មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំដំណើរទស្សនកិច្ចសិក្សាតាមផ្លូវរថភ្លើង ស្តីពី «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងដំណាក់កាលទី៣» សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៤៤នាក់ មកពីខេត្តត្បូងឃ្មុំ

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា មកពីខេត្តត្បូងឃ្មុំចំនួន៤០នាក់ ធ្វើដំណើរចេញពីស្ថានីយរថភ្លើងក្រុងភ្នំពេញ​ទៅកាន់ស្ថានីយរថភ្លើងខេត្តកំពត។ គោលបំណងនៃរៀបចំដំណើរទស្សនកិច្ចសិក្សាតាមទូរថភ្លើងនេះ គឺមជ្ឈមណ្ឌលឯកសារកោះថ្មចង់ឲ្យយុវជនបានឈ្វេងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩) ជាពិសេសអំឡុងពេលដែលកងទ័ពខ្មែរក្រហមជម្លៀសប្រជាជនពីភូមិភាគបូព៌ានៅដំណាក់កាលទី៣​ចាប់ពីចុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ ប្រជាជននៅភូមិភាគបូព៌ាទាំងអស់ត្រូវខ្មែរក្រហមជម្លៀសទៅភូមិភាគពាយ័ព្យ តាមវិធីសាស្ត្រផ្សេងៗគ្នា មានដូចជាការលួងលោម កត់ឈ្មោះ និងការគំរាមកំហែងជាដើម។ ប្រជាជនដែលត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំ ត្រូវដឹកតាមរទេះគោ ខ្លះក៏ធ្វើដំណើរដោយថ្មើរជើង ហើយខ្លះទៀតក៏បានរត់គេចខ្លួន ប៉ុន្តែត្រូវខ្មែរក្រហមចាប់បាន ហើយយកមកដាក់ឃុំឃាំង។ ប្រជាជនដែលត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិភាគបូព៌ា ទៅភូមិភាគពាយ័ព្យគឺភាគច្រើនអង្គការចាត់តាំងឲ្យធ្វើស្រែ។

រថភ្លើងបានធ្វើដំណើរមកដល់ស្ថានីយខេត្តកំពត នៅវេលាម៉ោង១២ថ្ងៃត្រង់។ នៅវេលាម៉ោង២កន្លះ ក្រុមការងារ និងអ្នកស្ម័គ្រចិត្តកម្ពុជាដែលត្រូវបែងចែកជាក្រុមបានចុះជួបសម្ភាសន៍ និងស្ដាប់រឿងរ៉ាវរបស់អតីតអ្នកធ្វើការក្នុងការ​ដ្ឋានស្រែអំបិល និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ សព្វថ្ងៃរស់នៅស្រុកឈូក និងស្រុកជុំគិរី  និងទស្សនកិច្ចវាលស្រែអំបិលស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ មុនចុះសម្ភាសន៍លោក ឡុង ដានី បានធ្វើការណែនាំទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា ដើម្បីឲ្យការសម្ភាសន៍ទទួលបានប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះគឺជាការសង្ខេបរឿងរ៉ាវចេញពីបទសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ៖

ក្រុមទី១)  ផាន់ មាន ៖  អតីតប្រធានកងនារីស្រែអំបិល

នាងខ្ញុំឈ្មោះ ផាន់ មាន ភេទស្រី អាយុ៧៦ឆ្នាំ មានទីកន្លែងកំណើតនៅឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានកូនចំនួន៥នាក់ ក្នុងនោះមានកូនស្រី១នាក់។ ក្រោយពីរបបខ្មែរក្រហមឡើងកាន់កាប់ប្រទេសបានទាំងស្រុង នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំត្រូវបានអង្គការជម្លៀសឲ្យមកធ្វើការក្នុងកសិដ្ឋានស្រែអំបិល ដែលមានទីតាំងនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត  ក្នុងរបបខ្មែរក្រហមគឺតំបន់៣៥ ភូមិភាគនិរតី។ ខ្ញុំមានតួនាទីជាប្រធានកងនារី ក្ដាប់កងនារីចំនួន១០០នាក់។ ចំពោះការប្រមូលផលអំបិល ក្នុងមួយអាទិត្យត្រូវប្រមូលផលឲ្យបាន២ដង ឬស្មើ២តោន។ បន្ទាប់ពីនោះខ្ញុំត្រូវលើកអំបិលដាក់លើរថភ្លើងដើម្បីដឹកមកភ្នំពេញ។ ចំពោះម៉ោងធ្វើការ គឺចាប់ផ្តើមពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ចំណែករសៀលគឺចាប់ពីម៉ោង១២ រហូតដល់ម៉ោង១០យប់ក៏មាន បើសិនប្រមូលផលអំបិលមិនទាន់ហើយរួចរាល់។ បន្ទាប់ពីធ្វើការ ខ្ញុំត្រូវចូលរួមការប្រជុំទិតៀន ស្វ័យទិតៀនគ្នាទៅវិញទៅមក ដើម្បីកែប្រែកំហុស។ ខ្ញុំត្រូវអង្គការទិតៀនច្រើនដង ហើយខ្ញុំត្រូវឡើងប្ដេជ្ញាស្មោះត្រង់ជាមួយអង្គការនិងខិតខំធ្វើការ។ នៅក្នុងកងនារីរបស់ខ្ញុំ ពុំមានអ្នកណាត្រូវទទួលទារុណកម្មធ្ងន់ធ្ងរ ឬត្រូវអង្គការយកទៅសម្លាប់ ឬបាត់ខ្លួនឡើយ។ ខ្ញុំធ្លាប់ឮអង្គការយកមនុស្សទៅសម្លាប់ ប៉ុន្តែខ្ញុំមិនដឹងថាអង្គការសម្លាប់ឬក៏អត់ទេ ព្រោះចេះតែមានមនុស្សបាត់ខ្លួនរហូតមក។ រីឯកាហូបចុកវិញ ខ្ញុំមិនបានហូបគ្រប់គ្រាន់ទេ តែខ្ញុំត្រូវតែធ្វើការជូនអង្គការឲ្យបានដាច់ខាត។ នៅក្នុងរបបខ្មែរក្រហម មានមន្ទីរពេទ្យស​ម្រាប់ព្យាបាលជំងឺ ប៉ុន្តែការព្យាបាលមិនបានដិតដល់ឡើយ។ ក្នុងរបបខ្មែរក្រហម អង្គការបានរៀបចំរៀបការឲ្យខ្ញុំ ដោយគ្រាន់តែចាប់ដៃគ្នានិងឡើងប្ដេជ្ញាជូនអង្គការប៉ុណ្ណោះ។  សម័យនោះ សម្លៀកបំពាក់រៀបការរបស់ខ្ញុំរហែក ព្រោះអង្គការមិនបានបើកខោអាវថ្មីឲ្យខ្ញុំឡើយ។  ក្រោយពេលរៀបការរួច អង្គការបានបញ្ជូនខ្ញុំឲ្យទៅរស់នៅភ្នំពេញជាមួយប្ដី។ មកដល់ភ្នំពេញប្រហែលជា១០ថ្ងៃ កងទ័ពវៀតណាមវាយចូលមករំដោះបានទីក្រុងភ្នំពេញនៅដើមឆ្នាំ១៩៧៩។ ខ្ញុំត្រូវរត់ទៅតាមកងទ័ពខ្មែរក្រហមដល់ខេត្តពោធិ៍សាត់។ បន្ទាប់ពីស្រុកទេសមានសន្តិភាព ខ្ញុំបានទៅរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ ជាស្រុកកំណើតខាងប្តីរបស់ខ្ញុំរយៈពេល២០ឆ្នាំ។ ក្រោយមកខ្ញុំក៏វិលត្រឡប់មករស់នៅស្រុកកំណើតរបស់ខ្ញុំវិញរហូតមកដល់សព្វថ្ងៃនេះ។

ក្រុមទី២) សយ យ៉ា ៖ អតីតកងនារីស្រែអំបិលនៅខេត្តកំពត

នាងខ្ញុំឈ្មោះ សយ យ៉ា អាយុ៦៦ឆ្នាំ កើតនៅភូមិឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានប្តីឈ្មោះ ម៉ុម ជា  និងមានកូនចំនួន៨នាក់។ ដំណាក់កាលដំបូង អង្គការចាត់តាំងខ្ញុំឲ្យធ្វើការសែងគ្រាប់ សែងអ្នករបួស និងសែងសសរឈើទុកធ្វើឃ្លាំងដាក់អំបិល។ ក្រុមសែងសសរមានគ្នា១២នាក់ សុទ្ធតែជានារី។ មានពេលមួយនោះ ដៃគូម្នាក់របស់ខ្ញុំបានរបូតស្បែកជើងហើយក៏ផ្អៀងខ្លួន ចំណែកអ្នកក្រោយឃើញបែបនេះស្មានថាទម្លាក់ចុះ ខ្ញុំក៏ទម្លាក់ឈើតាមដែរ ស្រាប់តែភ្លាត់ត្រូវចំក្បាលសមាជិកម្នាក់ទៀតស្លាប់ភ្លាមៗ។ ដោយហេតុការណ៍មួយនេះ ខ្ញុំក៏សម្រេចចិត្តស្នើសុំឈប់ពីការងារសែងសសរ។ ក្រោយមក អង្គការបញ្ជូនខ្ញុំមកការដ្ឋានស្រែអំបិលក្នុងអំឡុងឆ្នាំ១៩៧៨ ដោយមួយថ្ងៃកំណត់ឲ្យកើបអំបិលឲ្យបាន២ស្រែ នៅពេលអំបិលកកក្រាស់។ ប្រសិនបើអំបិលកកស្ដើង ត្រូវកើបឲ្យហើយ៣ស្រែ។ កាលនោះ ប្រធានក្រុមធំមានឈ្មោះ ស៊ីនឿន។ ដំបូង ខ្ញុំហូបបាយបានឆ្អែត។ ក្រោយមកពេលអំបិលទទួលបានផលច្រើន និងការងារច្រើន បែរជាអង្គការកាត់បន្ថយរបបបាយ ហើយដូរមកជាបបរវិញដោយអង្គការយកលេសថាស្បើយអង្ករ។ ខ្ញុំចាំបានថា ការដ្ឋានស្រែអំបិលមាន៣កន្លែងគឺ បឹងទូក ត្រើយកោះ និង ជុំគ្រៀល។ ការងាររបស់ខ្ញុំក្រៅពីរែកអំបិល គឺកាប់ស្លឹកចាកយកមកបាំងឃ្លាំងអំបិល កោសស្លែដាក់ភ្លឺស្រែ ហាលស្រែឲ្យស្ងួត បុកឲ្យហាប់ ហើយកម្មករស្រែអំបិលក៏អាចច្រៀងរាំបានដែរ។ យើងច្រៀងរាំដើម្បីបន្លប់ទុក្ខ និង ភាពស្រេកឃ្លានព្រោះមិនមានអាហារហូបគ្រប់គ្រាន់។ នៅពេលយប់ខ្ញុំស្រេកឃ្លានយ៉ាងខ្លាំង ដូច្នេះខ្ញុំបន់ព្រះឲ្យឆាប់ភ្លឺដល់ម៉ោង១២ថ្ងៃត្រង់ ដើម្បីបាន អាហារហូប ប៉ុន្តែពេលព្រឹកអង្គការប្រើឲ្យខ្ញុំរែកអំបិលទាំងអត់អាហារ។  សព្វថ្ងៃខ្ញុំមានជំងឺដាច់សរសៃឈាមបេះដូង ដែលបណ្តាលមកពីធ្វើការងារធ្ងន់តាំងពីរបបខ្មែរក្រហម។

ក្រុមទី៣)  មុំ ជា អតីតកងជញ្ជូនអំបិលនៅការដ្ឋានស្រែអំបិលបឹងទូក

ខ្ញុំឈ្មោះ មុំ ជា កើតនៅភូមិត្រពាំងក្ដុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៤នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ សយ យ៉ា និងមានកូនចំនួន៧នាក់។ ក្នុងរបបខ្មែរក្រហម អង្គការចាត់តាំងខ្ញុំឲ្យធ្វើការងារ ដូចជា៖ ធ្វើស្រែ ដាំបន្លែ លើករងដំឡូង ដាំឪឡឹក កើបអាចម៍គោ លាមកមនុស្ស ជួយបង្ហាប់ដីស្រែសម្រាប់ធ្វើស្រែអំបិល និងប្រមូលផលអំបិលដាក់ក្នុងឃ្លាំង។ ខ្ញុំធ្វើការគ្មានពេលឈប់សម្រាកឡើយ ប៉ុន្តែរបបអាហារមិនបានហូបគ្រប់គ្រាន់ឡើយ គឺហូបតែបបររាវៗ ពេលខ្លះបបរលាយដំឡូងឬទំពាំង  ធ្វើឲ្យខ្ញុំគ្មានកម្លាំងធ្វើការឡើយ។ នៅចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ អង្គការបានផ្លាស់ប្ដូរខ្ញុំទៅភ្នំពេញ ដើម្បីឃ្វាលគោរាប់ពាន់ក្បាល ស្ថិតនៅតំបន់បឹងប្រយ៉ាប ខាងត្បូងព្រែកព្នៅ។  បន្ទាប់មក នៅចុងឆ្នាំ១៩៧៨ អង្គការបានឲ្យខ្ញុំហាត់ក្បួនទាហាន ក្រាបលួន និងរត់ចម្ងាយ១០គីឡូម៉ែត្រ។ ពេលខ្លះអង្គការឲ្យខ្ញុំហាត់ទាំងពាក់កណ្ដាលយប់នៅចំណុចវត្តឃ្មួញក្បែរទីក្រុងភ្នំពេញ។ មិនយូរប៉ុន្មានកងទ័ពវៀតណាមក៏វាយចូលមករំដោះប្រជាជនកម្ពុជា នៅដើមឆ្នាំ១៩៧៩។ ខ្ញុំក៏រត់បែកខ្ញែកពីអ្នកដែលធ្លាប់រស់ជាមួយគ្នា ទៅរស់នៅជាមួយកងទ័ពខ្មែរក្រហមប្រមាណ២០០នាក់ ដែលកំពុងដាច់ស្បៀងអាហារ។ ខ្ញុំរស់នៅជាមួយកងទ័ពខ្មែរក្រហមរហូតមកដល់ឆ្នាំ១៩៨១។ នៅក្នុងឆ្នាំ១៩៨១ ដដែលខ្ញុំក៏បានចូលមកសារភាពជាមួយរដ្ឋអំណាចនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បន្ទាប់ពីបានចូលសារភាពរួច អាជ្ញាធរស្រុក ក៏បានឲ្យខ្ញុំវិលមកជួបជុំក្រុមគ្រួសារបងប្អូនខ្ញុំវិញ។ ប៉ុន្តែបងប្រុសខ្ញុំម្នាក់ឈ្មោះ មុំ កើត មានតួនាទីជាកងទ័ពខ្មែរក្រហម បានស្លាប់នៅភ្នំដិន តាំងពីឆ្នាំ១៩៧៩។ នៅក្នុងឆ្នាំ១៩៨២ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ សយ យ៉ា តាមប្រពៃណីនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ ដោយសារជីវភាពខ្វះខាត កូនខ្ញុំទាំង៧នាក់មិនបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេទេ។

 ក្រុមទី៤) អ៊ាម ភ័ន្ត ៖ អតីតចុងភៅនៅអង្គភាពទ័ពខ្មែរក្រហម

ខ្ញុំឈ្មោះ អ៊ាម ភ័ន្ត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្នក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ខ្ញុំគឺជាអតីតនាយកសាលាបឋមសិក្សាបឹងតាព្រាម។  កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៧ចាស់ តែដោយសារសង្រ្គាម មានការទម្លាក់គ្រាប់បែក គ្រួសារខ្ញុំនិងអ្នកភូមិឯទៀតក៏ផ្លាស់ចេញទៅរកតំបន់មានសុវត្តិភាព។ ឪពុកម្តាយខ្ញុំទៅរស់នៅតំបន់ថ្មី ហើយខ្ញុំក៏បានបន្តការរៀនសូត្រនៅសាលាចិនមួយដែលមានឈ្មោះថា ហេង ម៉េង។ ពេលនោះ ខ្ញុំរៀនភាសាបរទេសគឺភាសាអង់គ្លេស និងភាសាបារាំង បន្ថែមទៀត។ ខ្ញុំរៀនមិនបានប៉ុន្មានផង ខ្មែរក្រហមបានចូលមកគ្រប់គ្រងប្រទេសបានទាំងស្រុង ហើយខ្ញុំត្រូវបានអង្គការជម្លៀសទៅខេត្តកោះកុងដើម្បីលើកទំនប់ និងធ្វើស្រែ។  ទិដ្ឋភាពនៅតាមផ្លូវជម្លៀស គឺពិតជាអណោចអធ័មណាស់ ព្រោះខ្ញុំឃើញមានសាកសពនៅពាសវាលពាសកាល។ ខ្ញុំអាចនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបានដោយសារខ្ញុំធ្វើអាចការងារបានគ្រប់យ៉ាង និងមានស្នាដៃចម្អិនអាហារឆ្ងាញ់។ កងទ័ពខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើជាចុងភៅ។ ក្នុងរបបខ្មែរក្រហម ខ្ញុំមិនដែលឈឺ ឬបង្កឲ្យមានផលលំបាកដល់កងទ័ពខ្មែរក្រហមទេ។  តួនាទីជាចុងភៅក្នុងរបបខ្មែរក្រហម និងជារឿងដែលរន្ធត់បំផុតចំពោះខ្ញុំផ្ទាល់គឺ មិត្តភក្តិរបស់ខ្ញុំចំនួន៣នាក់ត្រូវកងទ័ពខ្មែរក្រហមសម្លាប់ និងវះយកថ្លើមមកឲ្យខ្ញុំចម្អិនជាម្ហូបជូនអង្គការបរិភោគ ដោយចោទថា មិត្តភក្តិរបស់ខ្ញុំទាំងបីនាក់នោះតដៃជាមួយអង្គការ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសាកោះថ្ម

រូបថត ៖ ឈុំ រ៉ា និង ទាវ សម្ភស្ស/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖