នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានដឹកនាំយុវជនមកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ក្នុងស្រុកភ្នំក្រវាញ ចំនួន២០នាក់ ក្នុងនោះស្រីចំនួន១៧នាក់ ទៅទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ចិនយំ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្ទឹងថ្មី ត្រង់ចំណុចច្រកព្រាល និងចំណុចទួលគ្រួស នៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោចិនយំ មានចម្ងាយប្រមាណ៧៤គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និងប្រមាណ៣៥គីឡូម៉ែត្រពីរង្វង់មូលប្រម៉ោយនៃស្រុកវាលវែងតាមផ្លូវជាតិលេខ៥៥។
នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ចំណុចភូមិសាស្ត្រចិនយំ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជាកន្លែងដែលជនជាតិដើមភាគតិចព័ររស់នៅធ្វើចម្ការដាំស្រូវ បរបាញ់សត្វ រកខ្លឹមច័ន្ទគ្រឹះស្នា រុក្ខជាតិកម្រ បេះផ្លែក្រវាញ និងផ្លែដង្កោលក់ដើម្បីចិញ្ចឹមជីវិត។ បើតាមអ្នកភូមិជនជាតិដើមភាគតិចព័រដែលរស់នៅភូមិស្ទឹងថ្មីចំណុចទួលគ្រួសនៅក្បែរតំបន់ប្រវត្តិសាស្ត្រយោធាតេជោចិនយំ បាននិយាយតៗគ្នាថា កាលពីមុន និងអំឡុងសង្រ្គាមលោកលើកទី២អំឡុងឆ្នាំ១៩៤៥ មានជនជាតិចិនបានរត់ភៀសខ្លួនមករស់នៅប្រទេសកម្ពុជា ហើយក៏មានជនជាតិចិនមួយចំនួនបានមករស់នៅក្នុងស្រុកភ្នំក្រវាញក្បែរតំបន់ភូមិសាស្ត្រចិនយំ ដោយបានប្រកបរបររកស៊ីលក់ដូរ ដូចជា លក់ស្រា ទឹកត្រី ឥវ៉ាន់ចាប់ហួយ និងរបស់របរផ្សេងៗទៀត។ នៅខណៈពេលដែលជនជាតិចិនបានរែកឥវ៉ាន់យកទៅលក់ឲ្យអ្នកស្រុកដែលជាជនជាតិដើមភាគតិចព័រ នៅភូមិទួលគ្រួស និងភូមិដទៃទៀត នៅតាមផ្លូវធ្វើដំណើរមានសភាពចំណោត មានផ្ទាំងថ្មធំៗរដិបរដុប និងរអិលនៅរដូវវស្សា បណ្តាលឲ្យជនជាតិចិនបានដួលកំពប់ឥវ៉ាន់ បែកឪទឹនស្រា និងទឹកត្រីអស់។ ដោយសារតែមានការសោកស្តាយឥវ៉ាន់ ស្រា និងទឹកត្រីហើយមានភាពអស់កម្លាំងផងនោះ ជនជាតិចិនក៏បានអង្គុយយំ។ បន្ទាប់មកចំណុចដែលជនជាតិចិនបានដួលបែកឪទឹនស្រា ទឹកត្រី និងអង្គុយយំនោះ ត្រូវបានអ្នកភូមិជនជាតិដើមភាគតិចព័រហៅថា ចំណុចចិនយំ រហូតមកដល់សព្វថ្ងៃ។
នៅរបបសាធារណរដ្ឋខ្មែរ(១៩៧០-១៩៧៥) ចំណុចភូមិសាស្ត្រចិនយំ ស្ថិតក្នុងតំបន់រំដោះរបស់ខ្មែរក្រហម។ ចំណុចភូមិសាស្ត្រចិនយំ ស្ថិតនៅក្នុងស្រុកពាមព្រូស ដែលជាស្រុកថ្មីដែលខ្មែរក្រហមបានបង្កើតឡើងក្នុងចន្លោះឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣។ ស្រុកពាមព្រូស ស្ថិតក្នុងតំបន់៦ភូមិភាគពាយ័ព្យ។
នៅឆ្នាំ១៩៧៧ មេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) បានរំលាយស្រុកពាមព្រូស និងតំបន់៦ នៃភូមិភាគពាយ័ព្យ ដោយសារមេដឹកនាំខ្មែរក្រហមបានចោទប្រកាន់មេដឹកនាំតំបន់៦ និងស្រុកពាមព្រូសបានក្បត់អង្គការខ្មែរក្រហមចូលដៃចូលជើងជាមួយប្រទេសថៃ និងបណ្តោយឲ្យប្រជាជនរត់ភៀសខ្លួនទៅប្រទេសថៃ។ ក្នុងអំឡុងឆ្នាំ១៩៧៧ នេះដែរខ្មែរក្រហមបានជម្លៀសប្រជាជនដែលជាជនជាតិដើមភាគតិចព័ររស់នៅក្នុងភូមិទួលគ្រួស ក្បែរចំណុចភូមិសាស្ត្រចិនយំ និងភូមិ ឃុំផ្សេងៗទៀតក្នុងស្រុកពាមព្រូស ឲ្យមករស់នៅក្នុងស្រុកភ្នំក្រវាញ ស្រុកបាកាន និងស្រុកមោងឬស្សី តំបន់២ភូមិភាគពាយ័ព្យ ។ ចាប់ពីពេលនោះមកចំណុចភូមិសាស្ត្រចិនយំ ភូមិទួលគ្រួស និងភូមិឃុំនៃស្រុកពាមព្រូសទាំងមូលលែងមានប្រជាជនរស់នៅ គឺមានតែវត្តមានកងទ័ពនៃកងវរសេនាធំមួយចំណុះកងពលទី២ភូមិភាគពាយ័ព្យមកប្រចាំការនៅតំបន់ព្រំដែនកម្ពុជា-ថៃ (ត្រង់ឃុំថ្មដា ស្រុកវាលវែងសព្វថ្ងៃ)។ ខ្មែរក្រហមបានសង់បន្ទាយកងទ័ពនៅតំបន់ផ្ទះ២០ (បច្ចុប្បន្ន ឃុំអន្លង់រាបស្រុកវាលវែង) តំបន់ផ្ទះ៥ (បច្ចុប្បន្ន ភូមិដីក្រហម ឃុំអន្លង់រាប) ស្ថិតនៅជាប់នឹងភ្នំ១៥០០ ឬភ្នំស្វារអិល និងតំបន់ផ្ទះ៧ ស្ថិតនៅត្រើយខាងកើតស្ពានជ័យជម្នះ (ស្ពានមេទឹក) ក្នុងឃុំថ្មដា ស្រុកវាលវែង ជាដើម។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ កម្មាភិបាល កងទ័ព និងមេដឹកនាំខ្មែរក្រហមមួយចំនួនបានភៀសខ្លួនពីភ្នំពេញ និងភូមិភាគនានាមកតាមផ្លូវជាតិលេខ៥៦ចាស់នេះ ដើម្បីទៅលាក់ខ្លួននៅព្រំដែនកម្ពុជា-ថៃ តំបន់សមរភូមិកោះកុង-សំឡូត ក្នុងគោលបំណងធ្វើសង្គ្រាមទ័ពព្រៃវាយបកមកលើកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាវិញ។
បន្ទាប់មក កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏បានប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥៦ចាស់ ក្នុងការដឹកជញ្ជូនកងកម្លាំង សព្វាវុធ និងស្បៀងទៅផ្គត់ផ្គង់នៅទីតាំងសមរភូមិមុខ លើផ្លូវជាតិលេខ៥៦ចាស់នេះ។ ភូមិសាស្ត្រចំណុចចិនយំនេះ គឺជាចំណុចដែលមានឧបសគ្គខ្លាំង ជាពិសេសនៅក្នុងរដូវវស្សា។ នៅខណៈពេលដែលរថយន្តដឹកកងកម្លាំង ដឹកស្បៀងឆ្លងកាត់ចំណុចនេះ បានចំណាយពេលប្រមាណកន្លះម៉ោងទៅមួយម៉ោងក្នុងចម្ងាយផ្លូវមិនដល់មួយគីឡូម៉ែត្រ ពីព្រោះចំណុចភូមិសាស្ត្រចិនយំនេះ គឺជាកន្លែងដែលត្រូវបើករថយន្តឡើងភ្នំដែលមានផ្ទាំងថ្ម និងមានដីក្រហេងក្រហូងធំៗ។ ចំណុចនេះក៏មានភ្នំអមសងខាង និងមានស្ទឹងនៅខាងត្បូងផ្លូវដែលបង្កលក្ខណៈងាយស្រួលឲ្យកងកម្លាំងខ្មែរក្រហមធ្វើដំណើរឆ្លងកាត់ វាយឆ្មក់ និងដាក់មីនមកលើរថយន្តកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ មុនពេលរថយន្តឆ្លងកាត់ចំណុចភូមិសាស្ត្រចិនយំម្ដងៗ កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពនៃកងពលលេខ៤ តែងតែតម្រូវឲ្យកងកម្លាំងត្រួតពិនិត្យបោសសម្អាតមីន និងយាមការពារតាមផ្លូវយ៉ាងហ្មត់ចត់ក្រែងមានកងទ័ពខ្មែរក្រហមដាក់មីន ឬក៏ចាំពួនស្ទាក់វាយមកលើរថយន្ត និងកងទ័ព។ ទោះបីជាមានការត្រួតពិនិត្យយ៉ាងណាក៏ដោយ ក៏មានពេលខ្លះរថយន្តបានបរកិនគ្រាប់មីន កងទ័ពមួយចំនួនតូចត្រូវរបួស ស្លាប់ និងមានការប្រយុទ្ធគ្នាជាមួយកងទ័ពខ្មែរក្រហមនៅចំណុចភូមិសាស្ត្រចិនយំនេះដែរ។ បន្ទាប់ពីកងទ័ពវៀតណាមដកត្រឡប់ទៅប្រទេសខ្លួនវិញនៅឆ្នាំ១៩៨៩ កងវរសេនាតូចលេខ៥យោធាខេត្តពោធិ៍សាត់បានទៅបោះទីតាំងប្រចាំការនៅក្នុងភូមិទួលគ្រួស ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រពីចំណុចភូមិសាស្ត្រចិនយំ។ មេបញ្ជាការកងវរសេនាតូចលេខ៥ មានឈ្មោះ លក់ ណូក និង អោ ហោ។ បន្ទាប់មកទៀតចំណុចភូមិសាស្ត្រចិនយំនេះ ក៏ជាទីបញ្ជាការជួរមុខរបស់យោធភូមិភាគទី៥ និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ហើយក៏ជាទីតាំងអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដោយមានអង្គភាព និងកងពលរបស់ខ្មែរក្រហមចំនួន៨ បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជានៅស្រុកភ្នំក្រវាញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៦។ សព្វថ្ងៃចំណុចភូមិសាស្ត្រចិនយំនៅសល់ផ្លូវចាស់ចម្ងាយប្រហែល១គីឡូម៉ែត្រ ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ផ្លូវជាតិលេខ៥៥វាងចំណុចនេះ។ បច្ចុប្បន្នចំណុចភូមិសាស្ត្រចិនយំត្រូវបានក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជារៀបចំជាតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ចិនយំ។
ខាងក្រោមគឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សដែលចូលរួមទស្សនកិច្ចសិក្សា៖
ខ្ញុំឈ្មោះ យ៉ន សុភា អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន។ ខ្ញុំសប្បាយរីករាយដែលបានមកទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្រ្តយោធាចិនយំ ហើយខ្ញុំទទួលបានចំណេះដឹងបន្ថែមពីរបបខ្មែរក្រហម។ ខ្ញុំបានដឹងពីកន្លែងប្រវត្តិសាស្រ្តយោធាចិនយំ, ដឹងពីទុក្ខលំបាករបស់ប្រជាជន, ដឹងពីការចូលមករស់នៅរបស់ជនជាតិចិននៅតំបន់ចិនយំពីមុនមក។
ខ្ញុំឈ្មោះ សុំ សូរ៉ាយុទ្ធ អាយុ១៧ឆ្នាំ មកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន។ ខ្ញុំសប្បាយរីករាយដែលបានមកទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្រ្តយោធាចិនយំ។ ខ្ញុំទទួលបានចំណេះដឹងបន្ថែមពីរបបខ្មែរក្រហម, ដឹងពីប្រវត្តិដែលអ្នកស្រុកដាក់ឈ្មោះចិនយំ, ស្គាល់កន្លែងប្រវត្តិសាស្រ្តកាលពីពីមុន និង ស្គាល់ឈ្មោះជនជាតិភាគតិចនៅស្រុកវាលវែង។
ខ្ញុំឈ្មោះ ស្រ៊ិន ចាន់ឌី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន។ ខ្ញុំសប្បាយរីករាយដែលបានមកទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្រ្តយោធាចិនយំ ហើយខ្ញុំទទួលបានចំណេះដឹងបន្ថែមពីរបបខ្មែរក្រហម។ ខ្ញុំទទួលបានពិសោធន៍ថ្មី និងដឹងពីប្រវត្តិសាស្រ្តក្នុងខេត្តពោធិ៍សាត់, ដឹងពីមូលហេតុដែលនាំឲ្យមានរបបប្រល័យពូជសាសន៍, ដឹងពីទុក្ខវេទនារបស់ប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, ដឹងពីការគ្រប់គ្រងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងតំបន់ប្រវត្តិសាស្រ្តយោធាចិនយំ។
ខ្ញុំឈ្មោះ សែម ឡុងឌី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ ហ៊ុន សែនបាក់ចិញ្ចៀន។ តាមរយៈការធ្វើដំណើរទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្រ្តយោធាចិនយំ បានធ្វើឲ្យខ្ញុំដឹងភាពអសន្តិសុខពីរបបមុន ការបាញ់វាយប្រយុទ្ធគ្នា ដែលបន្សល់ទុកជាប្រវត្តិសាស្រ្តដ៏ជូរចត់មួយសម្រាប់ខេត្តពោធិ៍សាត់។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា