សាលយុត្តិតេជោ

សាលយុត្តិតេជោ គឺជាទីតាំងប្រវត្តិសាស្រ្តដែលធ្លាប់ជាសាលសវនាការមួយ ក្នុងចំណោមសាលសវនាការមួយចំនួនតូចនៅលើពិភពលោកបម្រើកិច្ចការយុត្តិធម៌និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ មិនតែប៉ុណ្ណោះទៀតសោតសាលយុត្តិតេជោ ត្រូវបានចាត់ទុកថាជាសាលសវនាការមួយ​នៅក្នុងចំណោមសាលសវនាការមួយចំនួនតូច ដែលគាំទ្រដល់ការកាត់ទោសប្រកបដោយជោគជ័យលើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

សាលយុត្តិតេជោ នៅដើមដំបូងឡើយត្រូវបានកសាង និងប្រើប្រាស់ជាសាលសន្និសីទសម្រាប់កងយោធពលខេមរភូមិន្ទ។ នៅក្នុងឆ្នាំ២០០៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជានិងសម្រេចប្រគល់ទីតាំងនេះឲ្យទៅអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់ជាសាលសវនាការដែលគ្រប់គ្រងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក្នុងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ សាលសវនាការដែលបង្កើតឡើងនេះមានឈ្មោះជាផ្លូវការថា៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលស្គាល់ជាទូទៅថាសាលាក្ដីខ្មែរក្រហម។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការកាត់ទោសឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំជាន់ខ្ពស់ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបុគ្គលទទួលខុសត្រូវខ្ពស់បំផុតចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាស់ជាតិនិងអន្តរជាតិក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ(ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩)។​ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចាប់បដិសន្ធិចេញពីកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិហើយគឺជាសាលាក្ដីចម្រុះដំបូងបង្អស់នៅលើពិភពលោកដែលបង្កើតឡើងក្រោមច្បាប់ជាតិនិងច្បាប់អន្តរជាតិ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតំណាងឲ្យសេចក្ដីបេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម អ្នកទទួលរងទុក្ខវេទនា និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានប្រាប់រឿងរ៉ាវអំពីជីវិតរបស់ខ្លួន។ មានការប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាជាងពីរលាននាក់ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ហើយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាប្រាំលាននាក់ដែលរស់នៅសព្វថ្ងៃនេះ និងបានបន្តរៀបរាប់ប្រាប់រឿងរ៉ាវជីវិតរបស់ខ្លួន។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលខុសត្រូវលើដំណើរការកាត់ទោស ប្រកបដោយជោគជ័យទៅលើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងបុគ្គលដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

សាលយុត្តិតេជោ គឺជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់សម្រាប់ការចងចាំនូវរឿងរ៉ាវ និងការងារដែលពាក់ព័ន្ធជាមួយសំណុំរឿងរបស់សាលាក្ដីខ្មែរក្រហម ក៏ដូចជាដំណើរដ៏លំបាកលំបិនក្នុងការស្វែងរកយុត្តិធម៌ ដែលបន្តរហូតមកដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីប្រតិបត្តិការ ការងារអស់រយៈពេល១៦ឆ្នាំ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ បានបិទបញ្ចប់បេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួនហើយបានប្រគល់ជូនសាលនេះទៅកាន់កងយោធពលខេមរភូមិន្ទវិញ។ បន្ទាប់ពីការប្រគល់ សាលយុត្តិតេជោមកបញ្ជាការដ្ឋានកងទ័ពជើងគោកវិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អតីតអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានមានអនុសាសន៍ផ្ដែផ្ដាំថា សាលយុត្តិតេជោ នេះត្រូវតែរក្សាទុក ដើម្បីជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយឲ្យបានយល់អំពីដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»