មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចែករទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពនៅស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅថ្ងៃទី៩និងថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចុះទៅកាន់ភូមិប្រម៉ោយ ភូមិស្ទឹងថ្មី និងភូមិឈើទាលជ្រុំ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីផ្ដល់រទេះរុញ និងកាសជំនួយត្រចៀកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤នាក់ ដែលមានពិការភាព។

ជាដំបូង លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើការណែនាំខ្លួន និងក្រុមការងារទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងមេភូមិអំពីគោលបំណងដែលក្រុមការងារចុះមកនាពេលនេះគឺចង់សម្រាលទុក្ខលំបាកដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការធ្វើដំណើទៅមកប្រចាំថ្ងៃ និងទំនាក់ទំនាក់ជាមួយសមាជិកក្នុងគ្រួសារ បងប្អូនក្នុងសហគមន៍ ដោយផ្តល់ជារទេះរុញ និងកាសជំនួយត្រចៀក។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់ គឺជាអ្នកដែលបានរួចផុតជីវិតពីរបបខ្មែរក្រហម និងជាសាក្សីរស់ដែលអាចនិយាយរឿងរ៉ាវដែលខ្លួនបានឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកូនចៅជំនាន់ក្រោយឲ្យបានដឹងពីការឈឺចាប់ ការបែកបាក់ ព្រមទាំងទុក្ខលំបាកគ្រប់បែបយ៉ាងនៅក្នុងរបបខ្មែរក្រហម ដើម្បីទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។

តមកលោក សូត្រ ដា អាយុ៥២ឆ្នាំ គឺជាប្រធានភូមិស្ទឹងថ្មី បានមានប្រសាសន៍ថា ការចែករទេះរុញ និងកាសជំនួយត្រចៀកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព គឺមានផលប្រយោជន៍ច្រើន ព្រោះគាត់អាចធ្វើដំណើរ និងអាចធ្វើការងារតិចតួចជុំវិញផ្ទះបានងាយស្រួលជាងមុន។ លោក សូត្រ ដា បានបន្តថា ខ្ញុំសប្បាយចិត្តនៅពេលដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចូលរួមចំណែក និងយកចិត្តទុកដាក់ចំពោះជនពិការដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហ​មក្នុងភូមិរបស់ខ្ញុំ។ ការចែករទេះរុញ និងកាសជំនួយត្រចៀកបានជួយសម្រាលបន្ទុកក្នុងគ្រួសាររបស់ជនពិការបានមួយកម្រិត និងងាយស្រួលទំនាក់ទំនងជាមួយអ្នកជិតខាងបានល្អប្រសើរជាងមុន។

បន្ទាប់ពីស្តាប់ប្រសាសន៍របស់លោកមេភូមិ សូត្រ ដា រួច ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចែករទេះរុញ និងកាសជំនួយត្រចៀក ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពនៅក្នុងឃុំប្រម៉ោយ។ នៅក្នុងឱកាសនេះ អ្នករស់រានមានជីវិតពីរបបខ្មែរទាំង៤នាក់ដែលមានពិការភាព បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម៖

ខ្ញុំឈ្មោះ សុក ភ័ក្រ អាយុ៦៧ឆ្នាំ កើតនៅភូមិរការ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សម្រាប់ខ្ញុំដែលជាជនពិការ រទេះរុញពិតជាមានសារសំខាន់សម្រាប់ខ្ញុំ ព្រោះចាប់តាំងពីខ្ញុំធ្លាក់ខ្លួនពិការមក ខ្ញុំមិនដែលបានចេញទៅណាមកណានោះទេ។ ខ្ញុំធ្លាក់ខ្លួនពិការអស់រយៈពេលជាង២ឆ្នាំមកហើយ ខ្ញុំពិតជាមិនសប្បាយចិត្តទេ ព្រោះមិនសូវមានទំនាក់ទំនងជាមួយសាច់ញាតិ និងមិនអាចទៅពិនិត្យសុខភាពជាញឹកញាប់បាន ព្រោះពិបាកក្នុងការធ្វើដំណើរ។ ស្ថានភាពជីវភាពគ្រួសាររបស់ខ្ញុំ ចាប់ផ្ដើមពិបាកតាំងពីខ្ញុំដើរមិនរួច ព្រោះខ្ញុំមិនអាចរកចំណូលបានដូចមុន ហើយកូនខ្ញុំក៏មិនបានចេញទៅរកស៊ីឆ្ងាយបាន ព្រោះត្រូវនៅមើលថែខ្ញុំ។ ខ្ញុំទទួលបានរទេះរុញ ខ្ញុំគិតថាជីវិតរបស់ខ្ញុំនឹងទទួលបាននូវភាពរីករាយ និងសប្បាយចិត្តបានច្រើនជាងមុន ព្រោះខ្ញុំអាចជិះរទេះរុញដោយខ្លួនឯងនៅជុំវិញផ្ទះ ហើយកូនៗរបស់ខ្ញុំមិនចាំបាច់នៅមើលថែខ្ញុំគ្រប់ពេល និងមានពេលវេលាចេញទៅប្រកបមុខរបរផ្សេងៗ។ រទេះរុញអាចជួយខ្ញុំទៅយករបស់របរប្រើប្រាស់បានដោយខ្លួនឯង អាចប្រាស្រ័យទាក់ទងគ្នាជាមួយញាតិមិត្តជិតខាង និងអាចជួយការងារផ្ទះបានបន្តិចបន្តួច ជាពិសេសខ្ញុំងាយស្រួលទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។

ខ្ញុំឈ្មោះ គង់ សុខុម ភេទប្រុស អាយុ៦៨ឆ្នាំ កើតនៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងរបបខ្មែរក្រហម ខ្ញុំគឺជាអ្នកបើកយន្តហោះចម្បាំងខ្មែរក្រហម។ រាល់ថ្ងៃនេះខ្ញុំមិនអាចដើរទៅណាមកណាបានទេ គឺខ្ញុំអង្គុយនៅតែមួយកន្លែងតែប៉ុណ្ណោះ។ វាពិតជាពិបាកខ្លាំងណាស់ ពេលខ្ញុំចង់ដើរទៅណាម្ដងៗលុះត្រាតែមានកូនចៅជួយគ្រាទើបអាចដើរបាន។ រទេះរុញមួយនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ វាជួយសម្រួលដល់ខ្ញុំក្នុងការធ្វើដំណើរនៅជុំវិញផ្ទះ ឬក៏ទៅមន្ទីរពេទ្យបានយ៉ាងងាយស្រួល ហើយមួយវិញទៀតកូនចៅរបស់ខ្ញុំក៏មិនចាំបាច់ជួយគ្រាខ្ញុំដូចមុនដែរ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានឧបត្ថម្ភរទេះរុញដល់ខ្ញុំ។

ខ្ញុំឈ្មោះ សូ ធន ភេទប្រុស អាយុ៦៩ឆ្នាំ កើតនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សព្វថ្ងៃរស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំចាប់ផ្តើមមានបញ្ហាធ្ងន់ត្រចៀកតាំងពីឆ្នាំ២០០៤មក ដោយសារជំងឺគ្រុនចាញ់។ ជំងឺគ្រុនចាញ់ធ្វើឲ្យខ្ញុំមានអាការញ័រញាក់ជាខ្លាំង និងត្រូវព្យាបាលរយៈពេលមួយឆ្នាំទើបជាសះស្បើយ។ ចំណែកត្រចៀករបស់ខ្ញុំក៏ចាប់ផ្ដើមស្តាប់មិនឮតាំងពីពេលនោះមក។ ដំបូងឡើយ ខ្ញុំមានអាម្មណ៍ថាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលមានក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចុះមកសម្ភាសន៍ខ្ញុំអំពី រឿងរ៉ាវក្នុងរបបខ្មែរក្រហមដែលខ្ញុំបានឆ្លងកាត់ដោយផ្ទាល់។ បន្ទាប់មកទៀត ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងក៏បានចុះមកចែកកាសជំនួយត្រចៀកដល់ខ្ញុំដែលពិបាកក្នុងការស្ដាប់។ កាសជំនួយត្រចៀកនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ វាជួយខ្ញុំឲ្យស្ដាប់បានច្បាស់ជាងមុន និងមានទំនាក់ទំនងជាមួយអ្នកជិតខាង ព្រមទាំងអាចប្រកបរបរ និងធ្វើការងារផ្សេងៗ។

ខ្ញុំឈ្មោះ ច្រុន ឆុត ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅភូមិដំណាក់ធ្នង់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅក្នុងរបបខ្មែរក្រហមខ្ញុំគឺជាកងទ័ព។ សព្វថ្ងៃខ្ញុំមានបញ្ហាត្រចៀកដោយសារចាស់ជរា និង ជំងឺកាលពី៤ឆ្នាំមុន បណ្ដាលឲ្យខ្ញុំស្ដាប់មិនឮ និងពិបាកក្នុងការទំនាក់ទំនងជាមួយប្រពន្ធកូន និងអ្នកជិតខាង។ ពេលត្រូវការនិយាយស្ដីម្ដងៗ ត្រូវនិយាយឲ្យខ្លាំងៗ ឬស្រែក ទើបខ្ញុំអាចស្តាប់ឮ ដូច្នេះសមាជិកគ្រួសារមិនចង់និយាយជាមួយខ្ញុំឡើយ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានយកកាសជំនួយត្រចៀកមកឲ្យខ្ញុំដោយផ្ទាល់។ កាសជំនួយត្រចៀកនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលមានត្រចៀកធ្ងន់ដូចជារូបខ្ញុំ។ កាសនេះអាចជួយឲ្យខ្ញុំស្ដាប់ឮជាងមុន និងមិនសូវពិបាកដល់កូនចៅពេលដែលស្រែកហៅខ្ញុំម្ដងៗ។ ចុងក្រោយខ្ញុំសំណូមពរដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង សូមបន្តចុះចែកកាសជំនួយត្រចៀកឲ្យបានច្រើនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានបញ្ហាធ្ងន់ត្រចៀក។ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង សូមឲ្យជួបតែសេចក្ដីសុខ ធ្វើការងារអ្វីសូមឲ្យបានសម្រេច និងជួបតែមនុស្សល្អៗ។

អត្ថបទ ៖ ឡាំ ស្រីនីត និង ចាន់ ណារិទ្ធ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖