មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន

នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)», និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ សម្រាប់សិស្សចំនួន២០នាក់ក្នុងនោះស្រីចំនួន១៧នាក់ មកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះគឺដើម្បីឲ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងសិក្សារៀនសូត្របន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យនៃអំពើប្រល័យពូជសាសន៍ ការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ និងកត្តាដែលនាំឲ្យមានផលប៉ះពាល់នាពេលអនាគត។ តាមរយៈវេទិកានេះនឹងជំរុញឲ្យសិស្សផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិង្សា មកជាការពិភាក្សាដោះស្រាយបញ្ហាដោយសន្តិវិធីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

នៅមុនពេលចាប់ផ្តើមវេទិកាថ្នាក់រៀន លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានស្នើទៅសិស្សឲ្យបំពេញតារាងស្ទាបស្ទង់មតិទាក់ទងនឹងចំណេះដឹងពីរបបខ្មែរក្រហម បន្ទាប់មកលោក ឡុង ដានី ជ្រើសរើសសិស្សស្ម័គ្រចិត្តឡើងចែករំលែកចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលមានរៀបរាប់ដូចខាងក្រោម៖

១) លោកតាលោកយាយរបស់ខ្ញុំធ្លាប់ប្រាប់ថា នៅពេលយប់ស្ងាត់ខ្មែរក្រហមតែងយកប្រជាជនទៅសម្លាប់។

២) ខ្មែរក្រហមបានបង្ខំឲ្យបុរសនិងនារីឲ្យរៀបអាពាហ៍ពិពាហ៍ ចាប់គូពី៣គូទៅ៥គូ ឬពី៥០ទៅ៦០គូ ដោយគ្មានឪពុកម្ដាយឬបងប្អូនចូលរួមទេ។

៣) នៅក្នុងរបបខ្មែរក្រហមមិនមានសាលារៀនទេ គឺខ្មែរក្រហមបង្រៀនកុមារនៅតាមផ្ទះ និងបង្រៀនកុមារឲ្យគោរពស្រឡាញ់និងស្មោះត្រង់ចំពោះអង្គការ។

៤) ខ្មែរក្រហមចាត់តាំងឲ្យក្មេងៗដើររើសអាចម៍គោ កាប់ទន្រ្ទានខែត្រយកទៅធ្វើជី ចំណែកមនុស្សចាស់ខ្មែរក្រហមប្រើឲ្យលើកទំនប់ ជីកប្រឡាយ និងដកស្ទូង។

៥)នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវហូបរួម ធ្វើការងាររួម  និងដេករួមក្នុងសហករណ៍។

បន្ទាប់មក សិស្សបានលើកជាសំណួរទៅលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដូចខាងក្រោម ៖

១) តើរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បែងចែកប្រជាជនជាប៉ុន្មានប្រភេទ?

២)ខ្ញុំបានដឹងថាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅតាមតំបន់មួយចំនួនការរស់នៅនិងការហូបចុករបស់ប្រជាជនបានគ្រប់គ្រាន់ ប៉ុន្តែនៅតំបន់មួយចំនួនទៀតមានភាពខ្វះខាត តើជាការពិតដែរឬទេ?

៣) តើ ប៉ុល ពត មានគោលបំណងអ្វីខ្លះពេលដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ?

៤) នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ហេតុអ្វីបានជាប្រជាជនទទួលបានទិន្នផលស្រូវច្រើន ប៉ុន្តែបែរជាហូបមិនគ្រប់គ្រាន់ទៅវិញ? តើផលដំណាំកសិកម្មទាំងនោះខ្មែរក្រហមយកទៅណា?

៥) តើប្រជាជនធ្វើខុសអ្វី ទើបបានជាថ្នាក់ដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ទៅឃុំឃាង?

៦) តើហេតុអ្វីបានជាប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩​៧៩)?

៧) តើមូលហេតុអ្វីបានជាខ្មែរក្រហមយកប្រជាជនទៅសម្លាប់នៅទួលពោធិ៍ជ្រៃ?

តមកទៀត លោក ឡុង ដានី បានធ្វើបទបង្ហាញអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយផ្តោតលើប្រធានបទការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំទាំងបីដំណាក់កាល​ គឺ ៖ ដំណាក់កាលទី១) ការជម្លៀសប្រជាជនដោយបង្ខំចេញពីផ្ទះសម្បែងរបស់ខ្លួននៅទីក្រុងភ្នំពេញ និងទីប្រជុំជន ទៅតាមទីជនបទដាច់ស្រយាលក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ដំណាក់កាលទី២) ការជម្លៀសប្រជាជនដោយបង្ខំតាមរថភ្លើងចាប់ពី ខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ គឺពីភូមិភាគនិរតី ភូមិភាគបស្ចិម ឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ (បច្ចុប្បន្នខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន) និងការផ្លាស់ទីប្រជាជននៅតាមទីជនបទក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់ពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្នែកដទៃៗទៀតនៃប្រទេសកម្ពុជា។ ដំណាក់កាលទី៣) ការជម្លៀសប្រជាជនភូមិភាគបូព៌ាដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលក្នុងឆ្នាំ១៩៧៧ និង១៩៧៨។ នៅក្នុងឱកាសនោះដែរ លោក  ឡុង ដានី ក៏បានឆ្លើយតបរាល់សំណួរដែលសិស្សានុសិស្សបានសួរ និងធ្វើបទបង្ហាញជាសង្ខេបស្តីអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហម, និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សិស្សានុសិស្សបង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម៖

ខ្ញុំឈ្មោះ សៅ ម៉ារី  អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន។ បន្ទាប់ពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី ««ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ខ្ញុំទទួលបានចំណេះដឹងពីប្រវត្តិសាស្រ្ត និងស្គាល់កាន់តែច្បាស់អំពីរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ ខ្ញុំដឹងពីការរស់នៅរបស់ប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម, ទុក្ខលំបាករបស់ប្រជាជនពេលដែលខ្មែរក្រហមប្រើឲ្យធ្វើការងារគ្មានពេលសម្រាក, ឲ្យហូបចុកមិនបានគ្រប់គ្រាន់ និងបានយល់ដឹងអំពីដើមហេតុនៃការកើតសង្រ្គាមនិងបញ្ចប់សង្រ្គាមរវាងកងទ័ព លន់ នល់ និងកងទ័ពរបស់ខ្មែរក្រហម។ ម្យ៉ាងទៀត ខ្ញុំបានដឹងវិធីសាស្រ្តទប់ស្កាត់ដើម្បីកុំឲ្យមានសង្រ្គាមម្ដងទៀត គឺយើងត្រូវចេះស្រឡាញ់ទឹកដី ប្រទេសជាតិ និងសន្តិភាព។ ខ្ញុំពិតជាសប្បាយរីករាយពេលដែលបានចូលរួមវេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ និងគិតថាវេទិកានេះពិតជាសំខាន់ណាស់។

ខ្ញុំឈ្មោះ កែវ សុលីណា អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន។ ខ្ញុំសប្បាយរីករាយជាខ្លាំងដែលបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥​-១៩៧៩) និងទទួលបានចំណេះដឹងច្រើនជាងមុន។ ខ្ញុំបានដឹងពីរឿងរ៉ាវជីវិត ការរស់នៅ ទុក្ខលំបាក ការបិទសិទ្ធិសេរីភាព និងការសម្លាប់យ៉ាងសាហាវឃោរឃៅនៅក្នុងរបបខ្មែរក្រហម។ ការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំសូមអរគុណដល់លោកគ្រូនិងបុគ្គលិករបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលអនុញ្ញាតឲ្យខ្ញុំមកចូលរួមវេទិកាក្នុងថ្ងៃនេះ។

អត្ថបទ​ ៖ មឿន ស្រីណុច បុគ្គលិកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖