ក្នុងឱកាសប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធខួប១៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ និគមជនសង្គមរាស្រ្តនិយម នៅស្រុកបុរីអូរស្វាយសែនជ័យ បានមកជួបជុំ ចូលរួម និងរំឭកអំពីពេលវេលានៃការមកដល់ និងចាប់ផ្ដើមជីវិតមករស់នៅដំបូងក្នុងបុរីអូរស្វាយ, ការមកទទួលព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គយាងមកសម្ពោធសមិទ្ធផលនៅបុរីអូរស្វាយ និងបទពិសោធន៍ឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហម។ សម្រាប់និគមជនសង្គមរាស្រ្តនិយម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ការចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប១៤ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅបុរីអូរស្វាយ មិនត្រឹមតែជាការគោរពដល់ព្រះវិញ្ញាណក្ខន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសរំឭកអតីតកាល និងផ្ញើសារទៅកាន់កូនចៅជំនាន់ក្រោយអំពីសន្តិភាព សាមគ្គីភាព និងការថែរក្សាមាតុភូមិ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធនៅបុរីអូរស្វាយ
នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៅសួន និងស្ដូប អនុស្សាវរីយ៍ស្នាព្រះហស្តព្រះបរមរតនកោដ្ឋ ក្នុងបុរីអូរស្វាយ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនជាច្រើនរូប។ ក្នុងឱកាសនោះ គណៈអធិបតី និងអ្នកចូលរួមបានអញ្ជើញដាក់កម្រងផ្កាស្រស់ ព្រមទាំងឈរស្មិងស្មាធិ៍គោរពព្រះវិញ្ញាណក្ខន្ធ ដើម្បីសម្ដែងនូវកតញ្ញូតាធម៌ និងការដឹងគុណចំពោះព្រះរាជគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ។
សម្រាប់ប្រជាជន និងនិគមជនសង្គមរាស្រ្តនិយម ដែលត្រូវបានជ្រើសរើស និងបញ្ជូនមករស់នៅបុរីអូរស្វាយចាប់តាំងពីសម័យសង្គមរាស្ត្រនិយម, សួន និងស្ដូបអនុស្សាវរីយ៍ស្នាព្រះហស្តព្រះបរមរតនកោដ្ឋ ក្នុងបុរីអូរស្វាយ គឺមានអត្ថន័យលើសពីសំណង់ប្រវត្តិសាស្ត្រមួយ ប៉ុន្តែជាកន្លែងដែលផ្សាភ្ជាប់ការចងចាំអំពីការចាប់ផ្ដើមជីវិតថ្មីដោយក្ដីសង្ឃឹម និងការស្នេហាជាតិ, ការកសាងសហគមន៍, ការបាត់បង់ ដោយសារតែសង្គ្រាម ជីវិតឆ្លងកាត់របបខ្មែរក្រហម និងការចាប់ផ្ដើមកសាងជីវិតឡើងវិញក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ង៉ែត សូនី៖ ការចងចាំប្រវត្តិសាស្រ្តអតីតកាល មិនមែនមានតែភាពទុក្ខសោកនោះទេ ប៉ុន្តែក៏ជាប្រភពនៃការយល់ដឹងអំពីតម្លៃនៃសន្តិភាព, សាមគ្គីភាព និងការថែរក្សាទឹកដី
ខ្ញុំឈ្មោះ ង៉ែត សូនី អាយុ៦០ឆ្នាំ កើតនៅបុរីអូរស្វាយ។ ខ្ញុំគឺជាកូនទី៦ ក្នុងចំណោមបងប្អូនសរុបចំនួន៧នាក់។ ខ្ញុំមានឪពុកឈ្មោះ ថាច់ ង៉ែត និងម្ដាយឈ្មោះ ថាច់ យូង។ ឪពុកម្តាយខ្ញុំ គឺជាប្រជាជនដែលសម្ដេចព្រះ នរោត្តម សីហនុ ជ្រើសរើស និងបញ្ជូនមករស់នៅបុរីអូរស្វាយ។ ឪពុកម្ដាយរបស់ខ្ញុំ រស់នៅទឹកដីកម្ពុជាក្រោម ប៉ុន្តែក្រោយមកបានផ្លាស់មករស់នៅទីក្រុងភ្នំពេញ ដោយសារតែសង្រ្គាមរវាងសហរដ្ឋអាមេរិក និងវៀតណាម នៅដើមទសវត្សរ៍ឆ្នាំ១៩៦០។ ប្រហែលជាមួយឆ្នាំក្រោយមក ឪពុកម្ដាយរបស់ខ្ញុំត្រូវបានបញ្ជូនមករស់នៅបុរីអូរសាយ ដើម្បីចាប់ផ្ដើមកសាងជីវិតថ្មី នៅទឹកដីព្រំដែន។ ប្រជាជននៅបុរីអូរស្វាយនាពេលនោះ ទទួលបានរបប ដូចជា ផ្ទះកាឡុងសម្រាប់រស់នៅ, ដីស្រែ-ចម្ការ, គោសម្រាប់ភ្ជួររាស់ និងប្រាក់ឧបត្ថម្ភប្រចាំខែ។ ឪពុកម្ដាយរបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថា នៅបុរីអូរស្វាយ ត្រូវបានកសាងសមិទ្ធផលជាច្រើន រួមមាន ស្ដូប និងសួនច្បារ, អគាររដ្ឋបាល, មណ្ឌលសុខភាព, រោងសហករណ៍, ផ្សារសហគមន៍, ទីកន្លែងចុះចតឧទ្ធម្ភាគចក្រ និងសាលារៀន។ ម្ដាយរបស់ខ្ញុំ គឺជាអ្នកមើលថែរក្សាសួនច្បារ និងផ្សារសហគមន៍ និងធ្លាប់បានចូលរួមដាំ «ដើមពោធិ៍» ដែលព្រះរាជទានរបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតកោដ្ឋ នៅក្បែរស្តូប។ ក្រោយមក ម្ដាយរបស់ខ្ញុំបានដាក់តម្កល់បដិមាព្រះពុទ្ធ ដែលគាត់បានថែរក្សាទុកតាំងពីកម្ពុជាក្រោមនៅក្រោមដើមពោធិ៍។ ម្ដាយរបស់ខ្ញុំធ្លាប់ទទួលបានក្រណាត់សប៉ាក់អក្សរ «សង្គមរាស្រ្តនិយម» ចំនួន១ដុំ សម្រាប់កាត់សម្លៀកបំពាក់ និងស្ករគ្រាប់សម្រាប់ឱ្យខ្ញុំហូប។
ខ្ញុំសប្បាយចិត្ត នៅពេលដឹងថាមានការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប១៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់សម្ដេចព្រះ នរោត្តម សីហនុ នៅបរិវេណស្ដូប និងសួនអនុស្សាវរីយ៍។ ខ្ញុំសម្រេចចិត្តមិនទៅធ្វើការនៅចម្ការ ដើម្បីមកចូលរួមកម្មពិធី។ សម្រាប់ខ្ញុំ ការមកឈរនៅមុខស្តូប និងសួនអនុស្សាវរីយ៍ គឺជាការបង្ហាញអំពីសេចក្ដីនឹករំឭក និងការដឹងគុណចំពោះសម្ដេចព្រះបរមរតនកោដ្ឋ។
អោម សាម៉ៃ៖ ការចងចាំពីសហគមន៍បុរីអូរស្វាយ ដែលធ្លាប់រីកចម្រើន និងការតស៊ូដើម្បីរស់រានមានជីវិត
ខ្ញុំឈ្មោះ អោម សាម៉ៃ អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប៉ុន្តែបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្ដីឈ្មោះ ឈុន ឡោ និងមានកូនសរុបចំនួន៦នាក់ គឺស្រី២នាក់ និងប្រុស៤នាក់។ ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយជាមួយឪពុកមារបស់ខ្ញុំ ដែលធ្វើជាទាហាន។ កាលពីក្មេង ខ្ញុំរៀនដល់ថ្នាក់ទី៧ ពីសង្គមចាស់។ ខ្ញុំអាចអាន សរសេរ និងនិយាយភាសាបារាំងបានខ្លះ។ ខ្ញុំឈប់រៀននៅអាយុប្រហែល១៧ឆ្នាំ ហើយមករស់នៅបុរីអូរស្វាយតែម្ដង។ ក្រោយមក ខ្ញុំរៀបការប្ដីដែលធ្វើជាទាហាន។ ខ្ញុំនៅចងចាំថា បុរីអូរស្វាយមានការអភិវឌ្ឍន៍ច្រើន ដូចជា បន្ទាយទាហាន, សាលារៀន, ផ្ទះកាឡុង, ផ្សារសហគមន៍, ទីចាត់ការ, ស្ដូប និងសួន។ ប្រជាជន និងទាហាន ជាច្រើនគ្រួសារ ត្រូវបានបញ្ជូនមករស់នៅបុរីអូរស្វាយ ដើម្បីកសាងជីវិតថ្មី និងការពារទឹកដី។
ខ្ញុំនៅចងចាំថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ យាងមកកាន់បុរីអូរស្វាយដើម្បីជួបកូនចៅរបស់ព្រះអង្គ និងសម្ពោធរាល់សមិទ្ធផលដែលត្រូវបានកសាងឡើង។ កាលនោះ ប្រជារាស្រ្តដែលទៅទទួលព្រះអង្គ បានអំណោយក្រណាត់ប៉ាក់អក្សរ «សង្គមរាស្រ្តនិយម» ចំនួន១ដុំ សម្រាប់កាត់សម្លៀកបំពាក់។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ សង្គ្រាមស៊ីវិលបានរាលដាលដល់បុរីអូរស្វាយ បណ្ដាលឱ្យប្រជាជនប្រឈមនឹងការទម្លាក់គ្រាប់បែក និងរងភាពភ័យខ្លាច។
នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្ញុំទើបសម្រាលកូនដំបូង ហើយត្រូវបែកចេញពីប្ដីដែលត្រូវបានចាត់ឱ្យធ្វើការនៅកងចល័តបុរស។ ខ្ញុំត្រូវធ្វើការធ្ងន់នៅកងចល័តនារី ដូចជា បុកអង្ករ កាប់គល់ឫស្សី ធ្វើស្រែ និងរែកដី ទាំងខ្វះខាតអាហារ។ ដោយសារភាពអត់ឃ្លាន ខ្ញុំ និងប្ដីតែងលួចចេញទៅជីកមើមក្ដួចមកហូប។ ថ្ងៃមួយ ខ្ញុំបានវង្វេងផ្លូវក្នុងព្រៃ ប៉ុន្តែត្រូវបានប្រជាជននៅតំបន់ស្រែបីជួយប្រាប់ផ្លូវត្រឡប់មកភូមិវិញ។ ខ្ញុំបានឃើញប្រជាជនថ្មីរងទុក្ខដោយសារការងារហួសកម្លាំង និងការខ្វះខាតអាហារ។ ខ្ញុំបានដឹងអំពីការយកមនុស្សទៅសម្លាប់ ប៉ុន្តែខ្ញុំមិនហ៊ាននិយាយព្រោះខ្លាចបាត់បង់ជីវិត។
នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសខ្ញុំទៅខេត្តព្រះវិហារ ប៉ុន្តែត្រូវបានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមករំដោះ និងនាំត្រឡប់មកបុរីអូរស្វាយវិញ។ បើទោះបីជាបានរស់រានមានជីវិតក៏ដោយ ប៉ុន្ដែខ្ញុំបានបាត់បង់បងប្រុសម្នាក់ និងឪពុកមា។ ការបែកបាក់គ្រួសារ ភាពអត់ឃ្លាន និងការភ័យខ្លាចនៅតែជាការចងចាំដ៏ឈឺចាប់ចំពោះខ្ញុំ។
បច្ចុប្បន្នខ្ញុំមានវ័យចាស់ និងប្រឈមនឹងបញ្ហាសុខភាពជាច្រើន។ ខ្ញុំធ្លាប់ទទួលបានការពិនិត្យសុខភាពបឋមពីមជ្ឈមណ្ឌលឯកសារកម្ពុជា។ រឿងរ៉ាវរបស់ខ្ញុំរំឭកពីតម្លៃនៃសន្តិភាព និងសារសំខាន់នៃការកត់ត្រាសក្ខីកម្ម ដើម្បីរក្សាការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងផ្ទេរបទពិសោធន៍ទាំងនេះទៅមនុស្សជំនាន់ក្រោយ។
គង់ អ៊ីន៖ ពីការកសាងសហគមន៍ព្រំដែនទៅជីវិតក្រោមរបបខ្មែរក្រហម
ខ្ញុំឈ្មោះ គង់ អ៊ីន អាយុ៦៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ ខាត់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ (ជំនាន់សង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ស្លាប់ដោយសារជំងឺសួត។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ ខ្ញុំមានប្តីឈ្មោះ ម៉ាក់ សុង និងមានកូនប្រុសស្រីចំនួន៧នាក់ និងចៅសរុបចំនួន១២នាក់។
ឪពុកម្ដាយរបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយ បន្ទាប់ពីសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រៀបចំឱ្យប្រជាជនមករស់នៅតាមព្រំដែន។ នៅពេលមកដល់ដំបូង សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានកសាងសមិទ្ធផលជាច្រើន និងផ្គត់ផ្គង់ប្រជាជនដែលស្ម័គ្រចិត្តមករស់នៅ មានដូចជា ផ្ទះកាឡុង, ដីស្រែចម្ការ, គ្រាប់ពូជ និងថវិកាឧបត្ថម្ភប្រចាំខែ។ ឪពុកម្ដាយរបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថា សម្ដេចព្រះបរមរតនកោដ្ឋ បានបញ្ជូនប្រជាជនមករស់នៅអូរស្វាយ ដែលស្ថិតនៅក្បែរព្រំដែនដើម្បីការពារបូរណ ភាពទឹកដី។ នៅឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ យាងមកសម្ពោធសមិទ្ធផលដែលត្រូវបានកសាងរួមមាន មន្ទីរពេទ្យ, ផ្ទះកាឡុង, ស្ដូបអនុស្សាវរីយ៍, មន្ទីរចាត់ការ និងផ្សារសហគមន៍ ជាដើម នៅបុរីអូរស្វាយ។ នៅពេលនោះ ខ្ញុំក៏ទៅទទួល និងបានចាប់ព្រះហស្ដរបស់សម្ដេច ។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើជាពេទ្យខ្មែរក្រហម។ នៅពេលនោះការងាររបស់ខ្ញុំ គឺដើរស្វែងរកដើមឈើ និងឫសឈើជាថ្នាំព្យាបាលជំងឺ។ ខ្ញុំត្រូវដើរស្វែងរកដើមឈើ និងឫសឈើ ជាថ្នាំ នៅម្ដុំដុងក្រឡ។ ក្នុងកងរបស់ខ្ញុំ មានសមាជិកចំនួន៤នាក់ រួមមាន មិត្តណាន, ខ្ញុំ, មិត្តនា និង មិត្តសារ៉ាន់។ យើងត្រូវដើររកថ្នាំ ក្នុងរយៈពេលកន្លះខែម្ដង។ បន្ទាប់រកបានដើមឈើ និងឫសឈើ យើងស្ពាយយកមកដាំ ឬស្ងោរ ដើម្បីធ្វើជាថ្នាំសម្រាប់ព្យាបាល។
រឿងរ៉ាវរបស់ខ្ញុំ ដែលបានឆ្លងកាត់ការបាត់បង់ឪពុក សង្គ្រាម ការងារដោយបង្ខំ ការអត់ឃ្លាន ការរៀបការដោយបង្ខំ និងការជម្លៀសប្រជាជន។ ទោះបីបានជួបការលំបាកជា ខ្ញុំនៅតែព្យាយាមជួយអ្នកជំងឺ និងរក្សាគ្រួសារឱ្យនៅជាមួយគ្នា។ ការចងចាំរបស់ខ្ញុំបង្ហាញថា សង្គ្រាមមិនត្រឹមតែបំផ្លាញសំណង់ និងហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខភាព និងទំនាក់ទំនងគ្រួសាររបស់ប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍។
ការប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅស្រុកបុរីអូរស្វាយ សែនជ័យ ក្នុងឆ្នាំ២០២៦ គឺជាឱកាសរំឭកដល់ព្រះរាជគុណូបការៈរបស់ព្រះអង្គ និងជាពេលវេលាដែលនិគមជន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាចរៀបរាប់ពីការចងចាំផ្ទាល់ខ្លួនទាក់ទងប្រវត្តិសាស្ត្ររួមរបស់សហគមន៍។ ទីតាំងស្ដូប និងសួន អនុស្សាវរីយ៍ អាចមានអត្ថន័យកាន់តែជ្រាលជ្រៅ នៅពេលដែលរឿងរ៉ាវរបស់និគមជន និងអ្នករស់រានមានជីវិតពីបបខ្មែរក្រហម ដែលធ្លាប់រស់នៅទីនោះ ត្រូវបានចងក្រង ថែរក្សា និងចែករំលែកទៅកាន់កូនចៅជំនាន់ក្រោយ។
ការចងក្រង ថែរក្សា និងចែករំលែកបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានសារសំខាន់ចំពោះការអប់រំប្រវត្តិសាស្ត្រ និងការចងចាំសង្គម។ រឿងរ៉ាវទាំងនេះជួយឱ្យយុវជនយុវនារី ស្វែងយល់ថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយឯកឯងនោះទេ ហើយការបាត់បង់ដែលកើតឡើងក្នុងសង្គ្រាម និងរបបខ្មែរក្រហម អាចបន្សល់ទុកផលប៉ះពាល់ដល់សង្គម និងគ្រួសារដល់ពេលបច្ចុប្បន្ន។
នៅពេលដែលនិគមជនសង្គមរាស្រ្តនិយម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានវ័យកាន់តែចាស់ជរា, ការស្តាប់ និងចងក្រងសាច់រឿងរបស់គាត់កាន់តែមានសារសំខាន់។ ការថែរក្សាទីតាំងប្រវត្តិសាស្ត្រត្រូវដើរទន្ទឹមនឹងការថែរក្សាការចងចាំរបស់គាត់ ពីព្រោះសំណង់ឬទីតាំងប្រវត្តិសាស្រ្តអាចបង្ហាញអំពីអតីតកាល ប៉ុន្តែសំឡេងរបស់អ្នកដែលបានឆ្លងកាត់ព្រឹត្តិការណ៍ទាំងនោះ អាចជួយឱ្យកូនចៅជំនាន់ក្រោយយល់កាន់តែច្បាស់ពីអត្ថន័យរបស់រឿងរ៉ាវទាំងនោះ។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា








