មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម ដល់យុវជន-យុវនារីមកពីស្រុកចំការលើ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធានបទ ៖ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីយុវជន-យុវនារីមកពីស្រុកចំការលើចំនួន២០នាក់ ក្នុងនោះមានស្រីចំនួន១៤នាក់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀនគឺដើម្បីបង្កើនចំណេះដឹងដល់យុវជន-យុវនារីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជាការលើកកម្ពស់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងនាពេលអនាគត។

ជាកិច្ចស្វាគមន៍ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម  បានទទួលស្វាគមន៍ និងណែនាំ យុវជន-យុវនារី ឲ្យទស្សនាផ្ទាំងពិព័រណ៍នៅបរិវេណខាងមុខមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការធ្វើការងារនៅតាមការដ្ឋាន និងមេដឹកនាំខ្មែរក្រហមដែលត្រូវបានកាត់ទោសនៅសាលាក្ដីខ្មែរក្រហម។ បន្ទាប់មក យុវជន-យុវនារី ទស្សនាបន្ទប់តម្កល់ឯកសារខ្មែរក្រហម និង បណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។  មជ្ឈ​មណ្ឌលឯកសារខេត្តកំពង់ចាមក៏មានសាលពិព័រណ៍រូបថត ដែលដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ «ក្តីសុបិនកម្ពុជា» រៀបចំដោយ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងឱកាសនោះ លោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ក៏ឡើងបង្ហាញអំពីកីតម្បាញសូត្រចាម ដែលជាផ្នែកមួយនៃ «គម្រោងសូត្រចាម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាកិច្ចបន្តលោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចាប់ផ្ដើមធ្វើបទបង្ហាញរបស់ខ្លួនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដូចជា ៖ រដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម, ការចូលកាន់កាប់ទីក្រុងភ្នំពេញដោយកងទ័ពខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជនទៅកាន់ជនបទ, ការបង្ខំប្រជាជនឲ្យធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការកាប់សម្លាប់ទៅលើប្រជាជន។ ក្នុងចំណោមព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗខាងលើ លោក ស៊ាង ចិន្ដា បានជ្រើសរើសយកប្រធានបទការជម្លៀសដោយបង្ខំទាំងបីដំណាក់កាល មកពិភាក្សាក្នុងវេទិកាថ្នាក់រៀន។ ការជម្លៀសប្រជាជនដោយបង្ខំទាំងបីដំណាក់កាល មានដូចជា ៖ ១) ភ្លាមៗបន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមអនុវត្តការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាទៅកាន់ទីជនបទ។ ២) ចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ ប្រជាជននៅភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម) ត្រូវបានជម្លៀសដោយបង្ខំក្នុងដំណាក់កាលទី២ ឆ្ពោះទៅកាន់ខេត្តសៀមរាប ខេត្តព្រះវិហារ និង ភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ) និង ៣) ការជម្លៀសប្រជាជនពីភូមិភាគបូព៌ាចាប់ពីឆ្នាំ១៩៧៧ រហូតដល់ចុងឆ្នាំ១៩៧៨។ ប្រជាជននៅភូមិភាគបូព៌ាត្រូវបានជម្លៀសចេញពីផ្ទះសម្បែងឆ្ពោះទៅភូមិភាគពាយ័ព្យ រួមមាន ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

នៅចុងបញ្ចប់នៃបទបង្ហាញ លោក ស៊ាង ចិន្ដា លើកឡើងអំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ និងអំពើប្រល័យពូជសាសន៍។ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ យុវជន-យុវនារី បាន សួរសំណួរដើម្បីឲ្យវាគ្មិនធ្វើការបកស្រាយចម្ងល់របស់ខ្លួន។ ផ្សាភ្ជាប់ជាមួយវេទិកាថ្នាក់រៀន យុវជន-យុវនារី បានធ្វើទស្សនកិច្ចសិក្សាទៅកាន់ស្តូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម និងទស្សនាសហគមន៍តម្បាញសូត្រចាម នៅសហគមន៍កោះសូទិន ខេត្តកំពង់ចាម។

បន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀន និងដំណើរទស្សនកិច្ចរួចមក យុវជន-យុវនារីបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖

ជា សុខជាតិ រៀបរាប់ថា «ខ្ញុំទទួលបានចំណេះដឹងថ្មីៗពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងយល់ដឹងអំពីដំណាក់កាលដែលខ្មែរក្រហមជម្លៀសប្រជាជនដោយបង្ខំ។ ខ្ញុំពិតជាមានចិត្តអាណិតអាសូរ ប្រជាជនខ្មែរដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ហើយទទួលរងទុក្ខលំបាកវេទនា ការបង្ខំឲ្យធ្វើការហួសកម្លាំង ការធ្វើទារុណកម្ម ការមិនមានអាហារហូបគ្រប់គ្រាន់ និងទទួលរងការសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងខិតខំរៀនសូត្រដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ និងចូលរួមការពារសន្តិភាព ទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មីម្ដងទៀត»។

នីន ស្វីស លើកឡើងថា «ខ្ញុំយល់ដឹងច្រើនជាងមុនពីប្រវត្តិសាស្រ្តខ្មែរក្រហម មានដូចជា ការជម្លៀសប្រជាជនដោយបង្ខំ ការបង្ខំឲ្យធ្វើការជាទម្ងន់ ការហូបចុកមិនគ្រប់គ្រាន់ និងការចាប់យកទៅសម្លាប់ ដែលបានបណ្ដាលឲ្យប្រជាជនជាច្រើនលាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ បន្ថែមលើអ្វីដែលខ្ញុំបានរៀននៅក្នុងវេទិកានេះ ខ្ញុំក៏បានចុះទៅកាន់ទីតាំងស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅស្រុកកំពង់សៀម និងទស្សនាការត្បាញសូត្ររបស់សហគមន៍ចាម នៅស្រុកកោះសូទិន។  ខ្ញុំបានដឹងរឿងរ៉ាវរបស់សហគមន៍ចាម និងការរស់ឡើងវិញនូវការត្បាញសូត្ររបស់បងប្អូនចាម បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ»។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»