សុន សុខា៖ រៀបការក្នុងរបបខ្មែរក្រហម

សុន សុខា ភេទស្រី អាយុ៦៣ឆ្នាំ កើតនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។​ បច្ចុប្បន្ន​ សុខា​ រស់នៅក្នុង​ភូមិ​ថ្នល់​កែង​ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សុខា បានចែករំលែករឿង​រ៉ាវ​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​ថា៖ ​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ ចំណែក​ម្ដាយ​ខ្ញុំ​បាន​ស្លាប់​ជា​យូរ​មក​ហើយ​ ព្រោះតាំងពីខ្ញុំធំឡើងខ្ញុំ​មិន​ដែល​បាន​ជួប​មុខ​ម្ដាយ​សូម្បី​តែ​ម្ដង​។​ ការ​រស់​នៅ​ជា​មួយ​ឪពុក​ ដោយ​គ្មាន​ម្ដាយ​មើល​ថែ​ទាំ ​គឺ​ខ្ញុំ​ខ្វះ​ភាព​កក់​ក្ដៅ​។​ គ្រួសារ​ខ្ញុំ​មាន​ជី​វភាព​ក្រី​ក្រ​ ដោយសារ​ឪពុក​ខ្ញុំ​ប្រកប​របរ​ធ្វើ​ស្រែ​​ចិញ្ចឹម​កូន​ៗ។​ ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ​។​ មិន​យូរ​ប៉ុន្មាន​ ឪពុក​ខ្ញុំ​បាន​រៀប​ការ​ប្រពន្ធ​ម្នាក់​ទៀត​។​ ក្រោយ​ពី​ឪពុកខ្ញុំរៀប​ការរួច​​ ​ខ្ញុំត្រូវ​រស់​នៅ​ជា​មួយ​ម្ដាយ​ចុង​នៅ​ស្រុក​កំណើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​

លុះ​ដល់​ឆ្នាំ១៩៧០ ខ្ញុំចង​ចាំ​ថាមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ​។ ខណៈ​ពេល​នោះ​ប្រជាជន​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយៗ​ពី​ផ្ទះ​​ទេ​។ ខ្ញុំត្រូវ​ប្រយ័ត្នចំពោះយន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​គ្រប់​ពេល​វេលា​។​ ប្រជាជន​នៅ​ក្នុង​ភូមិ​បាន​នាំ​គ្នា​ជីក​លេណ​ដ្ឋាន​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ ទុក​សម្រាប់​ការ​ពារ​ខ្លួន​ពីការ​ទម្លាក់​គ្រាប់​បែក​។​ កាល​នោះ​ សូម្បី​តែ​ការ​ធ្វើ​ស្រែ​មាន​ការ​លំបាក​ខ្លាំង​ណាស់​ដែរ​។​ ​ដល់​រដូវ​ធ្វើ​ស្រែ​ ស្ទូង​ដក​ ច្រូត​កាត់​ម្ដងៗ ​​ប្រជាជន​មាន​ភាព​ភ័យ​ខ្លាចយ៉ាងខ្លាំង​មិន​ហ៊ាន​ចេញ​ទៅ​វាលស្រែ​​ទេ​ ព្រោះ​ពេល​ខ្លះ​ប្រជាជន​កំពុង​តែ​ធ្វើការ ​​យន្តហោះ ហោះមក​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​សន្ធឹកសន្ធាប់មក​លើ​ប្រជាជន ​ធ្វើឱ្យ​មាន​អ្នក​ខ្លះ​រង​របួស​ ហើយ​អ្នក​ខ្លះ​ទៀត​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្បែរ​ដំបូក​ ឬ​ប្រឡាយ​ទាំង​សេច​ក្ដីភ័យ​ខ្លាច​។​​ គ្រួសារ​ខ្ញុំ​បន្ត​រស់​នៅ​ក្នុង​ស្រុក​កំណើត​រហូត​ដល់​ខ្មែរ​ក្រហម​ទទួល​បាន​ជ័យ​ជម្នះ។​

នៅក្នុង​ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច គ្រួសារខ្ញុំ​ត្រូវ​បានអង្គការ​ជម្លៀស​ទៅ​រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាលនោះ ដោយ​សារ​តែ​មាន​បញ្ជា​ពី​​ថ្នាក់​លើ​ទើប​គ្រួសារ​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ភូមិ​កំណើត​ទៅ​រស់​នៅ​ស្រុក​ឆ្ងាយ​។​ គ្រួសារខ្ញុំ​មិន​អាច​ដឹង​បានទេ​ថា​ អង្គការ​ជម្លៀស​ទៅ​ឱ្យ​រស់​នៅ​កន្លែង​ថ្មី​ដោយ​សារ​តែ​ហេតុ​ផល​អ្វី​ ព្រោះយើង​គ្មាន​សិទ្ធិ​សួរ​នាំ​ទេ គឺមាន​សិទ្ធិ​ត្រឹម​ធ្វើ​តាមបទ​​បញ្ជា​តែប៉ុណ្ណោះ​។​ បន្ទាប់​ពី​គ្រួសារ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​ញែក យើងត្រូវ​រស់​នៅ​ជា​សហករណ៍​ហូប​រួម​ ធ្វើ​ការ​ងាររួម​ និងគ្មាន​របស់​របរប្រើប្រាស់​ឯក​ជន​ទៀត​ទេ​។​ ប៉ុន្តែ​ចំពោះ​កន្លែង​ស្នាក់​នៅ​ គឺ​យើង​មាន​ផ្ទះ និងរស់នៅតាម​គ្រួសាររៀងៗ​ខ្លួន​។​ ឪពុក​និង​ម្ដាយ​ចុង​របស់​ខ្ញុំ​ ត្រូវ​បានអង្គការ​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សហករណ៍​។​ រី​ឯ​ខ្ញុំ​ក្នុង​ដំណាក់​កាល​ដំបូង ​ខ្មែរ​ក្រហម​ចាត់តាំង​ឱ្យ​ទៅ​ធ្វើ​ជា​ជំនួយការចុងភៅនៅ​រោង​បាយ​សហករណ៍​។​ ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​ជា​ប្រចាំ​ គឺ​ជួយ​ចិត​បន្លែ​ចុង​ភៅ​ និង​ដាំ​បាយ​សម្រាប់​ចែកឱ្យ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​សហករណ៍​ទាំង​អស់​។​ ខ្ញុំ​នៅ​ធ្វើ​ជា​អ្នក​ចិត​បន្លែ​បាន​មួយ​រយៈ​ អង្គការ​ផ្លាស់​ប្ដូរ​​ខ្ញុំ​ឱ្យទៅ​ខាង​ផ្នែក​មើល​ថែទាំង​ក្មេងៗ​វិញ​។​ កុមារ​ទាំង​អស់​នោះ​ គឺ​សុទ្ធ​តែ​ជា​កូន​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​សហករណ៍​ជា​មួយ​គ្នា​ ប៉ុន្តែ​ឪពុក​ម្ដាយរបស់​ក្មេងៗ​មិន​អាច​នៅ​មើល​ថែ​ក្មេង​ទាំង​អស់​នេះ​បាន​ដូច​មុន​ទេ​ ដោយ​សារ​ខ្លួន​ជាប់​ភារកិច្ច​រៀងៗ​ខ្លួន​ដែល​អង្គ​ការ​បាន​ផ្ដល់​ឱ្យ។​ ជា​រៀង​រាល់​ព្រឹក​ មីង​ៗ​តែង​តែ​យក​កូន​តូចៗ​មក​ផ្ញើ​ជា​មួយ​ខ្ញុំ​មុន​ពេល​ចេញ​ទៅ​បំពេញ​ការ​ងារ​។​ ក្មេងៗ​ទាំង​នោះ​ ត្រូវ​ខ្ញុំ​បញ្ចុក​បាយ​​ទឹក​ និង​ដាក់ឱ្យ​ដេក​គ្រប់​ៗ​គ្នា​។​ ខ្ញុំ​មើល​ក្មេង​រហូត​ដល់​ល្ងាច​ម៉ោង​៥​ ទើប​ម្ដាយ​ក្មេង​ៗទាំងនោះមក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ នៅ​ក្នុង​សហករណ៍​ខ្ញុំ​ ការ​ហូប​ចុក​មិន​សូវ​ខ្វះ​ខាត​​ទេ​ យូរៗ​ម្ដង​ប្រធាន​ចុង​ភៅ​បាន​ធ្វើ​បង្អែម​ឱ្យ​ប្រជាជន​ហូប​ថែម​ទៀត​។​

នៅ​​ដើម​ឆ្នាំ​១៩៧៦​ ​អង្គ​ការបានរៀបចំខ្ញុំឱ្យ​មានគូស្រករ​។​ កាលខ្ញុំ​រៀប​ការ មាន​គ្នា​​ទាំងអស់ចំនួន​៦​គូ​។​ ការ​រៀប​ការ​​របស់ខ្ញុំមិន​មាន​កម្ម​វិធី​ធំ​ដុំ​អ្វី​ឡើយ​ ដោយ​អង្គ​ការ​បានឱ្យកូនកម្លោះនិងកូនក្រមុំទាំង​អស់​ អង្គុយ​ទល់​មុខ​គ្នា​ ហើយ​ឡើង​ប្ដេជ្ញា​​ស្រឡាញ់​គ្នា​ មើល​ថែ​គ្នា​ និង​គោរពតាម​​អង្គ​ការ​​​ចាត់​តាំង​។​ ក្រោយ​ពី​រៀប​ការ​រួច ​ ខ្ញុំ​និង​ប្ដី​បាន​មករស់​នៅជា​មួយ​គ្នា​ក្នុង​សហករណ៍​ និងបន្ត​ធ្វើ​ការ​តាម​តួនាទី​រៀងៗ​ខ្លួន​។​

រហូតដល់​ឆ្នាំ១៩៧៩ កង​ទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម​ បាន​ចូល​មក​ពាស​ពេញ​ប្រទេស​កម្ពុជា​។​ ការ​ចូល​មក​ដល់​របស់​កង​ទ័ព​វៀត​ណាម​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​បែក​ចេញពី​ឪពុក​ និង​ម្ដាយ​ចុង​រហូត​មកដល់បច្ចុប្បន្ន​។​ ចំណែក​​ខ្ញុំ ​និង​ប្ដីបាន​រត់​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​ ដែលអំឡុង​ពេលនោះ​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជិត​សម្រាល​។​ មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​​សម្រាល​បាន​កូន​ស្រី​ម្នាក់​។​ ប៉ុន្តែ​ ជា​អកុសល​ រយៈពេល​៣ថ្ងៃក្រោយមក​ កូន​ស្រី​របស់ខ្ញុំ​​បាន​ស្លាប់​ក្នុង​ព្រៃ​។​ បន្ទាប់​ពី​កូន​ស្លាប់​ ខ្ញុំ​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ព្រោះ​ខ្លាច​កង​ទ័ព​វៀត​ណាម​តាម​​ទាន់​។​ ពេល​នោះ​ ខ្ញុំ​សរសៃខ្ចី​ ទើប​ធ្វើឱ្យ​ខ្ញុំ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​មនុស្ស​ទូ​ទៅ​។​ ក្នុង​ពេលធ្វើ​ដំណើរ​ យើង​ត្រូវ​ឆ្លង​កាត់ទន្លេ​​ ដើរ​កាត់​ព្រៃ​ក្រាស់​ ហើយពេល​ខ្លះ​ជួប​កង​ទ័ព​វៀត​ណាម​និងវាយប្រយុទ្ធ​គ្នា​ពេញ​ព្រៃ​។​

រហូត​ដល់​ឆ្នាំ​១៩៨៦​ ខ្ញុំ និង​ប្ដី​​បាន​ទៅ​រស់​នៅ​ស្ទឹង​ចាន់​។​ នៅទីនោះ​ យើងសង់​ផ្ទះ​តូចៗ​រស់នៅ​ដោយ​ឡែក​ពី​គ្នា​។​ ខ្ញុំ​រស់នៅ​ស្ទឹង​ចាន់​បាន​ត្រឹម​រយៈ​ពេល​២ឆ្នាំ​ ទើប​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ជំរំ​ភូណយ​វិញ​។​ ពេល​ទៅ​រស់​នៅ​ទី​នោះ​ ជីវភាពរបស់ខ្ញុំនិង​ប្រជាជន​ហាក់​​មាន​ភាព​ធូរ​ស្បើយ​ជាង​មុន​។​ ប្រជាជន​អាច​ទៅ​រក​ស៊ី​បោច​វល្លិ៍​ផ្ដៅ​ យក​មក​ធ្វើ​ជា​កន្ទេល​ ល្អី​ ជាល​ លក់​ទៅ​ឱ្យ​ប្រជា​ជន​ថៃ​ ដើម្បី​រក​ប្រាក់​ចំណូល​។​​ ក្រៅ​ពី​នេះ​ តាម​គ្រួសារ​នីមួយៗ​អាច​ដាំ​ចេក​ ត្រកួន​ ត្រប់​ ត្រសក់​ សម្រាប់​ហូប​ខ្លួនឯង។​ ចំពោះ​របបអាហារប្រចាំថ្ងៃ​យើង​ទទួល​ជំនួយ​ពីអង្គ​ការ​​កាកបាទ​ក្រហម​។

មក​ដល់​បច្ចុប្បន្ន​នេះ​ ខ្ញុំ​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ ដោយ​សារ​ខ្ញុំ​ជួប​រឿង​ច្រើន​​ពេល​រស់​នៅ​ក្នុង​ព្រៃ​ ដូច​ជា​​​បាត់​បង់​កូន​ជា​ទី​ស្រឡាញ់​។​ បន្ថែម​ពី​នេះ​ ខ្ញុំមានជំងឺ​ស្ពឹក​ដៃ​ស្ពឹក​ជើង និង​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ដែល​បន្សល់​ពីរបបខ្មែរក្រហម ព្រោះខ្ញុំបានធ្វើ​ដំណើរដោយ​​ថ្មើរ​ជើង​​រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ធ្វើឱ្យសុខភាពចុះខ្សោយរហូតមកដល់សព្វថ្ងៃ។​

អត្ថបទ ៖ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖