មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនស្ដីពី ការជម្លៀសប្រជាជនដោយបង្ខំ ក្នុងរបបខ្មែរក្រហមដល់សិស្សវិទ្យាល័យព្រែកដំបូក

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សិស្សានុសិស្សចំនួន៣០នាក់ មកពីវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ ៖ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ វេទិកាថ្នាក់រៀននេះរៀបចំឡើងក្នុងគោលបំណងជំរុញដល់ការឈ្វេងយល់ លើកកម្ពស់ ការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្តោតទៅលើព្រឹត្តិការណ៍នៃការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជានាពេលអនាគត។

មុនឈានដល់ការធ្វើបទបង្ហាញពីប្រវត្តិសាស្រ្តខ្មែរក្រហម សិស្សានុសិស្សទាំងអស់បានទស្សនាផ្ទាំងពិព័រណ៍អំពីប្រវត្តិរូបមេដឹកនាំខ្មែរក្រហម,​ ការជម្លៀសប្រជាជនដោយបង្ខំ,​ សកម្មភាពប្រជាជនធ្វើការងារតាមការដ្ឋានក្នុងរបបខ្មែរក្រហម និងរូបភាពមេដឹកនាំខ្មែរក្រហម ក្នុងដំណើរការនៃការកាត់ទោស ដែលតាំងបង្ហាញនៅក្នុងបរិវេណខាងក្រៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ផ្នែកខាងក្នុងនៃមជ្ឈ​មណ្ឌលឯកសារខេត្តកំពង់ចាម គឺមានបន្ទប់តម្កល់ឯកសារខ្មែរក្រហម សៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម  ដែលសិស្សានុសិស្សអាចមកសិក្សាស្រាវជ្រាវឈ្វេងយល់បន្ថែមក្រៅពីបានសិក្សាក្នុងថ្នាក់រៀន។ លើសពីនេះទៅ ក៏មានការតាំងបង្ហាញព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកនៃពិព័រណ៍ «ក្ដីសុបិនកម្ពុជា» ដែលរៀបចំឡើងដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាកិច្ចចាប់ផ្ដើមនៃវេទិកាថ្នាក់រៀនលោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានលើកអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ រួមមាន ៖ រដ្ឋប្រហាររបស់ លន់ នល់ នៅក្នុងឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម, ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជនទៅកាន់ជនបទ, ជីវិតរស់នៅប្រចាំថ្ងៃ និងការកាប់សម្លាប់ទៅលើប្រជាជនក្នុងរបបខ្មែរក្រហម។ ប្រធានបទដែលផ្ដោតសំខាន់ក្នុងវេទិកាថ្នាក់រៀននាថ្ងៃនេះ គឺការពិភាក្សាអំពីការជម្លៀសប្រជាជនដោយបង្ខំទាំង៣ដំណាក់កាលដែលខ្មែរក្រហមបានអនុវត្ត ៖

– ដំណាក់កាលទី១ ៖ បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម ជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាទៅកាន់ទីជនបទ។

– ដំណាក់កាលទី២៖ ចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ ប្រជាជននៅភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម) ត្រូវបានជម្លៀសដោយបង្ខំឱ្យឆ្ពោះទៅកាន់ខេត្តសៀមរាប ព្រះវិហារ និង ភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ)។

– ដំណាក់កាលទី៣៖ ការជម្លៀសប្រជាជនពីភូមិភាគបូព៌ាចាប់ពីឆ្នាំ១៩៧៧ រហូតដល់ចុងឆ្នាំ១៩៧៨។ ប្រជាជននៅភូមិភូមិភាគបូព៌ាត្រូវបានជម្លៀសចេញពីភូមិឆ្ពោះទៅទិសពាយ័ព្យ (ខេត្តពោធិ៍​សាត់ និង ខេត្តបាត់ដំបង)។

នៅចុងបញ្ចប់នៃបទបង្ហាញលោក ស៊ាង ចិន្ដា ពន្យល់អំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅនៃអំពើប្រល័យពូជសាសន៍ និងចែកទស្សនាវដ្ដីស្វែងរកការពិត ដែលចុះផ្សាយអំពីរឿងរ៉ាវ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម ជូនដល់សិស្សសម្រាប់អាន។ កម្មវិធីសំខាន់ មួយទៀតបន្ទាប់ពីវេទិកាថ្នាក់រៀននេះ គឺការចុះទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងសហគមន៍ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលសិស្សានុសិស្សទាំងអស់អាចស្ដាប់រឿងរឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋានផ្ទាល់។ ស្ដូបរំឭកវិញ្ញាណក្ខន្ធសម្រាប់ជនរងគ្រោះសហគមន៍កោះសូទិន ស្ថិតនៅចំកណ្ដាលចំការពោតនៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ម៉ៅ វណ្ណា បានប្រាប់អំពីបទពិសោធន៍ និងការចងចាំអំពីការបាត់បង់ឪពុកម្ដាយ និងបងប្អូនចំនួន៣នាក់ ដែលត្រូវបានខ្មែរក្រហមចាប់យកទៅវាយសម្លាប់ទម្លាក់ចូលទន្លេមេគង្គជូនសិស្សានុសិស្សឱ្យបានដឹង។

បន្ទាប់ពីវេទិកាថ្នាក់រៀន និងដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍​របស់ខ្លួនដូចខាងក្រោម៖

ដា វ៉ាន់និច រៀនថ្នាក់ទី១១នៃវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ បានរៀបរាប់ «ក្រោយពីបានចូលរួមវេទិកាថ្នាក់រួច ខ្ញុំទទួលបានចំណេះដឹងថ្មីអំពីប្រវតិ្តសាស្រ្តក្នុងរបបខ្មែរក្រហម។ បន្ថែមលើនេះទៀត ខ្ញុំបានស្តាប់រឿងរ៉ាវរបស់អ៊ំស្រី ម៉ៅ វណ្ណា ដែលបានឆ្លងកាត់សម័យខ្មែរក្រហម និងការបាត់បង់សមាជិកគ្រួសារ។ ខ្ញុំនឹងយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលខ្ញុំទទួលបាននៅថ្ងៃនេះទៅចែករំលែកបន្តទៀតជាមួយអ្នកនៅជុំវិញខ្លួនខ្ញុំ ក៏ដូចជាសួរនាំលោកតាលោកយាយរបស់ខ្ញុំបន្តទៀតពីរបបខ្មែរក្រហម»។

ស្រ៊ាង ម៉េងលី រៀនថ្នាក់ទី១១នៃវិទ្យាល័យព្រែកដំបូក នៅក្នុងស្រុកស្រីសន្ធរ លើកឡើងថា  «វេទិកាថ្នាក់រៀនផ្ដល់ចំណេះដឹង និងបទពិសោធន៍ថ្មីជាច្រើនដល់រូបខ្ញុំ។ ខ្ញុំយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហមបានច្រើនជាងមុន ពីព្រោះក្រៅពីការរៀននៅក្នុងថា្នក់រៀន និងការរៀនពីប្រវត្តិសាស្រ្តខ្មែរក្រហមជាទ្រឹស្តី វេទិកាថ្នាក់រៀនក្នុងថ្ងៃនេះបានផ្ដល់ឱ្យខ្ញុំ មានឱកាសស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសួរនាំដោយផ្ទាល់ពីអ្វីដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ ខ្ញុំនឹងចែករំលែកចំណេះដឹង និងការចងចាំល្អៗពីវេទិកាថ្នាក់រៀននាពេលនេះជាមួយមិត្តរួមថ្នាក់ និងលោកយាយរបស់ខ្ញុំ»។

អត្ថបទ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖