មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបន្តផ្ដល់រទេះរុញ និងកាសជំនួយត្រចៀកជូនអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមនៅស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដឹកនាំដោយលោក ឡុង ដានី នាយកនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើដំណើរចុះទៅកាន់ឃុំប្រម៉ោយ និង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងផ្ដល់ជូនជារទេះរុញចំនួន៥គ្រឿង និងកាសជំនួយត្រចៀកចំនួនមួយ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព។

នៅក្នុងឱកាសនេះក៏មានការចូលរួមស្វាគមន៍ពីលោក សួន សែម អាយុ៧៤ឆ្នាំ គឺជាប្រធានភូមិដីក្រហម ស្ថិតក្នុងឃុំអន្លង់រាបដែរ។ លោក សួន សែម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលមានទឹកចិត្តសប្បុរសធម៌ចែករទេះរុញ និងកាសជំនួយត្រចៀកជូនជនពិការដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិដីក្រហម។ ការចែករទេះរុញ និងកាសជំនួយត្រចៀកជូនដល់បងប្អូនដែលមានពិការភាព គឺជាការជួយសម្រួលដល់គាត់ក្នុងការប្រាស្រ័យទាក់​ទងជាមួយមនុស្សជុំវិញខ្លួន និងជួយឲ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយបានប្រសើរជាងមុន។ លោកមេភូមិបានជូនពរឲ្យក្រុមការងារទាំងអស់ជួបប្រទះតែសេចក្ដីសុខ និងរីកចម្រើនតទៅមុខជានិរន្តរ៍។

ជាកិច្ចបន្ត លោក ឡុង ដានី ព្រមទាំងក្រុមការងារបានណែនាំខ្លួនទៅកាន់លោកមេឃុំអន្លង់រាប ប្រធានភូមិដីក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក​ ឡុង ដានី បានលើកឡើងថាគោលបំណងដែលក្រុមការងារមកក្នុងថ្ងៃនេះ គឺក្នុងបំណងចង់ឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានធូរ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីជាម្លប់ដល់កូនចៅជំនាន់ក្រោយ ព្រោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់សុទ្ធតែជាមនុស្សកម្រ និងជាសាក្សីរស់ដែលរួចផុតជីវិតពីរបបខ្មែរក្រហម។ ការរួមចំណែកតិចតួចនេះអាចជួយសម្រួលដល់អ៊ំពូមីងឲ្យមានភាពងាយស្រួលជាងមុន និងមានសុខភាពល្អរស់នៅបានយូរ។ អ៊ំពូមីង នៅតែបន្តនិយាយរឿងរ៉ាវដែលខ្លួនបានជួបប្រទះប្រាប់ដល់កូនចៅជំនាន់ក្រោយឲ្យបានដឹងពីការឈឺចាប់ ការបែកបាត់ ព្រមទាំងការប្រឈមមុខជាមួយគ្រោះថ្នាក់ផ្សេងៗនៅក្នុងរបបខ្មែរក្រហម។ លោក ឡុង ដានី ក៏បានជូនពរដល់អ៊ុំពូមីងទាំងអស់មានសុខភាពល្អព្រមទាំងជួបប្រទះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានទទួលរទេះរុញ និងកាសជំនួយត្រចៀក៖

ខ្ញុំឈ្មោះ កែវ ទី អាយុ៧៦ឆ្នាំ កើតនៅភូមិឫស្សីក្រាំង ឃុំព្រៃក្រឡាញ់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានជំងឺពិការត្រឹមចង្កេះចុះក្រោម។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានទទួលរទេះរុញ ព្រោះរទេះរុញអាចជួយខ្ញុំបានច្រើន ជាពិសេសធ្វើឲ្យខ្ញុំបានផ្លាស់ទីកន្លែងដោយខ្លួនឯងបានមិនចាំបាច់មានអ្នកគ្រាដូចពីមុន។ ខ្ញុំសូមជូនពរមជ្ឈមណ្ឌលផ្សះផ្សារវាលវែងកាន់តែបន្តភាពរីកចម្រើនតទៅមុខរហូត។

ខ្ញុំឈ្មោះ ឡេង ឈាង ភេទប្រុស អាយុ៦៧ឆ្នាំ ខ្ញុំមានស្រុកកំណើតនៅភូមិអូរក្រសារ ឃុំកែប ស្រុកកំពត ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចុះមកចែកកាសជំនួយត្រចៀកមកដល់រូបខ្ញុំ។ កាសជំនួយត្រចៀក វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ វាអាចជួយឲ្យខ្ញុំស្ដាប់ឮឡើងវិញ ជួយឲ្យខ្ញុំងាយស្រួលក្នុងការទំនាក់ទំនងជាបងប្អូនញាតិមិត្ត និងក្រុមគ្រួសារ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានផ្ដល់កាសជំនួយត្រចៀកដល់រូបខ្ញុំ។

ខ្ញុំឈ្មោះ ស៊ា គឹមសួ ភេទប្រុស អាយុ៥៥ឆ្នាំ ខ្ញុំកើតនៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សព្វថ្ងៃខ្ញុំរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវែលវែង ខេត្តពោធិ៍សាត់។ ចំពោះរទេះរុញ ដែលខ្ញុំបានទទួលនៅថ្ងៃនេះ វាពិតជាមានសារសំខាន់សម្រាប់ខ្ញុំ ព្រោះចាប់តាំងខ្ញុំធ្លាក់ខ្លួនពិការខ្ញុំមិនដែលបានចេញទៅក្រៅផ្ទះទេ ពិតជាមានភាពស្មុគស្មាញខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង តែងតែយកចិត្តទុកដាក់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ថែមទាំងផ្ដល់ជូនរទេះរុញសម្រាប់ជនពិការដូចជារូបខ្ញុំ។ ខ្ញុំពិការអស់រយៈពេល២ឆ្នាំមកហើយ ជួបការលំបាកជាច្រើន ព្រោះជើងខ្ញុំទាំងពីទន់មិនអាចទប់លំនឹងបាន។ មួយវិញទៀតតាំងពីខ្ញុំធ្លាក់ខ្លួនពិការមកខ្ញុំមិនអាចរកចំណូលផ្គត់ផ្គង់គ្រួសារដូចមុនបានឡើយ ដូច្នេះជីវភាពរបស់គ្រួសារខ្ញុំក៏ធ្លាក់ចុះទៅតាមនឹងដែរ សូម្បីតែចង់ដើរតាមជុំវិញផ្ទះក៏មិនអាចដើរបាន គឺអង្គុយនៅតែមួយកន្លែងហើយពេលខ្លះមានអារម្មណ៍ធុញធប់នៅក្នុងខ្លួនជាខ្លាំង។ រទេះរុញមួយនេះវាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំជួយស្រួលក្នុងការធ្វើដំណើរផ្លាស់ទីទៅជិតឬឆ្ងាយ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬជួបជុំជាមួយបងប្អូននៅក្បែរផ្ទះ។

ខ្ញុំឈ្មោះ យ៉ង់ សុខជា ភេទស្រី អាយុ៦២ឆ្នាំ កើតនៅក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំនិយាយមិនច្បាស់ ដោយសារជំងឺលើសឈាម។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តត្រេកអរខ្លាំងមែនទែន ដែលខាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានមើលឃើញពីទុក្ខលំបាក និងផ្ដល់រទេះរុញជូនខ្ញុំ ព្រោះចាប់តាំងពី ខ្ញុំធ្លាក់ខ្លួនពិការគឺត្រូវនៅអង្គុយតែក្នុងផ្ទះមិនសូវបានចេញទៅណាមកណាដូចពេលមុនទេ។ បើចង់ទៅផ្ទះបងប្អូន ទៅធ្វើបុណ្យទាល់តែប្ដី ឬកូនៗជួយជូន និងគ្រាទៅទើបបាន ព្រោះគ្មានកម្លាំងទប់លំនឹងខ្លួនឯងបាននោះទេ ជាពិសេសនៅពេលទៅពិនិត្យសុខភាពម្ដងៗ ទល់តែមានកូន និងប្ដីជួយគ្រា។

ខ្ញុំឈ្មោះ សុខ ហេង ភេទស្រី អាយុ៧៣ឆ្នាំ កើតនៅក្នុងភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំសប្បាយចិត្ត និងត្រេកអរជាខ្លាំងនៅពេលដែលក្រុមការរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានផ្ដល់រទេះរុញឲ្យខ្ញុំដែលអាចខ្ញុំជិះទៅកន្លែងផ្សេងៗបានងាយស្រួល។

ខ្ញុំឈ្មោះ អឹន តូយ ភេទប្រុស អាយុ៥៣ឆ្នាំ  កើតនៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិដីកក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចែករទេះរុញដល់រូបខ្ញុំ។ សព្វថ្ងៃនេះខ្ញុំជួបផលលំបាកជាច្រើន ព្រោះគ្រួសារមានជីវិភាពខ្វះខាត មិនអាចរកចំណូលបានដូចមុន ប្រពន្ធរបស់ខ្ញុំត្រូវធ្វើស្រែចម្ការតែម្នាក់ឯងដើម្បីផ្គត់ផ្គង់គ្រួសារ។ ខ្ញុំចង់បានរទេះរុញមួយនេះយូរហើយ តែគ្មានលទ្ធភាពទិញ។ រទេះរុញអាចជួយសម្រួលដល់ខ្ញុំជាច្រើន ព្រោះខ្ញុំអាចជួយប្រពន្ធកូនប្រកបការងារផ្សេងដើម្បីសម្រួលបន្ទុកគ្រួសារឬក៏ធ្វើកិច្ចការងារផ្ទះខ្លះៗដែលខ្ញុំអាចធ្វើបាន មិនតែប៉ុណ្ណោះខ្ញុំអាចធ្វើដំណើរបានដោយខ្លួនឯងនៅជុំវិញផ្ទះឬជួបជុំជាមួយសាច់ញាតិបងប្អូន និងមានទំនាក់ទំនងជាមួយមិត្តជិតខាងថែមទៀតផង។ ជាចុងក្រោយខ្ញុំសូមឲ្យមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបន្តចែករទេះរុញដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការផ្សេងទៀត។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖