ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧០០នាក់មកពីភូមិទាំង៤នៃឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ការចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ធ្វើឡើងតបតាមការស្នើសុំរបស់លោក លន់ លាងហេង មេឃុំគគរ ដើម្បីឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងឃុំគគរ បានអានសៀវភៅប្រវត្តិសាស្រ្តដ៏មានសារសំខាន់នេះ។ ឃុំគគរ ស្ថិតនៅតាមដងទន្លេមេគង្គ និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ឃុំគគរ គឺជាអតីតសមរភូមិប្រទាញប្រទង់រវាងកងទ័ពរំដោះខ្មែរក្រហម និងកងទ័ព លន់ នល់។
នៅឆ្នាំ១៩៧៣ ប្រជាជនរស់នៅក្នុងឃុំគគរត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពវឹកវរ ដែលបណ្ដាលឲ្យមានការរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ ក្នុងគ្រាដែលមានការប្រយុទ្ធគ្នា អ្នកភូមិមួយចំនួនរត់ភៀសខ្លួនឆ្លងទន្លេទៅកាន់ជីហែរដែលជាតំបន់រំដោះខ្មែរក្រហម ខណៈពេលដែលអ្នកភូមិមួយចំនួនទៀតរត់ចូលទីរួមខេត្តកំពង់ចាមគ្រប់គ្រងដោយ លន់ នល់។ ការប្រទាញប្រទង់នេះបានបញ្ចប់ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមវាយយកឈ្នះទៅលើកងទ័ព លន់ នល់ និងត្រៀមវាយចូលទីរួមខេត្តកំពង់ចាមនៅពាក់កណ្ដាលឆ្នាំ១៩៧៣។
លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ពន្យល់បន្ថែមអំពីសារសំខាន់ និងការឆ្លុះបញ្ចាំងអំពីបរិបទប្រវត្តិសាស្រ្តកម្ពុជាក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរទៅនឹងរឿងរ៉ាវកើតឡើងនៅតាមមូលដ្ឋាន ទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» គឺជាព្រះរាជសំណេរដើម និងមិនកែសម្រួល ដែលបង្ហាញអំពីព្រះរាជដំណើររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងមកកាន់តំបន់ដោះរណសិរ្សរួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣។
តមក លោក លន់ លាងហេង មេឃុំគគរ ថ្លែងអំណរគុណដល់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានចំណាយពេលវេលាចុះចែកសៀវភៅប្រវត្តិសាស្រ្តដ៏មានសារសំខាន់នេះ ជូនប្រជាពលរដ្ឋរស់នៅឃុំរបស់គាត់។ លោកមេឃុំ លន់ លាងហេង បន្តថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងឃុំគគរនៅតែចងចាំអំពីទុក្ខវេទនា និងការលំបាកដែលធ្លាប់ឆ្លងកាត់ក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជួយរំឭកអំពីប្រវត្តិសាស្រ្តកម្ពុជាចេញពីព្រះរាជកំណត់ហេតុរបស់ហ្លួងម៉ែ។
នៅក្នុងឱកាសនោះ លោក ភិន ដន អាយុ៧៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លើកឡើងនូវរឿងរ៉ាវរបស់ខ្លួនអំឡុងពេលដែលកងទ័ព លន់ នល់ បើកការវាយប្រហារទៅលើកងទ័ពរំដោះខ្មែរក្រហមថា នៅពេលបើកមើលរូបភាពក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ធ្វើឲ្យខ្ញុំនឹកឃើញគ្រាដែលខ្ញុំ និងគ្រួសាររត់ភៀសខ្លួនចេញពីការទម្លាក់គ្រាប់នៅក្នុងឃុំគគរ នៅឆ្នាំ១៩៧៣។ បន្ទាប់មក ផ្ទះរបស់ខ្ញុំ និងអ្នកភូមិផ្សេងទៀត ត្រូវភ្លើងឆេះគ្មានសល់ឡើយ។ ពេលនោះគឺពិតជាលំបាកខ្លាំងណាស់ ដោយសារតែមានសង្រ្គាមគ្រប់ទីកន្លែង។ ដោយសារតែមើលមិនសូវច្បាស់ ខ្ញុំនឹងយកសៀវភៅនេះទៅឲ្យចៅរបស់ខ្ញុំអានឲ្យខ្ញុំស្ដាប់ដើម្បីអាចដឹងអំពីរឿងរ៉ាវនាពេលនោះបន្ថែមទៀត។
ទីន ហ្វាទីម៉ាស អាយុ៦៣ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រសាសន៍ថា បន្ទាប់ពីខ្ញុំអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ធ្វើឲ្យខ្ញុំដឹងពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងពេលសង្រ្គាម និងនឹកឃើញពីជីវិតរស់នៅក្នុងសម័យនោះ។ សៀវភៅនេះបានរំឭកខ្ញុំពីការរត់គេចខ្លួនពីការផ្ទុះឡើងនូវការប្រយុទ្ធគ្នា នៅឆ្នាំ១៩៧៣។ ភូមិសាស្រ្តដែលខ្ញុំរស់នៅសព្វថ្ងៃក៏ជាសមរភូមិក្ដៅនៅពេលនោះដែរ។ ខ្ញុំអរគុណក្រុមការងារព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលបានចែកសៀវភៅដ៏មានតម្លៃឲ្យខ្ញុំ។
អត្ថបទ ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា