នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន អតីតមេបញ្ជាការកងកម្លាំង របស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិបនៅកម្ពុជា (អ៊ុនតាក់) ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ បានធ្វើទស្សនកិច្ចពិសេសមួយទៅកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ដោយសារមានការគាំទ្រជាចម្បងពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានផ្តោតការងាររបស់ខ្លួនទៅលើការអប់រំអំពីអំពើប្រល័យពូជសាសន៍ដល់យុវជន។ ការអប់រំអំពីអំពើប្រល័យពូជសាសន៍គឺជាប្រធានបទដ៏លំបាកមួយ ជាពិសេសនៅអន្លង់វែង ដោយសារតែប្រវត្តិរឿងរ៉ាវដ៏ស្មុគ្រស្មាញនៅតាមគ្រួសារនីមួយៗ ដែលបាននិងកំពុងបន្តនិយាយនិងពាំនាំទៅកាន់មនុស្សជំនាន់ក្រោយៗទៀត។ អស់រយៈពេលជាង២០ឆ្នាំនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងធ្វើកិច្ចការនេះដោយមានការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឲ្យប្រាកដថា ប្រវត្តិសាស្ត្រនេះត្រូវបានបង្រៀនសម្រាប់មនុស្សគ្រប់ជំនាន់នាពេលអនាគត។
ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន បានទស្សនកិច្ចមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ព្រមទាំងបានជួបជាមួយអតីតទាហានខ្មែរក្រហមដែរ។ ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន ទៅកាន់អន្លង់វែង ត្រូវបានធ្វើឡើងជាលើកដំបូងបង្អស់ ចាប់តាំងពីការដួលរលំតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម កាលពីជាង២០ឆ្នាំមុន។ លោកឧត្តមសេនីយ៍ឯក ក៏ត្រូវបានអមដំណើរដោយភរិយារបស់លោក ព្រមទាំងលោកឯកអគ្គរាជទូតអូស្រ្តាលី ប៉ាប្លូ កាង ដែរ។
ដំណើរទស្សនកិច្ចបានចាប់ផ្តើមដោយមានការបង្ហាញពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំក៏បានរៀបរាប់ប្រាប់អំពីសកម្មភាពការងារផ្សេងៗរបស់មជ្ឈមណ្ឌល ដោយរាប់ទាំងកម្មវិធីអប់រំស្តីពីសន្តិភាពនិងសិទ្ធិមនុស្ស ដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានផ្តល់ជូនដល់កូនចៅរបស់អតីតសមាជិកខ្មែរក្រហម។ អន្លង់វែងមានប្រជាជនចំនួនប្រមាណជិត៦ម៉ឺននាក់ ដែល៨០ភាគរយនៃប្រជាជននៅទីនោះគឺជាអតីតសមាជិកខ្មែរក្រហម។ អន្លង់វែងបានធ្វើសមាហរណកម្មមកក្នុងសង្គមជាតិវិញនៅក្នុងឆ្នាំ១៩៩៨ ដែលមានរយៈពេល៥ឆ្នាំ ក្រោយពីអ៊ុនតាក់បានបញ្ចប់បេសកកម្មរបស់ខ្លួន។
ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន ក៏បានផ្តោតការចាប់អារម្មណ៍លើផ្ទាំងពិព័រណ៍អចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលដែរ ដែលមានបង្ហាញរូបភាពនិងព័ត៌មានស្តីពីដំណើរមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា កាលពីសម័យអ៊ុនតាក់។ នៅក្រោមការគ្រប់គ្រងរបស់អ៊ុនតាក់ ជនភៀសខ្លួនបានវិលត្រឡប់មកកាន់ភូមិឋានរបស់ខ្លួនវិញតាមរទេះភ្លើង ដែលបានដាក់តាំងបង្ហាញនៅលើពិព័រណ៍មួយផ្ទាំង។ ចំណែកឯ ពិព័រណ៍មួយទៀតបានពណ៌នាអំពីរូបភាព ដែលបានសរសេរថា៖ «Benny Widyono ឈរក្នុងចំណោមកងទ័ពខ្មែរក្រហមនៅប៉ៃលិន ដែលជាទីស្នាក់ការកណ្ដាលរបស់ខ្មែរក្រហម នៅជាប់ព្រំដែនថៃ ជាតំបន់មួយដែលមមាញឹកជាមួយនឹងការជួញដូរត្បូងមានតម្លៃ និងព្រៃឈើជាមួយឈ្មួញជនជាតិថៃ។ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានអញ្ជើញ Benny Widyono អមដំណើរជាមួយទ្រង់ ដើម្បីត្រួតពិនិត្យតំបន់ខ្មែរក្រហម នៅខែកញ្ញា ឆ្នាំ១៩៩២»។ លោកឧត្តមសេនីយ៍ឯក បានចាប់អារម្មណ៍ពិព័រណ៍ទាំងនេះ ដោយសារតែបានរំឭកឡើងវិញពីសម័យកាលដែលលោកឧត្តមសេនីយ៍ឯក ដឹកនាំកងកម្លាំងអ៊ុនតាក់។
ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន បានធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្ត្រមួយចំនួនដែរ ដោយរាប់បញ្ចូលទាំងអតីតផ្ទះប្រជុំរបស់តាម៉ុក និងទីតាំងបូជាសព ប៉ុល ពត។ អតីតផ្ទះប្រជុំរបស់តាម៉ុក គឺជាគោលដៅទីមួយ ដែលបច្ចុប្បន្នគឺជាទីតាំងរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ មជ្ឈមណ្ឌលនេះបានប្រែក្លាយអតីតផ្ទះប្រជុំនេះឲ្យទៅថ្នាក់រៀនសម្រាប់យុវជនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង។ ដោយមានទីតាំងនៅលើខ្នងភ្នំដងរែក ថ្នាក់រៀននេះគាំទ្រដល់ការអប់រំពីអំពើប្រល័យពូសាសន៍ដល់សិស្ស និងនិស្សិតប្រមាណជា៥០០នាក់ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងនិស្សិតបរទេសដែរ។ កន្លងមក និស្សិតបរទេសប្រមាណជាជាង១០នាក់នៃសកលវិទ្យាល័យម៉ូណាសរបស់ប្រទេសអូស្ត្រាលី បានមកបំពេញបេសកកម្មសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ ការផ្សះផ្សា និងជំងឺផ្លូវចិត្ត ព្រមទាំងព័ត៌មានស្តីអំពីបរិស្ថាន និងធនធានរ៉ែនៅក្នុងមូលដ្ឋានទៀតផង។ និស្សិតទាំងអស់នោះក៏បានស្តាប់ឮការនិយាយរៀបរាប់ផ្ទាល់ពីអតីតសមាជិកខ្មែរក្រហម និងបានពិភាក្សា ព្រមទាំងរៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងប្រវត្តិសាស្ត្រនៅក្នុងតំបន់។
គោលដៅទី២នៃដំណើរទស្សនកិច្ចគឺជាទីតាំងបូជាសព ប៉ុល ពត អតីតមេដឹកនាំខ្មែរក្រហម និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាប្រជាធិបតេយ្យ ដែលបានស្លាប់នៅក្នុង ខែមេសា ឆ្នាំ១៩៩៨។ ខ្ញុំក៏បានជម្រាបត្រួសៗជូន លោកឧត្តមសេនីយ៍ អំពីទីតាំងប្រវត្តិសាស្ត្រ និងរឿងរ៉ាវមួយចំនួនរហូតដល់ការស្លាប់របស់ ប៉ុល ពត។ បន្ទាប់ពីការដួលរលំជាផ្លូវការរបស់របបខ្មែរក្រហម នៅក្នុងឆ្នាំ១៩៧៩ ប៉ុល ពត និងសមាជិកទាំងឡាយ បានបន្តការតស៊ូប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
នៅដើមទសវត្សន៍ឆ្នាំ១៩៩០ ចលនារបស់ ប៉ុល ពត បានទទួលរងនូវភាពឯកោជាលំដាប់ ហើយការគាំទ្រពីអន្តរជាតិចាប់ផ្តើមកាត់ផ្តាច់ ដែលស្របទៅនឹងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប៉ុល ពត បានបន្តដកថយពីតំបន់តស៊ូនានា មកកាន់តំបន់អន្លង់វែងនៅឆ្នាំ១៩៩៣ ឬ១៩៩៤។ ប៉ុល ពត បានរួមកម្លាំងជាមួយ ឈិត ជឿន ហៅ តាម៉ុក ដែលជាមេបញ្ជាការនៅតំបន់អន្លង់វែង។ នៅទីបំផុត មេដឹកនាំទាំងពីរបានវាយប្រយុទ្ធគ្នា ដែលកាន់តែធ្វើឲ្យចុះខ្សោយដល់ចលនាខ្មែរក្រហម។ ក្រោយមក ប៉ុល ពត ត្រូវបាននាំយកទៅកាត់ទោសនៅក្នុងតុលាការប្រជាជន និងដាក់ឲ្យនៅឃុំខ្លួនក្នុងផ្ទះរហូតដល់គាត់ស្លាប់។
ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន ក៏បានជួបជាមួយ វង សារ៉ន ដែលជាអតីតទាហានខ្មែរក្រហម និងធ្លាប់ជាសហការីរបស់លោកនៅក្នុងសម័យអ៊ុនតាក់។ ចលនាខ្មែរក្រហមនៅតែជាបញ្ហា បន្ទាប់ពីសម័យអ៊ុនតាក់។ ប្រទេសកម្ពុជាបានចំណាយពេលប្រាំឆ្នាំក្រោយមកទៀតដើម្បីបញ្ចប់នូវរាល់កម្លាំងសេសសល់របស់ចលនាខ្មែរក្រហម។
អន្លង់វែងបានក្លាយជាតំបន់តស៊ូចុងក្រោយនៃចលនានេះដែលបានធ្វើសមាហរណកម្មចូលមកក្នុងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ១៩៩៨ នៅក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះដែរ វង សារ៉ន ក៏បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានជួបជាមួយ លោកឧត្តមនីយ៍ឯក ចន សាន់ដឺសុន នៅអន្លង់វែង។ អ្នកទាំងពីរបាននិយាយគ្នាប្រកបដោយភាពស្និទ្ធស្នាលរីករាយ ដោយរាប់ចាប់តាំងពីរយៈកាលដែលបានជួបគ្នា រហូតដល់គ្រាលំបាកដែលខ្មែរក្រហមធ្វើពហិការមិនអនុវត្តតាមកិច្ចព្រមព្រៀង។ អ្នកទាំងពីរបានអង្គុយជជែក និងចែករំលែកសាច់រឿងនៃទំព័រប្រវត្តិសាស្ត្រកម្ពុជា និងប្រវត្តិសាស្ត្ររបស់អាស៊ីអាគ្នេយ៍។
អត្ថបទ ៖ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា