ដំណើរឆ្លងទ្វីប ៖ សារសំខាន់នៃទំនួលខុសត្រូវកម្រិតបុគ្គលក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ

លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការរៀបរាប់ពីការអង្កេតរបស់លោកស្រី ក្នុងថ្ងៃដំបូងនៃសន្និសីទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រោមប្រធានបទ «ការស្តាប់ និងការដឹកនាំ» ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងគីហ្កាលី ប្រទេសរ៉្វាន់ដា។ ថ្ងៃដំបូងនៃសន្និសីទរួមមានសុន្ទរកថាបើកដោយអ្នកឧបត្ថម្ភកម្មវិធី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ រួមមាន ប្រធានក្រុមប្រឹក្សាភិបាល Aegis Trust, ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសរ៉្វាន់ដា, ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍, រដ្ឋមន្ត្រីឯកភាពជាតិ រ៉្វាន់ដា, ជំនួយការអគ្គនាយកអង្គការយូណេស្កូស្តីអំពីការអប់រំ, សង្គមស៊ីវិលដែលពាក់ព័ន្ធ និងស្ថាប័នជាច្រើនទៀត។ លើសពីនេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក វិល្លៀម ជេ គ្លីនតុន ក៏បានថ្លែងសុន្ទរកថាតាមវីដេអូពីចម្ងាយ។

ក្នុងចំណោមកម្មវិធីសំខាន់ៗនៃថ្ងៃដំបូង សន្និសីទបានប្រកាសជាផ្លូវការនៃការបង្កើតវិទ្យាស្ថានសន្តិភាព Isōko ដែលនឹងបម្រើជាមជ្ឈមណ្ឌលអប់រំស្តីពីសន្តិភាពក្នុងតំបន់ និងសកលរបស់ប្រទេសរ៉្វាន់ដា។ កម្មវិធីថ្ងៃនេះគឺពោរពេញទៅដោយវគ្គពិភាក្សាដែលផ្តោតលើការអប់រំសន្តិភាព និងសារសំខាន់នៃការអត់ឱន​ទោស និងការផ្សះផ្សា។ អ្នកសម្របសម្រួលវគ្គនេះបានអញ្ជើញអ្នកចូលរួម ឲ្យឡើងសម្តែងជាតួ ឬអនុវត្តផ្ទាល់នៅលើឆាក ស្តីពីការអត់ឱន និងបង្ហាញពីស្ថានភាពឬកម្រិតនៃការអត់ឱននៅក្នុងប្រទេសរ៉្វាន់ដា ដើម្បី​ជាការបើកឆាកទៅកាន់វត្តមានពិតប្រាកដរបស់ជនរងគ្រោះ និងជនដៃដល់ដែលបានបង្ហាញជាឧទាហរណ៍ជាក់ស្តែង។ ក្រុមអ្នកនៅរស់រានមានជីវិតចំនួនជាង១០នាក់ ដែលមកពីភូមិផ្សះផ្សា វ៉េរូ (Rweru Reconciliation Village) បានចែករំលែកបទពិសោធន៍ដែលគាត់ និងក្រុមគ្រួសារបានជួបប្រទះក្នុងអំឡុងពេលអំពើកាប់សម្លាប់ ដែលស្គាល់ថា ជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិទុតស៊ីបានកើតឡើង។ បន្ទាប់ពីរៀបរាប់ពីបទពិសោធន៍រួច អ្នករស់រានមានជីវិតទាំងនោះ បានរៀបរាប់ប្រាប់អំពីមូលហេតុ និងកត្តាជំរុញ ដែលនាំឲ្យគាត់សុំការអត់ឱនទោសពីជនរងគ្រោះ និងការដែលគាត់បានអត់ឱនឲ្យជនដៃដល់ផ្ទាល់។

ការពិភាក្សា និងការអត់ឱនទោស នៅក្នុងបរិបទប្រទេសរ៉្វាន់ដា ពឹងផ្អែកយ៉ាងខ្លាំងទៅលើគោលគំនិតនៃភាពជាអ្នកដឹកនាំ និងសាសនា ប៉ុន្តែសំខាន់ជាងនេះទៅទៀត មជ្ឈមណ្ឌលទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ បានជំរុញកិច្ចការនេះ ដោយផ្តោតលើការអប់រំ ការសន្ទនា និងការទទួលខុសត្រូវកម្រិតបុគ្គល។ ទំនួលខុសត្រូវបុគ្គលអាចត្រូវបានអនុវត្តតាមវិធីជាច្រើន ដែលមួយចំនួនត្រូវបានស្វែងយល់នៅក្នុងថ្ងៃដំបូងនៃសន្និសីទ។ សម្រាប់មនុស្សម្នាក់ ការស្វែងរក និងការលើកលែងទោស គឺជាទង្វើរបស់បុគ្គលផ្ទាល់ខ្លួន ដែលជាមូលដ្ឋានខ្ពស់បំផុត ព្រោះវាអាចជួយដល់ការព្យាបាល សន្តិភាព និងការផ្លាស់ប្តូរនៅកម្រិតគ្រួសារ សមូហភាព និងជាតិ។ ដូចដែលបានពន្យល់ក្នុងអំឡុងសន្និសីទ ការអត់ឱនអាចកើតឡើងតាមរយៈទម្លាប់រស់នៅសាមញ្ញរាល់ថ្ងៃ។ ឧទាហរណ៍​មួយ​ដែល​បាន​លើក​ឡើង​គឺ​មាន​ជន​ដៃដល់​សុំ​ការ​អភ័យទោស​ពីជនរងគ្រោះដោយ​ផ្ញើ​លិខិត​សុំទោស​ទៅ​គ្រួសារ​ជនរងគ្រោះផ្ទាល់។

សន្និសីទនេះផ្សារភ្ជាប់ជាមួយទំនួលខុសត្រូវបុគ្គល ដែលត្រូវបានប្រកាសដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានប្រសាសន៍ថា «យើងត្រូវចងចាំថា កាតព្វកិច្ចនៃលើកកម្ពស់ការអប់រំអំពើប្រល័យពូជសាសន៍ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា មិនមែនត្រឹមតែរដ្ឋាភិបាលទេ។ សន្និសីទលើកទី១ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានរៀបចំឡើងនៅប្រទេសកម្ពុជាកាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ គឺជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏ល្អរវាងភាគីពាក់ព័ន្ធនានា។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈ មណ្ឌលឯកសារកម្ពុជា ដែលបានជួយដល់រាជរដ្ឋាភិបាលក្នុងការរួមបញ្ចូលការបង្រៀនអំពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ទៅក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និងស្ថាប័ន និងក្នុងការផ្សព្វផ្សាយសកម្មភាពក្នុងសង្គមជាតិ និងអន្តរជាតិ ដោយប្រើប្រាស់ប្រវត្តិសាស្រ្តដើម្បីឆ្លុះបញ្ចាំង និងបំផុសគំនិតដើម្បីអភិវឌ្ឍន៍អនាគតនៃប្រទេសកម្ពុជា»។

សន្និសីទដែលរៀបចំឡើងដោយប្រទេសរ៉្វាន់ដានិងសន្និសីទដែលបានរៀបចំឡើងដោយប្រទេសកម្ពុជា គឺជាការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការទទួលខុសត្រូវបុគ្គល ដែលជាការទទួលខុសត្រូវរួម។ ទំនួលខុសត្រូវបុគ្គលបាននាំទៅដល់ទំនួលខុសត្រូវជារួម ហើយនឹងធ្វើឲ្យមានការយល់ដឹងអំពីកាតព្វ​កិច្ចជាតិ និងអន្តរជាតិ។ ការងាររបស់យើងត្រូវតែផ្តោតជានិច្ចលើការទទួលខុសត្រូវរួម ថ្នាក់ជាតិ និងអន្តរជាតិ ប៉ុន្តែយើងក៏មិនត្រូវភ្លេចដែរថា ការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅចាប់ផ្តើម និងបញ្ចប់ដោយការទទួលខុសត្រូវកម្រិតបុគ្គល។ បុគ្គលគ្រប់រូបមានតួនាទីក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅ ហើយជួនកាលឧបសគ្គដ៏ធំបំផុតក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅនៅកម្រិតជាតិ និងអន្តរជាតិ អាចត្រូវបានយកឈ្នះដោយការអនុវត្តការប្តេជ្ញាចិត្តដ៏លើសលប់នៅកម្រិតបុគ្គល។ ពាក្យស្លោកដែលយើងតែងតែរំឭក «មិនត្រូវឲ្យរឿងនេះកើតឡើងម្តងទៀត» គឺ​ផ្តោតសំខាន់លើកាតព្វកិច្ចបុគ្គល ក៏ដូចជា​ជាតិ និង​អន្តរជាតិ។

អត្ថបទ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»