សហគមន៍ភូមិបាក់នឹម ផ្ដល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សហគមន៍ភូមិបាក់នឹមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយករទេះរុញ៤គ្រឿង ទៅចែកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំង៤នាក់ សុទ្ធតែធ្លាប់ចូលរួមកម្មវិធីពិនិត្យសុខភាពបឋម ដែលរៀបចំដោយគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីពេលកន្លងមក។ លោក ពយ អ៊ូច គឺជាប្រធានភូមិបាក់នឹម ក៏បានចូលរួមជួយ ក្នុងការចែករទេះរុញជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជាការយល់ឃើញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបន្ទាប់ពីទទួលបានរទេះរុញ ៖

ខ្ញុំឈ្មោះ ចាន់ ថាវ ភេទប្រុស អាយុ៥៨ឆ្នាំ កើតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានចាត់តាំងខ្ញុំចូលក្នុងកងចល័ត។ ខ្ញុំត្រូវអង្គការខ្មែរក្រហមបញ្ជូនឱ្យ លើកទំនប់ជីកប្រឡាយ និងធ្វើស្រែនៅតំបន់អន្លង់ទៀន ក្នុងខេត្តតាកែវ។ ខ្ញុំត្រូវធ្វើការងារពេញមួយថ្ងៃដោយបានសម្រាកតែពេលហូបបាយមួយភ្លេតតែប៉ុណ្ណោះ។ ក្នុងរបបខ្មែរក្រហម គឺមិនមានប្រើប្រាស់គ្រឿងយន្តនោះទេ ពួកខ្មែរក្រហមបានប្រើកម្លាំងមនុស្សសុទ្ធសាធ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅស្រុកអង្គជ័យទៅដាំដំឡូងមី ដោយអង្គការតម្រូវឱ្យម្នាក់ដាំ៦០ម៉ែត្រការ៉េក្នុងមួយថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម រឿងរ៉ាវមួយដែលខ្ញុំនៅចងចាំមិនអាចបំភ្លេចបាននោះ គឺក្រុមខ្មែរក្រហមបានសម្លាប់ឪពុករបស់ខ្ញុំឈ្មោះ តុប ឈុំ, ពូខ្ញុំម្នាក់ឈ្មោះ តុប ម៉ូវ និង តាខ្ញុំម្នាក់ទៀតឈ្មោះ ឈាង ដោយមិនដឹងមូលហេតុ។ ចំណែកការហូបចុកក្នុងរបបខ្មែរក្រហមវិញ គឺមិនបានគ្រាប់គ្រាន់ទេ ក្នុងមួយថ្ងៃបានពីរពេល ដោយមួយពេលៗបានតែអង្ករ៣កំប៉ុង សម្រាប់របបហូបមនុស្សចំនួន១០នាក់។ រហូតដល់ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមបានចូលមករំដោះពីរបបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារបានធ្វើដំណើរវិលត្រឡប់មករស់នៅស្រុកកំណើតរបស់ខ្លួនវិញ។ ពេលត្រឡប់មកស្រុកកំណើតពួកយើងទាំងអស់គ្នាគឺសុទ្ធតែមានការជួបទុក្ខលំបាកដូចៗគ្នា។ ជាក់ស្តែងសព្វថ្ងៃនេះ ខ្ញុំគឺជាជនពិការស្វិតជើង និងមានជំងឺសន្លាក់ដៃជើង មូលហេតុដែលខ្ញុំកើតមានជំងឺទាំងនេះគឺក្នុងអំឡុងឆ្នាំ១៩៨០ ខ្ញុំបានឡើងទៅលើភ្នំដើម្បីរកឧសនិងកាប់ឫស្សី សម្រាប់រៀបចំចាប់ផ្តើមកសាងជីវភាពសារជាថ្មី ក៏ប៉ុន្តែជាអកុសលខ្ញុំបានជួបជាមួយនឹងពួកខ្មែរក្រហមបានវាយប្លន់ខ្ញុំ និងបានកាប់ខ្ញុំនឹងពូថៅចំឆ្អឹងខ្នងរបស់ខ្ញុំ។ ខ្ញុំត្រូវបានបងស្រីបង្កើតបញ្ជូនខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យវៀតណាម។ រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំពុំអាចធ្វើអ្វីបាននោះទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងារសហគមន៍បាក់នឹម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចំពោះការផ្ដល់រទេះរុញមកដល់ខ្ញុំ។

ខ្ញុំឈ្មោះ ណូន កន ភេទប្រុស អាយុ៦៨ឆ្នាំ កើតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ននេះខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កុំឡុងរបបខ្មែរក្រហមចូលមកកាន់អំណាចក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំព្រមទាំងប្រជាជនផ្សេង​ទៀតឱ្យបែកចេញពីគ្រួសារឃ្លាតឆ្ងាយពីបងប្អូន ហើយពួកខ្មែរក្រហម បានបង្កើតជាសហករណ៍ ដែលកាលនោះ ខ្ញុំទើបមានអាយុ១៩ឆ្នាំ។ ខ្ញុំត្រូវខ្មែរក្រហមបញ្ជូនឱ្យទៅធ្វើការក្នុងកងចល័ត ជីកទំនប់ រែកដី ជីកប្រឡាយ និងប្រើឱ្យធ្វើការមិនមានពេលសម្រាក ធ្វើការលើសកម្លាំងពលកម្ម ជួនឈឺជួនជា ហើយខ្ញុំក៏មិនហ៊ានសម្រាកទេ ពីព្រោះខ្លាចខ្មែរក្រហមវាយធ្វើបាប បង្អត់អាហារ និងខ្លាចខ្មែរក្រហមសម្លាប់។ ចំណែកការហូបចុកវិញក្នុងរបបខ្មែរក្រហម គឺហូបចុកមិនបានគ្រប់គ្រាន់ទេ មានតែហូបបបរបន្តិចបន្តួចជាមួយនឹងអំបិល។ ពេលខ្លះឃ្លានពេកដើរបេះត្រួយស្លឹកដំឡូងមី និងត្រកួនហូបបន្ថែម។ មានពេលមួយនោះ ខ្ញុំកំពុងធ្វើការនៅកងចល័ត ខ្ញុំបានឃើញខ្មែរក្រហមមួយក្រុមបានចាប់ប្រជាជនដែលកំពុងធ្វើការជាមួយខ្ញុំចងដៃនិងដាក់ច្រវាក់ជើងយកចេញទៅបាត់ ដោយចោទថាពួកគាត់បានលួចរបបក្នុងសហករណ៍រួមហូប។ បច្ចុប្បន្នខ្ញុំមានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួន ជំងឺលើសឈាម និងវង្វេងបាត់បង់ស្មារតី។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ចំពោះការផ្តល់រទេះរុញផ្តល់ដល់ខ្ញុំ។

ខ្ញុំឈ្មោះ ខៀវ សុផុន ភេទប្រុស អាយុ៦៦ឆ្នាំ កើតនៅឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ រឿងរ៉ាវដែលខ្ញុំបានចងចាំមិនអាចបំភ្លេចបាន ក្នុងរបបខ្មែរក្រហម គឺជារបបមួយដែលផ្ដាច់ការ គឺពេលនោះខ្មែរក្រហម បានជម្លៀសប្រជាជនចេញពីភូមិស្រុកកំណើត។ ខ្ញុំទើបមានអាយុ១៧ឆ្នាំ តែប៉ុណ្ណោះ ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការកងចល័ត ជីកទំនប់ និង រែកដីជាដើម។ ក្រោយមកពួកខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើជាទាហានការពារតាមព្រំដែនវៀតណាម។ រហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមករំដោះប្រទេស ក៏មានការផ្ទុះអាវុធដាក់គ្នា បណ្ដាលឲ្យខ្ញុំទទួលរងរបួសខូចជើង នឹងត្រូវកាត់ជើងមួយចំហៀង។ បន្ទាប់ពីបានជាសះស្បើយរបួសជើងបន្ដិច ខ្ញុំបានភៀសខ្លួនចេញទៅដល់ព្រំដែនកម្ពុជាថៃ ហើយនៅមិនយូរប៉ុន្មាន ទើបខ្ញុំបានវិលមករស់នៅខេត្តកំពតវិញ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាជាអនេក ដែលបានផ្តល់រទេះរុញសម្រាប់ខ្ញុំដែលជាជនពិការ។

ខ្ញុំឈ្មោះ ទូច សុខលី ភេទប្រុស អាយុ៤៩ឆ្នាំ កើតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ថ្វីត្បិតតែ ខ្ញុំកើតពុំទាន់របបខ្មែរក្រហម ប៉ុន្តែឪពុក និង ម្តាយរបស់ខ្ញុំ គាត់ធ្លាប់បាននិយាយរឿងរ៉ាវជាច្រើនដែលគាត់នៅចងចាំប្រាប់ខ្ញុំដូចជា៖ ការកាប់សម្លាប់មនុស្ស ការបង្អត់អាហារ និងប្រើមនុស្សឱ្យធ្វើការងារលើសកម្លាំង។ លើសពីនេះទៅទៀត ខ្មែរក្រហមបានកែនប្រជាជនស្លូតត្រង់ជាច្រើនឱ្យទៅចូលបម្រើកងទ័ព ជាពិសេសតាមព្រំដែនវៀតណាម ដែលបណ្ដាលឲ្យប្រជាជនជាច្រើននាក់បានស្លាប់។ បច្ចុប្បន្នខ្ញុំពិការ និង មានជំងឺប្រចាំកាយជាច្រើន និងពិបាកក្នុងការនិយាយ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលឯកសារកម្ពុជានិងក្រុមការងារដែលបាននាំផ្ដល់រទេះរុញដល់ខ្ញុំ។

អត្ថបទ ៖ ផាត ពន្លក អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖