សៀង សៀប ៖ កូនពីរនាក់ស្លាប់នៅក្នុងថ្ងៃតែមួយក្នុងរបបខ្មែរក្រហម

នៅវេលាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាងខ្ញុំឈ្មោះ រឹម ស្រីស្រស់ គឺជាបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវបានធ្វើដំណើរទៅដល់ផ្ទះអ៊ំស្រីម្នាក់ស្ថិតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំសង្កេតឃើញគាត់អង្គុយនៅលើអង្រឹងដែលចងនៅខាងក្រោមផ្ទះម្នាក់ឯងជា​មួយទឹកមុខស្រងូតស្រងាត់។ ខ្ញុំបានជម្រាបសួរគាត់ពីចម្ងាយ និងបានណែនាំខ្លួនខ្ញុំ។ ឆ្លៀតឱកាសនោះ ខ្ញុំបានសួរនាំគាត់អំពីសុខភាពនិងរឿងរ៉ាវជីវិតរបស់គាត់ដែលបានឆ្លងកាត់របបខ្មែរក្រហម។

សៀង សៀប អាយុ៧០ឆ្នាំ សព្វថ្ងៃរស់នៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អ៊ំស្រីបានរៀបរាប់ប្រាប់ខ្ញុំថា គាត់ឈ្មោះ សៀង សៀប អាយុ៧០ឆ្នាំ។ គាត់មានស្រុកកំណើតនៅឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់មានកូនចំនួន៥នាក់ គឺកូនប្រុស៤នាក់​ និងកូនស្រី១នាក់។ សព្វថ្ងៃគាត់មានបញ្ហាត្រចៀកស្ដាប់មិនសូវឮ និងមានជំងឺភ្លេចភ្លាំងច្រើន។ គាត់នៅតែនឹករឭកនិងសោកស្តាយកូនរបស់គាត់ដែលស្លាប់នៅក្នុងរបបខ្មែរក្រហម។

កាលពីសង្គមចាស់ គាត់មិនបានរៀនសូត្រទេ ព្រោះគាត់រស់នៅក្នុងគ្រួសារដែលមានជីវ​ភាពខ្វះខាតខ្លាំង។ នៅអាយុ១៦ឆ្នាំ គាត់បានរៀបការជាមួយបុរសម្នាក់ឈ្មោះ សំ អាង។ ប្តីរបស់គាត់មានតួនាទីជាមេឃុំព្រៃសណ្ដែក ស្រុកទ្រាំង ខេត្តតាកែវ។ បន្ទាប់ពីរៀបការរួច គាត់កើតបានកូនជាបន្តបន្ទាប់ចំនួន៣នាក់។ នៅក្នុងរបបខ្មែរក្រហម គាត់និងប្ដីរបស់គាត់ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការ​ងារផ្សេងពីគ្នា។ ក្រោយមក គាត់បានទទួលដំណឹងថា ប្ដីរបស់គាត់និងសាច់ញាតិក្រុមគ្រួសារប្តីរបស់គាត់ ព្រមទាំងអ្នកមានឋានៈតួនាទីពីសង្គមចាស់ផ្សេងទៀត ត្រូវបានខ្មែរក្រហមដឹកតាមរទេះគោយកទៅសម្លាប់ចោលទាំងអស់។

សៀង សៀប អាយុ៧០ឆ្នាំ សព្វថ្ងៃរស់នៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដល់ រឹម ស្រីស្រស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ហេតុការណ៍នោះ បានធ្វើឲ្យគាត់មានការតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង។ គាត់បានបន្ដរស់នៅលាក់ខ្លួនជាមួយកូនៗទាំង៣នាក់របស់គាត់។ ជារៀងរាល់ថ្ងៃគាត់ចេញទៅធ្វើការងារតាមសហករណ៍ដទៃទៀត ដោយទុកកូនតូចៗទាំង៣នាក់របស់គាត់ចោលនៅឯផ្ទះឆ្ងាយពីការដ្ឋានការងារ។ លុះត្រឡប់មកពីធ្វើការងារពេលល្ងាច គាត់បានវេចខ្ចប់អាហារបន្តិចបន្តួចមកផ្ញើកូនៗរបស់គាត់។ ការងាររបស់គាត់ជារឿយៗផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀត។ គាត់ទៅធ្វើការងារដូចសព្វដង ប៉ុន្ដែថ្ងៃមួយគាត់បានជួបរឿងរន្ធត់ និងធ្វើឲ្យគាត់ឈឺចាប់បំផុតនោះគឺ កូនរបស់គាត់ពីរនាក់ក្នុងចំណោមកូនទាំង៣នាក់បានស្លាប់ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ កូនរបស់គាត់ទាំងពីរនាក់មាន​អាយុ២ឆ្នាំនិង៣ឆ្នាំ និងមានរាងកាយស្គមស្គាំង។ កូនរបស់គាត់បានស្លាប់ដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ និងមិនមានអ្នកមើលថែទាំដិតដល់។ ហេតុការណ៍នេះនៅតែដក់ជាប់ក្នុងអារម្មណ៍របស់គាត់ និងធ្វើឲ្យគាត់មិនអាចបំភ្លេចបានឡើយ។ គាត់បន្តរស់នៅជាមួយកូនម្នាក់ដែលរួចផុតពីសេចក្ដីស្លាប់នៅពេលនោះ។

ក្រោយពីរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩ គាត់បានវិលត្រឡប់មកស្រុកកំណើតនៅឃុំអង្កាញ់វិញ និងបានរៀបការជាមួយបុរសម្នាក់ទៀតឈ្មោះ រឿន។ នៅពេលនោះ គាត់បង្កើតកូនបានចំនួន២នាក់ទៀត។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក គាត់និងប្ដីក្រោយបានលែងលះគ្នា ហើយគាត់បាននាំកូនៗមករស់នៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ រហូតមកដល់សព្វថ្ងៃ។ គាត់នៅតែមានអារម្មណ៍សោកសៅ និងហូរទឹកភ្នែករាល់ពេលដែលរំឭកអំពីរបបខ្មែរក្រហម។

អត្ថបទ ៖ រឹម ស្រីស្រស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖