នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀន ស្ដីពីព្រឹត្តិការណ៍ជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម ដោយមានសិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីមតាកែវ ចំនួន៦នាក់ មកចូលរួម។ គោលបំណងនៃវេទិកាថ្នាក់រៀន គឺចង់ផ្ដល់ឱ្យសិស្សានុសិស្សស្វែងយល់បន្ថែមពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយផ្តោតសំខាន់លើការពិភាក្សាអំពីព្រឹត្តិការណ៍ជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សមានឱកាសក្នុងការពង្រឹងសមត្ថភាពតាមរយៈការបង្កើតវេទិកាពិភាក្សា និងដោះស្រាយចម្ងល់ផ្សេងៗដែលខ្លួនចង់ដឹងនាពេលកន្លងមក។
ជាកិច្ចចាប់ផ្ដើម បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ឈ្មោះ ជឹម សុខគា បានធ្វើការណែនាំខ្លួន ទៅកាន់សិស្សានុសិស្ស និងសួរនាំទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីស្ទាបស្ទង់ចំណេះដឹងរបស់សិស្សជាមុន។ សុខគា បានសួរសំណួរថា តើថ្ងៃនេះ ប្អូនៗចង់ស្វែងយល់ពីព្រឹត្តិការណ៍អ្វីខ្លះដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម? បន្ទាប់ពីទទួលបានចម្លើយពីសិស្សរួច សុខគា បានចំណាយពេល ២០នាទី ធ្វើបទបង្ហាញដល់សិស្សដោយលើកយកមេរៀននៅក្នុងជំពូកទី៣ «ការឡើងកាន់អំណាចរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុង, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ»។ តមក សិស្សចំណាយពេល២៥នាទី ដើម្បីអានមេរៀនក្នុងជំពូកទី៣ និង១៥នាទីសម្រាប់លើកជាសំណួរដែលខ្លួនចង់ដឹង។
ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ ឱ្យទៅរស់នៅទីជនបទ ឬតំបន់ដាច់ស្រយាល ពីខេត្តមួយទៅខេត្តមួយផ្សេងទៀត។ មុនពេលជម្លៀស ខ្មែរក្រហមពុំបានផ្ដល់ដំណឹងដល់ប្រជាជនជាមុនឡើយ។ អំឡុងពេលជម្លៀសប្រជាជនដែលស្លាប់ច្រើនជាងគេ គឺអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារ, ស្ត្រីមានផ្ទៃពោះ, ស្ត្រីដែលទើបតែសម្រាលកូនរួច, ចាស់ជរា និងក្រុមទាហាន លន់ នល់ និងបញ្ញវន្ដ។ ក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសប្រជាជនជា៣ដំណាក់កាល គឺដំណាក់កាលទី១) ចាប់តាំងពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនឱ្យចាកចេញពីក្រុងភ្នំពេញ និងទីប្រជុំជន ឱ្យទៅរស់នៅតាមបណ្ដាខេត្តនានា ឬទីជនបទ។ ដំណាក់កាលទី២) ចាប់តាំងពីចុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានម្លៀសប្រជាជនក្នុងភូមិភាគកណ្ដាល ភូមិភាគនិរតី ដោយជម្លៀសតាមរថភ្លើង និងដំណាក់កាលទី៣) ពីចុងឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ ដោយខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិភាគបូព៌ា។
ជាលទ្ធផល ការពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ធ្វើឱ្យសិស្សានុសិស្សបានដឹងពីព្រឹត្តិការណ៍នៃការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្ស ថែមទាំងយល់ដឹងពីសោកនាដកម្ម រួមទាំងការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សទាំងអស់បានប្ដេជ្ញារួបរួមសាមគ្គីគ្នាទប់ស្កាត់អំពើហិង្សា ដែលអាចឈានដល់ការកកើតមានអំពើប្រល័យពូជសាសន៍។ ជាចុងបញ្ចប់នៃវេទិកាថ្នាក់រៀន សិស្សានុសិស្សបានបង្ហាញពី ចំណាប់អារម្មណ៍ដូចខាងក្រោម៖
នន្ទ ណាំអនុវត្តរា ៖ ព្រឹកនេះខ្ញុំយល់ដឹង ពីព្រឹត្តិការការជម្លៀសប្រជាជនក្នុងរបបខ្មែរក្រហម។ អំឡុងពេល ជម្លៀសប្រជាជនបានជួបទុក្ខវេទនា ដូចជា ព្រាត់ប្រាសក្រុមគ្រួសារ សាច់ញាតិ ប្ដីប្រពន្ធរួមទាំងកូនៗ និងធ្វើឱ្យប្រជាជនស្លាប់អស់ជាច្រើន។ នៅក្នុងរបបខ្មែរក្រហម អង្គការបានប្រើប្រជាជនឱ្យធ្វើការងារហួសកម្លាំង និងមិនឱ្យហូបចុកគ្រប់គ្រាន់។ ខ្ញុំមិនចង់ឱ្យកើតមានសង្រ្គាមទៀតទេ ជាក់ស្តែងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកកើតមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ធ្វើឱ្យមានចលាចលយ៉ាងខ្លាំង។ ខ្ញុំបានឃើញវីរកងទ័ពពលីជីវិត ចំណែកប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន ត្រូវភៀសខ្លួន មករស់នៅតាមខេត្តផ្សេងៗឆ្ងាយពីផ្ទះសម្បែង។
ផាត ច័ន្ទថារ័ត្ន ៖ ខ្ញុំបានយល់ដឹងកាន់តែច្បាស់អំពីរបបខ្មែរក្រហម បន្ថែមពីការរៀននៅសាលា។ ខ្ញុំបានដឹងពីព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំ និងបានដឹងពីទុក្ខលំបាករបស់ប្រជាជនដែលធ្លាប់រស់ឆ្លងកាត់របបខ្មែរក្រហម។ ការជម្លៀសប្រជាជនដោយបង្ខំពីកងទ័ពខ្មែរក្រហម បានធ្វើឱ្យប្រជាជនស្លាប់អស់ជាច្រើន។ រឿងមួយដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុត គឺខ្មែរសម្លាប់ខ្មែរគ្នាឯង។ ការជម្លៀសពុំមានប្រជាជនណាម្នាក់បានដឹងជាមុនទេ គឹជាល្បិចបោកបញ្ឆោតរបស់ខ្មែរក្រហមដើម្បីឱ្យប្រជាជនជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីជនបទ។ របបខ្មែរក្រហម គឺជារបបផ្ដាច់ការ។ ជាក់ស្ដែង ខ្ញុំបានឮយាយរបស់ខ្ញុំប្រាប់ថា ក្នុងរបបខ្មែរក្រហម គាត់ត្រូវបែកបាក់បងប្អូន ចំណែកឪពុករបស់គាត់ត្រូវស្លាប់។ យាយរបស់ខ្ញុំ ត្រូវខ្មែរក្រហមរៀបការជាមួយតារបស់ខ្ញុំ ដោយមិនមានការសុំអនុញ្ញាតពីក្រុមគ្រួសារឡើយ។ ខ្ញុំមិនចង់ឱ្យកើតមានសង្គ្រាមទេ គឺខ្ញុំត្រូវការតែសន្តិភាពតែប៉ុណ្ណោះ។ ជាក់ស្តែង សង្គ្រាមដែលកើតឡើងនៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ ធ្វើឱ្យខ្ញុំភ័យខ្លាច និងធ្វើឱ្យលំបាក់ដល់ក្មេងៗដែលកំពុងរៀនសូត្រ។ រីឯប្រជាជនត្រូវភៀសខ្លួនចាកចោលផ្ទះសម្បែងដើម្បីស្វែងរកតំបន់សុវត្ថិភាព។
ទូច សុខចាន់ដារ៉ា ៖ ខ្ញុំដឹងពីព្រឹត្តិនៃការជម្លៀសប្រជាជនដោយបង្ខំឱ្យទៅរស់នៅតាមបណ្ដាខេត្តនានា ឬតំបន់ដាច់ស្រយាល ក្នុងគោលបំណងឱ្យប្រជាជនទៅធ្វើស្រែចម្ការ។ ការជម្លៀសដោយបង្ខំ ធ្វើឱ្យប្រជាជនស្លាប់អស់ជាច្រើន។ ខ្ញុំធ្លាប់បានឮយាយរបស់ខ្ញុំប្រាប់ថា របបខ្មែរក្រហម គឺជារបបផ្ដាច់ការ និងបំបិទសិទ្ធិសេរីភាព។ យាយរបស់ខ្ញុំតែងតែផ្ដែផ្ដាំកូនចៅថា ប្រសិនបើយើងរស់នៅក្នុងប្រទេសមានសន្តិភាពហើយ យើងគួរតែកុំនាំគ្នាបង្កឱ្យកើតមានសង្រ្គាម ព្រោះនៅពេលដែលកើតមានសង្រ្គាមនឹងនាំមកនូវផលលំបាកយ៉ាងខ្លាំងដល់ប្រជាជន។ ជាក់ស្ដែង ខ្ញុំបានដឹងអំពីសង្រ្គាមដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក ធ្វើឱ្យខ្ញុំមានការព្រួយបារម្ភខ្លះដែរ ព្រោះខ្ញុំបានឃើញប្រជាជនចាកចោលផ្ទះសម្បែងដើម្បីស្វែងរកទីទួលសុវត្ថិភាព។ បន្ទាប់ពីខ្ញុំបានឃើញទិដ្ឋភាពទាំងអស់នេះ ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនខ្លាំងណាស់ ហើយអ្វីដែលធ្វើឱ្យខ្ញុំសោកស្ដាយទៀតគឺ វីរកងទ័ពយើងបានពលីជីវិតដើម្បីការពារទឹកដី ដូច្នេះហើយខ្ញុំមិនចង់ឱ្យកើតមានសង្គ្រាមទៀតទេ។
អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា










