លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានព្រះត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី

ខ្លឹមសារសង្ខេប៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង​ជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បានទទួលការទទួលស្គាល់​ពីព្រះមហាក្សត្រ ចំពោះស្នាដៃនៃបេសកកម្មពេញមួយជីវិតរបស់លោកក្នុងការអភិរក្ស​ប្រវត្តិសាស្ត្រ យុត្តិធម៌ និងកេរដំណែលរាជវង្សប្រទេស​កម្ពុជា។

ជាអ្នកជំនាញលើប្រធានបទប្រល័យពូជសាសន៍ និងដែល​ជាអ្នករស់រានមាន​ជីវិតផ្ទាល់ពីឧក្រិដ្ឋកម្មឃោរឃៅ​របស់ខ្មែរក្រហម ទទួល បានការត្រាស់​បង្គាប់​តែងតាំង និងផ្តល់​ឋានៈជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី ដែលនេះបាន​ឆ្លុះបញ្ចាំងអំពីការចូលរួមចំណែក​របស់​លោក​អស់​រយៈកាលជាច្រើនឆ្នាំកន្លងមក ចំពោះការអប់រំពី​ប្រវត្តិសាស្ត្រ​ និងការលើកកម្ពស់របបរាជានិយម។

យោងតាមព្រះរាជក្រឹត្យ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៩ ខែមករា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គត្រាស់បង្គាប់​តែងតាំង លោក ឆាំង​ យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះ​រាជបណ្ណាល័យហ្លួងម៉ែ ជា​ «ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានឋានៈស្មើរដ្ឋមន្ត្រី។

លោក ឆាំង យុ នឹង​បំពេញ​ភារកិច្ច​ជាអ្នកទំនាក់​ទំនង​ផ្លូវការ​រវាងព្រះបរមរាជវាំង និង​រាជរដ្ឋាភិបាលកម្ពុជា។ ក្នុង​ឋានៈនេះ លោក ក៏មានតួនាទី​នាំ​ព្រះរាជសារ សម្របសម្រួល​កិច្ចការ​ក្នុងព្រះរាជពិធីនានា និង​ធានានូវ​ការប្រព្រឹត្តទៅដោយរលូននៃពិធីការ រវាង​ខុទ្ទកាល័យព្រះមហក្សត្រ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី

បណ្តាក្រសួង និង​ស្ថានបេសកកម្មការទូតបរទេស នៅពេលដែលមានព្រះរាជវត្តមានចូលរួមរបស់ព្រះមហាក្សត្រ។

នៅក្នុង​កិច្ចសន្ទនាជាមួយ​កាសែត ខ្មែរ ថាមស៍ កាលពីម្សិលមិញនាថ្ងៃទី២០ ខែមករា លោក ឆាំង យុ បានថ្លែង​អំណរព្រះគុណយ៉ាងជ្រាលជ្រៅ និង​សេចក្តីរំភើបជាពន់ពេក ចំពោះការប្រោសព្រះរាជទាន​តែងតាំងដ៏ខ្ពស់ខ្ពស់ពីព្រះមហាក្សត្រ ហើយលោកថែមទាំងបាន​បង្ហាញអំពីភក្តីភាព និងការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​បម្រើព្រះរាជវង្សានុវង្ស​កម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំ​ពិតជាមានកិត្តិយសក្រៃលែងចំពោះព្រះប្រទាននេះ។ ខ្ញុំ​ពិតជាពិបាកក្នុងការ​រកពាក្យពេចន៍សមសួនដើម្បី​បង្ហាញអំពីការដឹងគុណទទួល​ស្គាល់ និង​តបស្នង​ចំពោះការប្រោសព្រះរាជទាន​តែងតាំង​ដ៏ខ្ពង់ខ្ពស់នេះ»។ លោកបាន​បន្តថា៖ «ខ្ញុំមាន​សេចក្តីរំភើប និង​សូមក្រាបលំឱនកាយចំពោះព្រះរាជកាយវិការ​សន្តោសប្រណីរបស់ព្រះ​មហាក្សត្រ ដែលព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានតែងតាំងខ្ញុំបាទ និង​ចំពោះ​ព្រះ​រាជជំនឿទុកចិត្ត​របស់ព្រះអង្គមកលើខ្ញុំបាទ និង​មជ្ឈមណ្ឌលឯកសារ​កម្ពុជា»។

លោក ឆាំង យុ ដែលបច្ចុប្បន្ន មានងារផ្លូវការថា «ឯកអគ្គរាជទូត យុ» បានបង្ហាញការប្តេជ្ញា​ចិត្ត​ និងសន្យាថានឹង​បំពេញភារកិច្ចឱ្យ​ស្របតាម​ការរំពឹងទុកដ៏ខ្ពង់ខ្ពស់របស់ព្រះរាជវង្សានុវង្ស​ ក្នុង​តួនាទី​ដ៏សំខាន់មួយនេះ។

លោកបានលើកឡើថា៖ «ខ្ញុំ​ប្តេជ្ញាបំពេញ​ឱ្យបានស្របទៅតាមការរំពឹងទុកដ៏ខ្ពង់ខ្ពស់បំផុត​របស់ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះមហាក្សត្រីជាទីគោរពសក្ការៈ ក្នុង​ឋានៈដ៏ឧត្តុងឧត្តមនេះ»។

មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ លោក ឆាំង យុ បានរួចរស់ជីវិតពីរបបខ្មែរក្រហម ដែលជាបទពិសោធន៍មួយបានជះឥទ្ធិពល​យ៉ាងខ្លាំងក្នុងការកំណត់​បេសកកម្មការងារពេញមួយជីវិតរបស់លោក។ ក្នុងរយៈកាលជាច្រើនឆ្នាំបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម លោកបានចូល​រួមចំណែក​ក្នុងគំនិតផ្តួចផ្តើម​នានា ដើម្បីចងក្រង​ឯកសារ​ស្តីពីឧក្រិដ្ឋ​កម្ម​ដែល​បាន​ប្រព្រឹត្តឡើង​នៅចន្លោះឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែលនៅពេលនោះមានប្រជាជនកម្ពុជាប្រមាណជាង ១លាន៧សែននាក់ បាន​បាត់បង់ជីវិតដោយសារការសម្លាប់​ ការបង្អត់អាហារ ការធ្វើពលកម្ម​ដោយបង្ខំ និងជំងឺផ្សេងៗ។

ការប្តេជ្ញាចិត្តរបស់លោកក្នុងការ​ស្វែងរកការពិត និង​យុត្តិធម៌ បាន​ជំរុញលោក​ឱ្យ​ចូលរួមពីដំបូងនៅឆ្នាំ១៩៩៥ជាមួយមជ្ឈមណ្ឌលឯកសារ​កម្ពុជា ដែល​ដើមឡើយគឺជាបេសកម្ម​មួយ​របស់​សាកលវិទ្យាល័យ យ៉េលរបស់សហរដ្ឋអាមេរិក នៅមុនពេល​ដែលស្ថាប័ននេះ បាន​ក្លាយជាស្ថាប័នឯករាជ្យ​របស់កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោកផ្ទាល់។

ក្រោមការដឹកនាំរបស់​លោក មជ្ឈមណ្ឌលឯកសារ​កម្ពុជា បង្កើតបានជា​បណ្ណសារដ្ឋានធំបំផុតមួយ​នៅក្នុងពិភពលោក ដែលតម្កល់នូវឯកសារ​ស្តីពី​របបខ្មែរក្រហម ដោយបម្រើជាធនធានដ៏មានសារសំខាន់​បំផុតសម្រាប់​ប្រវត្តិវិទូ អ្នកអប់រំ សិស្ស-និស្សិត អ្នកសារព័ត៌មាន និង​អ្នក​ស៊ើបអង្កេត​ផ្នែកច្បាប់។

ឯកសារ​ដែលតម្កល់នៅក្នុង​បណ្ណសារដ្ឋាននេះ បាន​គាំទ្រ​ដល់ការងារ​របស់​អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា ដែលជាសាលាក្តីមួយទទួលបានការគាំទ្រពីអង្គការ​សហប្រជាជាតិ បង្កើតឡើង​ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។

ក្រៅពីការងារចងក្រងឯកសារ​ និង​ការទំនុកបម្រុងគាំទ្រ​ផ្នែកច្បាប់ លោក ឆាំង យុ គឺជា​អ្នក​អប់រំសាធារណៈឈានមុខ ស្តីពីប្រវត្តិសាស្ត្រ​កម្ពុជាសម័យទំនើប។ លោកបាន​ដឹកនាំកម្មវិធីផ្សព្វផ្សាយនៅទូទាំងប្រទេស ដោយ​ដាក់បញ្ចូលឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជានានាទៅក្នុងកម្មវិធីអប់រំនៅតាមសាលារៀន បណ្តុះបណ្តាលគ្រូបង្រៀន រៀបរៀងសៀវភៅសិក្សាស្តីពីរបបខ្មែរក្រហម សៀវភៅណែនាំគ្រូបង្រៀននិង​លើកកម្ពស់កិច្ចពិភាក្សាដោយចំហរនៅក្នុង​ចំណោមមនុស្ស​ជំនាន់ក្រោយ ដែលពុំបាន​ឆ្លងកាត់សម័យកាលនោះ។ កិច្ច​ខិតខំប្រឹងប្រែងរបស់លោក បានទម្លាយភាពស្ងប់ស្ងាត់​ក្នុងសង្គម​ដែលបានចាក់ស្រេះអស់រយៈកាលជាយូរឆ្នាំ​ ជុំវិញ​បញ្ហា​នៃរបួសផ្លូវចិត្ត ព្រមទាំង​បណ្តុះនូវ​វប្បធម៌នៃការចងចាំ និង​ការសិក្សារៀនសូត្របែបត្រិះរិះពិចារណា។

លោក ឆាំង យុ បានឈ្នះពានរង្វាន់ រ៉ាម៉ុន ម៉ាក្សសៃសៃ ដែលជាពានរង្វាន់ «ណូបែលអាស៊ី» នៅក្នុងឆ្នាំ​២០១៨។

ក្នុងតួនាទីជា​នាយកនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ លោកបាន​លះបង់កម្លាំងកាយចិត្ត​ក្នុងការ​ថែរក្សាកេរដំណែល​របស់សម្តេចព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ និងព្រះរាជវង្សានុវង្សកម្ពុជា។ បច្ចុប្បន្ន លោក​ ឆាំង យុ បាន​និងកំពុង​ដឹកនាំការជួសជុល​កែលម្អ អតីតព្រះរាជដំណាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង ឱ្យ​ក្លាយទៅជា​ព្រះសារមន្ទីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បី​ថែរក្សា​កេរដំណែលរាជវង្ស​កម្ពុជា និង​លើ​កម្ពស់វិស័យទេសចរណ៍ថែមទៀត​​ផង។

អត្ថបទ និង រូបថត ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖