នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានយករទេះរុញចំនួន៣គ្រឿង និង កាសជំនួយត្រចៀកចំនួន៥ ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅក្នុងឃុំជាំតាម៉ៅ និង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការផ្ដល់ជូនរទេះរុញ និងកាសជំនួសត្រចៀកនេះ គឺស្របតាមគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ការផ្ដល់រទេះរុញ និង កាសជំនួយត្រចៀក គឺជាផ្នែកមួយនៃកិច្ចជួយគាំទ្រ ជ្រោមជ្រែង ដល់អ្នកមានពិការភាពអាចចូលរួមធ្វើសកម្មភាពផ្សេងៗក្នុងសហគមន៍ ជាពិសេសគឺការជួយផ្សព្វផ្សាយ និងចែករំលែករឿងរ៉ាវ និងបទពិសោធន៍ដែលគាត់ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដល់យុវជនជំនាន់ក្រោយដើម្បីជាការទប់ស្ដាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងនាថ្ងៃអនាគត។
បន្ទាប់ពីទទួលបានរទេះរុញ និងកាសជំនួយត្រចៀករួច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ តូច រឿង ភេទប្រុស អាយុ៦៧ឆ្នាំ គឺជាជនជាតិស្ទៀង កើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំពិការជើងដោយសារត្រូវគ្រាប់ផ្លោងនៅចុងឆ្នាំ១៩៧៤ អំឡុងពេលមានការបាញ់គ្នារវាងកងទ័ពតំបន់២១ ជាមួយទាហាន លន់ នល់។ ពេលខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំពិបាកក្នុងការធ្វើដំណើរ និងធ្វើការងារផ្សេងៗ។ ចំណែកជីវភាពគ្រួសារខ្ញុំចាប់ផ្តើមធ្លាក់ចុះ ណាមួយកូនៗខ្ញុំត្រូវចូលសាលារៀន។ ខ្ញុំពិតជាពិបាកក្នុងការធ្វើការងារណាស់ ទោះជាការងារនោះងាយស្រួលសម្រាប់មនុស្សធម្មតាក៏ដោយ។ កាលពីជិត១០ឆ្នាំមុន ជីវភាពក្រុមគ្រួសារខ្ញុំមានការពិបាកខ្លាំង ខ្ញុំពិបាកចិត្ត និងគិតច្រើនណាស់។ សម្រាប់រទេះរុញដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ជូនមកខ្ញុំពេលនេះ គឺមានសារប្រយោជន៍ច្រើនសម្រាប់ខ្ញុំនិងគ្រួសារ។ ខ្ញុំអាចទៅវត្តស្តាប់ព្រះសង្ឃសូត្រធម៌ និងជិះដើរលេងនៅជិតៗផ្ទះដោយខ្លួនឯង មិនចាំបាច់ប្រើប្រពន្ធ កូនជួយឡើយ។ រទេះរុញនេះអាចជួយផ្លូវចិត្តខ្ញុំឲ្យរួចផុតពីការធុញថប់ ដែលកន្លងមកធ្លាប់នៅតែមួយកន្លែងមិនសូវបានចេញទៅកន្លែងណាឡើយ។ ជាចុងក្រោយខ្ញុំ និងក្រុមគ្រួសារសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម សូមទទួលបាននូវសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ មានអ្នកស្រឡាញ់ចូលចិត្ត និងជោគជ័យគ្រប់ភារកិច្ច។
ខ្ញុំឈ្មោះ ជូន សារឹម ភេទស្រី អាយុ៦៨ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង។ ខ្ញុំមានបញ្ហាត្រចៀក និងស្ដាប់មិនឮតាំងពីឆ្នាំ២០២១។ ខ្ញុំមិនដឹងមូលហេតុអ្វីទេ ព្រោះសុខៗស្រាប់តែខ្ញុំហឹងត្រចៀក ហើយធ្វើឲ្យខ្ញុំស្ដាប់មិនឮ។ ខ្ញុំពិតជាពិបាកក្នុងការស្ដាប់ណាស់។ ខ្ញុំពិតជាចង់និយាយជាមួយកូនចៅណាស់ប៉ុន្តែខ្ញុំស្ដាប់មិនឮ។ យូរៗទៅកូនចៅ លែងចង់និយាយជាមួយខ្ញុំ ប៉ុន្តែពេលនេះខ្ញុំអាចឮ និងអាចនិយាយជាមួយកូនចៅនៅក្នុងគ្រួសារ និងបងប្អូនញាតិមិត្តរស់នៅក្នុងភូមិបាន។ ពេលខ្ញុំស្តាប់មិនបាន ខ្ញុំមានអារម្មណ៍មិនល្អ និងតឹងទ្រូង ប៉ុន្តែការពិតកូនចៅនិយាយល្អដាក់ខ្ញុំ។ ចំពោះសុខភាពខ្ញុំ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំឈឺដល់ថ្នាក់ដាំបាយមិនកើតឲ្យប្អូននៅខាងកើតមកជួយដាំបាយ។ កាសជំនួយត្រចៀកនេះអាចឲ្យខ្ញុំមានទំនាក់ទំនងល្អប្រចាំថ្ងៃជាមួយអ្នកនៅជុំវិញខ្លួនបានល្អប្រសើរ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់កាសជំនួយត្រចៀកដល់រូបខ្ញុំ។
កូវ សាយ ភេទស្រី អាយុ៩៧ឆ្នាំ មានស្រុកកំណើតក្នុងខេត្តក្រចេះ ហើយសព្វថ្ងៃរស់នៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បើតាមការរៀបរាប់កូនស្រីរបស់លោកយាយ កូវ សាយ បានឲ្យដឹងថា ៖ ម្តាយខ្ញុំចាប់ផ្ដើមថ្លង់ស្ដាប់មិនសូវឮតាំងពីមានអាយុប្រហែលជាង៤០ឆ្នាំ ដោយសារមានការទម្លាក់គ្រាប់បែកក្នុងឆ្នាំ១៩៧០ ដែលមានសំឡេងខ្ទរខ្លាំងពេកធ្វើឲ្យប៉ះពាល់ដល់ត្រចៀក ស្ដាប់មិនឮជាង៥០ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្នម្តាយខ្ញុំដើរមិនរួចពីព្រោះគាត់មានអាយុ៩៧ឆ្នាំ។ ពេលម្តាយខ្ញុំបានរទេះរុញនេះមក ខ្ញុំនឹងរុញគាត់ដើរលេងនៅមុខផ្ទះ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្ដល់កាសជំនួយត្រចៀកនិងរទេះរុញដល់ម្តាយខ្ញុំ។ ម្តាយខ្ញុំគាត់ត្រេកអរខ្លាំងណាស់ដែលអាចស្ដាប់ឮឡើងវិញ និងអាចជិះរទេះរុញទៅនេះទៅនោះបានខ្លះៗ។ រាល់ថ្ងៃម្តាយខ្ញុំដេកច្រើនពេកធ្វើឲ្យខ្នងគាត់មានដំបៅ ។ ប៉ុន្តែពេលនេះម្តាយខ្ញុំអាចស្ដាប់បាន និងអាចនិយាយជាមួយកូនចៅក្នុងគ្រួសារ និងបងប្អូនញាតិមិត្តរស់នៅក្នុងភូមិ។ កាសជំនួយត្រចៀកនេះអាចឲ្យម្តាយខ្ញុំមានទំនាក់ទំនងប្រចាំថ្ងៃជាមួយអ្នកនៅជុំវិញខ្លួនបានល្អជាងមុន។ ចំណែករទេះរុញវិញអាចឲ្យម្តាយខ្ញុំអង្គុយបានហើយខ្ញុំអាចរុញគាត់ចល័តទៅកន្លែងផ្សេងៗដែលគាត់ចង់ទៅ។ រទេះរុញ និងកាសជំនួយត្រចៀកនេះជួយសម្រាលការលំបាករបស់កូនៗច្រើន។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់កាសជំនួយត្រចៀកនិងរទេះរុញមកដល់ម្តាយខ្ញុំ។
ខ្ញុំឈ្មោះ តុង សុផល មូលហេតុដែលខ្ញុំពិការជើង ដោយសារជាន់គ្រាប់មីន ពេលខ្ញុំធ្វើដំណើរទៅរកត្រី នៅឆ្នាំ១៩៩៣។ ខ្ញុំដើរមិនប្រយ័ត្នក៏ជាន់មីន បណ្តាលឲ្យជើងខ្ញុំដាច់មួយកំណាត់លើក្បាលជង្គង់។ ចាប់តាំងពីនោះមកខ្ញុំពិការជើងម្ខាង។ ចំពោះរទេះរុញនេះ គឺពិតជាមានប្រយោជន៍សម្រាប់ខ្ញុំ ព្រោះកន្លងមកខ្ញុំមិនធ្លាប់ទទួលបានរទេះរុញនេះទេ ហើយនេះគឺជាលើកដំបូង។ រទេះរុញនេះជួយខ្ញុំបានច្រើន ព្រោះកន្លងមកចង់ទៅណាមកណាត្រូវប្រើកូនឬប្រពន្ធជូនទៅ។ ពេលខ្លះក៏មិនបានធ្វើដូចចិត្តខ្ញុំដែរ ដោយសារកូនចៅមានការងារត្រូវធ្វើ ព្រោះប្រសិនបើចំណាយពេលនៅជាមួយខ្ញុំច្រើនពេកធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។ រាល់ថ្ងៃខ្ញុំគឺជាបន្ទុកសម្រាប់គ្រួសារ ព្រោះខ្ញុំពិការមិនអាចធ្វើការងារបានដូចគេ។ កន្លងមកខ្ញុំធ្លាប់បានចូលរួមវេទិកាជនពិការនៅមជ្ឈមណ្ឌឯកសារកោះថ្មម្តង ដែលក្រុមការងារដឹកនាំខ្ញុំនិងជនពិការផ្សេងៗទៀតទៅចូលរួម។ ខ្ញុំទទួលបានការពិនិត្យសុខភាព និងការណែនាំល្អៗពីក្រុមគ្រូពេទ្យទាក់ទងជាមួយបញ្ហាសុខភាពប្រចាំថ្ងៃ និងការថែទាំសុខភាព។ ជាចុងក្រោយខ្ញុំសូមអរគុណក្រុមការងារម្តងទៀតដែលបានយកចិត្តទុកលើជនពិការ ជាពិសេសរូបខ្ញុំផ្ទាល់។
អត្ថបទ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា