គម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានទទួលស្វាគមន៍ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងគណៈប្រតិភូ នៃដំណើរទស្សនកិច្ចមហាជន និង យុវជនខេត្តស្ទឹងត្រែង មកកាន់ស្រុកបុរីអូរស្វាយសែនជ័យ។ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកក៏បានធ្វើបទបង្ហាញស្ដីពីគម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ ដែលជាគំនិតផ្ដួចផ្ដើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍សហប្រតិបត្តិការ និងសម្របសម្រួលរបស់ស្ថានទូតតួកគី ហៅកាត់ថា (TİKA) ប្រចាំនៅប្រទេសកម្ពុជា។ នៅក្នុងបទបង្ហាញលោក លី មីណា បានរៀបរាប់ថា គម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ គ្រោងនឹងសាងសង់បណ្ណាល័យអូរស្វាយសែនជ័យចំនួន១ខ្នង, ផែបណ្ដែតទឹកចំនួន៨ និងទូកចម្លងចំនួន៨ សម្រាប់ជួយសម្រួលប្រជាជនក្នុងការឆ្លងពីកោះមួយទៅកោះមួយទៀត និងប្រើប្រាស់ក្នុងសហគមន៍។

កន្លងមកគម្រោងអភិវឌ្ឍន៍សហគមន៍បូរីអូរស្វាយ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះស្រាវជ្រាវអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម, រៀបចំវេទិកាអប់រំអំពីសុខភាព និងផ្ដល់សេវាពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣លើករួចមកហើយ ដែលក្នុងនោះមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៦០០នាក់ ទទួលបានសេវាពិនិត្យសុខភាពដោយគិតថ្លៃដោយគ្រូពេទ្យជំនាញ នៅទីតំាងមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរសា្វយសែនជ័យ ខេត្តស្ទឹងត្រែង។ លើសពីនេះ គម្រោងអភិវឌ្ឍន៍សហគមន៍បូរីអូរស្វាយ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានផ្តល់រទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព ដើម្បីជួយសម្រួលដល់ការធ្វើដំ​ណើរ​ប្រចាំថ្ងៃ និងទុក្ខលំបាករបស់គាត់ដែរ។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកគម្រោងអភិវឌ្ឍន៍សហគមន៍បូរីអូរស្វាយ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

លោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ

កិច្ចសហការរវាងរដ្ឋបាលស្រុកបូរីអូរស្វាយ-សែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីកែប្រែតំបន់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ទៅសន្តិភាព ការអភិវឌ្ឍន៍ និងការថែរក្សាកេរដំណែលនៃ សង្គមរាស្រ្តនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)