នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំឡើងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ ចំនួន៥៥នាក់ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សដែលជាយុវជន-យុវនារីជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តខ្មែរក្រហម វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រួមបញ្ចូលកម្មវិធីសិក្សាបន្ថែម ដូចជា៖ បទបង្ហាញស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហម, ការទស្សនាភាពយន្តឯកសារ ការចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងការពិភាក្សាក្រុមទាក់ទងអំពីប្រធានបទ ការបែងចែកប្រជាជននៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
ដំណើរទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី សិស្សានុសិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យទាំងអស់បានផ្តើមទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលខេត្តកំពង់ចាម ដោយមានការទទួលសា្វគមន៍ពីលោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ លោក ស៊ាង ចិន្តា បានធ្វើបទបង្ហាញខ្លីមួយទាក់ទងនឹងកិច្ចការទូទៅរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងជាពិសេសការងារដែលមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានធ្វើកន្លងមក។
ជាកិច្ចបន្ទាប់ លោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានដឹកនាំសិស្សានុសិស្សវិទ្យាល័យ ឈីន លានហាន់ជ័យ ទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗដែលបង្ហាញអំពី ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន ការធ្វើការងារនៅការរដ្ឋានទំនប់ និងការវិលត្រឡប់មកវិញរបស់ប្រជាជនកម្ពុជា បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។
បន្ទាប់មកលោក ទូច វណ្ណេត បាននាំសិស្សានុសិស្សទស្សនាផ្ទាំងពិព័រណ៍ «ក្តីសុបិនកម្ពុជា» បន្ទប់បណ្ណាល័យ បន្ទប់គម្រោងសូត្រចាម និងបន្ទប់ចាក់បញ្ចាំងខ្សែភាពយន្តនៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
ជាចុងក្រោយសិស្សានុសិស្សទាំងអស់បានចូលទៅក្នុងបន្ទប់ឯកសាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលធ្វើបទបង្ហាញដោយលោក សាំង ចាន់ធូ ក្រោយពីស្វែងយល់អំពីឯកសាររួចហើយ សិស្សានុសិស្សទាំងអស់ក៏បានស្វែងយល់បន្ថែមទៀត អំពីកិច្ចការងាររបស់អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពង់ចាម ដែលលោក សាំង ចាន់ធូ បុគ្គលិកទទួលបន្ទុកកិច្ចការអ្នកស្ម័គ្រចិត្របានបង្ហាញដោយផ្ទាល់។
បទបង្ហាញស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
មុនការធ្វើបទបង្ហាញ លោក ស៊ាង ចិន្ដា បានផ្ដល់កម្រងសំណួរស្ទាបស្ទង់មតិមុនវេទិកាថ្នាក់រៀនដល់សិស្សានុសិស្សចូលរួមទាំងអស់ដើម្បីវាស់ស្ទង់ចំណេះដឹងពីមុនរបស់ខ្លួន។ ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា ចាប់ផ្ដើមបទបង្ហាញរបស់ខ្លួនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលបានផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រួមមាន ៖ រដ្ឋប្រហារលន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការកាប់សម្លាប់ទៅលើប្រជាជន និងការបែកចែកប្រជាជននៅក្នុងតំបន់របស់ខ្មែរក្រហម ដែលជាប្រធានបទសំខាន់នៃកិច្ចពិភាក្សាក្រុមនៅថ្ងៃនេះ។
នៅចុងបញ្ចប់នៃបទបង្ហាញ លោក ស៊ាង ចិន្ដា លើកឡើងអំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងប្រល័យពូជសាសន៍។ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ សិស្សានុសិស្សបានចោទសួរសំណួរជាច្រើនទៅកាន់វាគ្មិន ដើម្បីបកស្រាយ និងស្រាយចម្ងល់ដែលខ្លួនចង់ដឹង។ មុននឹងបញ្ចប់បទបង្ហាញ លោក ស៊ាង ចិន្ដា ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូន សិស្សានុសិស្សចូលរួមទាំងអស់ដើម្បីយកទៅសិក្សាឈ្វេងយល់ និងប្រើប្រាស់ជាឯកសារប្រវតិ្តសាស្រ្តផ្ទាល់ខ្លួន។
ការសិក្សាអំពីការបែកចែកប្រជាជនរបស់ខ្មែរក្រហម
សិស្សានុសិស្សដែលដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះត្រូវបានចែកចេញជា៣ក្រុមធំៗ តាមប្រធានបទ និងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៣រូប ដែលរស់នៅក្នុងមូលដ្ឋានស្រុកកោះសូទិន ប៉ុន្តែត្រូវបានខ្មែរក្រហមបែងចែកជាក្រុមប្រជាជនផ្សេងៗគ្នា។
ក្រុមទី១ សិក្សាពីក្រុមប្រជាជនចាស់ (ប្រជាជន ឆ្នាំ៧០)
ខ្ញុំឈ្មោះ ឡុង គឹមស្រ៊ាង អាយុ៦៤ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានគ្រួសារឈ្មោះ ថៃ ម៉ុកហេង ហើយមានកូនចំនួន៦នាក់ ប្រុស២នាក់និងស្រី៤នាក់។ ឪពុកខ្ញុំឈ្មោះ មាន និងម្ដាយឈ្មោះ ស៊ន់ ហើយខ្ញុំគឺជាកូនទោល។ នៅពីក្មេងខ្ញុំរៀននៅសាលាវត្តគ្រូអ៊ួក រៀនបានដល់ថ្នាក់ទី១០ចាស់។ នៅឆ្នាំ១៩៧០ មានបាតុកម្មកើតឡើងក្រោយរដ្ឋប្រហារទម្លាក់សម្ដេចឪ ប្រជាជននាំគ្នាធ្វើបាតុកម្មដង្ហែទាមទារសម្ដេចឪយាងគ្រងរាជ្យសម្បត្តិវិញ។ ចន្លោះពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ មានខាងកងទ័ពរំដោះចូលមកបណ្ដើរៗហើយ សុំស្នាក់នៅតាមក្រោមផ្ទះរបស់អ្នកស្រុក។ នៅឆ្នាំ១៩៧៣ មានយន្តហោះទ្រុងជ្រូក មកទម្លាក់គ្រាប់បែកខ្លាំងទើបខ្ញុំរត់ទៅនៅភូមិមហាលាភ។ នៅឆ្នាំ១៩៧៥ ម្ដាយខ្ញុំរបស់បានស្លាប់ដោយសារមានជំងឹ ហើយខ្ញុំក៏វិលត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៦ ខ្ញុំចូលធ្វើការនៅក្នុងកងចល័ត និងកងចុងភៅដែលមានទីតាំងនៅកណ្ដាលភូមិកោះសូទិន មានប្រធានកងឈ្មោះមិត្ត ជុន។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមឲ្យខ្ញុំធ្វើជាប្រធានកងរយដែលមនុស្សចំនួន៩៧នាក់ដែលរស់នៅក្នុងឃុំកោះសូទិនទាំងអស់។ ខ្ញុំធ្វើការនៅការដ្ឋានឆ្ន័ត រួមមាន ស្ទួងស្រូវ រែកដី និងជីកប្រឡាយ រួចហើយខ្ញុំប្តូរទៅធ្វើការកន្លែងផ្សេងទៀត។ នៅឆ្នាំ១៩៧៨ ខ្មែរក្រហមឲ្យខ្ញុំស្រង់ឈ្មោះមនុស្សយកទៅរៀនសូត្រចំនួន៣០នាក់ នៅជិតគុកចន័្ទអណ្ដែត បន្ទាប់មកខ្មែរក្រហមបានរំសាយលែងឲ្យខ្ញុំស្រង់ឈ្មោះទៀត។ នៅឆ្នាំ១៩៧៩ ខ្ញុំបានរៀបការ ជាមួយសមមត្តិផ្សេងៗទៀតចំនួន១២០គូ។
ក្រុមទី២ សិក្សាពីក្រុមប្រជាជនកណ្ដាល (ប្រជាជន ឆ្នាំ៧៣)
ខ្ញុំឈ្មោះ អាន រី អាយុ៦៩ឆ្នាំរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គ្រួសារខ្ញុំឈ្មោះ ហុក ណៃវេង។ ខ្ញុំរៀបការនៅឆ្នាំ១៩៧៥ ហើយមានកូន៥នាក់ គឺស្រី៤នាក់ និងប្រុស១នាក់។ ខ្ញុំមានឪពុកឈ្មោះ អេង អាន និងម្ដាយឈ្មោះ ជី រស់ និងមានបងប្អូន៦នាក់ គឺប្រុស៣នាក់ និង ស្រី៣នាក់ ហើយខ្ញុំគឺជាកូនទី២។ កាលពីក្មេងខ្ញុំរៀននៅសាលាបឋមសិក្សាកោះប្រាក់ ខ្ញុំរៀនបានថ្នាក់ទី៧សង្គមចាស់ ហើយខ្ញុំដាក់ពាក្យប្រឡងចូលលីសេ ស្រាប់តែមានបាតុកម្មកើតឡើងក្រោយរដ្ឋប្រហារទម្លាក់សម្ដេចឪនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ខ្ញុំមិនបានទៅប្រឡងទេព្រោះមានការបាញ់គ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះ និងការទម្លាក់គ្រាប់បែកខ្លាំង បណ្តាលឲ្យឆេះផ្ទះសម្បែងនៅទឹកដីកោះប្រាក់។ នៅឆ្នាំ១៩៧២ គ្រួសាររបស់ខ្ញុំរត់ទៅនៅកោះកំពង់ត្រុំ ស្ថិតនៅជាយខេត្តកំពង់ចាម ដែលខាងកងទ័ពរំដោះវាយយកបាន។ នៅឆ្នាំ១៩៧៣ ខ្ញុំបានមករស់នៅកោះសូទិនវិញជាមួយឪពុកធំ។ នៅឆ្នាំ១៩៧៥ អង្គការឲ្យខ្ញុំធ្វើការនៅក្រុមប្រវាស់ដៃរយៈពេល៥ខែទើបធ្វើចូលធ្វើនៅសហករណ៍វិញ ហើយខ្ញុំទៅធ្វើការនៅការដ្ឋាននៅឆ្ន័ត្រ។ នៅឆ្នាំ១៩៧៦ អង្គការឲ្យខ្ញុំថែគោ ភ្ជួររាស់ធ្វើស្រែនៅឆ្ន័ត្រលើផ្ទៃដី៥០០ហិចតា។ ខ្ញុំក្រោកពីម៉ោង៤ទៀបភ្លឺទៅប្រជុំជួររួចទឹមគោមកភ្ជួរដី១ហិចតាគោ៥នឹម ពេលភ្ជួររួចនៅម៉ោង១០ព្រឹក ខ្ញុំមកហូបបបរ បន្ទាប់មកយកគោទៅឲ្យស៊ីស្មៅដល់ម៉ោង៤ល្ងាចទើបដឹកយកមកវិញ។ នៅរដូវប្រាំងអង្គការឲ្យខ្ញុំទៅដឹកអុសនៅពាមជាំងយកមកដាក់រោងបាយរួម។ នៅឆ្នាំ១៩៧៧ កងកម្លាំងខ្មែរក្រហមខាងភាគនិរតីចូលមកចាប់កម្មាភិបាលដែលធ្វើការពីមុនៗមានឈ្មោះមិត្តយុន និងមិត្ត ស៊ា យកទៅរៀនសូត្រ។ នៅឆ្នាំ១៩៧៩ ខ្ញុំត្រឡប់មកភូមិវិញ។
ក្រុមទី៣ សិក្សាពីក្រុមប្រជាជនថ្មី (ប្រជាជន ១៧ មេសា)
ខ្ញុំឈ្មោះ ធី វាសនា អាយុ៦៤ឆ្នាំរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ម៉េង អាន និងមានកូនប្រុសស្រីចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ ធី និង ម្ដាយឈ្មោះ សន ខ្ញុំ។ នៅពីក្មេង ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តគ្រូអ៊ុក ត្រឹមថ្នាក់ទី៩ចាស់។ បន្ទាប់មកខ្ញុំរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាមចូលរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៦ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើងនិងក្បួនបាតុករដង្ហែចូលមកដល់ទីរួមខេត្តកំពង់ចាម។ ពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយក្រុមគ្រួសារនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀនទៅហើយពីព្រោះនៅពេលនោះមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះឡើងកាន់តែខ្លាំង។ កងទ័ពរំដោះខ្មែរក្រហមបានបើកការវាយប្រហារនិងរំកិលចូលមកទីរួមខេត្តបន្តិចម្ដងៗ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហម។ ក្រុមគ្រួសារខ្ញុំនាំគ្នារត់ឡើងម៉ារីនរបស់ទាហាន លន់ នល់ ទាំងយប់មកទីក្រុងភ្នំពេញ ហើយនៅតាមផ្លូវមានការវាយប្រហារពីកងទ័ពរំដោះខ្មែរក្រហមនៅតាមដងទន្លេមេគង្គ។ ខ្ញុំមកដល់ភ្នំពេញពេលព្រឹក រួចហើយទៅស្នាក់ផ្ទះបងប្អូនខាងបងថ្លៃខ្ញុំនៅស្ទឹងមានជ័យ។ ខ្ញុំចូលរៀននៅសាលាវិទ្យាល័យ កែ សុងគីម ថ្នាក់ទី៥។ នៅឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមវាយបែកភ្នំពេញ ខ្មែរក្រហមដេញក្រុមគ្រួសារខ្ញ។ចេញពីភ្នំពេញ។ ឪពុកម្ដាយខ្ញុំមកដល់ស្រុកកំណើតមុន ចំណែកខ្ញុំនិងបងស្រីមកតាមក្រោយដោយដើរតាមព្រែកព្នៅរយៈពេលកន្លះខែទើបមកដល់ស្រុក។ ខ្ញុំមកស្នាក់នៅជាមួយយាយ ហើយខ្មែរក្រហមឲ្យខ្ញុំធ្វើការរែកដីនៅក្នុងមូលដ្ឋាន។ នៅឆ្នាំ១៩៧៦ អង្គការជម្លៀសគ្រួសារខ្ញុំទៅតាំងគោក ដោយឲ្យជិះស្រឡាងទៅពាមជីកងរួចបានឡើងឡានទៅតាំងគោកខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧៧ អង្គការឲ្យខ្ញុំធ្វើការនៅកងចល័តស្រុក រែកដី លើកទំនប់នៅកំពង់ថ្ម។ ខ្ញុំត្រូវងើបពីម៉ោង៥ទៅប្រជុំជួរ រូចចាប់ផ្ដើមធ្វើការដល់ម៉ោង១១ថ្ងៃត្រង់ទើបឈប់សម្រាកហូបបបរ។ ខ្ញុំបន្តធ្វើការពីម៉ោង១ដល់ម៉ោង៥ល្ងាច ដឹកនាំដោយប្រធានក្រុមឈ្មោះមិត្តសេង។ នៅឆ្នាំ១៩៧៨ អង្គការឲ្យខ្ញុំទៅធ្វើការនៅភ្នំសន្ទុក លើករងដំឡូងក្នុងម្នាក់ឲ្យបានប្រវែង១០០ម៉ែត្រ។ ខ្ញុំបានបន្តធ្វើការនៅការដ្ឋាននេះរហូតដល់ពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិបានចូលមករំដោះប្រជាជនចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់នៅពេលនោះហើយវិលត្រឡប់រស់នៅជួបជុំគ្រួសារវិញ។
ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ រួចមកសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម ៖
ស្តើង វ៉ាន់ដាន រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ រៀបរាប់ថា «ខ្ញុំទទួលបានចំណេះដឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទស្សនាផ្ទាំងរូបភាពប្រវត្តិសាស្រ្ត និងសាច់រឿងអ្នកឆ្លងកាត់សម័យខ្មែរក្រហម។ ខ្ញុំពិតជាមានការអាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានឆ្លងកាត់ការលំបាកវេទនា ការធ្វើទារុណកម្ម និងសម្លាប់ប្រជាជនរាប់លាននាក់។ ខ្ញុំដឹងពីមូលហេតុខ្មែរក្រហមជម្លៀសប្រជាជនចេញពីស្រុកកំណើតឲ្យទៅរស់នៅតំបន់ផ្សេងៗ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំខិតខំរៀនសូត្រនិងចូលរួមទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្ដងទៀត»។
នេត សីម៉ា រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ រៀបរាប់ថា នៅពេលដែលខ្ញុំបានចូលរួមកម្មវិធីនៅថ្ងៃនេះ ខ្ញុំទទួលបាននូវចំណេះដឹងថ្មីថែមទៀតពីសម័យខ្មែរក្រហម ដែលពីមុខខ្ញុំបានត្រឹមដឹង និងស្តាប់ពីលោកតា លោកយាយរបស់ខ្ញុំដែលពួកគាត់បាននិយាយប្រាប់ខ្ញុំ និងតាមមេរៀននៅក្នុងសៀវភៅ។ សម្រាប់សាច់រឿងអ៊ំដែលជាប្រជាជនឆ្នាំ១៩៧៣ ក៏ជារឿងថ្មីមួយសម្រាប់នាងខ្ញុំ ដែលពីមុនមកខ្ញុំបានដឹងត្រឹមថា មានប្រជាជនតែ២ប្រភេទ គឺប្រជាជនចាស់ និងប្រជាជនថ្មី ដែលសាច់រឿងនេះពិតជាមានសារសំខាន់ និងជាចំណេះដឹងថ្មីមួយសម្រាប់នាងខ្ញុំ។
អែម ប៊ុនរ៉ុង រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ បានរៀបរាប់ថា ខ្ញុំបានទទួលចំណេះដឹងជាច្រើនពីវេទិកាប្រវត្តិសាស្រ្តខ្មែរក្រហម និង បានចុះទៅទីតាំងប្រវត្តិសាស្រ្ត ដែលអ៊ំពូមីងធ្លាប់ឆ្លងកាត់ការលំបាកវេទនា ការហូបចុកមិនគ្រប់គ្រាន់ ធ្វើការហួសកម្លាំងនៅក្នុងរបបខ្មែរក្រហម។ កាលពីមុនខ្ញុំធ្លាប់បានស្ដាប់លោកយាយរបស់ខ្ញុំនិយាយប្រាប់ពីរឿងរ៉ាវពីរបបខ្មែរក្រហមថា ឃោរឃៅ សាហាវព្រៃផ្សៃ ហើយខ្ញុំបានមកមើលឃើញផ្ទាល់ភ្នែក ជាចំណេះដឹងថ្មីមួយទៀតសម្រាប់ជីវិតខ្ញុំ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្ដងទៀត»។
អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម