នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សិស្សផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ចំនួន៨នាក់ បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម នៅចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដើម្បីត្រៀមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាដំបូង បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តព្រៃវែង ឈ្មោះ ដារ៉ារដ្ឋ មេត្ដា បានណែនាំខ្លួន ក្រុមការងារ និងកិច្ចការងារដែលកំពុងអនុវត្តកន្លងមកមុនលើកយកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកបង្ហាញដល់សិស្ស។ មេត្ដា បានលើកយកមេរៀនជំពូកទី៣ «ការឡើងកាន់អំណាចរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុង, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ» មកពិភាក្សាជាមួយសិស្សក្នុងថ្ងៃនេះ។ សិស្សបានអានមេរៀនជំពូកទី៣គ្រប់ៗគ្នា និងធ្វើការកត់ត្រាចំណុចសំខាន់ៗ និង ពាក្យគន្លឹះមួយចំនួន។ បន្ទាប់ពីអានចប់ មេត្ដា បានបែងចែកសិស្សជាបីក្រុម និងក្នុងមួយក្រុមត្រូវទទួលខុសត្រូវឆ្លើយសំណួរចំនួន៥ ផ្សេងៗគ្នា។
ក្រុមទី១) មានសិស្សឈ្មោះ ឈឹម ចាន់ឌីម និង ផាត លីណា បានចែករំលែកចម្លើយរបស់ក្រុមថា៖ ដំបូងឡើយ ប្រជាជននៅតាមទីក្រុង និងទីប្រជុំជននានាភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្តិភាព ក្រោមការគ្រប់គ្រងពីរបបដឹកនាំថ្មី ហើយប្រជាជនគ្រប់រូបនឹងពួតដៃគ្នាដើម្បីធ្វើការបង្រួបបង្រួមជាតិ។ ប៉ុន្ដែនៅពេលខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីផ្ទះសម្បែង។ ប្រជាជនប្រហែល២ លាននាក់ ត្រូវខ្មែរក្រហមបង្ខំឱ្យចាកចេញពីទីក្រុង ទៅរស់នៅទីជនបទ។ ការជម្លៀសពុំមានការលើកលែងចំពោះនរណាម្នាក់ឡើយ សូម្បីតែអ្នកជំងឺ ជនពិការ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងក្មេងៗ។
ក្រុមទី២) មានសិស្សឈ្មោះ ស្រ៊ូ សំហៀង ពុក សម្បត្តិ និង លឹម ស្រីណុច បានលើកឡើងថា៖ នៅក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសប្រជាជនដោយបង្ខំជាបីដំណាក់កាលធំៗ គឺ ៖ ដំណាក់កាលទី១ ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និង ក្រុងពីរ-បីផ្សេងទៀត ចាប់ផ្ដើមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ដំណាក់កាលទី២) ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចឹម ភូមិភាគបូព៌ាចាប់តាំងពីខែកញ្ញាឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៧ ទៅកាន់ផ្នែកផ្សេងទៀត នៃប្រទេសកម្ពុជា។ ដំណាក់កាលទី៣) ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៨ ទៅកាន់ភូមិភាគពាយ័ព្យ ដោយសារបញ្ហាជម្លោះផ្ទៃក្នុង។ ជាទូទៅប្រជាជនត្រូវបានជម្លៀសដោយបង្ខំចេញពីទីក្រុង ទៅកាន់ទីជនបទដាច់ស្រយាល។ ការជម្លៀសប្រជាជន អាចចាត់ទុកបានថាជាវិនាសកម្មចំពោះមនុស្សភាគច្រើន និងជាការចាប់ផ្តើមនៃរបបផ្តាច់ការថ្មីមួយសម្រាប់ប្រជាជនកម្ពុជា។ ខ្មែរក្រហម បានពន្យល់អំពីការជម្លៀសដោយបង្ខំ ព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែកលើទីក្រុងភ្នំពេញ, ខ្មែរក្រហមត្រូវការបោសសម្អាតខ្មាំង ហើយប្រជាជនត្រូវទៅយកស្បៀងនៅទីជនបទ។ ការជម្លៀសដោយបង្ខំឱ្យប្រជាជនចាកចេញពីទីលំនៅដោយពុំមានការយល់ព្រម គឺជាការរំលោភច្បាប់អន្តរជាតិ។
ក្រុមទី៣) មានសិស្សឈ្មោះ តន ដាវី ហ៊ុន វីរៈ និង ដាំ ប្រាថ្នា បានឆ្លើយតបថា៖ បន្ទាប់ពីខ្មែរក្រហមកាន់កាប់ខេត្តពោធិ៍សាត់ ខ្មែរក្រហមបានប្រមូលទាហាន លន់ នល់ ទៅកាន់ស្នាក់ការខេត្តដើម្បីជួបជាមួយមេដឹកនាំខ្មែរក្រហម។ អំឡុងពេលប្រជុំអតីតទាហាន លន់ នល់ ត្រូវអង្គការប្រាប់ថាឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល និងទៅទទួលសម្តេចព្រះ នរោត្តម សីហនុ។ ទាហាន លន់ នល់ ទាំងនោះពុំមានការព្រួយបារម្ភ ឬ ភិតភ័យទេបន្ទាប់ពីប្រជុំរួច។ អតីតទាហាន លន់ នល់ ទាំងនោះមានភាពសប្បាយរីករាយ ជជែកលេងជាមួយសាច់ញាតិ និងប្រាប់សាច់ញាតិថាខ្លួននឹងទៅចូលរួមវគ្គរៀនសូត្រ ព្រមទាំងបានជួបសម្តេច ព្រះ នរោត្តម សីហនុ។ បន្ទាប់ពីប្រជុំចប់ យោធាខ្មែរក្រហម បានដឹក អតីតទាហាន លន់ នល់ សំដៅទៅកាន់ទួលពោធិ៍ជ្រៃ។ ខ្មែរក្រហមបានបង្កើតទីតាំងត្រួតពិនិត្យនានា ដើម្បីរារាំងប្រជាជនកុំឱ្យធ្វើដំណើរទៅកាន់ទួលពោធិ៍ជ្រៃដែលជាទីកន្លែងសម្លាប់។ ខ្មែរក្រហមអនុញ្ញាតឱ្យបររថយន្តចូលម្តងមួយតែប៉ុណ្ណោះទៅ បន្ទាយទាហានក្នុងភូមិពោធិ៍។ ទាហាន លន់ នល់ ដែលត្រូវបានអង្គការយកទៅសម្លាប់នៅទួលពោធិ៍ជ្រៃ គឺពុំមានតួលេខច្បាស់លាស់ថា តើមានទាហាន លន់ នល់ ប៉ុន្មាននាក់ត្រូវបានសម្លាប់នៅទួលពោធិ៍ជ្រៃ គឺមានតែតួលេខប៉ាន់ស្មានប៉ុណ្ណោះ ចំនួនចន្លោះពី ២,០០០នាក់ រហូតដល់ ៨,០០០ នាក់។
ចុងបញ្ចប់នៃកិច្ចពិភាក្សា មេត្ដា បានសង្ខេបខ្លឹមសារសំខាន់ៗទៅកាន់សិស្សានុសិស្សដើម្បីកាន់តែយល់ និងចងចាំ។ ជាចុងក្រោយ អ្នកដឹកនាំពិភាក្សា បានជូនពរសិស្សានុសិស្សទាំងអស់ឱ្យប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និង ទទួលបានពិន្ទុល្អគ្រប់ៗគ្នា។ មុនត្រឡប់ទៅកាន់សាលារៀន សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
ហ៊ុន វីរៈ បានរៀបរាប់ថា បន្ទាប់ពីកិច្ចពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្ញុំចាប់អារម្មណ៍នៅត្រង់ខ្មែរក្រហមយកទាហាន លន់ នល់ ទៅសម្លាប់នៅទួលពោធិ៍ជ្រៃ ប៉ុន្តែការស្លាប់របស់ទាហាន លន់ នល់ ពុំមានតួលេខច្បាស់លាស់ គឺមានតែតួលេខប៉ាន់ស្មាន ចន្លោះពី២,០០០ ទៅ ៨,០០០ នាក់។ ខ្មែរក្រហមបានហៅទាហាន លន់ នល់ ទាំងអស់ឱ្យទៅប្រជុំ ប៉ុន្តែបន្ទាប់ពីប្រជុំរួច ទាហាន លន់ នល់ ហាក់ដូចជាមិនមានការភិតភ័យបន្តិចសោះឡើយ ថែមទាំងជជែកលេងជាមួយសាច់ញាតិ យ៉ាងសប្បាយរីករាយថែមទៀតផង។ ទាំងនេះ គឺដោយសារតែខ្មែរក្រហម និយាយបោកប្រាស់ទាហាន លន់ នល់ ថានឹងនាំក្រុមទាហានទាំងអស់ទៅជួបសម្ដេចព្រះ នរោត្តម សីហនុ។ លុះចុងក្រោយ ខ្មែរក្រហមបានដឹកទាហាន លន់ នល់ ទៅកាន់ភូមិពោធិ៍ជ្រៃ និងសម្លាប់នៅទីនោះតែម្តង។ សម្រាប់ខ្ញុំផ្ទាល់ បើសិនជាខ្ញុំជាទាហាន លន់ នល់ ហើយខ្ញុំដឹងថាមាន សត្រូវម្ខាងទៀត ចង់ប៉ុនប៉ងសម្លាប់ ខ្ញុំប្រហែលជាត្រូវសម្លាប់សត្រូវនោះវិញ ព្រោះក្នុងនាមជាទាហាន បើសិនជាសត្រូវវាយប្រហារមកលើយើង គឺយើងត្រូវតែវាយប្រហារទៅកាន់សត្រូវវិញ។
លឹម ស្រីណុច បានរៀបរាប់ថា នៅថ្ងៃនេះគឺខ្ញុំទទួលបានចំណេះដឹងជាច្រើន ជាពិសេសធ្វើឱ្យខ្ញុំ ត្រៀមខ្លួនបានល្អប្រសើរជាងមុន ក្នុងពេលប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ។ ក្រៅពីនេះ ខ្ញុំដឹងពីរបៀបបកស្រាយសំណួរឱ្យបានត្រឹមត្រូវ។ ខ្ញុំទទួលបានបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការសិក្សារបស់ខ្ញុំ។ ការពិភាក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម បានធ្វើឱ្យខ្ញុំយល់ដឹងអំពីការបំបិទសិទ្ធិសេរីភាពប្រជាជន ការរំលោភសិទ្ធិមនុស្ស ការរំលោភច្បាប់អន្តរជាតិ ការជម្លៀសប្រជាជនដោយបង្ខំ និង មូលហេតុសំខាន់នៃការជម្លៀសប្រជាជនចេញពីទីក្រុង ទៅកាន់ទីជនបទ តាមនយោបាយបោកប្រាស់របស់ខ្មែរក្រហមចំនួន៣ គឺខ្លាចអាមេរិកទម្លាក់គ្រាប់បែក បំបែកក្រុមចារកម្មខ្មាំង និង ប្រជាជនត្រូវចេញទៅយកស្បៀងអាហារនៅទីជន បទ។
ផាត លីណា បានរៀបរាប់ថា ចំពោះចំណេះដឹងដែលខ្ញុំទទួលបាននៅក្នុងថ្ងៃនេះ មានដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុង ទៅកាន់ទីជនបទ បណ្ដាលឱ្យប្រជាជនមានភាពតក់ស្លុក និង ភ័យខ្លាចជាខ្លាំង។ ខ្មែរក្រហមមិនលើកលែងសូម្បីតែមនុស្សចាស់ជរា កូនក្មេង ជនពិការ អ្នកជំងឺ និង ស្ត្រីមានផ្ទៃពោះ ។ ខ្មែរក្រហមបានជម្លៀសប្រជាជន ចេញពីក្រុងភ្នំពេញ ប្រហែល២លាននាក់។ មុនដំបូង ប្រជាជនកម្ពុជា បានជឿជាក់លើរបបថ្មីជាខ្លាំង ហើយគិតថានឹងអាចកសាងប្រទេសជាតិឡើងវិញប្រកបដោយសុខសន្តិភាព ប៉ុន្តែផ្ទុយទៅវិញ គឺពុំដូចជាការរំពឹងទុករបស់ប្រជាជនឡើយ។
ស្រ៊ូ សំហៀង រៀបរាប់ថា នៅក្នុងថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងបន្ថែមពីអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំបានដឹងពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅរបបខ្មែរក្រហម និង បានដឹងថា អង្គការប្រកាន់យកលទ្ធិកម្មុយនីស្តផ្តាច់ការ។ លើសពីនេះ ខ្ញុំបានដឹងថាខ្មែរក្រហម បានជម្លៀសប្រជាជនចំនួន៣ដំណាក់កាលធំៗគឺដំណាក់កាលទី១ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ដំណាក់កាលទី២ នៅចុងឆ្នាំ១៩៧៥ និង ដំណាក់កាលទី៣ នៅឆ្នាំ១៩៧៨។
អត្ថបទ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា











