នៅវេលាព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សវិទ្យាល័យហ៊ុនសែនប្រម៉ោយ ចំនួន៦នាក់ បានមកកាន់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ក្នុងគោលបំណងចង់សិក្សាស្វែងយល់បន្ថែមពីប្រវត្ដិសាស្រ្ដរបបខ្មែរក្រហម។ ជាការឆ្លើយតប បុគ្គលិកប្រចាំនៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចាក់ខ្សែភាពយន្តឯកសារ ក្រោមចំណងជើងថា « សាក្សីដំបូង ឬ The First Witness» ឱ្យសិស្សបានទស្សនា និងបង្កើតជាកិច្ចសន្ទនាបន្ថែម។
មុនពេលចាក់បញ្ចាំងខ្សែភាពយន្ត ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានណែនាំអំពីសៀវភៅ និងខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម។ បន្ទាប់មកក្រុមការងារបានធ្វើបទបង្ហាញដោយសង្ខេបអំពីសាច់រឿងក្នុងខ្សែភាពយន្ត «សាក្សីដំបូង» ប្រាប់ដល់សិស្សានុសិស្សដូចខាងក្រោម៖
ខ្សែភាពយន្ត «សាក្សីដំបូង» បានរៀបរាប់ដោយលោក ហូ វ៉ាន់តៃ ដែលជាអតីតអ្នកថតរូប និងជាអ្នកកាសែតកងទ័ពរបស់វៀតណាមម្នាក់។ លោក ហូ វ៉ាន់តៃ គឺជាមនុស្សដំបូងបង្អស់ដែលបានចូលទៅថត និងចងក្រងទិដ្ឋភាពដ៏សាហាវឃោរឃៅនៅក្នុងមន្ទីរស-២១ (គុកទួលស្លែង) នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ ភ្លាមៗបន្ទាប់ពីកងទ័ពខ្មែរក្រហមបានរត់ភៀសខ្លួនចេញ។ បន្ទាប់មក ខ្សែភាពយន្តបានបង្ហាញពីដំណើររឿងរបស់លោក យិន នាន ដែលជាអ្នកចងក្រងឯកសារម្នាក់ ក្នុងចំណោមអ្នកកងច្រងឯកសារដំបូង ដែលប្រមែប្រមូល និងថែរក្សាទុកឯកសារភស្តុតាងដំបូងបង្អស់របស់ខ្មែរក្រហមសម្រាប់ក្មេងៗជំនាន់ក្រោយឱ្យបានយល់ដឹង និងសិក្សាស្រាវជ្រាវបន្ត។ ចុងក្រោយសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍៖
ណំ រ៉ាទី គឺជាសិស្សថ្នាក់ទី១០ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានលើកថា «បន្ទាប់ពីខ្ញុំបានទស្សនាខ្សែភាពយន្ត «សាក្សីដំបូង» ខ្ញុំពិតជាមានការអាណិតអាសូរទៅដល់ជនរងគ្រោះដែលត្រូវបានខ្មែរក្រហមចោទប្រកាន់ រួចបញ្ជូនយកទៅធ្វើទារុណកម្ម និងសួរចម្លើយនៅមន្ទីរស-២១ ឬគុកទួលស្លែង។ តាមរូបភាពដែលខ្ញុំបានឃើញ អ្នកទោសខ្លះត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់។ ចំណែកអ្នកទោសខ្លះត្រូវបានសម្លាប់ដោយអាករ និងវះពោះ»។
ណំ រក្សា គឺជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានរៀបរាប់ថា «ក្រោយពេលបានទស្សនាខ្សែភាពយន្តឯកសារ «សាក្សីដំបូង» ខ្ញុំមិននឹកស្មានថាក្នុងរបបប៉ុល ពត មានសកម្មភាពសាហាវឃោរឃៅ ដូចជា វះពោះមនុស្ស អារក និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ ដោយមានដាក់ខ្នោះជើង និងដកក្រចក។ ខ្ញុំធ្លាប់តែឮយាយតាប្រាប់ថា ខ្មែរក្រហមបង្អត់អាហារ។ ពេលខ្ញុំបានទស្សនាខ្សែភាពយន្តឯកសារ «សាក្សីដំបូង» ហើយពិតជាតក់ស្លុតយ៉ាងខ្លាំង»។
សៅ ចរិយា គឺជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានលើកឡើងថា «បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសារ «សាក្សីដំបូង» ខ្ញុំមានការអាណិតអាសូរដល់អ្នកដែលបានជាប់ទោសនៅក្នុងមន្ទីរស-២១ ឬគុកទួលស្លែង។ នៅក្នុងខ្សែភាពយន្ត បានបង្ហាញរូបថតអ្នកទោសដែលត្រូវបានធ្វើទារុណកម្មដោយការដាក់ច្រវាក់ វះពោះ និងអារក។ កន្លងមកខ្ញុំធ្លាប់ទស្សនាខ្សែភាពយន្តឯកសារ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ តាំង គីម រួចម្ដងហើយ។ ប៉ុន្តែក្នុងថ្ងៃនេះ ខ្ញុំកាន់តែយល់ដឹង និងចង់សិក្សាស្វែងយល់បន្ថែមទៀតអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម។
អត្ថបទ ៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







