ទោះបីជាការផ្តល់អាទិភាពដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនាពេលថ្មីៗនេះ ហាក់ដូចជាការវិវត្តមួយដ៏គួរឱ្យស្វាគមន៍ ប៉ុន្តែតម្លៃនិងសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានបន្ថយដោយការនាំបញ្ហានេះទៅប្រើប្រាស់ក្នុងគោលបំណងនយោបាយជ្រុលហួសហេតុពេក។ សន្និសីទនាពេលខាងមុខ គឺជាឱកាសដ៏ល្អមួយសម្រាប់កំណត់ទិសដៅឡើងវិញ និងស្តារកិច្ចសន្ទនាជាអន្តរជាតិលើប្រធានបទដ៏សំខាន់នេះ។
សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញដែលមានអង្គការចាត់តាំង ព្រមទាំងបណ្តាញពាក់ព័ន្ធនឹងការឆបោក គឺស្ថិតក្នុងចំណោមទម្រង់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងគួរឱ្យស្អប់ខ្ពើមបំផុត ព្រោះបានកេងប្រវ័ញ្ចលើក្រុមមនុស្សដែលងាយរងគ្រោះ និងជនចាស់ជរា។ លើសពីនេះ សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ថែមទាំងបានពឹងផ្អែកយ៉ាងខ្លាំងលើការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចលើកម្លាំងពលកម្មមនុស្សថែមទៀតផង។ រាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ និងអង្គការចាត់តាំងដែលពាក់ព័ន្ធ គួរតែទទួលបានចំណាត់ការជាអាទិភាពបំផុតពីស្ថាប័នអនុវត្តច្បាប់។ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលនានា និងសហគមន៍អន្តរជាតិ ត្រូវមានការទទួលខុសត្រូវ និងធ្វើការងាររួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជំងឺមហារីកក្នុងសង្គមនេះ ។
ទោះបីជាមានដំណោះស្រាយនិងការទប់ស្កាត់នូវរាល់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះយ៉ាងណាក៏ដោយមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធអនឡាញ គឺគ្រាន់តែជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការឧក្រិដ្ឋកម្មសកលប៉ុណ្ណោះ។ ដូច្នេះ ពិភពលោកចាំបាច់ត្រូវវាយតម្លៃលើបញ្ហានេះឱ្យបានល្អិតល្អន់ប្រុងប្រយ័ត្ន ក្នុងបរិបទនៃប្រតិបត្តិការទូលំទូលាយជាងនេះ និងគិតគូរដល់តម្រូវការប្រកួតប្រជែងផ្សេងៗ ដែលកំពុងប្រឈមមុខដោយស្ថាប័នអនុវត្តច្បាប់ និងអង្គការសង្គមស៊ីវិល។ ការពិពណ៌នាថា ឆបោកតាមប្រព័ន្ធអនឡាញ និងអង្គការឧក្រិដ្ឋកម្មដែលពាក់ព័ន្ធគឺជាការគំរាមកំហែងធ្ងន់ធ្ងរ ឬចម្បងបំផុតដល់សង្គម វាគ្រាន់តែជាទស្សនខ្វះការមើលឃើញឱ្យបានវែងឆ្ងាយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ទោះបីវាគឺជាឧក្រិដ្ឋកម្មដ៏គួរឱ្យព្រួយបារម្ភយ៉ាងណាក៏ដោយ សកម្មភាពពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ គ្រាន់តែជារោគសញ្ញាមួយនៃបញ្ហាសង្គមដែលស្ថិតក្នុងបញ្ហាផ្សេងៗទៀតមានដូចជាវិបត្តិនៃអភិបាលកិច្ចក្នុងការប្រឈមមុខ និងការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់សកល កំពុងឆ្លើយតបយឺតយ៉ាវ គ្មានប្រសិទ្ធភាព និងទទួលបានលទ្ធផលមិនគួរឱ្យពេញចិត្ត ចំពោះការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាដែលកំពុងជំរុញ។ ក្នុងពេលជាមួយគ្នានេះដែរ កិច្ចការទាំងនេះត្រូវបានជះឥទ្ធិពលដោយភាពបរាជ័យ និងចំណុចខ្សោយជាប្រព័ន្ធ នៅគ្រប់កម្រិតនៃសង្គម។ ការផ្តោតគោលដៅលើអង្គការចាត់តាំងនិងបណ្តាញដែលប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនានា គឺជាកិច្ចការសំខាន់មួយ។ ទោះបីជាយ៉ាងណា វាគ្រាន់តែជាវិធីសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗទៀត ដែលចាំបាច់ត្រូវអនុវត្ត ដើម្បីដោះស្រាយឱ្យបានត្រឹមត្រូវនូវរាល់ភាពខ្វះខាតនៅក្នុងប្រព័ន្ធ ស្ថាប័ន និងវប្បធម៌ នៅកម្រិតសកលដែលបានរួមចំណែកដល់ការពង្រីក និងការវិវត្តកាន់តែស្មុគស្មាញនៃរាល់សកម្មភាពឧក្រិដ្ឋកម្មនៅទូទាំងពិភពលោក។
ចំណុចខ្វះខាតមួយដែលពាក់ព័ន្ធនឹងការផ្តោតការយកចិត្តទុកដាក់លើមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជានាពេលបច្ចុប្បន្ន គឺជាការនាំបទល្មើសឆ្លងដែន និងអន្តរជាតិនេះទៅប្រើប្រាស់ក្នុងគោលបំណងនយោបាយដោយមិនត្រឹមត្រូវ។ គ្មានការសង្ស័យឡើយថា ប្រទេសកម្ពុជាបានប្រឈមមុខនឹងការកើនឡើងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ និងបណ្តាញឧក្រិដ្ឋកម្មដែលប្រតិបត្តិការនៅក្នុងព្រំដែនរបស់ខ្លួន ហើយការផ្តោតការយកចិត្តទុកដាក់នាពេលថ្មីៗ ក្នុងការលុបបំបាត់ និងបង្ក្រាបរាល់បណ្តាញឧក្រិដ្ឋកម្មទាំងនេះ គឺជាកិច្ចការដ៏សំខាន់មួយ។ យ៉ាងណាមិញ ការកើនឡើងនៃមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ និងជាពិសេសអង្គការឧក្រិដ្ឋកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីពង្រីកសមត្ថភាព និងវិសាលភាពនៃសកម្មភាពរបស់ខ្លួន មិនមែនជាបញ្ហាដែលកើតមានក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ។ បញ្ហានេះមិនមែនគឺជារឿងចៃដន្យនោះទេ ដែលការផ្ដោតអារម្មណ៍នាពេលថ្មីៗនេះលើមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាបានកើតឡើងស្របពេលជាមួយនឹងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។
ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពប្រទេសថៃពិតជាមានផលប្រយោជន៍ស្របច្បាប់ក្នុងការបង្ក្រាបលុបបំបាត់ រាល់សកម្មភាពឧក្រិដ្ឋកម្មដែលកើតមាននៅក្នុង និងនៅតាមបណ្តោយព្រំដែនរបស់ខ្លួនផ្ទាល់។ យ៉ាងណាមិញ ការប្រើប្រាស់កងទ័ពរបស់ថៃនៅលើទឹកដីកម្ពុជា និងការកែប្រែយុទ្ធសាស្ត្របង្វែរសាច់រឿងឬការបកស្រាយសាធារណៈ ជុំវិញការប្រើប្រាស់កងទ័ពបានបង្ហាញយ៉ាងច្បាស់ថា នៅពីក្រោយសកម្មភាពទាំងនេះគឺ មានគោលបំណងផ្សេងទៅវិញទេ ក្រៅពីការអនុវត្តច្បាប់ដែលត្រូវបាននិងកំពុងតែបន្តអនុវត្ត។ ស្ថានភាពនេះត្រូវបានបង្ហាញកាន់តែច្បាស់ទៀតតាមរយៈការបន្តកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ។ជាជាងការឆ្លើយតបស្របច្បាប់ចំពោះបញ្ហាឧក្រិដ្ឋកម្ម ឬការគំរាមកំហែងពិតប្រាកដដល់សន្តិសុខជាតិ ភាគីថៃបានប្រើប្រាស់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងទឹកដីកម្ពុជា ជាលេសដើម្បីបង្ហាញអំពីភាពត្រឹមត្រូវក្នុងការកាន់កាប់ទឹកដីកម្ពុជា ដែលខ្លួនបានព្យាយាមចង់បាន យកមកគ្រប់គ្រងអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ មិនមានវត្តមាននៅក្នុងតំបន់ប្រាសាទព្រះវិហារឡើយ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធថៃបានធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់នេះ ព្រមទាំងនៅតាមតំបន់ប្រាសាទបុរាណជាទីសក្ការៈរបស់កម្ពុជា ជាច្រើនទីតាំង។ បន្ថែមពីនេះ កងទ័ពថៃបានចូលកាន់កាប់ទ្រព្យសម្បត្តិរបស់ជនស៊ីវិល និងបានបង្ខំប្រជាជនកម្ពុជារាប់ពាន់នាក់ផ្លាស់ទីលំនៅដោយខុសច្បាប់ទៀតផង ដែលសកម្មភាពទាំងអស់នេះមិនអាចភ្ជាប់ ឬបង្ហាញភាពសមហេតុផលត្រឹមត្រូវដោយយោងទៅលើការអនុវត្តច្បាប់ ឬការការពារសន្តិសុខជាតិបានឡើយ។ សរុបមក សកម្មភាពទាំងនេះហាក់ដូចជាបង្ហាញអំពីគោលបំណងបង្កើត ឬកំណត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងកងទ័ព ហើយប្រទេសថៃមិនប្រាកដថាអាចការពារខ្លួនបានតាមរយៈតុលាការអន្តរជាតិ ឬការទូត។
ការឆបោកតាមប្រព័ន្ធអនឡាញគឺពិតជាបញ្ហាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ទោះបីជាយ៉ាងណា នៅពេលដែលការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានយកទៅប្រើប្រាស់ជាលេសដើម្បីបម្រើរបៀបវារៈ ឬគោលបំណងផ្សេងក្រៅពីការដោះស្រាយបញ្ហា នោះយើងកំពុងតែបំផ្លាញ ទំនុកចិត្ត និងសុចរិតភាព ដែលជាកត្តាចាំបាច់បំផុតសម្រាប់និរន្តរភាពនៃសណ្តាប់ធ្នាប់អន្តរជាតិ។ លើសពីនេះទៅទៀត យើងកំពុងបន្ថែមភាពគ្មានប្រសិទ្ធភាព និងការបង្វែរចំណាប់អារម្មណ៍ដោយហេតុផលនយោបាយ ទៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញ និងពិបាកដោះស្រាយ ដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ។
បញ្ហាប្រឈមនានារបស់ពិភពលោកនាពេលបច្ចុប្បន្ន បានក្លាយទៅជាបញ្ហាដែលមានភាពស្មុគស្មាញ ប្រែប្រួលឥតឈប់ឈរ និងពិបាកព្យាករណ៍ទុកជាមុនខ្លាំងពេក រហូតដល់យើងមិនត្រូវទុកឱ្យភាពគ្មានប្រសិទ្ធភាព ការបែកបាក់ និងការបង្វែរចំណាប់អារម្មណ៍ដោយហេតុផលនយោបាយកើតមានឡើងនោះឡើយ។ សកម្មភាពឧក្រិដ្ឋកម្មនានា តែងតែរីកលូតលាត់ និងសាយភាយនៅក្នុងប្រព័ន្ធអភិបាលកិច្ចដែលមានភាពទន់ខ្សោយ ខ្វះប្រសិទ្ធភាព និងមានភាពបែកបាក់។
សកម្មភាពទាំងឡាយណាដែលផ្តោតទៅលើការបង្ក្រាបនិងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មទាំងនេះអាចនាំមកនូវលទ្ធ ផលវិជ្ជមាន។ ប៉ុន្តែលទ្ធផលវិជ្ជមានទាំងនោះ នឹងអាចស្ថិតស្ថេរយូរអង្វែងបាន លុះត្រាតែត្រូវបានកសាងឡើងលើមូលដ្ឋាននៃយុទ្ធសាស្ត្រដែលបានគិតគូរច្បាស់លាស់ និងភាពជាដៃគូដ៏រឹងមាំ។ ផ្ទុយទៅវិញ សកម្មភាពទាំងឡាយណាដែលត្រូវបានអនុវត្ត ក្នុងគោលបំណងសម្រេចរបៀបវារៈ ឬគោលដៅផ្សេងៗដែលមិនពាក់ព័ន្ធនឹងវត្ថុបំណងស្របច្បាប់នៃការអនុវត្តច្បាប់។ សកម្មភាពនោះគឺមិនត្រឹមតែបំផ្លាញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាផ្សេងៗថែមទៀតផង។ បញ្ហានេះគឺកាន់តែគួរឱ្យព្រួយបារម្ភថែមទៀត ខណៈដែលសហគមន៍អន្តរជាតិកំពុងតែប្រឈមមុខនឹងស្ថានភាពខ្វះការប្តេជ្ញាចិត្តគ្រប់គ្រាន់ ខ្វះធនធាន និងនៅតែមិនទាន់មានការត្រៀមខ្លួនបានល្អប្រសើរ សម្រាប់ប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញនានានៅសតវត្សរ៍ទី២១ នេះ។
សន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ការកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងបណ្តាប្រទេសនានា ស្ថាប័នអនុវត្តច្បាប់ និងអង្គការសង្គមស៊ីវិល លើប្រធានបទដ៏សំខាន់នេះ។
ព្រឹត្តិការណ៍នេះផ្តល់នូវឱកាសដ៏ប្រសើរមួយសម្រាប់ការពិភាក្សាអំពីទិដ្ឋភាពផ្សេងៗ នៃសកម្មភាពឧក្រិដ្ឋកម្មនានា និងការចែករំលែកគំនិត ស្តីពីវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗក្នុងការឆ្លើយតបចំពោះបញ្ហានេះ។ អនាគតរបស់ពិភពលោកពឹងផ្អែកលើភាពរឹងមាំនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដែលយើងកសាងឡើងនៅថ្ងៃនេះ។ ខ្ញុំមានសេចក្តីសង្ឃឹមថា នឹងមានការស្តារកិច្ចសន្ទនាឡើងវិញរវាងរដ្ឋាភិបាលនានា ជាពិសេសរវាងកម្ពុជា និងថៃ ដើម្បីស្វែងរកមិនត្រឹមតែវិធីដោះស្រាយវិវាទដែលបានបន្តអូសបន្លាយអស់ជាច្រើនសតវត្សរ៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីប្រឈមមុខ និងដោះស្រាយបញ្ហារួមដែលប្រទេសទាំងពីរកំពុងជួបប្រទះថែមទៀតផង។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



