មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្តីពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់យុវជនមកពីឃុំត្រពាំងតាវ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដោយមានការចូលរួមពីយុវជនចំនួន២០នាក់មកពីឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត តាមរយៈការមិនគាំទ្រអំពើហិង្សាគ្រប់រូបភាព ការមិនប្រកាន់ ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ ជនជាតិ ជាតិពន្ធុ និងនិន្នាការនយោបាយ។

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញដោយផ្ដោតសំខាន់ទៅលើ «ជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។ របបកម្ពុជាប្រជាធិបតេយ្យកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ត្រូវបានស្គាល់ថា ជារបបផ្ដាច់ការ និងឃោរឃៅបំផុតក្នុងប្រវត្ដិសាស្រ្ដកម្ពុជា។ មេដឹកនាំខ្មែរក្រហមបានប្រែក្លាយប្រព័ន្ធដឹកនាំនយោបាយ និងដាក់ស្ថានភាពរស់នៅរបស់ប្រជាជនទៅក្នុងភាពរឹតត្បិតបំផុតនៃជីវិតរស់នៅប្រចាំថ្ងៃ។ ប្រជាជនម្នាក់ៗរស់នៅក្នុងស្ថានភាពនៃការរំលោភសិទ្ធិ និងជាទាសករនៃបដិវត្ដន៍។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហមបានរកឃើញថា របបកម្ពុជាប្រជាធិបតេយ្យបង្ខំមនុស្សឱ្យធ្វើការងារហួសកម្លាំងលើសពី១២ម៉ោងក្នុងមួយថ្ងៃ, ការបង្ខំប្រជាជនឱ្យរៀបការ, ការរំលោភសិទ្ធិ និងពលកម្មកុមារ, ការហូបចុកមិនគ្រប់គ្រាន់, ការសម្លាប់រង្គាលទៅលើក្រុមគោលដៅជាក់លាក់ (ជនជាតិចាម ជនជាតិវៀតណាម អ្នកកាន់ព្រះពុទ្ធសាសនា និងអតីតមន្រ្ដីរដ្ឋការ លន់ នល់), ការធ្វើឱ្យមនុស្សទៅជាទាសករ, ការនិរទេស ឬការផ្លាស់ប្ដូរទីលំនៅដោយបង្ខំ, ការដាក់ក្នុងមន្ទីរឃុំឃាំង, ការធ្វើទារុណកម្ម, ការធ្វើទុក្ខបុកម្នេញក្រោមហេតុផលនយោបាយ សាសនា និងពូជសាសន៍ និងការប្រព្រឹត្ដអំពើអមនុស្សធម៌ដទៃទៀតប្រឆាំងនឹងសេចក្ដីថ្លៃថ្នូរបស់មនុស្ស។ របបកម្ពុជាប្រជាធិបតេយ្យគ្របដណ្ដប់ដោយមនោគមវិជ្ជា និងអនុវត្ដតាមលទិ្ធម៉ៅនិយម និងម៉ាក្សលេនីនជ្រុលហួសហេតុ ព្រមទាំងមានចរឹតរើសអើងយ៉ាងធ្ងន់ធ្ងរ។

នៅពេលទទួលបានជ័យជម្នះទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យបានដាក់ចេញនូវគោលនយោបាយជម្លៀសប្រជាជនចេញពីរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ និងនៅតាមទីប្រជុំជននានាឱ្យធ្វើដំណើរទៅកាន់ទីជនបទដាច់ស្រយាល ដោយមិនមានការរៀបចំត្រឹមត្រូវ។ ក្នុងពេលនោះ ខ្មែរក្រហមបានបែងចែកប្រជាជនពីរ គឺប្រជាជនចាស់ (ប្រជាជនមូលដ្ឋាន) និងប្រជាជនថ្មី (ប្រជាជន១៧មេសា) ព្រមទាំងកំណត់គោលដៅទៅលើក្រុមជាក់លាក់ក្នុងការសម្លាប់ភ្លាមៗតែម្ដង។ មនុស្សជិត២លាននាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានសម្លាប់ ហើយ៥លាននាក់ទៀតទទួលការបាក់ស្បាត បញ្ហាសុខភាពដោយសារការងារធ្ងន់ធ្ងរ បាក់កម្លាំង និងរងរបួសដោយសារសង្គ្រាម។

នៅក្នុងវេទិកាថ្នាក់រៀននេះក៏មានការលើកជាសំណួរ និងការពិភាក្សាដូចខាងក្រោម ៖

១) ហេតុអ្វីបាន​កើតមាន​របបកម្ពុជាប្រជាធិបតេយ្យ​?

២) ហេតុអ្វីប្រទេសមួយអាចមានសង្គ្រាមទៅបាន?

៣) ហេតុអ្វីប្រទេសមួយចំនួនឈ្លោះគ្នា?

៤) ហេតុអ្វីយើងមិនកសាងសន្ដិភាព​?

ជីវិត​រស់នៅ​ប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ត្រូវបាន​ពិភាក្សាតាមរយៈឧទាហរណ៍សាមញ្ញៗ ប៉ុន្ដែបានបង្ហាញនូវអត្ថន័យ និងទុក្ខលំបាកវេទនាយ៉ាង​ទូលំទូលាយ​។ យុវជនអាចពិនិត្យទៅលើ​ជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងធ្វើការប្រៀបធៀបជាមួយប្រជាជនដែលរស់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលមិនមានអាហារហូបចុក​គ្រប់គ្រាន់, ធ្វើការរែកដី, គ្មាន​ស្បែកជើង​ពាក់​, គ្មានថ្នាំដុសធ្មេញ, គ្មានសាប៊ូកក់សក់, គ្មានសម្លៀក​បំពាក់​ស្អាតបាត និងបង្ខំឱ្យរៀបការ។ នៅផ្នែកចុងក្រោយនៃវេទិកាថ្នាក់រៀន យុវជនរៀនពីវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។

អត្ថបទ និង រូបថត ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក