ប្រវត្តិផ្ទាល់ខ្លួន និងគ្រួសារ
ខ្ញុំឈ្មោះ ង៉ែត សូនី បច្ចុប្បន្នអាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជាកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ ក្នុងនោះស្រីចំនួន៣នាក់ និងប្រុសចំនួន៤នាក់។ ម្ដាយរបស់ខ្ញុំឈ្មោះ ថាច់ យូង ស្លាប់នៅឆ្នាំ២០២៥ ក្នុងអាយុ១០៣ឆ្នាំ ចំណែកឯឪពុករបស់ខ្ញុំឈ្មោះ ថាច់ ង៉ែត (ស្លាប់)។ ខ្ញុំមានប្ដីឈ្មោះ សី សុវត្ថិ (ស្លាប់) និងមានកូនចំនួន១០នាក់ ក្នុងនោះមានកូនប្រុសចំនួន៧នាក់។ ដោយសារតែខ្ញុំធំដឹងក្តីឡើងក្នុងសម័យសង្គ្រាម និងរបបខ្មែរក្រហមហេតុនេះខ្ញុំមិនមានឱកាសបានចូលរៀនសូត្រឡើយ។
ភៀសខ្លួនពីកម្ពុជាក្រោម មកកសាងជីវិតថ្មីនៅបុរីអូរស្វាយ
មូលហេតុដែលគ្រួសាររបស់ខ្ញុំត្រូវឃ្លាតឆ្ងាយពីទឹកដីកំណើតកម្ពុជាក្រោម រហូតមកដល់ស្រុកបុរីអូរស្វាយ គឺមានដំណើររឿងវែងឆ្ងាយ និងឆ្លងកាត់ការលំបាកជាច្រើន។ នៅពេលសង្រ្គាមប្រឆាំងនឹងអាណានិគមបារាំងកើតឡើងនៅក្នុងប្រទេសវៀតណាម និងក្រោយមកសង្រ្គាមជាមួយកងទ័ពអាមេរិក ឪពុករបស់ខ្ញុំបានសម្រេចចិត្តភៀសខ្លួនពីកម្ពុជាក្រោម មករស់នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាតែម្នាក់ឯង។ ក្រោយមក ម្ដាយរបស់ខ្ញុំបានធ្វើដំណើរមកតាមក្រោយ។ ដំណើរភៀសខ្លួនរបស់ឪពុកម្តាយខ្ញុំនាសម័យនោះគឺពោរពេញទៅដោយគ្រោះថ្នាក់ និងលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវឆ្លងទឹក ដើរកាត់ព្រៃក្រាស់ ទើបអាចមកដល់ទីក្រុងភ្នំពេញ។ បន្ទាប់ពីគ្រួសារខ្ញុំមករស់នៅទីក្រុងភ្នំពេញបានមួយរយៈ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គទ្រង់បានសព្វព្រះរាជហឫទ័យជ្រើសរើសគ្រួសាររបស់ខ្ញុំ និងប្រជាជនមួយចំនួនទៀត ឱ្យមករស់នៅតំបន់ព្រំដែន «បុរីអូរស្វាយ» ក្នុងអំឡុងឆ្នាំ១៩៦៣។ ពេលមកដល់បុរីអូរស្វាយ គ្រួសារខ្ញុំទទួលបានដីចំនួន៥ហិកតា និងផ្ទះមួយខ្នង។ ខ្ញុំនៅចាំបានថា ក្នុងសម័យសង្គមរាស្ត្រនិយម បុរីអូរស្វាយមានការអភិវឌ្ឍន៍ខ្លាំងណាស់ ព្រោះមានផ្សារ មានសួនច្បារ មានអគារសង់ពីថ្ម ព្រមទាំងមានព្រលានយន្តហោះទៀតផង។
ដើមពោធិ៍ព្រះរាជទាន
នៅបុរីអូរស្វាយ ម្ដាយរបស់ខ្ញុំមានការងារជាអ្នកមើលថែសួនច្បារ និងមើលថែផ្សារ ដោយទទួលបានប្រាក់បៀវត្សរ៍ ៨០០ រៀលក្នុងមួយខែ។ នៅពេលទំនេរ ម្តាយរបស់ខ្ញុំតែងតែឆ្លៀតជួយដឹកទឹកឱ្យឪពុករបស់ខ្ញុំដើម្បីសាងសង់ផ្ទះ។ អំឡុងពេលនោះ លោក ម៉ៅ សង្ឃេម ( គឺជាមន្ត្រីជាន់ខ្ពស់ និងជាឧត្តមសេនីយ៍នៅក្នុងសម័យសង្គមរាស្រ្តនិយម) បាននាំយកដើមពោធិ៍មួយដើម ដែលជាព្រះរាជទានពីសម្តេចព្រះ នរោត្តម សីហនុ មកកាន់បុរីអូរស្វាយ។ ពេលគាត់ឃើញម្ដាយខ្ញុំកំពុងបោសសម្អាតសំរាមក្នុងបរិវេណស្តូប គាត់បានប្រគល់ដើមពោធិ៍នោះឱ្យម្ដាយខ្ញុំជាអ្នកដាំ។ ម្ដាយរបស់ខ្ញុំបានយកចិត្តទុកដាក់មើលថែដើមពោធិ៍ជាប្រចាំដែលដាំនៅជាប់នឹងស្តូបអនុស្សាវរីយ៍។
នៅក្នុងអំឡុងពេលដែលសម្តេចព្រះ នរោត្តម សីហនុ ទ្រង់យាងមកសម្ពោធបុរីអូរស្វាយ ព្រះអង្គបានចែកក្រណាត់សង្គមរាស្ត្រនិយមដល់ប្រជារាស្ត្រគ្រប់ៗគ្នា គឺទាំងក្មេង ចាស់ ប្រុស ស្រី។ កាលនោះ ទោះបីខ្ញុំនៅក្មេង ក៏ខ្ញុំទទួលបានក្រណាត់ដូចមនុស្សធំដែរ ថែមទាំងបាននំ និងស្ករគ្រាប់ច្រើនជាងអ្នកឯទៀត។ ការទទួលបានអំណោយធ្វើឱ្យខ្ញុំនៅចងចាំ និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានយកមកចែកបងប្អូនហូបជុំគ្នានៅផ្ទះ។
ការទម្លាក់គ្រាប់បែក
ភាពសប្បាយរីករាយ និងភាពសម្បូរសប្បាយនៅបុរីអូរស្វាយ មិនបានស្ថិតស្ថេរយូរទេ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ភូមិអូរស្វាយទាំងមូលប្រែជាស្ងាត់ជ្រងំ និងគ្មានអ្នកណាហ៊ានរស់នៅឡើយ ព្រោះជាតំបន់ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ គ្រួសាររបស់ខ្ញុំត្រូវភៀសខ្លួនទៅកាន់តំបន់អូររុន និងជីកលេណដ្ឋានដើម្បីការពារខ្លួនពីការទម្លាក់គ្រាប់បែក។ យើងស្នាក់នៅទីនោះប្រហែលមួយសប្តាហ៍ ទើបត្រឡប់មកភូមិអូរស្វាយវិញ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្សារ និងមន្ទីរពេទ្យត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់។
ជីវិតជូរចត់ក្នុងរបបខ្មែរក្រហម
នៅក្នុងឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម បានចូលមកគ្រប់គ្រងតំបន់បុរីអូរស្វាយ និង តំបន់ជាច្រើនទៀតនៃខេត្តស្ទឹងត្រែងទាំងមូល។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀស ក្រុមគ្រួសារខ្ញុំ ឱ្យទៅនៅសាមខួយ និងប្រជាជននៅបុរីអូរស្វាយខ្លះទៀតទៅនៅញើន។ នៅទីនោះ ខ្មែរក្រហមបំបែកខ្ញុំចេញពីគ្រួសារឱ្យទៅរស់នៅក្នុងកងចល័ត។ ខ្ញុំត្រូវដកស្ទូង លើកភ្លឺស្រែ លើកទំនប់ ទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាកឡើយ។ ពេលលើកទំនប់ ខ្មែរក្រហមតែងតែនិយាយកុហកដើម្បីលើកទឹកចិត្តថា «បងប្អូនជិតដល់ថ្ងៃចូលឆ្នាំហើយ ត្រូវខិតខំធ្វើការឱ្យទាន់ផែនការ ដើម្បីបានសម្រាកទៅលេងឪពុកម្ដាយ»។ ខ្ញុំនិងអ្នកឯទៀត ខំប្រឹងធ្វើការខ្លាំងណាស់ ប៉ុន្តែការងាររបស់ខ្មែរក្រហមមិនចេះចប់មិនចេះហើយឡើយ ធ្វើរួច១០ម៉ែត្រ ប្រធានកងបន្ថែមឱ្យ១០ម៉ែត្រទៀត ធ្វើការប្រដេញជើងគ្នាទាល់តែទំនប់នោះរួចរាល់។ ចំណែកម្ដាយរបស់ខ្ញុំ ត្រូវអង្គការចាត់តាំងឱ្យធ្វើជាចុងភៅ និងត្រូវមើលថែយាយខ្ញុំដែលចាស់ជរា ប៉ុន្តែពេលខ្លះខ្មែរក្រហមចោទប្រកាន់ម្តាយខ្ញុំថា លួចលាក់យកបាយម្ហូបទៅចិញ្ចឹមយាយខ្ញុំទៅវិញ។
ក្នុងមួយឆ្នាំ ខ្មែរក្រហមអនុញ្ញាតឱ្យគ្រួសារខ្ញុំជួបគ្នាបានតែម្តងនៅរដូវចូលឆ្នាំខ្មែរ ប៉ុន្ដែយើងជួបជុំគ្នាបានតែមួយភ្លែត គឺបែកទៅកងរៀងៗខ្លួនវិញ។ ពេលនោះឪពុកខ្ញុំមានវ័យចាស់ជរាខ្លាំង ខ្មែរក្រហមចាត់តាំងគាត់ឱ្យទៅចាំស្រែ។ ប្រធានកងតែងតែហៅខ្ញុំទៅប្រជុំអប់រំណែនាំពីមាគ៌ាអង្គការបដិវត្តន៍ និងហាមឃាត់មិនឱ្យប្រព្រឹត្តខុសសីលធម៌។ នៅអំឡុងពេលនោះ ប្អូនថ្លៃរបស់ខ្ញុំម្នាក់ឈ្មោះ ថាច់ សឿង ត្រូវឈ្លបខ្មែរក្រហមយកទៅសម្លាប់ដោយកុហកថា យកទៅ «រៀនសូត្រ»។ ក្រៅពីនោះ ខ្ញុំធ្លាប់បានឃើញខ្មែរក្រហមរៀបការឱ្យយុវជន និងយុវនារី ក្នុងមួយលើកៗគឺមានចំនួន១០គូ ដោយខាងប្រុស ឈរមុខទល់មុខនឹងខាងស្រី រួចហើយលើកក្រមាបង់កឱ្យគ្នាទៅវិញទៅមក។ បន្ទាប់មក កូនកម្លោះ និងកូនក្រមុំនាំគ្នាហូបបាយដំណើបម្នាក់មួយចានដើម្បីបញ្ចប់កម្មវិធី។
វិលត្រឡប់មកភូមិកំណើត
នៅដើមឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយចូលមកដល់ខេត្តស្ទឹងត្រែង។ ចំណែក ខ្មែរក្រហមបានកៀរប្រជាជន និងគ្រួសារខ្ញុំទៅស្រុកជ័យសែន ខេត្តព្រះវិហារ។ ប៉ុន្តែគ្រួសារខ្ញុំមិនទៅតាមខ្មែរក្រហមឡើយ គឺសម្រេចចិត្តនាំគ្នាត្រឡប់មកនៅតំបន់ស្រែឫស្សី ទើបបានជួបនឹងកងទ័ពវៀតណាម។ ពេលនោះ ខ្ញុំភិតភ័យខ្លាំងណាស់ ព្រោះធ្លាប់ឮខ្មែរក្រហមឃោសនាបំភ័យថា «ប្រសិនបើកងទ័ពវៀតណាមចាប់បាននឹងវះពោះច្រកស្មៅ»។ ឪពុកម្ដាយខ្ញុំបាននិយាយលួងលោមខ្ញុំថា «សូមកូនកុំភ័យអី ពុកម៉ែចេះនិយាយភាសាវៀតណាម»។ ឪពុកម្ដាយខ្ញុំបានជួយបកប្រែឱ្យកងទ័ពវៀតណាមនៅទីនោះ ហើយកងទ័ពវៀតណាមបានចែកអង្ករ និងនំបុ័ងឱ្យគ្រួសារខ្ញុំហូប។
បន្ទាប់ពីស្នាក់នៅស្រែឫស្សីមួយយប់ កងទ័ពវៀតណាមបានប្រាប់គ្រួសារខ្ញុំប្រញាប់ចាកចេញ ព្រោះខ្លាចមានការផ្ទុះអាវុធតតាំងគ្នាជាថ្មី។ គ្រួសារខ្ញុំបានធ្វើដំណើរដោយថ្មើរជើងរយៈពេលមួយយប់មួយថ្ងៃទើបមកដល់បុរីអូរស្វាយ។ នៅតាមផ្លូវចូលភូមិអូរស្វាយ ខ្ញុំឃើញសាកសពយោធាខ្មែរក្រហមចំនួន១០នាក់ និងឃើញកងទ័ពវៀតណាមជាច្រើននាក់នៅយាមការពារក្នុងភូមិ។ ក្រុមគ្រួសារខ្ញុំបានរស់នៅផ្ទះចាស់ដែលសេសសល់ពីរបបខ្មែរក្រហមបណ្តោះអាសន្ន និងនាំគ្នាធ្វើស្រែចម្ការដោយយកពូជស្រូវពីភូមិសាមខួយ។
សព្វថ្ងៃ ខ្ញុំមានជំងឺលើសឈាម ជំងឺលើសជាតិស្ករ ជំងឺឈឺសន្លាក់ដៃជើង ព្រមទាំងមានបញ្ហាភ្នែកដោយមើលពុំសូវច្បាស់ឡើយ។ ទោះជាយ៉ាងណា រឿងរ៉ាវអតីតកាលទាំងអស់ ដែលខ្ញុំ និងគ្រួសារធ្លាប់ឆ្លងកាត់កន្លងមកនៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ និងក្រុមគ្រួសារជានិច្ច។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



