ក្រឹង នួន៖ ប្រធានកងកុមារក្នុងរបបខ្មែរក្រហម

នៅក្នុងរបបខ្មែរក្រហម ខ្ញុំចងចាំ និងមិនអាចបំភ្លេចបានពីភាពនឿយហត់នៅពេលធ្វើជាប្រធានកងកុមារ និងជួបក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដែលតែងតែចេញដើររកអាហារនៅពេលយប់។ ដំបូងឡើយ ខ្ញុំមានការភ័យខ្លាច ប៉ុន្តែដោយសារការអាណិតក្មេងនោះទើបធ្វើឱ្យខ្ញុំលែងខ្លាច និងបានណែនាំឱ្យគាត់ចេញដើររកអាហារតែពេលដែលខ្ញុំត្រូវយាមនៅក្នុងកង។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានរត់ឡើងលើភ្នំលះបង់ ហើយនៅទីនោះ ខ្ញុំបានឃើញឪពុកម្ដាយបោះបង់ចោលកូនតូចៗ និងមនុស្សស្លាប់ជាច្រើន។

ខ្ញុំឈ្មោះ ក្រឹង​ នួន អាយុ៥៨ឆ្នាំ (ក្នុងឆ្នាំ២០២១) បច្ចុប្បន្នរស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំធ្វើជាប្រធានក្រុមកងកុមារតាមការចាត់តាំងរបស់ប្រធានភូមិ។ ខ្ញុំបានដឹកនាំកុមារមូលដ្ឋានដើរបោសសំរាមតាមផ្លូវក្នុងភូមិ និងកើបអាចម៍គោ។ បន្ទាប់ពីធ្វើការងាររួច ខ្ញុំឱ្យកុមារលាងដៃ ងូតទឹក មុនពេលទៅហូបអាហារនៅរោងបាយរួម និងចូលដេក។ ក្នុងពេលជាមួយគ្នា ខ្ញុំបានឆ្លៀតពេលយកអាហារទៅឱ្យតា វង យាយអេង និងម្ដាយធំរបស់ខ្ញុំឈ្មោះ ហន ដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអកយំ។ ក្រៅពីដឹកនាំកុមារធ្វើការនៅពេលថ្ងៃ ខ្ញុំត្រូវផ្លាស់ទៅយាមកុមារថ្មីចំនួន៦០នាក់ ចាប់ពីម៉ោងប្រមាណ១រំលងអធ្រាត្រ រហូតដល់ព្រឹកព្រលឹម។

ថ្ងៃមួយ នៅពេលដែលខ្ញុំចូលទៅរាប់កុមារនៅក្នុងរោង ខ្ញុំបានឃើញក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដេកដោយឃើញតែដងខ្លួនតែប៉ុណ្ណោះ។ នៅពេលឃើញដូច្នេះ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែខ្ញុំមិនបានស្រែកធ្វើឱ្យអ្នកក្បែរនោះភ្ញាក់ផ្អើលឡើយ គឺយករឿងរ៉ាវដែលខ្ញុំជួបប្រទះទៅប្រាប់ប្រធានកងរបស់ខ្ញុំ។ នៅថ្ងៃបន្ទាប់ ប្រធានកងបានប្រាប់ខ្ញុំឱ្យធ្វើការធម្មតា និងនិយាយបំភ័យខ្ញុំថា សមាជិកក្រុមរបស់ខ្ញុំឈ្មោះ សុភណ្ឌ គឺចេះអាបដែលតែងតែចេញរកអាហារពេលយប់ ប៉ុន្តែប្រធានកងរបស់ខ្ញុំមិនបានវាយសម្លាប់ សុភណ្ឌ ឡើយ ព្រោះយោគយល់ដល់ខ្ញុំ។ ពេលឮដូច្នេះ ខ្ញុំបានទៅហាមឃាត់ សុភណ្ឌ កុំឱ្យចេញទៅរកអាហារហូបនៅពេលយប់បន្តទៀត នៅពេលដែលខ្ញុំមិននៅយាម ព្រោះប្រសិនបើជួបអ្នកផ្សេង សុភណ្ឌ នឹង​មានគ្រោះថ្នាក់ ឬត្រូវខ្មែរក្រហមវាយសម្លាប់ចោល។ ចាប់តាំងពីពេលនោះមក សុភណ្ឌ មិនហ៊ានចេញទៅរកអាហារផ្ដេសផ្ដាសបន្តទៀតទេ។ ចំណែកខ្ញុំមិនមានអារម្មណ៍ខ្លាចអាបទេ បើទោះបីខ្ញុំធ្លាប់ឃើញ សុភណ្ឌ ដេកមានតែដងខ្លួន។

ខ្ញុំបានសម្គាល់ឃើញ សុភណ្ឌ មានអាកប្បកិរិយាខុសប្លែកពីក្មេងដទៃទៀត។ នៅពេលដែលអង្គការកាត់សក់ខ្លីឱ្យក្មេងស្រីទាំងអស់នៅក្នុងកង សុភណ្ឌ បានស្នើសុំកោសក់ចេញ។ មួយវិញទៀត ខ្ញុំឃើញ សុភណ្ឌ មានរូបរាងស្គមស្គាំង និងមិនហូបបបរនៅរោងបាយរួមឡើយ គឺគាត់បានត្រឹមអង្គុយមើលកុមារផ្សេងទៀតហូប។ នៅពេលខ្ញុំសួរ សុភណ្ឌ ពីមូលហេតុដែលមិនហូបបបរ គាត់ឆ្លើយប្រាប់ខ្ញុំថាមិនឃ្លាន។

ខ្ញុំមានការអាណិតអាសូរកុមារដែលអត់ឃ្លានខ្លាំងណាស់ និងមិនដែលវាយធ្វើបាបកុមារទាំងនោះទេ ដែលផ្ទុយពីឈ្មោះ ហា គឺជាប្រធានកងកុមារនៅកងផ្សេងពីខ្ញុំ ដែលតែងតែដាក់ទណ្ឌកម្ម និងវាយធ្វើបាបកុមារដែលប្រព្រឹត្តខុសវិន័យអង្គការ។ នៅពេលខ្ញុំឃើញដូច្នេះ ខ្ញុំបានស្នើសុំប្រធានកងកុមារនោះឱ្យមានការយោគយល់ដល់កុមារដែលអត់ឃ្លាន និងកុំវាយធ្វើបាបបន្តទៀត។ ប៉ុន្តែប្រធាន​កងកុមារទាំងនោះមិនបានស្ដាប់ហេតុផលរបស់ខ្ញុំទេ  ហើយថែមទាំងធ្វើការទិតៀនខ្ញុំនៅពេលមានប្រជុំថែមទៀត។

ក្រោយមក នៅពេលខ្មែរក្រហមប្រើខ្ញុំឱ្យធ្វើការងារលំបាកខ្លាំងពេក យាយ ហ៊ន បានហៅខ្ញុំទៅធ្វើការងារនៅក្នុងអង្គភាពរបស់គាត់ដែលគ្រប់គ្រងដោយឈ្មោះ តាចាប។ នៅពេលធ្វើដំណើរយាយ ហ៊ន បាននាំខ្ញុំហែលឆ្លងទឹកស្ទឹងដោយដៃម្ខាងរបស់គាត់ចាប់អូសខ្ញុំ និងដៃម្ខាងទៀតហែលសំដៅទៅត្រើយម្ខាងទៀត។ អំឡុងពេលនៅក្នុងទឹក ខ្ញុំបានស្រែកយ៉ាងខ្លាំង ព្រោះខ្ញុំមើលទៅយាយ ហ៊ន អស់កម្លាំងយ៉ាងខ្លាំង និងប្ដូរក្បាច់ហែលច្រមុជទឹកចុះឡើងរហូតដល់ខ្ញុំឈ្លក់ទឹក។

នៅពេលធ្វើដំណើរទៅដល់កន្លែងធ្វើការ យាយ ហ៊ន បានប្រាប់ប្រធានអង្គភាពថា ខ្ញុំគឺជាបងប្អូនរបស់គាត់ និងបានស្នើសុំខ្ញុំឱ្យធ្វើការងារជាមួយគាត់។ ពេលឮដូច្នេះ កម្មាភិបាលខ្មែរក្រហមបានធ្វើការប្រជុំគ្នា រួចចាត់តាំងយាយ ហ៊ន ឱ្យធ្វើការងារផ្នែកជ្រលក់សម្លៀកបំពាក់ពណ៌ខ្មៅ ចំណែកខ្ញុំត្រូវកាត់ខោអាវឱ្យបាន៣០សម្រាប់ក្នុងមួយថ្ងៃ។ ខ្ញុំបានយកសាច់ក្រណាត់មកកាត់នៅពេលយប់ ហើយពេលព្រឹកយកទៅឱ្យយាយ ហ៊ន ជ្រលក់ពណ៌។ បន្ទាប់មក ខ្ញុំ​ចាប់ផ្ដើមដេរខោអាវពីម៉ោងប្រមាណ៨ព្រឹក រហូតដល់រួចរាល់គ្រប់ចំនួនអង្គការកំណត់៣០សម្រាប់ ទើបឈប់សម្រាក។ នៅឆ្នាំ១៩៧៨ ខ្ញុំបានផ្លាស់ការងារពីក្រុមកាត់ដេរទៅធ្វើជាប្រធានកងកុមារនៅត្រពាំងរការ និងដឹកនាំកុមារធ្វើការងារដូចពេលមុន។

រហូតដល់ដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេលខ្ញុំដឹកនាំកុមារដើរកើបអាចម៍គោ ស្រាប់តែខ្ញុំឮប្រជាជនស្រែកថា កងទ័ពវៀតណាមវាយចូលមកហើយ។ នៅពេលនោះ មានការចលាចលយ៉ាងខ្លាំង ខ្ញុំបានរត់ទៅតាមរទេះគោយាយ សឿន ដែលបរចេញពីភូមិដោយនៅលើរទេះមានតាចាស់ជរាម្នាក់ឈ្មោះ ប្រាក់ កំពុងសម្រាន្ត។ ខ្ញុំបានជិះរទេះរយៈពេលមួយយប់ និងមួយថ្ងៃ ទើបទៅដល់ម្លប់ពោធិ៍រៀល ហើយបានឈប់សម្រាកនៅទីនោះ។ នៅពោធិ៍រៀល អង្គការបានសម្លាប់សត្វគោមួយក្បាលដើម្បីធ្វើម្ហូបឱ្យប្រជាជនជម្លៀសរាប់រយនាក់ហូប។ បន្ទាប់មក ខ្ញុំបានជិះរទេះគោបន្តរហូតដល់ភ្នំលះបង់ទើបនាំគ្នាចោលរទេះ និងគោ ព្រោះត្រូវធ្វើដំណើរឡើងទៅលើភ្នំ។ ខ្ញុំបានទៅសុំខមាទោស និងសេចក្ដីសុខពីតា ប្រាក់ ព្រោះមិនអាចនាំយកគាត់ទៅជាមួយ ហើយប្រសិនបើខ្ញុំមិនព្រមឡើងភ្នំ ខ្មែរក្រហមនឹងវាយសម្លាប់ខ្ញុំ។

នៅលើភ្នំលះបង់ ខ្ញុំបានឃើញខ្មែរក្រហមបង្ខំឪពុកម្ដាយឱ្យបោះបង់កូនរបស់ខ្លួនឱ្យយំនៅតាមផ្លូវជាច្រើននាក់ និងបង្ខំឱ្យធ្វើដំណើរទៅមុខជាបន្តទៀត ហើយប្រសិនបើមានអ្នកមិនធ្វើតាម ខ្មែរក្រហមនឹងសម្លាប់ចោល។ កុមារដែលឪពុកម្តាយបោះបង់ចោលទាំងនោះគួរឱ្យអាណិតខ្លាំងណាស់​ ដោយកុមារខ្លះត្រូវសត្វទាកខាំពេញខ្លួន និងចូលក្នុងរន្ធត្រចៀក។

ពេលខ្ញុំធ្វើដំណើរទៅមុខបានបន្តិច ខ្ញុំបានឃើញមនុស្សដេកស្លាប់ និងសាកសពហើមនៅតាមផ្លូវ។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់ ខ្ញុំស្គាល់គ្រួសារឈ្មោះ ងូយ និងគ្រួសារឈ្មោះ ថុល បានស្លាប់ដោយអត់អាហារ និងសត្វទាកខាំ។ ម្យ៉ាងវិញទៀត ខ្ញុំបានឃើញស្ត្រីពោះធំម្នាក់ឈឺពោះកើតកូននៅលើភ្នំលះបង់ ប៉ុន្តែនៅពេលកូនកើតរួចម្ដាយបានបោះកូនចោលឱ្យយំនៅក្នុងព្រៃ ព្រោះខ្លាចខ្មែរក្រហមមិនអនុញ្ញាតឱ្យ ធ្វើដំណើរទៅជាមួយ។

នៅលើភ្នំលះបង់ តាសឹម  បានយកពងមាន់៣គ្រាប់មកឱ្យខ្ញុំ និងស្នើសុំខ្ញុំធ្វើជាកូនធម៌របស់គាត់។ ចាប់តាំងពីពេលនោះមក ខ្ញុំលែងជួបប្រទះការអត់ឃ្លានទៀតហើយ ព្រោះឪពុកធម៌របស់ខ្ញុំបានស្ពាយអង្ករពីរទៃមកជាមួយ ហើយក្នុងមួយពេលគាត់យកអង្ករមួយកំប៉ុងតែប៉ុណ្ណោះមកដាំបបរហូបទាំងអស់គ្នា។ នៅពេលធ្វើដំណើរ ខ្ញុំនិងប្រជាជនទាំងអស់ខ្លាចកងទ័ពវៀតណាមខ្លាំងណាស់ និងរួតរះបន្តដំណើរទៅដល់ទឹកជ្រោះមួយកន្លែង ក្នុងស្រុកវាលវែង។

​នៅទីតាំងទឹកជ្រោះ ខ្មែរក្រហមបានបង្ខំប្រជាជនឱ្យតោងខ្សែពួរសម្រួតខ្លួនចុះមកក្រោមបន្តគ្នា ហើយខ្ញុំត្រូវតោងឪពុកធម៌របស់ខ្ញុំចុះពីជ្រោះមកមុន ដោយទុកប្រពន្ធរបស់គាត់រង់ចាំនៅលើភ្នំ។ នៅពេលរអិលម្តងៗ ខ្ញុំស្ទើរតែតោងឪពុកធម៌របស់ខ្ញុំមិនជាប់ព្រោះទឹកហូរខ្លាំងពេក។ ពេលខ្ញុំចូលដល់ក្នុងស្ទឹង ឪពុកធម៌របស់ខ្ញុំបាននាំខ្ញុំហែលទៅរកកន្លែងសុវត្ថិភាព។ ប្រសិនបើមិនមានឪពុកធម៌ជួយ ខ្ញុំប្រហែលត្រូវស្លាប់នៅក្នុងព្រៃនោះតែម្ដង គឺស្លាប់ដោយសារអត់អាហារ និងនៅពេលតោងខ្សែពួរសម្រួតចុះតាមទឹកជ្រោះ។

នៅពេលមកដល់ក្រោម ខ្ញុំ និងប្រជាជនផ្សេងទៀតបានធ្វើដំណើររហូតទៅដល់ភូមិត្បែង។ នៅទីនោះ ខ្ញុំបានជួបជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមដែលស្រែកហៅប្រជាជនកុំឱ្យរត់គេចខ្លួនបន្តទៀត ព្រោះកងទ័ពវៀតណាមមកនាំត្រឡប់ទៅផ្ទះសម្បែងវិញ។ ពេលឮដូច្នេះ ខ្ញុំមិនបានបន្តដំណើរទៅមុខទៀតទេ លើកលែងតែប្រជាជនមួយចំនួនទៀតដែលមានការភ័យខ្លាចខ្លាំង បានបន្តរត់គេចខ្លួនភ្លាមៗអស់ជាងពាក់កណ្ដាល។

នៅតាមផ្លូវធ្វើដំណើរ កងទ័ពស្ម័គ្រចិត្តវៀតណាមបានចែកអង្ករឱ្យប្រជាជនម្នាក់មួយបាវ ព្រមទាំងយាមការពារប្រជាជនទាំងយប់ទាំងថ្ងៃ ព្រោះពេលនោះមានយោធាខ្មែរក្រហមចូលមកសម្លាប់ និងកៀរប្រជាជនត្រឡប់ចូលព្រៃវិញ។​ ក្រោយមក ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកកំណើតនៅខេត្តតាកែវវិញ។ បើទោះបីរបបខ្មែរក្រហមបានកន្លងផុតទៅជាយូរឆ្នាំហើយ ខ្ញុំនៅតែមានអារម្មណ៍ខឹងនឹងខ្មែរក្រហម ព្រោះធ្វើឱ្យខ្ញុំជួបការលំបាក។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖