ជនជាតិភាគតិចស្ទៀងនៅក្នុងភូមិក្តុលលើរៀបចំពិធីបុណ្យផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សា នៅផ្ទះសហគមន៍ភូមិក្តុលលើ នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាជនភូមិក្តុលលើទាំងមូលបានរួមមតិគ្នាធ្វើកម្មវិធីបុណ្យឆ្លងផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សា នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជារៀងរាល់ឆ្នាំប្រជាជននៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែងតែផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃដែលគង់ចាំព្រះវស្សា។

នៅក្នុងឃុំទន្លូង មានភូមិចំនួន១៣ និងប្រជាជនសរុបចំនួន ១២,៣០០នាក់ ស្មើនឹង ១,៣៣៦ គ្រួសារ។ ប្រជាជនបានចែកវេនគ្នាដើម្បីផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តហត្ថិវនារាមក្តុល ហៅវត្តក្តុល។ ក្នុងចំណោមភូមិទាំង១៣ ភូមិក្តុលលើ មានប្រជាជនចំនួន១៥១គ្រួសារ ស្មើនឹង៧៣៨នាក់ បានរៀបចំកម្មវិធីបុណ្យផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សានៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

យោងទៅតាម អាចារ្យ ម៉ែន ញឹម មានប្រសាសន៍ថា ក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេល៣ខែក្នុងរដូវវស្សា។ ពិធីផ្តាច់វេនឬឆ្លងវេននៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគោលបំណង ៖

១) បង្ហាញពីការសាមគ្គីរបស់ប្រជាជនភូមិក្តុលលើ ដែលផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ ក្នុងរដូវវស្សា។

២) សូមខមាទោសនូវរាល់កំហុសឆ្គងដែលបានប្រព្រឹត្តកន្លងមកចំពោះភិក្ខុសង្ឃ

៣) បង្កើតការជួបជុំគ្រួសារ សាច់ញាតិ និងបងប្អូន

៤) បង្កើនទំនាក់ទំនងល្អ និងការស្និទ្ធស្នាល

៥) បណ្តុះគំនិតឱ្យចេះធ្វើបុណ្យ និងសាងអំពើល្អ

លោកអាចារ្យ ម៉ែន ញឹម បន្ថែមថា ចំពោះពិធីចេញព្រះវស្សា គឺមានគោលបំណងធំៗចំនួនពីរគឺ៖

១)ឱ្យភិក្ខុសង្ឃទាំងអស់អង្គចេះកែខ្លួនពេលដែលប្រណិបតន៍ខុសពីឱវាទព្រះពុទ្ធ ដោយឱ្យព្រះសង្ឃផ្សេងទៀតជួយណែនាំ, ជួយបង្ហាញផ្លូវប្រណិប័តន៍ឱ្យបានត្រឹមត្រូវតាមពុទ្ធឱវាទ។ ២) ឱ្យពុទ្ធបរិស័ទទូទៅអាចរៀនសូត្រ និងឈ្វេងយល់អំពីការរៀបចំពិធីចេញព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ដោយបង្កើតឱ្យមានការជួបជុំក្នុងគ្រួសារ, សហគមន៍, ស្ថាប័ន ឬអង្គភាពរបស់ខ្លួនដើម្បីផ្លាស់ប្តូរយោបល់ល្អៗពីគ្នាទៅវិញទៅមក កែប្រែរាល់កំហុសឆ្គងទាំងឡាយ ដើម្បីការរស់នៅសុខសាន្ត។

ប្រជាជននៅក្នុងសហគមន៍ភូមិក្តុលលើដែលបានចូលរួមនៅក្នុងពិធីបុណ្យនេះ សម្តែងនូវសេចក្តីរីករាយ និងលើកឡើងនូវការយល់ឃើញដូចខាងក្រោម៖

១) ខ្ញុំឈ្មោះ ជា គឹមហ៊ីម អាយុ៦៤ឆ្នាំ កើតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំសប្បាយចិត្តណាស់ពេលគណៈកម្មាធិការនៅក្នុងភូមិក្ដុលលើ បានស្រុះស្រួលមូលមតិគ្នារៀបចំកម្មវិធីធ្វើបុណ្យក្នុងថ្ងៃនេះ។ ជាពិសេសពិធីបុណ្យផ្តាច់វេនចុងក្រោយនេះ ដើម្បីរៀបចំចង្ហាន់សម្រាប់ប្រគេនដល់ព្រះសង្ឃនៅក្នុងវត្ដហត្ថិវនារាមក្ដុល។ ខ្ញុំពិតជារំភើបរីករាយពេលឃើញបងប្អូនជនជាតិភាគតិចស្ទៀងរួមទាំងប្រជាជនខ្មែរ នៅក្នុងភូមិក្ដុលលើរួបរួមគ្នាធ្វើបុណ្យធំបែបនេះ។ ខ្ញុំក៏សូមអរគុណដល់ម្ចាស់ជំនួយដែលបានសាងសង់សាលាបុណ្យ (ផ្ទះសហគមន៍ភូមិក្តុលលើ) ជូនបងប្អូនជនជាតិដើមភាគតិចស្ទៀងនៅក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃុំនេះ។

ខ្ញុំមានម្ដាយឈ្មោះ សាំង ស៊ីម ស្លាប់នៅពេលថ្មីនេះ និងឪពុកឈ្មោះ ជា ស្លាប់ពេលនៅឆ្នាំ១៩៩៣។ ខ្ញុំមានប្រពន្ធពីរនាក់ គឺប្រពន្ធមុនឈ្មោះ ឆ្លាំង ហេង និងមានកូន៦នាក់ គឺប្រុស៥នាក់ និងស្រី១នាក់។ ប្រពន្ធមុនរបស់ខ្ញុំបានស្លាប់ហើយ។ ខ្ញុំយកប្រពន្ធក្រោយឈ្មោះ ឈ្នាង ថេ ប៉ុន្តែយើងគ្មានកូនទេ។ ខ្ញុំមានបងប្អូន២នាក់ គឺប្រុសទាំងពីរ។ បងប្រុសរបស់ខ្ញុំធ្វើគ្រូបង្រៀន ពេលនោះកងទ័ពខ្មែរក្រហមបានទិតៀនគាត់ថា គាត់គឺជាមនុស្សបាតសង្គមមិនជួយធ្វើការងារ គឺចាំតែស៊ីស្រាប់។ ឮដូច្នេះបងប្រុសខ្ញុំក៏ឈប់ធ្វើជាគ្រូបង្រៀន រួចហើយចូលបម្រើកងទ័ពខ្មែរក្រហមដើម្បីវាយផ្ដួលរំលំរបប លន់ នល់។ ចាប់តាំងពីថ្ងៃនោះមក បងប្រុសខ្ញុំក៏បាត់ខ្លួនរហូត។

២) ខ្ញុំឈ្មោះ សាមុត ម៉ៅរ៉េត ភេទស្រី អាយុ៣៥ឆ្នាំ មានប្ដីឈ្មោះ សុខ សឿង អាយុ៣៧ឆ្នាំ និងមានកូនចំនួន២នាក់។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមពិធីបុណ្យផ្ដាច់វេន នៅរោងបុណ្យថ្មីដ៏ធំស្កឹមស្កៃ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចំណាយថវិកាសាងសង់ជូនប្រជាជននៅក្នុងភូមិក្តុលលើ ក៏ដូចប្រជាជននៅក្នុងឃុំទន្លូងទាំងមូលសម្រាប់ធ្វើបុណ្យទាន ជួបជុំគ្នា និងពិភាក្សារឿងរ៉ាវផ្សេងៗដែលកើតមាននៅក្នុងភូមិដើម្បីដោះ​ស្រាយ និងអភិវឌ្ឍន៍ភូមិឃុំឱ្យកាន់តែរីកចម្រើន។ ខ្ញុំមានអារម្មណ៍ប្លែកព្រោះនៅក្នុងឃុំទន្លូងទាំងមូលគឺមានតែនៅភូមិក្ដុលលើ ដែលមានរោងបុណ្យស្អាត និងរចនាម៉ូតប្លែកខុសពីកន្លែងដ៏ទៃ។ ជាពិសេស ខ្ញុំឃើញមានសិស្សានុសិស្សជាច្រើនបានមកអានសៀវភៅនៅទីនេះ។ ខ្ញុំគិតថា រោងបុណ្យនេះក៏ជាទីកន្លែងសម្រាប់ផ្ដល់ចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយ និងជាកន្លែងសម្រាប់ធ្វើបុណ្យទានផង។    ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានផ្ដួចផ្ដើមសាងសង់រោងបុណ្យនេះឡើងវិញសម្រាប់ប្រជាជនក្នុងភូមិងាយស្រួលក្នុងការរៀបចំពិធីបុណ្យទាន់ផ្សេងៗ និងបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយបានឃើញ។ ខ្ញុំសូមជូនពរឱ្យក្រុមការងារទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តអភិវឌ្ឍន៍សហគមន៍។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖