ខ្លឹមសារសង្ខេប៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលការទទួលស្គាល់ពីព្រះមហាក្សត្រ ចំពោះស្នាដៃនៃបេសកកម្មពេញមួយជីវិតរបស់លោកក្នុងការអភិរក្សប្រវត្តិសាស្ត្រ យុត្តិធម៌ និងកេរដំណែលរាជវង្សប្រទេសកម្ពុជា។
ជាអ្នកជំនាញលើប្រធានបទប្រល័យពូជសាសន៍ និងដែលជាអ្នករស់រានមានជីវិតផ្ទាល់ពីឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហម ទទួល បានការត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី ដែលនេះបានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែករបស់លោកអស់រយៈកាលជាច្រើនឆ្នាំកន្លងមក ចំពោះការអប់រំពីប្រវត្តិសាស្ត្រ និងការលើកកម្ពស់របបរាជានិយម។
យោងតាមព្រះរាជក្រឹត្យ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៩ ខែមករា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គត្រាស់បង្គាប់តែងតាំង លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ជា «ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានឋានៈស្មើរដ្ឋមន្ត្រី។
លោក ឆាំង យុ នឹងបំពេញភារកិច្ចជាអ្នកទំនាក់ទំនងផ្លូវការរវាងព្រះបរមរាជវាំង និងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឋានៈនេះ លោក ក៏មានតួនាទីនាំព្រះរាជសារ សម្របសម្រួលកិច្ចការក្នុងព្រះរាជពិធីនានា និងធានានូវការប្រព្រឹត្តទៅដោយរលូននៃពិធីការ រវាងខុទ្ទកាល័យព្រះមហក្សត្រ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
បណ្តាក្រសួង និងស្ថានបេសកកម្មការទូតបរទេស នៅពេលដែលមានព្រះរាជវត្តមានចូលរួមរបស់ព្រះមហាក្សត្រ។
នៅក្នុងកិច្ចសន្ទនាជាមួយកាសែត ខ្មែរ ថាមស៍ កាលពីម្សិលមិញនាថ្ងៃទី២០ ខែមករា លោក ឆាំង យុ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសេចក្តីរំភើបជាពន់ពេក ចំពោះការប្រោសព្រះរាជទានតែងតាំងដ៏ខ្ពស់ខ្ពស់ពីព្រះមហាក្សត្រ ហើយលោកថែមទាំងបានបង្ហាញអំពីភក្តីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើព្រះរាជវង្សានុវង្សកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានកិត្តិយសក្រៃលែងចំពោះព្រះប្រទាននេះ។ ខ្ញុំពិតជាពិបាកក្នុងការរកពាក្យពេចន៍សមសួនដើម្បីបង្ហាញអំពីការដឹងគុណទទួលស្គាល់ និងតបស្នងចំពោះការប្រោសព្រះរាជទានតែងតាំងដ៏ខ្ពង់ខ្ពស់នេះ»។ លោកបានបន្តថា៖ «ខ្ញុំមានសេចក្តីរំភើប និងសូមក្រាបលំឱនកាយចំពោះព្រះរាជកាយវិការសន្តោសប្រណីរបស់ព្រះមហាក្សត្រ ដែលព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានតែងតាំងខ្ញុំបាទ និងចំពោះព្រះរាជជំនឿទុកចិត្តរបស់ព្រះអង្គមកលើខ្ញុំបាទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា»។
លោក ឆាំង យុ ដែលបច្ចុប្បន្ន មានងារផ្លូវការថា «ឯកអគ្គរាជទូត យុ» បានបង្ហាញការប្តេជ្ញាចិត្ត និងសន្យាថានឹងបំពេញភារកិច្ចឱ្យស្របតាមការរំពឹងទុកដ៏ខ្ពង់ខ្ពស់របស់ព្រះរាជវង្សានុវង្ស ក្នុងតួនាទីដ៏សំខាន់មួយនេះ។
លោកបានលើកឡើថា៖ «ខ្ញុំប្តេជ្ញាបំពេញឱ្យបានស្របទៅតាមការរំពឹងទុកដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីជាទីគោរពសក្ការៈ ក្នុងឋានៈដ៏ឧត្តុងឧត្តមនេះ»។
មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ លោក ឆាំង យុ បានរួចរស់ជីវិតពីរបបខ្មែរក្រហម ដែលជាបទពិសោធន៍មួយបានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការកំណត់បេសកកម្មការងារពេញមួយជីវិតរបស់លោក។ ក្នុងរយៈកាលជាច្រើនឆ្នាំបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម លោកបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមនានា ដើម្បីចងក្រងឯកសារស្តីពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលនៅពេលនោះមានប្រជាជនកម្ពុជាប្រមាណជាង ១លាន៧សែននាក់ បានបាត់បង់ជីវិតដោយសារការសម្លាប់ ការបង្អត់អាហារ ការធ្វើពលកម្មដោយបង្ខំ និងជំងឺផ្សេងៗ។
ការប្តេជ្ញាចិត្តរបស់លោកក្នុងការស្វែងរកការពិត និងយុត្តិធម៌ បានជំរុញលោកឱ្យចូលរួមពីដំបូងនៅឆ្នាំ១៩៩៥ជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលដើមឡើយគឺជាបេសកម្មមួយរបស់សាកលវិទ្យាល័យ យ៉េលរបស់សហរដ្ឋអាមេរិក នៅមុនពេលដែលស្ថាប័ននេះ បានក្លាយជាស្ថាប័នឯករាជ្យរបស់កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោកផ្ទាល់។
ក្រោមការដឹកនាំរបស់លោក មជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតបានជាបណ្ណសារដ្ឋានធំបំផុតមួយនៅក្នុងពិភពលោក ដែលតម្កល់នូវឯកសារស្តីពីរបបខ្មែរក្រហម ដោយបម្រើជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រវត្តិវិទូ អ្នកអប់រំ សិស្ស-និស្សិត អ្នកសារព័ត៌មាន និងអ្នកស៊ើបអង្កេតផ្នែកច្បាប់។
ឯកសារដែលតម្កល់នៅក្នុងបណ្ណសារដ្ឋាននេះ បានគាំទ្រដល់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាសាលាក្តីមួយទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ បង្កើតឡើងដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
ក្រៅពីការងារចងក្រងឯកសារ និងការទំនុកបម្រុងគាំទ្រផ្នែកច្បាប់ លោក ឆាំង យុ គឺជាអ្នកអប់រំសាធារណៈឈានមុខ ស្តីពីប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។ លោកបានដឹកនាំកម្មវិធីផ្សព្វផ្សាយនៅទូទាំងប្រទេស ដោយដាក់បញ្ចូលឯកសារប្រវត្តិសាស្ត្រកម្ពុជានានាទៅក្នុងកម្មវិធីអប់រំនៅតាមសាលារៀន បណ្តុះបណ្តាលគ្រូបង្រៀន រៀបរៀងសៀវភៅសិក្សាស្តីពីរបបខ្មែរក្រហម សៀវភៅណែនាំគ្រូបង្រៀននិងលើកកម្ពស់កិច្ចពិភាក្សាដោយចំហរនៅក្នុងចំណោមមនុស្សជំនាន់ក្រោយ ដែលពុំបានឆ្លងកាត់សម័យកាលនោះ។ កិច្ចខិតខំប្រឹងប្រែងរបស់លោក បានទម្លាយភាពស្ងប់ស្ងាត់ក្នុងសង្គមដែលបានចាក់ស្រេះអស់រយៈកាលជាយូរឆ្នាំ ជុំវិញបញ្ហានៃរបួសផ្លូវចិត្ត ព្រមទាំងបណ្តុះនូវវប្បធម៌នៃការចងចាំ និងការសិក្សារៀនសូត្របែបត្រិះរិះពិចារណា។
លោក ឆាំង យុ បានឈ្នះពានរង្វាន់ រ៉ាម៉ុន ម៉ាក្សសៃសៃ ដែលជាពានរង្វាន់ «ណូបែលអាស៊ី» នៅក្នុងឆ្នាំ២០១៨។
ក្នុងតួនាទីជានាយកនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ លោកបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាកេរដំណែលរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងព្រះរាជវង្សានុវង្សកម្ពុជា។ បច្ចុប្បន្ន លោក ឆាំង យុ បាននិងកំពុងដឹកនាំការជួសជុលកែលម្អ អតីតព្រះរាជដំណាក់ក្នុងខេត្តស្ទឹងត្រែង ឱ្យក្លាយទៅជាព្រះសារមន្ទីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីថែរក្សាកេរដំណែលរាជវង្សកម្ពុជា និងលើកម្ពស់វិស័យទេសចរណ៍ថែមទៀតផង។
អត្ថបទ និង រូបថត ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា





