មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍ ស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់សិស្សមកពីវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សិស្សានុសិស្សចំនួន១៥នាក់ ក្នុងនោះមានសិស្សស្រី៦នាក់ មកពីវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥​-១៩៧៩)» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ វេទិកានេះ មានគោលបំណង «លើកកម្ពស់ការចងចាំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទ្រឹស្ដីមួយចំនួនទាក់ទងនឹងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» ដល់យុវជនស្រុកអន្លង់វែង។

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្សស្តីអំពីអំពើប្រល័យពូជសាសន៍ ដោយផ្អែកទៅលើការបញ្ចាំងកុនឯកសារ «មន្ទីរស-២១ ឬគុកទួលស្លែង»។ ការចាក់​បញ្ចាំងកុនឯកសារ «មន្ទីរស-២១ ឬគុកទួលស្លែង» បានបង្កើតឲ្យមានការពិភាក្សានៅក្នុងវេទិកាថ្នាក់រៀន និងបានរកឃើញថារបបខ្មែរក្រហមបានគាបសង្កត់សិទ្ធិសេរីភាព, ការមិនបានផ្តល់អាហារឲ្យប្រជា​ជនបរិភោគគ្រប់គ្រាន់ ការធ្វើទារុណកម្ម និងការសម្លាប់។ មន្ទីរស-២១ គឺជាគុកសម្ងាត់របស់ខ្មែរក្រហម សម្រាប់ឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្មអ្នកទោស មុននឹងយកទៅសម្លាប់នៅឯវាលពិឃាតបឹងជើង​ឯង។ មានអ្នកទោស១២នាក់ ក្នុងចំណោមអ្នកទោសប្រមាណជាង ១៤,០០០នាក់ បាននៅរស់រានមានជីវិតបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។ ខ្សែភាពយន្តឯកសារដ៏កម្រនេះ ត្រូវបានរក្សាទុកនៅបណ្ណសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងជាប្រភពឯកសារដែលបានផ្ដល់នូវការពិចារណាយ៉ាងទូលំទូលាយដល់យុវជនពីអំពើឃោរឃៅ និងទង្វើអមនុស្សធម៌របស់ខ្មែរក្រហមទៅលើប្រជាជនស្លូតត្រង់។

នៅក្នុងការពិភាក្សានេះ សិស្សានុសិស្សមួយចំនួនធ្លាប់បានឮអំពើឃោរ​ឃៅរបស់ខ្មែរក្រហមតាមរយៈឪពុកម្ដាយ ឬជីដូនជីតារបស់ខ្លួនធ្លាប់ដំណាលប្រាប់ថា ខ្មែរក្រហមបានសម្លាប់​មនុស្សដោយ​អារកនឹងធាងត្នោត។ ដូច្នេះបានជំរុញឲ្យសិស្សានុសិស្សទាំងនោះចង់ស្វែងយល់បន្ថែមនូវការសម្លាប់ដ៏ឃោរឃៅនោះ។

សិស្សានុសិស្សមួយចំនួនទៀត យល់ឃើញថាការស្លាប់របស់ប្រជាជនកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ប្រាកដជាមានការចូលរួមពីជាតិសាសន៍ដទៃផ្សេងទៀតដើម្បីបំផ្លាញជាតិសាសន៍ខ្មែរ។

បន្ទាប់មក បណ្ឌិត លី សុខឃាង បានបែងចែកសិស្សានុសិស្សជាក្រុមផ្សេងគ្នា ដោយប្រើវិធីសាស្រ្តបង្រៀនបែបសហការ។ ក្រុមនីមួយៗត្រូវសង្ខេបខ្លឹមសារចេញពីជំពូកសំខាន់ៗក្នុងសៀវភៅ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។ តមក សិស្សានុសិស្សត្រូវធ្វើបទបង្ហាញទៅកាន់អ្នកចូលរួមទាំងអស់ ព្រមទាំងត្រូវឆ្លើយរាល់សំណួររបស់អ្នកចូលរួមផងដែរ។

នៅក្នុងឱកាសនោះ បណ្ឌិត លី សុខឃាង បានពិពណ៌នាអំពីរូបភាពនៃរណ្ដៅសាកសពរួម និងបានចាក់បញ្ចាំងកុនឯកសារដែលមានចំណងជើងថា «កុមារកម្ពុជា» ដើម្បីធ្វើជាប្រធានបទសម្រាប់សិស្សានុសិស្សពិ​ភាក្សា​បន្ត។ បណ្ឌិត លី សុខឃាង បានរៀបរាប់ថា អំពើឃោរឃៅរបស់ខ្មែរក្រហម និងវិនាសកម្មគឺមានទំហំធំធេងណាស់ ដូច្នេះទាមទារឲ្យរកយុត្ដិធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលចាប់ផ្តើមដំណើរការកាត់ក្តីដំបូងនៅក្នុងឆ្នាំ២០០៧។ តុលាការកូនកាត់នេះ រួមបញ្ចូលទាំងច្បាប់ជាតិ និងអន្ដរជាតិ ដើម្បីស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះ និងផ្សព្វផ្សាយទៅកាន់ពិភពលោកថា អំពើប្រល័យពូជសាសន៍នៅកម្ពុជាមិនមែនជារឿងនិទាននោះទេ។

ខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» បានបង្ហាញពីស្ថានភាពជីវិតរបស់កុមារបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ស្ថានភាពជីវិតកុមារកម្ពុជាមានភាពខុសប្លែកទៅនឹងកុមារដទៃ ​ទៀតជុំវិញពិភពលោក។ ស្ថានភាពនៃការលូតលាស់របស់កុមារកម្ពុជាបានបង្អាក់ដោយការអត់ឃ្លាន, ខ្វះអនាម័យ និងខ្វះភាពកក់ក្ដៅ។ កុមារបង្ខំចិត្ដធ្វើអ្វីៗដើម្បីរស់ ដូចជា ហូបស្លឹកឈើ និងហូបអាហារដែលខ្វះអនាម័យ។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន បណ្ឌិត លី សុខឃាង បានចាក់បញ្ចាំងកុនឯកសារដែលមានចំណងជើងថា «ខ្មែរបាត់បង់តន្រ្ដីរ៉ក់»។ ខ្សែភាពយន្តឯកសារនេះបានរំឮកដល់ការវិវត្ដន៍នៃតន្ដ្រីខ្មែរទៅតាមសម័យកាលនីមួយៗមិននឿយណាយ។ តន្រ្ដីបានបញ្ជាក់ពីស្ថានភាពជីវិតរស់នៅរបស់ប្រជាជន វប្បធម៌ និងអត្ដសញ្ញាណជាតិ បើទោះបីជាសង្គមធ្លាក់ទៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

បន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀននេះ សិស្សចំនួន២នាក់ មានចំណាប់អារម្មណ៍ និងការយល់ឃើញដូចខាងក្រោម៖

ស៊ិន ចំប៉ា ភេទស្រី អាយុ១៩ឆ្នាំ យល់ឃើញថា ពេលខ្ញុំរៀនសូត្រពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដនៅក្នុងរបបខ្មែរក្រហម​ បានធ្វើឲ្យខ្ញុំដឹងអំពីការលំបាក គ្មានសិទ្ធិសេរីភាព ការខ្វះខាតអាហារហូបចុក និងការជិះជាន់របស់ខ្មែរក្រហមទៅលើប្រជាជន។ ប្រសិនបើឧក្រិដ្ឋកម្មឃោរ​ឃៅកើតឡើងម្តងទៀត ខ្ញុំគិតថា វានឹងបំផ្លាញសិទ្ធិសេរីភាព គ្មានភាពកក់ក្ដៅ កង្វះខាតក្នុងការហូបចុក និងគ្មានទីជម្រក។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំ​នឹងចូលរួមទប់ស្កាត់ការកកើតឡើងនូវឧក្រិដ្ឋកម្មឃោរ​ឃៅ និងចូលរួមផ្សព្វផ្សាយឲ្យក្មេងជំនាន់ក្រោយបានដឹងអំពីផលលំបាក ព្រមទាំងជំរុញឲ្យយុវ​ជនយល់ដឹងអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហមឲ្យបានច្បាស់លាស់។

គង់ សម្បត្ដិ ភេទប្រុស អាយុ១៨ឆ្នាំ រៀបរាប់ថា នៅក្នុងសម័យខ្មែរក្រហម មានការសម្លាប់មនុស្សយ៉ាងឃោរឃៅ គ្មានសិទ្ធិសេរីភាពក្នុងការបញ្ចេញនូវគំនិត ថែមទាំងមានការលុបបំបាត់នូវជនជាតិ ជាតិពន្ធុ ជាតិសាសន៍ ឬសាសនា។ នៅពេលរៀបការ បុគ្គលម្នាក់ៗគ្មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ និងការសម្រេចចិត្ដដោយខ្លួនឯង គឺស្ថិតនៅក្រោមការបង្ខិតបង្ខំ។ ប្រសិនបើឧក្រិដ្ឋកម្មឃោរឃៅនេះកើតឡើងម្តងទៀត ប្រទេសជាតិនឹងជួបប្រទះភាពចលាចល ការបាត់បង់សមាជិកគ្រួសារ ការសម្លាប់គ្នាទៅវិញទៅមក បាត់បង់អ្នកចេះដឹង និងសាសនា។ ខ្ញុំចង់ឲ្យជាយុវជនជំនាន់ក្រោយ ចេះគោរពគ្នាទៅវិញទៅមក ផ្តល់តម្លៃឲ្យគ្នា ចេះយោគយល់គ្នា និងយល់ដឹងអំពីប្រវត្ដិសាស្រ្ដឲ្យបានច្រើន។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖