ ពីខ្ញុំបាទ សុខ វណ្ណៈ

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖