មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំបណ្តុះបណ្តាលកិច្ចការស្រាវជ្រាវអំពីប្រវត្តិសាស្រ្តកម្ពុជា ប្រជាធិបតេយ្យ (១៩៧៥-៧៩) ដល់សិស្សវិទ្យាល័យមេសាង

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សវ័យក្មេងចំនួន១៥នាក់ មកពីវិទ្យាល័យ មេសាង ស្រុកមេសាង ខេត្តព្រៃវែង បានមកទទួលការបណ្តុះបណ្តាលពីវិធីសាស្ត្រស្រាវជ្រាវកម្រិតបឋម  នៅការិយាល័យមជ្ឈមណ្ឌល​ឯក​សារខេត្តព្រៃវែង ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅពេញមួយថ្ងៃជាមួយនឹងមាតិកាមួយចំនួន រួមមាន ៖ ១) ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ២) វិធីសាស្ត្រក្នុងការអនុវត្តកិច្ចការ​ស្រាវជ្រាវ ៣) ការជ្រើសរើសប្រធានបទស្រាវជ្រាវ ៤) ការបែងចែកក្រុមស្រាវជ្រាវ ៥) ការកំណត់កាលវិភាគអនុវត្តកិច្ចការស្រាវជ្រាវ និង ៦) ការចុះទៅកាន់មូលដ្ឋានដើម្បីអនុវត្តសាកល្បងពីកិច្ចសម្ភាសន៍។

ហេតុអ្វីបណ្តុះបណ្តាលកិច្ចការស្រាវជ្រាវ?

អត្ថបទ និងសំណេរស្រាវជ្រាវជាច្រើនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ធ្លាប់ត្រូវបានសរសេរដោយអ្នកស្រាវជ្រាវ, និស្សិតដែលនឹងត្រូវបញ្ចប់ការសិក្សា, បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ឬ មន្ត្រីរាជការនៅស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែយើង​ពុំទាន់ឃើញមានការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម ដោយក្មេងៗដែលជាសិស្សកម្រិតវិទ្យាល័យនៅឡើយទេ។ ម្យ៉ាងទៀត ការសិក្សានៅកម្រិតវិទ្យាល័យអំពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺនៅមានកម្រិតតិចតួច ហើយការ​យល់ដឹងអំពីប្រវត្តិសាស្ត្រនេះតាមរយៈគ្រូបង្រៀន គឺនៅពុំទាន់គ្រប់គ្រាន់ក្នុងការឈ្វេងយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនេះទេ។ ក្មេងៗទាំងនោះ គួរតែឈ្វេងយល់ឲ្យស៊ីជម្រៅបន្ថែមទៀត តាមការសិក្សាស្រាវជ្រាវ និងការជួប​សន្ទនា​ជាមួយចាស់ៗនៅក្នុងភូមិ ដែលត្រូវជាជីដូនជីតា និងសាច់ញាតិរបស់ខ្លួន។ ក្មេងៗមួយចំនួននៅមិនទាន់ជឿថា របប​ខ្មែរក្រហមបានកើតឡើង ហើយបានសម្លាប់មនុស្សអស់រាប់លាននាក់ទេ។ ស្របពេលជាមួយគ្នានេះ ជីដូនជីតា ឬចាស់ទុំក្នុងភូមិ កាន់តែលែងមានទំនុកចិត្តក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនប្រាប់ទៅក្មេងៗទៀត ព្រោះក្មេងៗទាំងនោះនៅមានភាពស្ទាក់ស្ទើរក្នុងការជឿថាមានរបបខ្មែរក្រហមកាលពីអតីតកាល។

ចំណោទបញ្ហាទាំងនេះ បានជំរុញឲ្យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង គិតគូរ និងជំរុញលើកទឹកចិត្តឲ្យក្មេងៗឈ្វេងយល់អំពីវិធីសាស្ត្រស្រាវជ្រាវ ដើម្បីធ្វើការស្រាវជ្រាវពីភាពពិតប្រាកដនៅក្នុងសង្គមកម្ពុជាក្នុងអំឡុងទសវត្សរ៍​ឆ្នាំ១៩៧០។ ម៉្យាងទៀត យើងជឿជាក់ថា ការសន្ទនា និងការផ្ទេរចំណេះដឹងដែលបានមកពីការស្រាវជ្រាវផ្ទាល់របស់អ្នកស្រាវជ្រាវវ័យក្មេង ទៅកាន់មិត្តភក្តិ មិត្តរួមថ្នាក់ និងអ្នកដែលមានវ័យស្របាលគ្នា គឺមានប្រសិទ្ធភាពបំផុត។ សិស្សានុសិស្សអាចធ្វើបទបង្ហាញពីកិច្ចការស្រាវជ្រាវរបស់ខ្លួននៅក្នុងថ្នាក់ ហើយធ្វើជាម្ចាស់លើសំណេរស្រាវជ្រាវរបស់ខ្លួន។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖

១) លើកកម្ពស់ការយល់ដឹងពីមាតិកាប្រវត្តិសាស្ត្រកាន់តែស៊ីជម្រៅ។

២) លើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងកិច្ចការស្រាវជ្រាវឲ្យកាន់តែប្រសើរឡើង។

៣) បង្កើនចំណេះដឹងពីកិច្ចការស្រាវជ្រាវនៅកម្រិតវិទ្យាល័យ។

៤) បង្កើនទំនាក់ទំនងនៅក្នុងសង្គម និងការសន្ទនាអន្តរជំនាន់រវាងក្មេងៗ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

៥) កសាងប្រវត្តិសាស្ត្រភូមិដោយខ្លួនឯងដើម្បីទុកជាឯកសារប្រវត្តិសាស្ត្រ។

កម្មវិធីបណ្តុះបណ្តាលនេះគឺ៖

ពេលព្រឹក៖

  • បទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រ «ការជម្លៀសប្រជាជនដោយបង្ខំ» និងសំណួរ-ចម្លើយ។
  • បទបង្ហាញពីវិធីសាស្ត្រស្រាវជ្រាវ​ (កម្រិតបឋម) និងដំណាក់កាលនៃការចុះអនុវត្តការស្រាវជ្រាវ។
  • ការជ្រើសរើសប្រធានបទស្រាវជ្រាវ និងការពិភាក្សាពីប្រធានបទ (ដែលបានជ្រើសរើសរួចហើយ)។
  • បង្កើតសំណួរស្រាវជ្រាវចេញពីប្រធានបទ។
  • បង្កើតសំណួរគោលចេញពីសំណួរស្រាវជ្រាវ។
  • បង្កើតកម្រងសំណួរសម្រាប់សម្ភាសន៍ ចេញពីសំណួរគោល។

ពេលរសៀល៖

  • ការបែងចែកក្រុមស្រាវជ្រាវ។
  • ការសម្ភាសន៍សាកល្បងជាមួយសិស្សគ្នាឯង។
  • ការបែងចែកកាលវិភាគសម្រាប់កិច្ចការស្រាវជ្រាវ។
  • ការចុះទៅកាន់មូលដ្ឋាន ដើម្បីអនុវត្តការសម្ភាសន៍សាកល្បងជាមួយអ្នករស់រានមានជីវិត។

សកម្មភាពបណ្តុះបណ្តាល

បទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រ «ការជម្លៀសប្រជាជនដោយបង្ខំ»៖

លោក ផេង ពង្សរ៉ាស៊ី គឺជានាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងជាគ្រូឧទ្ទេស បានណែនាំពីវត្ថុបំណងនៅក្នុងថ្ងៃនេះ និងបានបង្ហាញពីមាតិកានៃវគ្គបណ្តុះបណ្តាលសម្រាប់រយៈពេលមួយថ្ងៃពេញ។ មុននឹងធ្វើបទ​បង្ហាញ​ពីមាតិកា​ប្រវត្តិសាស្ត្រខ្មែរក្រហម លោក ផេង ពង្សរ៉ាស៊ី បានផ្តល់អនុសាសន៍ខ្លះៗទៅកាន់អ្នកចូលរួមថា ការធ្វើកិច្ចការស្រាវជ្រាវគឺជាការដោះស្រាយចម្ងល់របស់អ្នកស្រាវ​ជ្រាវអំពីប្រធានបទអ្វីមួយ ហើយដំណោះស្រាយដែលបាន​មក​ពីការ​ស្រាវ​ជ្រាវ គឺជាមេរៀនដែលគួរឈ្វេងយល់។

លោក ផេង ពង្សរ៉ាស៊ី បានចំណាយពេលវេលាជាងកន្លះម៉ោង ដើម្បីធ្វើបទបង្ហាញអំពី «ការជម្លៀសប្រជាជនដោយបង្ខំ» របស់ខ្មែរក្រហម។ បទបង្ហាញនេះ បង្ហាញពីចេតនាច្បាស់លាស់មួយរបស់គ្រូឧទ្ទេស ដើម្បីឲ្យអ្នកស្រាវជ្រាវវ័យ​ក្មេង​ទាំងអស់ឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍នៃការជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែរក្រហម ដែលបានកើតឡើងតាំងពីមុនការចូលកាន់កាប់ប្រទេសកម្ពុជារបស់ខ្លួន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បទបង្ហាញនេះ មានគោលបំណងចង់ឲ្យអ្នកស្រាវជ្រាវវ័យក្មេង ផ្តោតការយកចិត្តទុកដាក់ទៅលើព្រឹត្តិការណ៍នៃការជម្លៀស ហើយលើកជាសំណួរផ្សេងៗ ដែលអាចឈានដល់ការកំណត់ប្រធានបទក្នុងការស្រាវជ្រាវ។

បទបង្ហាញពីអំវិធីសាស្ត្រស្រាវជ្រាវ (កម្រិតបឋម) និងដំណាក់កាលនៃការចុះអនុវត្តការស្រាវជ្រាវ

លោក ផេង ពង្សរ៉ាស៊ី ចាប់ផ្តើមការធ្វើបទបង្ហាញរបស់ខ្លួនអំពីការបង្ហាញធាតុផ្សំសំខាន់ៗចំនួនបី ដែលចាំបាច់បំផុតក្នុងការសិក្សាស្រាវជ្រាវ។ ធាតុផ្សំទាំងនោះគឺ ឯកសារ ទីតាំង និងមនុស្សដែលជាគោលដៅក្នុងការសម្ភាសន៍។ បន្ទាប់​មកលោក ផេង ពង្សរ៉ាស៊ី បានបន្តទៅចំណុចផ្សេងៗទៀត រួមមាន ៖ ឥរិយាបទក្នុងពេលសម្ភាសន៍, សំណួរចាំបាច់ប្រើក្នុងពេលសម្ភាសន៍, ការរៀបចំកម្រងសំណួរ, ការជ្រើសរើសគោលដៅសម្ភាសន៍, ការប្រមូលទិន្នន័យកិច្ចសម្ភាសន៍, ការធ្វើប្រតិចារិកកិច្ចសម្ភាសន៍, ការរៀបចំអត្ថបទតាមកាលបរិច្ឆេទ, ការរៀបចំគម្រោងស្រាវជ្រាវ, ការរៀបចំគម្រោងសំណេរ និងការសរសេរ។

បន្ទាប់ពីបានបង្ហាញនិងពិភាក្សាគ្នាពីចំណុចខាងលើរួចមកលោក ផេង ពង្សរ៉ាស៊ី បានផ្តល់ពេលវេលាដល់អ្នកចូលរួមលើកពីចម្ងល់ផ្សេងៗ ទាក់ទងនឹងចំណេះដឹងពីការជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែក្រហម។ លោក ផេង ពង្សរ៉ាស៊ី បានលើកជាសំណួរទៅកាន់អ្នកចូលរួមថា «តើប្អូនមានចម្ងល់អ្វីខ្លះទាក់ទងនឹងការជម្លៀសដោយបង្ខំ?»។ លោក ផេង ពង្សរ៉ាស៊ី បានបន្ថែមថា «ចម្ងល់របស់ប្អូន គួរតែជាចម្ងល់ដែលទាមទារឲ្យប្អូនធ្វើការស្រាវ​ជ្រាវទៅ​លើសំណួរជាមុនសិន ទើបអាចរកចម្លើយឃើញ»។ នេះមានន័យថា សំណួរដែលនឹងត្រូវលើកឡើង គឺជាសំណួរស្រាវជ្រាវដែលផ្តោតលើវិសាលភាព ហេតុផល និងវិធីដែលមានព្រឹត្តិការណ៍មួយបានកើតមានឡើង។ នៅទីបំផុត សំណួរស្រាវជ្រាវមួយ ត្រូវបានលើកយកមកពិភាក្សា ហើយអ្នកចូលរួមទាំងអស់បានឯកភាពគ្នាក្នុងការកំណត់ប្រធានបទស្រាវជ្រាវតូចមួយស្តីអំពី ឥទ្ធិពល​នៃការជម្លៀសប្រជាជនដោយបង្ខំនៅស្រុកមេសាង។

សិស្សានុសិស្សវ័យក្មេង បាននាំគ្នារិះគិតស៊ីជម្រៅពីប្រធានបទនេះ ដោយមានការផ្តល់យោបល់ពីគ្រូឧទ្ទេស និងគ្រូជំនួយម្នាក់ទៀតឈ្មោះ ប៉ុត ម៉ាក់ ដែលជាគ្រូបង្រៀនប្រវត្តិវិទ្យា។ ដំបូង សិស្សនាំគ្នាពិភាក្សាអំពី «សំណួរស្រាវជ្រាវ»។ បន្ទាប់មក ពិភាក្សាអំពី «សំណួរគោល» ចេញពីសំណួរស្រាវជ្រាវ ហើយចុងក្រោយ គឺជាការពិភាក្សាអំពី «សំណួរលម្អិតមួយចំនួនសម្រាប់ការចុះទៅសម្ភាសន៍» ដែលជាផ្នែកសំខាន់ៗនៃសំណួរគោលនីមួយៗ។

នៅពេលរសៀល សិស្សទាំងអស់ត្រូវបានបែងចែកជាក្រុមៗដើម្បីទទួលបន្ទុកធ្វើកិច្ចការងារស្រាវជ្រាវតាមផ្នែកនីមួយៗដែលជាចំណងជើងរងនៃ «ឥទ្ធិពលនៃការជម្លៀសប្រជាជនដោយបង្ខំនៅឃុំស្វាយជ្រុំ ស្រុកមេសាង» ហើយការ​រៀប​ចំកាលវិភាគសម្រាប់កិច្ចការងារនេះ ក៏ត្រូវបានធ្វើឡើងផងដែរ។ បន្ទាប់មក សិស្សតាមក្រុមនីមួយៗដែលបានបែងចែករួច បានអនុវត្តការសម្ភាសន៍សាកល្បងរបស់ខ្លួន ជាមួយសមាជិកក្រុម និងមានឱកាសក្នុងការចុះទៅ​កាន់មូល​ដ្ឋានជួបសម្ភាសន៍សាកល្បងជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីពង្រឹងសមត្ថភាពសម្ភាសន៍របស់ខ្លួន។

នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេសបានផ្តល់យោបល់បន្ថែមទាក់ទងនឹងការសម្ភាសន៍ថា អ្នកស្រាវជ្រាវគួរតែមានភាពឆ្លាតវៃក្នុងការសួរ និងកត់ត្រានូវអ្វីដែលជាព្រឹត្តិការណ៍សំខាន់ៗដែលអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហមបាននិយាយប្រាប់។ លើសពីនេះទៀត គ្រូឧទ្ទេសបានរំឭកឲ្យអ្នកស្រាវជ្រាវទាំងអស់អនុវត្តតាមកាលវិភាគ ដែលបានធ្វើរួចរាល់ ដើម្បីធានាថា កិច្ចការងារស្រាវជ្រាវនឹងត្រូវបញ្ចប់ទាន់ពេលវេលា និងមានគុណភាព។

ក្រោយពីចប់វគ្គបណ្តុះបណ្តាលសិស្សានុសិស្សបានបង្ហាញនូវចំណាប់អារម្មណ៍ ដូចខាងក្រោម៖

១) ញឹម ភារក្ស

ញឹម ភារក្ស ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមេសាង រស់នៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រៀបរាប់ថា  នៅថ្ងៃនេះ ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានមកសិក្សាពីប្រវតិ្តសាស្រ្តដែលខ្ញុំមិនបាន​កើតទាន់ និងមិនបានឃើញផ្ទាល់ភ្នែក ប៉ុន្តែទិដ្ឋភាពដែលលោកគ្រូបានពន្យល់ណែនាំ ធ្វើឲ្យខ្ញុំឈឺចាប់ប្រៀបបានដូចជារូបខ្ញុំនៅក្នុងសម័យនោះដែរ។ លោកគ្រូរបស់ខ្ញុំ បាននាំរូបខ្ញុំមកសិក្សាស្រាវជ្រាវអំពីប្រវតិ្តសាស្រ្តខ្មែរក្រហម នៅ​មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ ចំណែក​លោកគ្រូ ផេង ពង្សរ៉ាស៊ី ដែលជាគ្រូឧទ្ទេស បាននិយាយអំពីរបបប្រល័យពូជសាសន៍ ឆ្នាំ១៩៧៥-១៩៧៩ និងនិយាយពីការជម្លៀសប្រជាជនដោយបង្ខំ។ លោកគ្រូ ផេង ពង្សរ៉ាស៊ី បានដាក់​ការ​ងារស្រាវជ្រាវតាមភូមិឃុំ ដែលប្រធានបទនិយាយអំពីការជម្លៀសប្រជាជន ហើយសំណួរដែលក្រុមរបស់ខ្ញុំផ្ដោតសំខាន់នោះគឺ «ទាក់ទងនឹងការឈឺចាប់ផ្លូវកាយរបស់ប្រជាជន»។ សម្រាប់ប្រធានបទនេះ ខ្ញុំគិតថាល្អខ្លាំងណាស់ ព្រោះបានបង្កើនចំណេះដឹង និងបានដឹងពីរឿងរ៉ាវរបស់ចាស់ៗនៅក្នុងភូមិ។ ក្នុងនាមខ្ញុំជាសិស្សថ្នាក់ទី១២ ខ្ញុំមានការតាំងចិត្តយ៉ាងមុតមាំក្នុងការស្រាវជ្រាវពីប្រវត្តិ​សាស្រ្ត តាមរយៈការសិក្សាស្រាវជ្រាវពីប្រជាជននៅតាមភូមិឃុំ ហើយ​ក៏តាំងចិត្តធ្វើការងារនេះឲ្យល្អសម្រាប់អ្នកជំនាន់ក្រោយ។

២) ប៊ុនធឿន សារ៉ា

ប៊ុនធឿន សារ៉ា ភេទស្រី អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមេសាង រស់នៅភូមិប្រហ៊ូត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង រៀបរាប់ថា នៅថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយ ព្រោះខ្ញុំបានទទួលចំណេះដឹងថ្មីៗ ប្លែកៗ និងរីករាយក្នុងការទទួលមេរៀនពីលោកគ្រូ។ ចំពោះមេរៀនថ្ងៃនេះលោកគ្រូបង្រៀនពីការជម្លៀសប្រជាជននៅក្នុងរបបខ្មែក្រហម ក៏ដូចជាការរៀបចំកិច្ចការស្រាវជ្រាវ។ សម្រាប់កិច្ចការស្រាវជ្រាវដែលលោកគ្រូបានដាក់គឺ ការជម្លៀស​ប្រជាជនដោយបង្ខំ ហើយប្រធានបទដែលក្រុមនាងខ្ញុំត្រូវស្រាវជាវគឺ «ការប៉ះពាល់ទៅលើបញ្ញាស្មារតីប្រជាជន» ថា «តើនៅក្នុងរបបខ្មែរក្រហមមានផលប៉ះពាល់អ្វីខ្លះដល់ស្មារតីប្រជាជន?»។ ចំពោះប្រធានបទនេះគឺធ្វើឲ្យយើងចង់​សិក្សាស្រាវជ្រាវពីផលប៉ះពាល់ទៅលើបញ្ញាស្មារតីរបស់ប្រជាជន បន្ទាប់ពីរបបខ្មែរក្រហមកើតឡើង ហើយខ្ញុំតាំងចិត្តថាធ្វើប្រធានបទនេះឲ្យល្អ ព្រោះលោកគ្រូបានពន្យល់ណែនាំខ្ញុំយ៉ាងច្រើនពីរបៀបធ្វើកិច្ចការស្រាវជ្រាវ។

៣) គង់ ចាន់ណា

គង់ ចាន់ណា ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមេសាង រស់នៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង រៀបរាប់ថា ខ្ញុំពិតជាសប្បាយចិត្តដែលបានសិក្សាពីប្រវត្តិសាស្រ្ដដ៏ជូរចត់របស់ខ្មែរ។ នៅក្នុង​ថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹងវិធីសាស្រ្ដស្រាវ​ជ្រាវ និងចងក្រងឯកសារ ហើយខ្ញុំនឹងចែករំលែកទៅមិត្តដទៃទៀតដែលមិនបានចូលរៀនដូចខ្ញុំ។ បន្ថែមពីនេះទៀត ខ្ញុំបានដឹងថា របបកម្ពុជាប្រជាធិបតេយ្យគឺជារបបដែល​គួរ​ឲ្យ​ខ្លាចបំផុត ព្រោះមេដឹកនាំមិនបានខ្វល់ពីប្រជាជន និងបណ្តោយឲ្យអ្នកក្រោមបង្គាប់ធ្វើបាបប្រជាជន គំរាមកំហែង វាយដំប្រជាជនយ៉ាងព្រៃផ្សៃ។ លើសពីនេះ ប្រជាជនដែលរស់នៅក្នុងរបបនោះទទួលរងនូវវិប្បដិសារី និងរងនូវផល​ប៉ះពាល់មកលើរូបរាងកាយ ផ្លូវចិត្ត និងប៉ះពាល់មកដល់ជីវភាពរស់នៅ។ ថ្ងៃនេះ ក្រុមរបស់ខ្ញុំបានទទួលប្រធានបទស្រាវជ្រាវមួយដែលនិយាយអំពី ផលពិបាកផ្លូវចិត្តរបស់ប្រជាជនដែលត្រូវបានជម្លៀសដោយបង្ខំ។ ចំពោះប្រធានបទ​នេះ​ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ ព្រោះនៅពេលដែលខ្ញុំសិក្សាស្រាវជ្រាវរួច ខ្ញុំនឹងបានដឹងអំពីទឹកចិត្តរបស់អ្នកដែលឆ្លងកាត់របបខ្មែរក្រហម តាមរយៈការរៀបរាប់របស់គាត់ និងដឹងពីផលលំបាករបស់គាត់ដែលរស់នៅក្នុងរបប​ដែល​មាន​ការគំរាមកំហែង បំបិទសិទ្ធិសេរីភាពមនុស្ស និងប្រព្រឹត្តលើមនុស្សដូចជាសត្វធាតុ។ ចំពោះប្រធានបទនេះ ខ្ញុំមានជំនឿចិត្តថា ខ្ញុំនឹងអាចធ្វើវាបាន ហើយខ្ញុំក៏បានគិតក្នុងចិត្តរួចហើយថាបន្ទាប់ពីបញ្ចប់វេទិកានេះ ខ្ញុំនឹងសម្ភាសន៍អ្នក​រស់​រានមានជីវិតពីរបបខ្មែរក្រហមយ៉ាងហោចណាស់ឲ្យបាន១០នាក់។ មូលហេតុដែលខ្ញុំគិតថាសម្ភាសន៍ឲ្យបាន១០នាក់ ព្រោះខ្ញុំទទួលបានការណែនាំពីលោកគ្រូ ផេង ពង្សរ៉ាស៊ី ដែលបានពន្យល់យ៉ាងល្អអំពីវិធីសាស្រ្ដស្រាវជ្រាវ និង​សម្ភាសន៍។ ម្យ៉ាងទៀត ក្រុមរបស់ខ្ញុំមានគម្រោងបែងចែកសមាជិកក្រុមឲ្យទៅសម្ភាសន៍យាយតា និងសាចញាតិរបស់ខ្លួន ហើយខ្ញុំនឹងសម្ភាសន៍អ៊ំរបស់ខ្ញុំឲ្យបាន៣នាក់ក្នុងរយៈពេល២សប្ដាហ៍នេះ។

៤) ម៉េត មល់

ម៉េត មល់ ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២F នៃវិទ្យាល័យមេសាង រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង រៀបរាប់ថា កម្មវិធីសិក្សាស្រាវជ្រាវ និងសិក្សាអំពីប្រវត្តិសាស្រ្ដខ្មែរក្រហមគឺល្អណាស់​សម្រាប់​សិស្សានុសិស្សដូចជាខ្ញុំ ព្រោះខ្ញុំបានដឹងអំពីប្រវត្តិសាស្រ្ដ ប្រទេសរបស់ខ្លួន។ ចំណេះដឹងដែលខ្ញុំទទួលបាននៅក្នុងថ្ងៃនេះគឺ បទពិសោធន៍នៃការរស់នៅរបស់ប្រជាជនខ្មែរទាំងអស់ដែលបានឆ្លងកាត់ការលំបាកកន្លងមក។ មួយវិញទៀត ខ្ញុំបានដឹងអំពីវិធីសាស្រ្ដស្រាវជ្រាវឯកសារ ចងក្រងឯកសារទុកឲ្យក្មេងជំនាន់ក្រោយទៀត។ ការចងក្រងឯកសារគឺជាមេរៀនមួយដើម្បីឲ្យកូនចៅជំនាន់ក្រោយចេះការពារ និងបដិសេធន៍ការដឹកនាំដែលមិនល្អ និងគាំទ្រទៅលើថ្នាក់​ដឹកនាំ​ដែល​ចេះគិតគូរពីប្រជាជន។ ចំពោះមេរៀនទាក់ទងរបបខ្មែរក្រហមខ្ញុំទទួលបានចំណេះដឹងទាក់ទងទៅនឹងការជម្លៀសប្រជាជនចេញពីទីក្រុង ទីប្រជុំជន ឲ្យទៅធ្វើស្រែចម្ការ លើកទំនប់ ជីកប្រឡាយ។ ការជម្លៀសប្រជាជនធ្វើ​ឡើងដោយការគំរាមកំហែង និងការបាញ់សម្លាប់ប្រជាជន។ ចំពោះប្រធានបទដែលខ្ញុំទទួលបានក្នុងថ្ងៃនេះគឺ ការជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទ។ ខ្ញុំយល់ថាប្រធានបទនេះល្អខ្លាំងណាស់សម្រាប់​ក្រុមខ្ញុំដើម្បីយកទៅសិក្សា​ស្រាវជ្រាវ និងចងក្រងឯកសារដាក់ចូលក្នុងកម្មវិធីសិក្សាបន្តទៅទៀត។ នៅថ្ងៃអនាគតខ្ញុំចង់ធ្វើជាអ្នកដឹកនាំនយោបាយមួយរួប ដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

៥) សុង រីយា

សុង រីយា ភេទស្រី មានអាយុ១៦ឆ្នាំ រៀននៅថ្នាក់១២D នៃវិទ្យាល័យមេសាង រៀបរាប់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឲ្យខ្ញុំបានដឹងច្រើនជាងមុនពីរបបខ្មែរក្រហម។ ម្យ៉ាងទៀត ខ្ញុំទទួលបាននូវបទពិសោធន៍ថ្មីជាច្រើន ជាពិសេសគឺរបៀប​នៃ​ការចុះសិក្សាស្រាវជ្រាវទាក់ទងប្រធានបទដែលលោកគ្រូបាន​ដាក់ឲ្យធ្វើ ដែលប្រធានបទនោះនិយាយអំពីឥទ្ធិពល ឬផលប៉ះពាល់នៃការជម្លៀសប្រជាជនដោយបង្ខំ។ ខ្ញុំមានការពេញចិត្តចំពោះប្រធានបទដែលលោកគ្រូដាក់ឲ្យធ្វើ ក៏ព្រោះតែប្រធានបទនេះមិនលំបាកពេក ហើយក៏មិនស្រួលពេកដែរសម្រាប់ខ្ញុំ។ ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់រហូតដល់ទៅ៨០ភាគរយ ក្នុងការបំពេញកិច្ចការនេះឲ្យបានជោគជ័យ និងទាន់ពេលវេលាក្នុងរយៈ​ពេល​៣ខែ។ ខ្ញុំសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានល្អ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់លោកគ្រូ ដែលបានបង្រៀនសិស្សទាំងអស់អំពីរបៀបស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម។

៦) ហន នីហ័រ

ហន នីហ័រ ភេទស្រី មានអាយុ១៥ឆ្នាំ រៀននៅថ្នាក់ទី១២F នៃវិទ្យាល័យមេសាង រៀបរាប់ថា ខ្ញុំចង់មករៀននៅទីនេះ គឺខ្ញុំចង់ដឹងអំពីការស្រាវជ្រាវ និងហេតុការណ៍ផ្សេងៗដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងចង់​ស្រាវ​ជ្រាវឲ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងហេតុការណ៍កើតឡើងនៅក្នុងរបបនីមួយៗ ថារបបនេះមានអ្វីខ្លះបានកើតឡើង ជាពិសេសរបបខ្មែរក្រហមបាន​ធ្វើអ្វីខ្លះមកលើយាយតាយើង។ តាមរយៈការសិក្សារៀនសូត្រ និងតាមរយៈតាយាយដែលធ្លាប់បាននិយាយប្រាប់ខ្ញុំកន្លងមក ខ្ញុំគិតថាពួកគាត់ជួបទុក្ខលំបាកជាច្រើន ហើយគាត់ក៏មានសំណាងដែលបានរួចរស់ជីវិតពីរបបខ្មែរក្រហម។ យាយតារបស់ខ្ញុំធ្លាប់បាននិយាយប្រាប់ខ្ញុំថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬក៏របប ប៉ុល ពត គាត់បានជួបទុក្ខលំបាកជាច្រើនដោយសារការបង្អត់អាហារ ការចាប់គូឲ្យរៀបការដោយមិនបានស្រឡាញ់គ្នា ការធ្វើការងារហួសកម្លាំង និងមិនបានសម្រាកគ្រប់គ្រាន់ ជាពិសេសមិនបានហូបអាហារដែលយើងចង់ហូប។ ពេលយើងធ្វើអ្វីមួយត្រូវធ្វើដោយលួចលាក់ ព្រោះយើងស្ថិតនៅក្រោមការតាមដានរបស់អង្គការ។ ក្រៅពីនេះ ក្រុមគ្រួសាររស់នៅដោយមិន​ទុកចិត្ត​គ្នា។ ចំពោះការស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរក្រហម ខ្ញុំមានការជឿជាក់ថា ខ្ញុំអាចធ្វើបានចំពោះប្រធានបទដែលលោកគ្រូបានដាក់ឲ្យក្រុមរបស់ខ្ញុំសិក្សាស្រាវជ្រាវអំពី ៖ តើនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ការជម្លៀសប្រជាជនទាំងបង្ខំ បានផ្តល់ផលប៉ះពាល់អ្វីខ្លះមកលើរាងកាយប្រជាជនកម្ពុជា។ ខ្ញុំតាំងចិត្តថាខ្ញុំនឹងធ្វើកិច្ចការនេះឲ្យបានល្អ ព្រោះខ្ញុំចង់បានស្នាដៃមួយដែលជារបស់ខ្លួន ជាពិសេសខ្ញុំចង់ពង្រឹងភាពក្លាហានរបស់ខ្ញុំនៅក្នុងការជួបសំណេះសំណាលជា​មួយតាយាយនៅក្នុងភូមិ។ រហូតមកដល់សម័យនេះ ការរស់នៅមានភាពងាយស្រួល ដូច្នេះយើងគប្បីខិតខំសិក្សារៀនសូត្រ ជាពិសេស ខិតខំស្រាវជ្រាវអំពីប្រវត្តិសាស្ត្ររបស់ប្រទេសយើងឲ្យបានច្រើន។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖