មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ស្ដីអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

សិស្សានុសិស្សចំនួន៤០នាក់មកពីវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ការបង្កើតវេទិកាថ្នាក់រៀននេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស ដើម្បីបម្រើដល់ការចងចាំ ការផ្សះផ្សា ឆ្ពោះទៅរកសន្តិភាពនៅក្នុងសង្គម។

ជាកិច្ចចាប់ផ្ដើម បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានលើកយកចំណុចសំខាន់ៗនៅក្នុងប្រវត្តិសាស្រ្តនាសម័យខ្មែរក្រហមមកពិភាក្សាដោយផ្ដោតសំខាន់ជាមួយនឹងទំនាក់ទំនងការបរទេស។

របបកម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងការបរទេសជាមួយ កូរ៉េខាងជើង ឡាវ រ៉ូម៉ានី វៀតណាម យូហ្គោស្លាវី អាល់បានី និង អេហ្ស៊ីប។ កម្ពុជាប្រជាធិបតេយ្យបើកស្ថានទូតរបស់ខ្លួននៅ ចិន កូរ៉េខាងជើង វៀតណាម (ត្រឹមខែធ្នូ ឆ្នាំ១៩៧៧) និង ឡាវ។ ក្នុងកំឡុងពេលនោះ ចិនអាចធ្វើដំណើរទៅណាមកណាបាននៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកចិនបានបញ្ជូនអ្នកបច្ចេកទេស និងទីប្រឹក្សារាប់ពាន់នាក់មកកាន់កម្ពុជា។

ប្រធានបទបន្ទាប់ គឺទាក់ទងទៅនឹងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នៅក្នុងឱកាសនោះដែរ ក៏មានការចាក់បញ្ចាំងភាពយន្តឯកសារអំពី «តំបន់រំដោះរបស់ខ្មែរក្រហមឆ្នាំ១៩៧៣ និងភាពយន្តគុកទួលស្លែង» ដើម្បីឲ្យសិស្សពិភាក្សា។ បន្ទាប់ពីមានការបង្ហាញ និងបង្រៀននូវខ្លឹមសារសំខាន់ៗអំពីប្រវត្តិសាស្រ្តនាខ្មែរក្រហមរួចមក សិស្សានុសិស្ស ក៏ចោទជាសំណួរមួយចំនួនថា «តើរបបខ្មែរក្រហមមានសមាជិក និងមានឥទ្ធិពលយ៉ាងណា បានជាប្រជាជននាសម័យនោះមិនហ៊ានតវ៉ាប្រឆាំងខ្មែរក្រហមដើម្បីទទួលបានសិទ្ធិសេរីភាព? តើរបបខ្មែរក្រហមមានទំនាក់ទំនងជាមួយចិនយ៉ាងដូចម្ដេច? ហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យប្រកាន់យកពាក្យថា «ទុកមិនចំណេញ ដកចេញក៏មិនខាត»? តើការធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានលក្ខណៈដូចម្ដេច? តើហេតុអ្វីបានជារបបខ្មែរក្រហមប្រកាន់យកពាក្យថា «សម្លាប់ច្រឡំ ជាជាងលែងច្រឡំ»។

នៅក្នុងឱកាសនោះ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានចែកសៀវភៅ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងទស្សនាវដ្ដីស្វែងរកការពិតដល់សិស្សានុសិស្សដើម្បីអាន ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសិស្សពេញចិត្តវេទិកានេះ និងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចតទៅ៖

ឡង លីហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យបាននិយាយថា «ខ្ញុំគិតថាការសិក្សាអំពីប្រវត្តិសាស្រ្តមានសារសំខាន់ណាស់ចំពោះខ្ញុំដែលជាយុវជនជំនាន់ក្រោយ។ ខ្ញុំបានដឹងបន្ថែមអំពីប្រវត្តិសាស្រ្តរបស់ខ្មែរក្រហម។ ខ្ញុំចាប់អារម្មណ៍មេរៀនមន្ទីរស-២១ ដែលជាទីកន្លែងសម្លាប់ដ៏ឃោរឃៅ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនទៅធ្វើស្រែចម្ការនៅតាមទីជនបទ។ ខ្ញុំនឹងនិយាយរៀបរាប់អំពីប្រវត្តិសាស្រ្តខ្មែរក្រហមដែលខ្ញុំបានរៀននៅថ្ងៃនេះប្រាប់ឪពុក ម្ដាយ បងប្អូន រួមទាំងមិត្តភក្កិរបស់ខ្ញុំ»។

ញ៉យ ផាន់និន ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យឧត្តរមានជ័យ បាននិយាយថា «ខ្ញុំយល់ថាការសិក្សាពីប្រវត្តិសាស្រ្តនៅថ្ងៃនេះធ្វើឲ្យខ្ញុំបានដឹងបន្ថែមទៀតអំពីរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសបន្ថែមនូវចំណេះដឹងលើសៀវភៅគោលរបស់ក្រសួងអប់រំដែលខ្ញុំបានរៀន។ លើសពីនេះ ខ្ញុំបានទស្សនាតំបន់អន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។ ការចងចាំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម គឺការពារកុំឲ្យកើតមានរបបនេះម្តងទៀត។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖