ប្រាក់ អ៊ី ៖ ក្រុមគ្រួសារខ្ញុំប្រគល់មាសប្រាក់ទាំងអស់ឲ្យខ្មែរក្រហម ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់

ខ្ញុំឈ្មោះ ប្រាក់ អ៊ី មានអាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវប្រធានកងចាត់តាំងឲ្យធ្វើការងារជាច្រើនរួមមាន ចុងភៅ, ធ្វើស្រែ, ដាំដំណាំ, ជីកប្រឡាយ, ជាន់រហាត់ទឹក, បុកអង្ករ និងវាស់ទំហំដីឲ្យអ្នកភូមិច្រូតស្រូវជាដើម។

ដំណាក់កាលដំ​បូងដែលកងទ័ពខ្មែរក្រហមទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើស្រែរួមគ្នាជាមួយអ្នកភូមិឯទៀត ហើយដាក់ដីស្រែរួមគ្នា ប៉ុន្តែការហូបចុកនៅតាមផ្ទះរៀងៗខ្លួនជាធម្មតា។  មិនបានរយៈពេលប៉ុន្មានផង គឺនៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមបង្កើតជាសហករណ៍។ ខ្មែរក្រហមចាប់ប្រមូលសម្ភារមានតម្លៃ មាស ប្រាក់ ពីអ្នកភូមិទាំងអស់ យកមកដាក់រួម ហើយប្រជាជនទាំងអស់ត្រូវទៅហូបបាយរួមគ្នា។ ប្រជាជនដែលមិនប្រគល់មាសប្រាក់ឲ្យខ្មែរក្រហម គឺត្រូវចោទថាមិនស្មោះត្រង់ជាមួយនឹងអង្គការ។ គ្រួសារខ្ញុំមិនហ៊ានលាក់ទុកមាសប្រាក់ទេ គឺបានប្រគល់ឲ្យខ្មែរក្រហមទាំងអស់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ជាមួយអង្គការ។

បន្ទាប់មក ខ្មែរក្រហមក៏ចាត់តាំងខ្ញុំឲ្យបុកស្រូវមួយថ្ងៃ១៥ធុង ដោយមួយធុងមានទម្ងន់ចំនួន១៥គីឡូក្រាម។ ខ្ញុំត្រូវបុកស្រូវរួចរែងរោយឲ្យស្អាតជូនខ្មែរក្រហម។ ចំណែកនៅរដូវវស្សាខ្មែរក្រហមចាត់តាំងខ្ញុំឲ្យទៅដកសំណាបមួយថ្ងៃមួយផ្លូន ហើយក្រោយមកឡើងទៅដល់មួយផ្លូននិងបីដំប។ ខ្ញុំត្រូវក្រោកទៅស្ទួងនៅម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១១ឬ១២។ លុះដល់ម៉ោង១រសៀល ប្រធានកងឲ្យខ្ញុំទៅដកសំណាបបន្តរហូតដល់ម៉ោង៥ទើបឈប់។

ក្រោយចប់ការងារដកស្ទួង ខ្ញុំត្រូវបានប្រធានកងចាត់តាំងឲ្យទៅដាំកប្បាសនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង គឺនៅត្រង់អធិការស្រុកមេសាងសព្វថ្ងៃ។ ក្នុងមួយថ្ងៃ ខ្ញុំត្រូវដាំ និងស្រោយទឹកកប្បាស៥០គុម្ភ ហើយពេលខ្លះប្រធានកងឲ្យខ្ញុំដាំដំណាំនៅភូមិវាំងដែរ។

លុះដល់រដូវច្រូត ប្រធានកងចាត់តាំងឲ្យខ្ញុំដើរវាស់ដីស្រែឲ្យអ្នកភូមិច្រូតស្រូវ ហើយខ្ញុំក៏ត្រូវច្រូតស្រូវដូចអ្នកឯទៀតដែរ។ ខ្មែរក្រហមកំណត់ឲ្យកងចល័តម្នាក់ត្រូវច្រូតក្នុងទំហំក្បាល​ដីទំហំ៧ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ។ នៅពេលខ្លះទៀត ប្រធានកងចាត់ខ្ញុំឲ្យទៅធ្វើការងារនៅរោងបាយ ដោយក្នុងមួយថ្ងៃត្រូវដាំបាយ៣០ឆ្នាំង សម្រាប់មនុស្ស៣០០នាក់។ នៅក្នុងរោងបាយមួយមានសមាជិកគ្នា៣នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុសម្នាក់កាប់ឧស។

នៅដើមឆ្នាំ១៩៧៨  ខ្ញុំមានបងប្អូនចំនួនពីរនាក់ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅខេត្តពោធិ៍សាត់។ បងស្រីខ្ញុំឈ្មោះ ប្រាក់ អឿន និង ប្ដី ព្រមទាំងកូន១២នាក់ ចំណែកប្អូនប្រុសខ្ញុំម្នាក់ទៀតឈ្មោះ ប្រាក់ រី មានប្រពន្ធកំពុងពោះធំ។  បងប្អូនខ្ញុំទាំងពីរគ្រួសារត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលទាំងអស់។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំកើតបានកូនម្នាក់។ ពេលខ្ញុំកើតកូនបានរយៈពេល១៥ថ្ងៃ ប្រធានកងចាត់ខ្ញុំឲ្យទៅដកសំណាប និងស្ទួងស្រូវ។ ខ្ញុំខិតខំធ្វើការគ្រប់តាមផែនការដែលប្រធានកងដាក់ឲ្យរហូត។ ពេលខ្ញុំកំពុងតែធ្វើការ ស្រាប់តែឮសំឡេងស្រែកតៗគ្នាថា ប្រយ័ត្នយួនអារកៗ។ ពេលនោះ ខ្ញុំក៏ប្រញាប់នាំកូននាំប្តីរត់សំដៅទៅខាងអ្នកលឿង។ ពេលខ្ញុំនិងប្តីរត់ទៅដល់ ជើងភ្នំឈើកាច់ ក៏សំឡឹងឃើញផ្ទុះគ្រាប់បែកនៅអ្នកលឿង ពេលនោះខ្ញុំនិងប្តីក៏រត់ត្រឡប់មកភូមិរក្សជ័យវិញ។ ខ្ញុំបម្រុងទៅសុំផ្ទះឪពុកមានៅរក្សជ័យស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែពេលទៅដល់ទីនោះក៏ឃើញកងទ័ពខ្មែរក្រហមនៅកាន់កាំភ្លើងនៅឡើយ ទើបខ្ញុំគេចចេញមកវិញ។ រំលងបានមួយថ្ងៃ មានឧទ្ធម្ភាគចក្រហោះទាបៗ ហើយប្រកាសតាមមេក្រូប្រាប់បងប្អូនប្រជាជនរស់នៅស្រុកភូមិណា សូមត្រឡប់ទៅស្រុកវិញ ទើបខ្ញុំវិលមករស់នៅស្រុកកំណើតរហូតមក។

អត្ថបទ ៖ សេន ពន្លឺ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖