យុវតីមកពីសហគមន៍ចាមនៅភូមិចុងខ្លុង ខេត្តពោធិ៍សាត់ជាប់អាហារូបករណ៍ខាងផ្នែកតែងនិពន្ធ

កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សា រ៉ហ្វីគីន ដែលជាអ្នកស្ម័គ្រចិត្តកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានទទួលអាហារូបករណ៍សិក្សាផ្នែកតែងនិពន្ធ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងចំណោមនិស្សិត៧នាក់ផ្សេងទៀត។ អាហារូបករណ៍នេះឧបត្ថម្ភដោយ លោកជំទាវ ខៀវ ម៉ាលី ដែលជាស្ថាបនិកសមាគម សុខ ខៀវសមិទ្ធិ ដើម្បីសិល្បៈ សម្រាប់បង់ថ្លៃសិក្សារយៈពេល៤ឆ្នាំ។ តាមរយៈរូបថតចំនួនពីរសន្លឹកនេះបង្ហាញថា រ៉ហ្វីគីន មានសេចក្តីរំភើបរីករាយ ដែលទទួលបានអាហារូបករណ៍នេះ។

បច្ចុប្បន្ន សា រ៉ហ្វីគីន មានអាយុ២២ឆ្នាំ ជាកូនទី៦ក្នុងចំណោមបងប្អូន៧នាក់។ រ៉ហ្វីគីន មានស្រុកកំណើតនៅភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភូមិចុងខ្លុងមានចម្ងាយប្រមាណ១៧៤គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ហើយភូមិនេះគឺជាភូមិចំណាស់មួយដែលមានប្រជាជនជាអ្នកគោរពប្រណិប័តន៍សាសនាអ៊ិស្លាមចំនួន៣៤៤គ្រួសារ។ រ៉ហ្វីគីន ធ្លាប់ទទួលបានបរិញ្ញាប័ត្ររងផ្នែកអគ្គិសនី និងបានចូលបម្រើការងារខាងផ្នែកអគ្គិសនីខណៈពេលកំពុងសិក្សា ដើម្បីទទួលបានប្រាក់ចំណូលខ្លះ សម្រាប់ផ្គត់ផ្គង់ការសិក្សា និងក្រុមគ្រួសារនៅឯភូមិកំណើត។ ក្នុងពេលបំពេញការងារ រ៉ហ្វីគីន បានទទួលដំណឹងអំពីការងារស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តល់ឱកាសដល់យុវជនសិក្សាស្វែងយល់បន្ថែមអំពីរបបខ្មែរក្រហមនិងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

រ៉ហ្វីគីន ក៏បានសម្រេចចិត្តចូលបម្រើការជាអ្នកស្ម័គ្រចិត្ត ហើយបានចុះធ្វើការសម្ភាសន៍អ្នកភូមិរបស់ខ្លួនរយៈពេល៣ខែ ក្នុងឆ្នាំ២០២២។ បន្ទាប់ពីកិច្ចការស្ម័គ្រចិត្ត រ៉ហ្វីគីន ត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធី Cross Talk របស់កាសែត Khmer Times ជាមួយយុវជនយុវនារីចំនួន៣នាក់ទៀត មកពីខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រ៉ហ្វីគីន បានចូលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ផាទ្រិក មើហ្វី និង លោកស្រី ឃែរី ភែលសមែន នាយកបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងបានឡើងថ្លែងចំណាប់អារម្មណ៍អំពីការងារស្ម័គ្រចិត្តដែលបានស្តាប់ និងរៀនសូត្រអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងភាពជាអ្នកដឹកនាំរបស់ខ្លួន។ ដោយសារការប្តេជ្ញាចិត្តលើការងារស្ម័គ្រចិត្តនេះ រ៉ហ្វីគីន ត្រូវបានជ្រើសរើសចេញពីយុវជនជាច្រើននាក់ទៀត ដើម្បីចូលធ្វើការពាក់កណ្តាលម៉ោងនៅឯទីស្នាក់ការកណ្តាល របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ទីក្រុងភ្នំពេញ។

មជ្ឈមណ្ឌលឯកសារកម្ពុជាជំរុញនិងគាំទ្រយុវជនដែលជាបុគ្គលិកនិងអ្នកស្ម័គ្រចិត្ត ធ្វើការសិក្សាបន្ត និងស្វែងរកឱកាសទទួលបានការអប់រំជាន់ខ្ពស់ដើម្បីការលូតលាស់ទៅមុខ។ ចាប់តាំងពីឆ្នាំ១៩៩៥មកដល់បច្ចុប្បន្ននេះ បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន១០០នាក់ បានទទួលសញ្ញាប័ត្របណ្ឌិត សញ្ញាប័ត្រអនុបណ្ឌិត បរិញ្ញាប័ត្រ និងវគ្គបណ្តុះបណ្តាលជាន់ខ្ពស់មកពីបរទេស។ ដោយមានការគាំទ្រនិងជំរុញបែបនេះ រ៉ហ្វីគីន សម្រេចចិត្តបន្តការសិក្សាផ្នែកតែងនិពន្ធ ដែលជាមុខវិជ្ជាដែលខ្លួនស្រឡាញ់តាំងពីក្មេង ប៉ុន្តែមិនទាន់មានឱកាសចាប់យក។ រ៉ហ្វីគីន គឺជាក្មេងស្រីក្លាហាន ឧស្សាហ៍ព្យាយាម និងចូលចិត្តសាកល្បងធ្វើការងារដែលមានលក្ខណៈប្រកួតប្រជែង។ រ៉ហ្វីគីន បានស្ម័គ្រចិត្តធ្វើជាប្រធានថ្នាក់នៅឯសកលវិទ្យាល័យដែលខ្លួនកំពុងសិក្សា។ បន្ទាប់ពីទទួលដំណឹងអំពីឱកាសអាហារូបករណ៍ដែលខាងសកលវិទ្យាល័យបានផ្សព្វផ្សាយ រ៉ហ្វីគីន បានព្យាយាមស្វះស្វែងដាក់ពាក្យស្នើសុំ និងចូលរួមប្រឡងប្រជែងដណ្តើមអាហារូបករណ៍ជាមួយបេក្ខជនជាច្រើននាក់ផ្សេងទៀត។ ជាលទ្ធផល រ៉ហ្វីគីន ក៏ទទួលបានជោគជ័យ ដោយទទួលបានអាហារូបករណ៍រយៈពេល៤ឆ្នាំ។ រ៉ហ្វីគីន បានបញ្ជាក់ថា ខ្លួនចង់ក្លាយជាអ្នកនិពន្ធមួយរូបដែលនាំយកទស្សន និងការយល់ឃើញជំនាន់ថ្មី ដើម្បីធ្វើឱ្យការតែងនិពន្ធកាន់តែប្លែកនិងទាក់ទាញ។

អត្ថបទ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖