យុវនារីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសុខភាពសហគមន៍ ក្រោមប្រធានបទ «ស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង»

មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៅឆ្នាំ២០២១ និងបានជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជាមកពីទូទាំងប្រទេសចំនួន៣៤៦៤នាក់ (គិតត្រឹមឆ្នាំ២០២៤) ឲ្យចុះជួបសួរសុខទុក្ខ និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរអំពី បញ្ហាប្រឈមផ្នែកសុខភាព និងរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមនៅក្នុងភូមិឃុំដែលខ្លួនកំពុងរស់នៅ។ កញ្ញា កើត សុរចនា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាម្នាក់ មកពីខេត្តស្វាយរៀង ក្នុងចំណោមអ្នកស្ម័គ្រចិត្តកម្ពុជានៅទូទាំងប្រទេស ដែលត្រូវបានជ្រើសឲ្យធ្វើការងារស្ម័គ្រចិត្តនិងជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសហគមន៍របស់ខ្លួន។ ដោយសារការព្យាយាមលើការងារស្ម័គ្រចិត្ត កាប្តេជ្ញាចិត្ត និងចង់បន្តការសិក្សា កញ្ញា កើត សុរចនា ក៏បានទទួលអាហារូបករណ៍លើមុខវិជ្ជា «សុខភាពសហគមន៍» នៅសាកលវិទ្យាល័យអន្តរជាតិ ពីគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ថ្មីៗនេះ កញ្ញា កើត សុរចនា បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផែ្នកសុខភាពសហគមន៍ ដោយកញ្ញា កើត សុរចនា បានស្រាវជ្រាវលើនិក្ខេបបទ «ស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង»។ មូលហេតុដែល កញ្ញា កើត សុរចនា លើកយកបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកសិក្សា ដោយសារតែរហូតមកដល់សព្វនេះថ្ងៃប្រជាជនកម្ពុជាប្រមាណជា៥លាននាក់ ដែលបានរួចរស់ជីវិតពីរបបខ្មែរក្រហម នៅតែប្រឈមជាមួយបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងផលប៉ះពាល់ពីរបបខ្មែរក្រហម។ កញ្ញា កើត សុរចនា បានប្រមូលទិន្នន័យឬសំណាក ពីប្រជាជនចំនួន៦០នាក់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងបានរកឃើញថា​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានជំងឺប្រចាំកាយចំនួន៩ប្រភេទ ហើយជំងឺដែលមានសន្ទុះខ្ពស់នោះ គឺជំងឺឈឺសន្លាក់ដៃជើង (៥៦.២៥%) ជំងឺក្រពះពោះវៀន (៥០%) ជំងឺលើសសម្ពាធឈាម (៤៣.៧៥%)។ ក្រៅពីជំងឺប្រចាំកាយគឺមានជំងឺចំនួន១៧ប្រភេទទៀត ហើយជំងឺដែលលេចធ្លោជាងគេ មានដូចជា ឫសដូងបាត ជំងឺរលាកសួត ជំងឺទន់ចង្កេះ លើសជាតិស្ករ និងជំងឺខ្វះគ្រាប់ឈាមក្រហម។

តាមរយៈនិក្ខេបបទស្រាវជ្រាវនេះ នឹងជួយផ្តល់ជាព័ត៌មានដល់ផ្នែកសេវាសុខភាពសាធារណៈដើម្បីធ្វើឲ្យសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកាន់តែប្រសើរឡើង។

អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖