ខ្ញុំបានជាពីជំងឺដោយសារអុជប៉ុយលើស្បែកពោះ

ខ្ញុំឈ្មោះ មួន ចប អាយុ៧០ឆ្នាំ កើតនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ មួន និងម្តាយឈ្មោះ ដែង ស៊ន ប៉ុន្តែគាត់ទាំងពីរនាក់បានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស២នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បងប្រុសទី១របស់ខ្ញុំឈ្មោះ មួន ម៉ន គឺជាយោធា បានស្លាប់ក្នុងរបបខ្មែរក្រហម នៅឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ។ ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ ថេង ឈន និងមានកូនចំនួន៧នាក់ គឺស្រី៣នាក់ និងប្រុស៤នាក់។​

កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រទេ។ ក្រោយមក សង្គ្រាមបានផ្ទុះឡើង ហើយខ្ញុំឮតែស្នូរគ្រាប់បែក។ ខ្ញុំនិងគ្រួសារបានរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីស្វែងរកទីតាំងមានសុវត្ថិភាព។ នៅវេលាម៉ោង១០និង១៥នាទីថ្ងៃមួយ ខ្ញុំបានឃើញយន្តហោះមួយគ្រឿងមកទម្លាក់គ្រាប់បែកក្នុងភូមិជំនុំពល ឃុំជំនុំពល ស្រុកមេមត់ ប៉ុន្តែជាសំណាងល្អមិនមានប្រជាជនណាម្នាក់ស្លាប់ឡើយ។ រាល់យប់ ខ្ញុំដេកក្នុងលេណដ្ឋានដើម្បីការពារខ្លួនពីអំបែងគ្រាប់។ ខ្ញុំចេញមកខាងក្រៅលេណដ្ឋានតែពេលហូបបាយ និងទៅ ដាក់ចំណីឱ្យសត្វចិញ្ចឹមនៅក្នុងភូមិតែប៉ុណ្ណោះ។ នៅខាងក្រោយផ្ទះរបស់ខ្ញុំរស់នៅសព្វថ្ងៃ គឺនៅសល់រណ្តៅជ្រៅៗ ដែលសេសសល់ពីការទម្លាក់គ្រាប់បែក។

ចូលដល់របបខ្មែរក្រហម ប្រធានកងបានចាត់តាំងខ្ញុំឱ្យធ្វើការក្នុងកងចល័ត គឺ លើកភ្លឺស្រែ លើកទំនប់ និងជីកប្រឡាយ នៅតាមការដ្ឋានឆ្ងាយៗពីភូមិ។ សមាជិកកងចល័តយុវជន និងប្រជាជនមូលដ្ឋាននៅឃុំជាំតាម៉ៅ ស្រុកមេមត់ មានចំនួន១៥ទៅ២០នាក់ ត្រូវបានប្រធានកងកែនទៅលើកទំនប់បឹងក្រចាប់ ស្ថិតនៅឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។ ខ្ញុំត្រូវធ្វើការតាំងពីព្រលឹមរហូតទល់ព្រលប់។ កងចល័តក្នុងរបបខ្មែរក្រហម គឺធ្វើការកាប់គាស់ដីដោយចបកាប់ និងរែកដីឱ្យបានលឿន។ សមាជិកម្នាក់ៗត្រូវបង្កើនល្បឿនរែកនិងកាប់គាស់ដីដើម្បីសម្រេចឱ្យបានតាមផែនការ ព្រោះប្រធានកងគិតជាម៉ែត្រគុបក្នុងមួយថ្ងៃៗ ដូច្នេះគ្មាននរណាហ៊ានឈប់សម្រាកឡើយ។ ខ្ញុំខំប្រឹងរែកដី និងកាប់ដីមិនហ៊ានឈប់សម្រាកឡើយដើម្បីឱ្យហើយរួចរាល់តាមការកំណត់របស់អង្គការថ្នាក់លើ ទោះបីជាកម្លាំងកាយខ្ញុំចុះទន់ខ្សោយដោយសារការហូបចុកមិនបានគ្រប់គ្រាន់។

ខ្ញុំលើកទំនប់នៅបឹងក្រចាប់រយៈពេលមួយឆ្នាំកន្លះ ធ្វើឱ្យរាងកាយរបស់ខ្ញុំទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃរហូតខ្ញុំធ្លាក់ខ្លួនឈឺ ទើបសុំច្បាប់ប្រធានក្រុមត្រឡប់មកព្យាបាលជំងឺនៅផ្ទះវិញ។ ខ្ញុំក្តៅរងា គ្រុនញាក់ ហើយនៅផ្ទះខ្ញុំគ្មានថ្នាំពេទ្យព្យាបាលឡើយ។ ម្តាយខ្ញុំជ្រើសរើសវិធីព្យាបាលតាមបែបបុរាណ គឺអុជប៉ុយលើស្បែកពោះ និងខាងក្រោយឆ្អឹងខ្នង។ បន្ទាប់ពីម្តាយខ្ញុំយកភ្លើងមកដុតលើដើមទន្សែស្ងួតដែលជាប៉ុយ ភ្លើងចាប់ផ្តើមឆេះដើមទន្សែម្តងបន្តិចៗរហូតដល់ស្បែកពោះ។ ខ្ញុំមានអារម្មណ៍ក្តៅស្បែកពោះតាមកន្លែងដែលម្តាយខ្ញុំបានអុជ ហើយប្រហែលមួយថ្ងៃក្រោយមកអាការជំងឺក្នុងខ្លួនរបស់ខ្ញុំបានធូរស្បើយជាងមុន។ ចំណែកវិធីសាស្ត្របុរាណមួយទៀត ខ្ញុំឃើញអ្នកភូមិរបស់ខ្ញុំយកដុំថ្មមកដុតឱ្យក្តៅ រួចយកក្រណាត់មកទ្រាប់ដុំថ្ម បន្ទាប់មកយកដុំថ្មរុំក្រណាត់ជិតនោះទៅដាក់សង្កត់លើពោះ ឬកន្លែងចុកខ្លាំង ក៏អាចធ្វើឱ្យអាការជំងឺបានធូរស្រាល ឬជាសះស្បើយដែរ។

ចាប់តាំងពីខ្ញុំបានធូរស្បើយពីជំងឺ ខ្ញុំមិនទៅលើកទំនប់នៅបឹងក្រចាប់ទៀតទេ គឺប្រធានកងបានចាត់តាំងខ្ញុំឱ្យទៅច្រូតស្រូវនៅភូមិស្រែស្រណុក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ រហូតហើយរួចរាល់។ ប្រធានសហករណ៍នៅស្រែស្រណុក បានចែកអង្ករឱ្យខ្ញុំ និងប្រជាជនម្នាក់៤គីឡូក្រាម មុនពេលខ្មែរក្រហមជម្លៀសទៅកំពង់គ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កាលនោះ មានប្រជាជនរាប់រយនាក់ឈររង់ចាំកប៉ាល់ដឹកពីកំពង់គឆ្លងទន្លេទៅត្រើយម្ខាងទៀត ប៉ុន្តែត្រូវកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះមុន ទើបប្រជាជននាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញ។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

ថ្ងៃបើកបវេសនកាលឆ្នាំថ្មី៖ សិស្សានុសិស្សនៅតាមតំបន់កោះនៃស្រុកបុរីអូរស្វាយសែនជ័យ ចូលរួមទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រី្ដរ៉ក់» នៅអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)