ខែម សារី៖ គឺជាស្រ្តីមេម៉ាយ និងប្រជាជនភៀសសឹកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥

ខ្ញុំឈ្មោះ ខែម សារី ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរលក់បាយ និងលក់ម្ហូបអាហារ។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិស្ពានថ្ម ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ឃឹម ខែម (ស្លាប់) និងម្ដាយឈ្មោះ ស្ដែង ភ័ត សព្វថ្ងៃរស់នៅខេត្តពោធិ៍សាត់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ ខ្ញុំគឺជាស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ គឺស្រី២នាក់ និងប្រុស២នាក់។

កាលនៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាព្រែកស្ដី ខេត្តពោធិ៍សាត់ បានត្រឹមថ្នាក់ទី៣។ បន្ទាប់មក ខ្ញុំត្រូវបានឪពុកម្ដាយឱ្យឈប់រៀន ព្រោះគ្រួសារមានជីវភាពខ្វះខាត។ ខ្ញុំបានដើរបេះផ្លែឈើព្រៃយកទៅលក់នៅផ្សារពោធិ៍សាត់ដើម្បីជួយជីវភាពគ្រួសារប្រចាំថ្ងៃ ចំណែកឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៩៧ ប្ដីរបស់ខ្ញុំឈ្មោះ អ៊ឹម ប៉ាន គឺជាមន្ត្រីនគរបាល ត្រូវបានមេបញ្ជូនឱ្យមកការពារនៅព្រំដែនថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលនោះខ្ញុំកំពុងពពោះកូនទី១ ហេតុនេះប្ដីរបស់ខ្ញុំមិនទាន់ឱ្យខ្ញុំមករស់នៅព្រំដែនថ្មដាជាមួយគាត់ទេ ព្រោះនៅតាមព្រំដែនសម្បូរជំងឺគ្រុនចាញ់ និងមិនទាន់មានមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺនៅឡើយ។

នៅឆ្នាំ១៩៩៨ ខ្ញុំសម្រាលបានកូនប្រុសម្នាក់។ បន្ទាប់មក ខ្ញុំបានប្ដូរមករស់នៅជាមួយប្ដីនៅព្រំដែនថ្មដា ហើយខ្ញុំបានចាប់ផ្ដើមប្រកបមុខរបរលក់ដូរបន្តិចបន្តួច ដើម្បីសន្សំលុយសង់ផ្ទះរស់នៅថ្មដា។ កាលខ្ញុំមករស់នៅថ្មដាដំបូងមិនទាន់មានផ្លូវធ្វើដំណើរស្រួលនោះទេ គឺនៅពេលធ្វើដំណើរមានការលំបាក ព្រោះផ្លូវរអិល និងចំណាយពេលយូរ។ នៅឆ្នាំ២០០៨ ប្តីរបស់ខ្ញុំបានទទួលមរណភាពដោយសារជំងឺ។

នៅមុនពេលមានការផ្ទុះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងទាហានថៃ ខ្ញុំ និងកូនៗបានប្រកបមុខរបរលក់បាយ លក់ម្ហូបអាហារ កាហ្វេ និងគ្រឿងភេសជ្ជៈផ្សេងៗទៀតនៅរង្វង់មូលច្រមុះជ្រូក ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលនោះ ខ្ញុំងាយស្រួលប្រកបមុខរបរចិញ្ចឹមជីវិត ព្រោះនៅថ្មដាមានភាពអ៊ូរអរ សុវត្ថិភាព សម្បូរមនុស្ស ភ្ញៀវទេសចរណ៍ជនជាតិចិន និងកម្មករដែលបានមកធ្វើការងារ សាងសង់អាគារ និងផ្លូវជាតិលេខ៥៥នៅព្រំដែនថ្មដា។ តំបន់ថ្មដា កំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍ដែលអាចឱ្យខ្ញុំលក់ដូរដាច់ និងស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ក្នុងមួយសប្ដាហ៍ព្រំដែនខ្មែរ-ថៃ នៅច្រកអន្តរជាតិថ្មដា បើកឱ្យភ្ញៀវនិងប្រជាជនចេញចូលម្ដង ហើយខ្ញុំឧស្សាហ៍ធ្វើដំណើរចូលទៅលេង និងទិញរបស់របរបន្តិចបន្តួចនៅផ្សារណាត់ប្រទេសថៃ។ ប៉ុន្តែសម្រាប់បន្លែ ត្រី សាច់ និងសម្ភារលក់ដូរខ្ញុំបានទិញមកពីទីរួមខេត្តពោធិ៍សាត់។ ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារខ្ញុំគឺមានភាពរីករាយ ហើយខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញប្រជាជនខ្មែរមកពីគ្រប់ខេត្ត ក្រុងមានការងារធ្វើសម្រាប់ចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពនៅតាមខេត្តជាប់ព្រំដែននានាមិនល្អ ទើបខ្ញុំចាប់ផ្ដើមរៀបចំសម្ភារចាំបាច់ និងរៀបចំអីវ៉ាន់រួចជាស្រេច ប៉ុន្តែខ្ញុំមិនទាន់ភៀសខ្លួនចេញពីថ្មដាភ្លាមទេ។ លុះដល់យប់ថ្ងៃដដែល ស្ថានភាពនៅព្រំដែនថ្មដាលែងមានសុវត្ថិភាព ទើបខ្ញុំ និងកូនចៅ បានជួលរថយន្តមួយគ្រឿងធ្វើដំណើរចេញពីថ្មដាទៅស្នាក់នៅផ្ទះដន្លងស្ថិតនៅទីរួមខេត្តពោធិ៍សាត់។ ខ្ញុំស្នាក់នៅផ្ទះដន្លងអស់រយៈពេល១សប្ដាហ៍ ទើបត្រឡប់មកផ្ទះនៅភូមិសង្គមថ្មីវិញ។ បន្ទាប់មក ខ្ញុំបានបើកតូបលក់បាយ ម្ហូបអាហារ កាហ្វេ និងភេសជ្ជៈជាធម្មតានៅរង្វង់មូលច្រមុះជ្រូកថ្មដា។ នៅពេលខ្ញុំមកដល់ដំបូង នៅថ្មដាមានសភាពស្ងប់ស្ងាត់ ព្រោះមិនទាន់មានប្រជាជន និងកម្មករហ៊ានត្រឡប់មកធ្វើការងារ និងរស់នៅតាមផ្ទះវិញនៅឡើយ។ មួយរយៈក្រោយមក ទើបប្រជាជនក្នុងឃុំថ្មដា និងកម្មករ បាននាំគ្នាត្រឡប់មកធ្វើការងារដូចរាល់ដងវិញ។ ជនជាតិចិនបានចាប់ផ្ដើមសាងសង់អគារបន្ត និងសម្បូរមនុស្សមករស់នៅដោយមិនមានការភ័យខ្លាចទេ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចាប់ផ្ដើមផ្ទុះអាវុធមុននៅតាមព្រំដែនខេត្តឧត្ដរមាន ជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ចំណែកនៅព្រំដែនថ្មដាមានសភាពការណ៍តានតឹងដូចគ្នា ហើយអាជ្ញាធរភូមិឃុំបានប្រកាសប្រាប់ប្រជាជនឱ្យត្រៀមភៀសខ្លួនចេញពីឃុំថ្មដាម្ដងទៀត។ បន្ទាប់មក ប្រជាជនមួយចំនួនធំបានភៀសខ្លួនចេញពីឃុំថ្មដា ទៅកាន់កន្លែងមានសុវត្ថិភាពនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណែកខ្ញុំ និងកូនៗមិនទាន់បានភៀសខ្លួនទេ ព្រោះខ្ញុំនៅរង់ចាំកូនចំនួន២នាក់ ដែលកំពុងធ្វើការងារក្នុងសណ្ឋាគារនៅថ្មដា។

នៅវេលាម៉ោងប្រហែល៤ ទៀបភ្លឺថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំ និងកូនៗបានងើបទៅជួលឡានចំនួនមួយគ្រឿងធ្វើដំណើរចេញពីថ្មដាមកកាន់ឃុំប្រម៉ោយភ្លាមៗ។ ក្នុងពេលធ្វើដំណើរចេញពីថ្មដា ទាហានថៃបានផ្លោងគ្រាប់ចូលតំបន់អូរភ្លុកដំរី និងបាញ់ចូលតំបន់ថ្មដា ដែលធ្វើឱ្យខ្ញុំ និងកូនចៅមានការភ័យខ្លាចខ្លាំងណាស់ ព្រោះគ្រាប់ផ្លោងរបស់ថៃបានហោះពីលើក្បាលរបស់ខ្ញុំ។ ខ្ញុំបានឃើញកម្មករសាងសង់អគារចិន និងប្រជាជនដែលធ្វើការងារក្នុងសណ្ឋាគារភៀសខ្លួនចេញទាំងភ័យស្លន់ស្លោ។ កម្មករខ្លះបានជិះម៉ូតូមួយគ្រឿងមានគ្នា៤ទៅ៥នាក់ ដើម្បីគេចខ្លួនឱ្យបានឆាប់រហ័សចេញពីឃុំថ្មដា ដែលមើលទៅពិតជាលំបាក និងគួរឱ្យអាណិតខ្លាំងណាស់។ ក្នុងពេលជាមួយគ្នានោះ ខ្ញុំ និងកូនៗយកតែសម្ភារចាំបាច់មួយចំនួនតែប៉ុណ្ណោះ​មកតាមខ្លួន។ ចំណែករបស់របរមានតម្លៃ ទ្រព្យសម្បត្តិ និងអីវ៉ាន់លក់ដូរទាំងអស់ត្រូវបានចាក់សោទុកនៅក្នុងតូប។

នៅអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ខ្ញុំបានត្រឡប់ទៅមើលផ្ទះ និងតូបលក់ដូរនៅតំបន់ច្រមុះជ្រូកថ្មដា ប៉ុន្តែតូបរបស់ខ្ញុំ និងតូបរបស់កូនៗត្រូវបានទាហានថៃហ៊ុមព័ទ្ធបន្លាលួស ហើយទាហានថៃបានជញ្ជូនរបស់របរចេញពីតូបខ្ញុំ និងកូនៗស្ទើរតែទាំងអស់។  ខ្ញុំបានចូលទៅមើលផ្ទះនៅភូមិសង្គមថ្មី ក្រែងលោមានផលប៉ះពាល់ពីសង្រ្គាម និងអាចឱ្យខ្ញុំចូលមកស្នាក់នៅក្នុងផ្ទះវិញបាន ប៉ុន្តែនៅពេលខ្ញុំបើកទ្វារ និងបង្អួចស្រាប់តែប្រទះឃើញទាហានថៃឈរត្រៀបត្រាដែលមានចម្ងាយប្រមាណ២០ម៉ែត្រពីផ្ទះរបស់​​ខ្ញុំ និងបានបែរកាំភ្លើងមកចំផ្ទះរបស់ខ្ញុំ រួមទាំងផ្ទះអ្នកភូមិផ្សេងទៀតរួចជាស្រេច។ ខ្ញុំមានអារម្មណ៍ភិតភ័យណាស់ និងព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯង ព្រមទាំងកូនៗព្រោះខ្លាចមានការផ្ទុះអាវុធទៀត ដូច្នេះខ្ញុំមិនហ៊ានស្នាក់នៅផ្ទះទេ គឺបានត្រឹមតែទៅមើល រួចឆាប់ត្រឡប់មកមណ្ឌលភៀសសឹកវិញ។ បន្ទាប់មក កូនប្រុសច្បងរបស់ខ្ញុំ បានត្រឡប់ទៅមើលរបស់របរនៅក្នុងតូបក្រែងលោមាននៅសេសសល់ ប៉ុន្តែកូនរបស់ខ្ញុំបានទូរសព្ទមកប្រាប់ខ្ញុំថា របស់របរបានបាត់អស់ហើយ។ ដំបូងឡើយ ខ្ញុំមានការបាក់ទឹកចិត្ត និងពិបាកចិត្តខ្លាំងណាស់ព្រោះត្រូវបាត់បង់ទ្រព្យសម្បត្តិដែលខ្ញុំខិតខំសន្សំស្ទើរតែមួយជីវិត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពរីកចម្រើន និងដើម្បីចិញ្ចឹមបីបាច់កូនៗឱ្យបានរៀនសូត្រ។ ខ្ញុំបានបាត់បង់របស់របរជាច្រើនរួមមាន ម៉ាស៊ីនឆុងកាហ្វេ ធុងបាសចំនួន២ ម៉ាស៊ីនគាបសាំងវ៉ិច និងសម្ភារផ្សេងទៀត។

បច្ចុប្បន្នគ្រួសារខ្ញុំ បន្តរស់នៅក្នុងជំរំភៀសសឹក ពីព្រោះមានសុវត្ថិភាពជាងស្នាក់នៅផ្ទះ។ ខ្ញុំមិនទាន់ហ៊ានទៅរស់នៅផ្ទះទេ ព្រោះខ្ញុំនៅតែមានការភ័យខ្លាច និងមិនទុកចិត្តទាហានថៃ។ អាជ្ញាធរឃុំ ស្រុក ខេត្ត និងសប្បុរជននានានៅតែបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ផ្គត់ផ្គង់សម្ភារ ម្ហូបអាហារហូបចុកដល់ខ្ញុំ និង ជួយសម្រួលដល់ជីវភាពរបស់គ្រួសារខ្ញុំ។ ខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងចិត្តបន្តិចព្រោះកូនខ្ញុំអាចបន្តរៀនសូត្រ និងមានគ្រូពេទ្យចាំជួយផ្ដល់ថ្នាំ រួមទាំងមើលថែជាប្រចាំ។ ទោះបីខ្ញុំរស់នៅក្នុងមណ្ឌលជនភៀសសឹកមិនជួបការលំបាកខ្លាំង ប៉ុន្តែខ្ញុំចង់វិលត្រឡប់ទៅផ្ទះខ្លួនឯងវិញ។ ទីតាំងផ្ទះរបស់ខ្ញុំកំពុងស្ថិតនៅតំបន់ក្ដៅ ហើយខ្ញុំមានការព្រួយបារម្ភខ្លាចត្រូវរត់ភៀសខ្លួនម្ដងហើយម្ដងទៀត។ ខ្ញុំតែងតែដេកគិតរាល់ថ្ងៃថា ថ្ងៃណាខ្ញុំវិលត្រឡប់ទៅផ្ទះ ខ្ញុំនឹងចាប់ផ្ដើមបើកលក់ដូរវិញ។ ពេលនេះខ្ញុំមានតែបាតដៃទទេ ខ្ញុំបាត់បង់ទ្រព្យសម្បត្តិទាំងអស់ ប៉ុន្តែខ្ញុំនៅតែគិតថាខ្ញុំនឹងអាចចាប់ផ្ដើមជីវិតសាជាថ្មីម្ដងទៀតនៅពេលស្រុកទេសបានសុខសាន្តត្រាណ។

អត្ថបទ ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖