អ្នកដំណើរតាមរថភ្លើងនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គួរតែចងចាំថាមធ្យោបាយធ្វើដំណើរនេះ មានប្រវត្តិសាស្ត្រយ៉ាងសម្បូរបែប។ ដូចគ្នាទៅនឹងប្រវត្តិសាស្រ្តដទៃទៀតដែរ ប្រវត្តិសាស្ត្ររថភ្លើងបានជះឥទ្ធិពលយ៉ាងសំខាន់ចំពោះសង្គម ដោយរួមទាំងឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានទៅលើផ្លូវចិត្ត។ មធ្យោបាយដឹកជញ្ជូនសាធារណៈគឺជាប្រភពនៃការវិវត្តខ្លួនរបស់សង្គមមនុស្ស តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងរវាងមនុស្ស សហគមន៍ និងប្រជាជាតិទាំងមូល។
អំឡុងរបបខ្មែរក្រហម ប្រព័ន្ធផ្លូវដែកនៅប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ដែលផ្តល់ផលវិជ្ជមានសម្រាប់សង្គមមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងត្រូវបម្រើដល់គោលបំណងទុច្ចរិត ដូចជាការបង្ក្រាប ការដកហូតសិទ្ធិអំណាច និងការបំផ្លិចបំផ្លាញសហគមន៍ វប្បធម៌ និងប្រជាជន។ ខ្មែរក្រហមបានប្រើប្រាស់រថភ្លើង និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ដើម្បីជម្លៀសប្រជាជនដោយបង្ខំ ចាកចេញពីផ្ទះសម្បែងរបស់ខ្លួនទៅកាន់ទីជនបទដាច់ស្រយាល ក្នុងគោលបំណងបម្រើដល់មនោគមវិជ្ជាសេដ្ឋកិច្ច និងនយោបាយជ្រុលនិយមហួសហេតុរបស់ខ្លួន ដែលបានបង្កជាការបំផ្លិចបំផ្លាញចំពោះប្រជាជាតិកម្ពុជា។ ខណៈពេលដែលរថភ្លើងគឺជាសមិទ្ធផលដ៏លេចធ្លោ តំណាងឱ្យនិមិត្តរូបនៃជោគជ័យ និងវឌ្ឍនភាពរបស់មនុស្សជាតិ យើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្រដ៏សោកសង្រេងនេះទេ។
អ្នកដំណើរតាមរថភ្លើងនៅសម័យបច្ចុប្បន្ន គួរតែត្រូវបានក្រើនរំឭកអំពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនៃមធ្យោបាយធ្វើដំណើរនេះ។ ការរំឭកឡើងវិញនេះ មិនមែនដើម្បីបន្ទុចបង្អាក់តម្លៃ និងភាពងាយស្រួលនៃមធ្យោបាយធ្វើដំណើរនេះ ឬធ្វើឱ្យខូចអារម្មណ៍រីករាយរបស់អ្នកដំណើរពីការជិះរថភ្លើងទេ ប៉ុន្តែគឺដើម្បីធានាថាអ្នកដំណើរទាំងអស់ បានយល់ដឹងថារាល់បច្ចេកវិទ្យាដ៏អស្ចារ្យ និងសមិទ្ធផលដ៏ធំធេងរបស់មនុស្សជាតិគឺតែងបង្កប់នូវលទ្ធភាពដែលអាចត្រូវបានប្រើប្រាស់បម្រើដល់គោលបំណងទុច្ចរិត។
ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់រថភ្លើងគឺជាមេរៀនមួយដែលមនុស្សជាតិបានបំភ្លេច ហើយយើងត្រូវសិក្សាឈ្វេងយល់សាជាថ្មី ម្ដងហើយម្ដងទៀត។ ហេតុដូច្នេះ ការឈ្វេងយល់ពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់រថភ្លើង គួរតែត្រូវបានបញ្ចូលជាគោលការណ៍សីលធម៌ក្នុងជីវិតរស់នៅដ៏សាមញ្ញប្រចាំថ្ងៃ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







