មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាថ្នាក់រៀនស្តីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ ៖ ការរំលោភលើសិទ្ធិ និងពលកម្មកុមារ

ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កោះថ្ម ចំនួន១៦នាក់ បានចូលរួមទស្សនកិច្ចសិក្សាទាក់ទងប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩)។ ក្នុងឱកាសនេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានលើកយកប្រធានបទ ៖ ការរំលោភលើសិទ្ធិ និងពលកម្មកុមារ ក្នុងរបបខ្មែរក្រហមមកធ្វើបទបង្ហាញ។  កុមារត្រូវបានចាត់ទុកជាក្រដាសស ដែលអង្គការអាចបំពាក់បំប៉ន មនោគមវិជ្ជាបដិវត្តន៍បានយ៉ាងងាយស្រួល។

ជាកិច្ចចាប់ផ្តើមលោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំសិស្សានុសិស្សទស្សនាពិព័រណ៍រូបថត ដែលបានបន្សល់ទុកតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។ លោក ឈុំ រ៉ា បង្ហាញសិស្សានុសិស្សពីពិព័រណ៍រូបថត និងផ្ទាំងគំនូរ ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលដឹកនាំសម្តេច ហ៊ុន សែន។

តមកលោក ឈុំ រ៉ា បានលើកយករឿងរ៉ាវ កុមារនៅក្នុងរបបខ្មែរក្រហម ដែលត្រូវបានបញ្ជូនឱ្យទៅរៀននៅក្រោមដើមឈើ និងនៅក្រោមផ្ទះប្រជាជន។ គ្រូបង្រៀនភាគច្រើន គឺជាកសិករក្រដែលអាចអាននិងសរសេរអក្សរបានបន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះបីជាការអប់រំនៅតាមតំបន់ មួយចំនួន មានការរីកចម្រើនក្នុងឆ្នាំ១៩៧៨ គឺកុមារទទួលបានការសិក្សាថ្នាក់បឋម ពី២ទៅ៣ម៉ោងក្នុងមួយថ្ងៃ ក៏ដោយ ក៏នៅតែមិនទាន់មានសាលារៀនដែលមានដំណើរការពេញលេញសម្រាប់សិក្សា។ ខ្មែរក្រហមនិយាយថា «អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ» ឬ «ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍»។ ស្របពេលដែលកុមារត្រូវបានបង្ហាត់បង្រៀនឱ្យចេះអាននិងសរសេរអក្សរបន្តិចបន្តួច ភាគច្រើននៃការអប់រំកុមារទាំងនោះ គឺផ្តោតទៅលើ ការអប់រំនយោបាយ។ ក្មេងៗត្រូវបានជ្រើសរើសឱ្យទៅចូលរួមវគ្គហ្វឹកហ្វឺនមនោគមវិជ្ជា ដើម្បីអាចចូលបម្រើក្នុងជួរកងទ័ព កងការពារ ឬនីរសារបាន។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុមារក៏ត្រូវអង្គការចាត់តាំងឱ្យធ្វើការងារ។ ការងាររបស់កុមារ គឺដើររើសអាចម៍គោ កាត់ទន្ទ្រានខែត្រ ប្រមូលលាមកមនុស្សដើម្បីធ្វើជី និងជញ្ជូនអាវុធទៅសមរភូមិ។ នៅទីតាំងសមរភូមិកុមារជួនកាលទទួលរងរបួស ឬ ត្រូវគ្រាប់កាំភ្លើងស្លាប់ក៏មាន។ ជាងនេះទៅទៀត កុមារាកុមារីទាំងនេះត្រូវបំបែកចេញពីឪពុកម្តាយ និងមិនដែលស្គាល់ភាពកក់ក្តៅក្នុងគ្រួសារឡើយ។

កុមារទាំងអស់ត្រូវអង្គការបង្ហាត់បង្រៀនថា «អង្គការគឺជាមាតាបិតារបស់ខ្លួន។ ប្រសិនបើម៉ែឪវាយកូន មានន័យថា មើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ»។ កម្មាភិបាលខ្មែរក្រហម បានឱ្យកុមារស៊ើបការណ៍ពីឪពុកម្តាយរបស់ខ្លួន ហើយជួនកាល កុមារទាំងនេះហ៊ានសម្លាប់ឪពុកម្តាយបង្កើតរបស់ខ្លួនទៀតផង ប្រសិនបើទទួលបានបញ្ជាពីអង្គការ។ រយៈកាលកន្លងផុតទៅ កុមាររាប់ម៉ឺននាក់បានជឿទៅលើអ្វីដែលអង្គការបានប្រាប់ ហើយគោរពតាមតែបញ្ជារបស់អង្គការតែប៉ុណ្ណោះ។ ក្នុងអំឡុងពេលសង្គ្រាមជាមួយវៀតណាមក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមជាច្រើនបានស្លាប់ឬរងរបួសជាទម្ងន់។ ខ្មែរក្រហមបានបញ្ជូនកុមារឱ្យទៅសមរភូមិមុខ ដែលនៅទីនោះ កុមាររាប់ពាន់នាក់ត្រូវរងរបួសនិងស្លាប់។

តមក ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានលើកយកសាច់រឿងជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ម៉ុង ខេន អតីតប្រធានកងកុមារ មករៀបរាប់ប្រាប់សិស្សានុសិស្ស ដែលមានសេចក្តីសង្ខេបដូចខាងក្រោម៖

ឈ្មោះ ម៉ុង ខេន ភេទប្រុស អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខេន រស់នៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងរបបខ្មែរក្រហមអង្គការចាត់តាំង ខេន ឱ្យធ្វើជាប្រធានកងកុមារ និងមើលការខុសត្រូវកុមារចំនួន១៥នាក់នៅក្នុងភូមិ។ ខេន គឺជាអ្នកបង្រៀនកុមារពីរបៀបធ្វើជីដាក់ស្រូវ ជីដាក់បន្លែ និងដកស្មៅនៅវាលស្រែ។ នៅពេលដល់ម៉ោងចូលរៀន ខេន និងកុមារក្នុងភូមិត្រូវទៅរៀននៅក្រោមផ្ទះប្រជាជន និងម្លប់ឈើ។ នៅសម័យខ្មែរក្រហម គ្រូរបស់ ខេន តឹងរឹងណាស់គឺមិនឱ្យសិស្សចម្លងគ្នាឡើយ។ ប្រសិនបើគ្រូឃើញសិស្សក្នុងថ្នាក់ចម្លងគ្នា គឺគ្រូវាយសិស្សនឹងរំពាត់ រួចហើយឪពុកម្តាយសិស្សមកណែនាំបន្ថែម។

តមកក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណងជើងថា «ក្បង់ទឹកទន្លេ» ឱ្យសិស្សទស្សនា។ ការចាក់បញ្ចាំងខ្សែភាពយន្តនេះ មានគោលបំណងឱ្យសិស្សានុសិស្សចេះរស់នៅផ្សាភ្ជាប់រវាងមនុស្សជាមួយ វប្បធម៌ មុខរបរ និងធម្មជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃតុល្យភាពជីវិត និងការរីកចម្រើនប្រកបដោយចីរភាព។

បន្ទាប់ពីចប់វេទិកាថ្នាក់រៀន សិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

នន់ សុវណ្ណរាជ គឺជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កោះថ្ម លើកឡើងថា «ខ្ញុំពិតជាមានអារម្មណ៍រីករាយជាខ្លាំងដែលបានចូលរួមទស្សនាពិព័រណ៍អំពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានរូបថតរបស់ប្រជាជនធ្វើការងាររែកដី និងរូបថតប្រជាជនកម្ពុជាវិលត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩។ ខ្ញុំចាប់អារម្មណ៍ខ្សែភាពយន្តឯកសាររឿង «ក្បង់ទឹកទន្លេ» ដែលបង្ហាញអំពីជីវភាពប្រជាជននៅតាមតំបន់ផ្សេងៗ ការគោរពប្រពៃណីរបស់ជនជាតិដើមភាគតិច និងរបៀបធ្វើកសិកម្មបុរាណ។ ទាំងអស់នេះគឺជាចំណេះដឹងថ្មីដែលខ្ញុំទទួលបាន»។

ជែម ស្រីមុំ គឺជាសិក្សាថ្នាក់ទី៦ នៃសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កោះថ្ម រៀបរាប់ថា «ថ្ងៃនេះខ្ញុំត្រេកអរខ្លាំងណាស់ដែលបងៗក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម អនុញ្ញាតឱ្យខ្ញុំចូលរួមទស្សនារូបពិព័រណ៌ក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម និងបានចាក់បញ្ចាក់ខ្សែភាពយន្តឯកសាររឿង «ក្បង់ទឹកទន្លេ» ឱ្យខ្ញុំទស្សនា។ លើសពីនេះ បងៗក្រុមការងារមជ្ឈមណ្ឌលឯកសារកោះ បានណែនាំអំពីរូបថត និងរូបគំនូរនៃពិព័រណ៌ក្នុងរបបខ្មែរក្រហមឱ្យខ្ញុំបានដឹង។ ខ្ញុំពិតជាអរគុណណាស់ ចំពោះបងៗដែលបានរៀបចំវេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ។

អត្ថបទ៖ វន បុប្ជា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖