ក្រុមការងារគម្រោងសូត្រចាម ឬពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាដល់តំណាងស្រ្តីជនជាតិចាមចំនួន៣នាក់ដែលកំពុងធ្វើការងារតម្បាញសូត្រ នៅសហគមន៍ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ដំណើរទស្សនកិច្ចសិក្សានេះមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ និងខេត្តតាកែវ។
នៅទីក្រុងភ្នំពេញតំណាងស្រ្តីតម្បាញជនជាតិចាមបាន ជួបសម្តែងការគួរជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅប្រទេសកម្ពុជា ដើម្បីរាយការណ៍អំពីដំណើរការរបស់គម្រោងសូត្រចាម និងពិភាក្សាអំពីយុទ្ធសាស្ត្រផែនការរយៈពេលវែងនាពេលអនាគត។ ចំពោះគម្រោងសូត្រចាម ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាប្រពៃណីវប្បធម៌ជនជាតិចាម ដែលនៅសេសសល់ពីរបបខ្មែរក្រហម និងទាមទារឲ្យមានការចូលរួមពីយុវជនជំនាន់ក្រោយ ព្រមទាំងធ្វើឲ្យមានការប្រកួតប្រជែង។
លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តដល់អ្នកតម្បាញគិតគូរអំពីដំណើរការទាំងមូល ដូចជា ការដាំដើមមន ចិញ្ចឹមដង្កូវនាង ការផលិតសូត្រ និងសរសៃសូត្រ ការជ្រលក់ពណ៌ សង្វាក់ការងារតម្បាញ រហូតដល់ផលិតផលសម្រេច និងការផ្តល់ផលប្រយោជន៍ ព្រមទាំងផ្ទេរជំនាញ ដល់យុវជនជំនាន់ក្រោយ និងការទាក់ទាញភ្ញៀវទេសចរណ៍ខាងក្រៅតំបន់ឲ្យមកទស្សនាសហគមន៍តម្បាញរបស់ជនជាតិចាមដោយផ្ទាល់។ លោកជំទាវ Ülkü Kocaefe បន្តថា ដើម្បីធ្វើឲ្យមានការទាក់ទាញដល់យុវនារីវ័យក្មេង ឲ្យមានចំណាប់អារម្មណ៍មកលើគម្រោងសូត្រចាម ចំណុចសំខាន់ក្នុងការងារនេះ គឺបញ្ចូលការរចនាម៉ូតបែបសិល្បៈទាន់សម័យឲ្យស្របតាមសង្គមសម័យទំនើបនេះ។ យើងក៏ត្រូវផ្តល់ការលើកទឹកចិត្តមួយចំនួនដល់យុវនារី ដើម្បីទាក់ទាញអ្នកទាំងនោះឲ្យមកធ្វើការងារត្បាញជាមួយស្រ្តីវ័យចំណាស់ដែលមានជំនាញខាងត្បាញ។ កិច្ចប្រជុំរវាងតំណាងស្រ្តីតម្បាញជនជាតិចាម និងលោកជំទាវ Ülkü Kocaefe ត្រូវបានបញ្ចប់ដោយការពិភាក្សាយ៉ាងរស់រវើក និងប្រកបដោយក្តីសង្ឃឹម។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងភ្នំពេញរួច តំណាងស្ត្រីតម្បាញជនជាតិចាមទាំង៣នាក់បានធ្វើដំណើរទៅទស្សនកិច្ចមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រខេត្តតាកែវ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោង ខេត្តតាកែវ។ មជ្ឈមណ្ឌលនេះទទួលបានការឧបត្ថម្ភដោយធនាគារ មេយប៊ែង។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រីកការយល់ដឹងបន្ថែមរបស់តំណាងស្រ្តីតម្បាញជនជាតិចាម ទាក់ទងនឹងសិប្បកម្មតម្បាញ និងធ្វើឲ្យផលិតផលរបស់ខ្លួនកាន់តែប្លែកនិងលេចធ្លោ។
តំណាងស្រ្តីជនជាតិចាម ចាប់អារម្មណ៍លើគម្រោងបណ្តុះបណ្តាលជំនាញតម្បាញសូត្រនេះ ដោយសារគម្រោងនេះផ្តល់ឱកាសដល់សហគមន៍ស្រុកសំរោង ជាពិសេសស្រ្តីនិងក្មេងស្រី ដែលក្នុងនោះបានផ្តល់ចំណេះជំនាញនិងធនធានដល់សហគមន៍។ បន្ទាប់មក តំណាងស្រ្តីជនជាតិចាមទាំងនោះបានចែករំលែកជំនាញតម្បាញរបស់ខ្លួនជាមួយអ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រខេត្តតាកែវ។
តំណាងស្ត្រីជនជាតិចាមទំាងនេះ កាន់តែមានការជឿជាក់និងថាមពល បន្ទាប់ពីដំណើរទស្សនកិច្ចនេះ និងមានចក្ខុវិស័យវែងឆ្ងាយនៅពេលអនាគតទាក់ទងនឹងការងារត្បាញសូត្រ។
គម្រោងសូត្រចាម ឬ ព៌ណនៃការចងចាំរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ ២០២០។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយមជ្ឈមណ្ឌលកសារកម្ពុជា និងមានការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) តាមរយៈស្ថានទូតទួគីប្រចាំនៅកម្ពុជា។ គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ ផ្តោតសំខាន់លើ ការស្រាវជ្រាវ ការអប់រំ និងសិប្បកម្មតម្បាញ។ រហូតមកដល់ពេលនេះ គម្រោងសម្រេចបានសូត្រចំនួន១៧០សំពត់ និងក្រមាចំនួន១៧០។ គម្រោងនេះត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៅខែកក្កដា ឆ្នាំ២០២៤។
អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា